Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពេលបំបៅដោះកូន...ក្រៅពីជំងឺមហារីក តើសុដន់អាចមានជំងឺអ្វីខ្លះ?

នៅពេលស្រ្តីមានគភ៌ គេសង្កេតឃើញថានៅខែទី២នៃគភ៌សុដន់មានការកើនទំហំជាដាច់ខាត់។ បាតុភូតនេះវាមានទំនាក់ទំនងរវាងការលូតលាស់របស់ជាលិកាក្រពេញដោះ ដែលអាស្រ័យទៅតាមដំណើរការនៃអ័រម៉ូន។

 

ដំណាលគ្នានេះដែរ គេសង្កេតឃើញនៅលើសន្លង់ដោះជុំវិញក្បាលដោះប្រែពណ៌ត្នោត និងមាន tubercules de Montgomery រីកធំហើយជាញឹកញាប់មានសសៃវ៉ែនជាច្រើន និងអាចមានកើតសង្វារនៅលើសុដន់ទៀតផង។ នៅពេលនេះ សុដន់មានសភាពណែនខ្លាំងដែលនាំឲ្យការពិនិត្យគ្លីនិកមានការពិបាក។ ដូចដែលយើងបានដឹងត្រួសៗមកថា ពេលស្រ្តីកំពុងមានគភ៌ និងពេលម្ដាយបំបៅកូន សុដន់អាចជាកន្លែងមួយដែលមានជំងឺស្រាល (pathologies bénignes intercurrentes) ជាច្រើនដែលកើតឡើងក្នុងពេលមានជំងឺពីមុន ចំណែកនៅពេលម្ដាយបំបៅកូនវាក៏មានជំងឺសុដន់ ដោយសារវិបត្តិដែលជាករណីពិសេសនៅក្នុងដំណាក់កាលនោះ។

 

មុននឹងរៀបរាប់ពីជំងឺសុដន់ទាំងអស់នោះ យើងត្រូវរំលឹកឲ្យដឹងផងដែរថា នៅពេលស្រ្តីកំពុងមានគភ៌ជាញឹកញាប់វាអាចមានហូរទឹកដោះបន្តិចបន្តួចចេញពីក្បាលដោះទាំងសងខាង។ នៅត្រីមាសទី១វាមានទឹកថ្លា បន្ទាប់មកទៀតគេឃើញមានការបញ្ចេញទឹកដោះដំបូង ដែលជាអង់ទីគ័រដ៏ល្អ(colostrum)។ គេត្រូវតែរក្សាការហូរទឹកដោះនេះដោយចៀសវាងរាល់ការជំរុញដោយការពិនិត្យខុសពេលវេលាដែលអាចបណ្ដាលឲ្យមានការបញ្ចេញពួក ocytocine ពីខួរក្បាល។

 តើ Pathologies Spécifiques ទាំងនោះមានអ្វីខ្លះ?

ការបញ្ចេញទឹកដោះ គឺកើតមានឡើងបន្ទាប់ពីការកកើតនៃការរីកលូតលាស់របស់ក្រពេញដោះ។ នៅអំទ្បុងពេលស្ត្រីមានគភ៌ អ័រម៉ូនអឺស្ត្រូហ្សែន អ័រម៉ូនប្រូហ្សេសស្តេរ៉ូន អ័រម៉ូនឡាក់តូហ្សែនប្លាសង់តែរ(HPL) និងអ័រម៉ូនប្រូឡាក់ទីនបានអនុញ្ញាតិ្តឲ្យថង់ទឹកដោះបញ្ចេញទឹកដោះ (ជាកន្លែងដែលថង់ទឹកដោះ បញ្ចេញទឹកដោះមានសមាសភាព គ្រប់គ្រង់ក្នុងការបញ្ចេញទឹកដោះ)។ នៅពេលស្រ្តីសំរាលកូន វាបណ្ដាលឲ្យអ័រម៉ូនអឺស្ត្រូហ្សែន អ័រម៉ូនឡាក់តូហ្សែនប្លាសង់តែរ(HPL)ធ្លាកចុះ ពិសេសអ័រម៉ូនប្រូហ្សេសស្តេរ៉ូនដែលវាជុំរុញឲ្យមានការបច្ចេញទឹកដោះ។

 

ម្យ៉ាងវិញទៀត ការជុំរុញឲ្យស្រ្តីបំបៅដោះកូន ជាកត្តាធ្វើឲ្យខួរក្បាលបញ្ចេញ ocytoxine ដែលអនុញ្ញាត្តិឲ្យមានការបញ្ចេញទឹកដោះដែរ។ តើមានឧប្បត្តិហេតុអ្វីខ្លះអាចកើតមាននៅរយៈដំបូងពេលបំបៅកូន?

 

១- ឧប្បត្តិហេតុដែលគ្មានក្លាយរោគ

ក- ការហូរចេញវត្ថុរាវតាមក្បាលដោះ នៅពេលមានគភ៌(écoulements pendant la grossesse)

សូមរំលឹកថាការហូរទឹកថ្លាៗចេញពីរន្ធជាច្រើននៃក្បាលដោះទាំងសងខាងមានជាញឹកញាប់នៅអំឡុងមានផ្ទៃពោះ។ វាត្រូវតែគោរពឲ្យបានត្រឹមត្រូវទាំងអស់ ដោយបញ្ជាក់ឲ្យច្បាស់ទៅដល់អ្នកជំងឺដែលវាត្រូវតែចៀសវាងដាច់ខាតរាល់ការជុំរុញក្បាលដោះដែលអាចឲ្យវារីកធំ និងធ្វើឲ្យស្បូនកន្ត្រាក់យ៉ាងខ្លាំង។

ការចេញឈាមពីក្បាលដោះទាំងសងខាងកម្រកើតមានឡើងនៅត្រីមាសទី២ ឬទី៣នៃគភ៌វាអាចមានជាប់រយៈពេលជាច្រើនខែក្រោយពេលសំរាលកូន និងជាការសន្មតនៃការកកើតកោសិកាក្នុងផ្លូវទឹកដោះជាច្រើនលើសលប់។​ ក្នុងករណីមានការចេញឈាមតាមក្បាលដោះតែម្ខាង យើងត្រូវបញ្ឈប់ការបំបៅកូនភ្លាម ហើយបន្ទាម់មកត្រូវពិនិត្យដោយរូបភាពវេជ្ជសាស្ត្រឲ្យបានច្បាស់លាស់ [4]។

 

ខ- ឈឺក្បាលដោះ (Mamelon douloureux)

នៅពេលបំបៅដោះដំបូង ការឈឺចាប់នៅលើក្បាលដោះអាចកើតមានឡើងដោយគ្មានរោគសញ្ញាគ្លីនិកនៃការក្លាយរោគនៅលើស្បែកបន្តិចណាឡើយ។ការឈឺចាប់នេះកើតឡើងនៅពេលកូនបៅដោះហើយវាបាត់ទៅវិញនៅពេលកូនឈប់បៅ។ វាជាបាតុភូតកើតឡើងដោយឯកឯងដែលមានរយៈពេលពី៣ទៅ៤ថ្ងៃ។

 

គ- ប្រេះក្បាលដោះ (Crevasses)

វាមានស្នាមប្រេះនៅលើក្បាលដោះបណ្ដាលឲ្យមានការឈឺចាប់ដែលកើតមានឡើងភ្លាមៗជួនកាលមានលាយឈាមបន្តិចបន្តួចនៅថ្ងៃដំបូងក្រោយសំរាល។វាបណ្ដាលមកពីកត្តាផ្សេងៗជាច្រើនដូចជា៖

- ខ្វះអនាម័យនៅលើដោះ ឬកន្លែងផ្សេងទៀតដែលនៅក្បែរវា ឬនៅដៃរបស់វា។

- ការធ្វើអនាម័យញឹកញាប់ពេក ឬការប្រើប្រាស់ផលិតផលរំខានផ្សេងៗ។

​- ក្បាលដោះទាញចូលក្នុង ឬខ្លីពេក។

- បំបៅដោះកូនយូរពេក។

ជាលទ្ធផល ការកកកុញទឹកដោះដែលលាយឡំ និងទឹកមាត់នៅក្នុងផ្នត់ស្បែកបណ្ដាលឲ្យបង្ករោគ។ ការព្យាបាលដែលសំខាន់នោះ គឺការការពារ និងការជូតសំអាតក្បាលដោះឲ្យបានស្អាតស្ងួតល្ អក្រោយពេលបំបៅដោះហើយព្រមទាំងអនាម័យដៃឲ្យបានស្អាតជានិច្ច។​ រយៈពេលបំបៅដោះមិនឲ្យលើសពី១០នាទីក្នុងដោះម្ខាង។ នៅពេលមានប្រេះក្បាលដោះកើតឡើងគេត្រូវប្រើប្រដាប់ទាញបឺតទឹកដោះរយៈពេល២ទៅ៣ថ្ងៃហើយគេអាចប្រើក្រែមដែលមានលាយវីតាមីនអា ឬវីតាមីនអឺនៅលើក្បាលដោះនោះ។ វាមានវិបត្តិជាញឹកញាប់ក្រោយការសំរាលដែលមិនត្រូវធ្វេសប្រហែសជាមួយនឹងហានិភ័យដែលវាបណ្ដាលឲ្យមានផលវិបាកការក្លាយរោគ [3]។

 

ឃ. ស្ទះទឹកដោះ (Engorgement mammaire)

ការកកើតទឹកដោះបានបង្ហាញដោយការតឹងដោះ ជួនកាលមានលាយឡំនិងមានក្ដៅខ្លួនតិចៗ។ ៣ថ្ងៃក្រោយ បាតុភូតនេះនឹងបាត់ទៅវិញដោយខ្លួនឯងព្រមជាមួយនឹងការបញ្ចេញទឹកដោះ។ ចាប់ពីរយៈពេលនេះទៅការបញ្ចេញទឹកដោះពិតជាចាំបាច់ដល់ការជួយសំរួល ដើម្បីជៀសវាងផលវិបាកនៃក្លាយរោគផ្សេងៗ។ មុននឹងបំបៅកូនគេអាចប្រើកន្សែងក្ដៅដើម្បីជួយសំរួល ការបញ្ចេញទឹកដោះ និងត្រូវច្របាច់ដោះឲ្យទឹកដោះចេញពីដោះឲ្យអស់ក្រោយបំបៅ។ ក្រៅពីនេះ គេក៏អាចប្រើថ្នាំផ្សេងៗទៀតដូចជា Ocytocine ឬ Méthergin រយៈពេល១៥ទៅ៣០នាទីមុនបំបៅកូនដែលមានរយៈពេល៣ទៅ៤ថ្ងៃ។

 

ង. ដក់ទឹកដោះក្នុងផ្លូវទឹកដោះ (Galactocèle)

គឺការស្ទះរន្ធផ្លូវទឹកដោះដែលបណ្ដាលឲ្យផ្លូវទឺកដោះរីកព្រមពេញទៅដោយទឹកដោះនៅពេលស្ត្រីបំបៅកូន។ នៅពេលពិនិត្យឃើញមានដុំមួយទំហំ២ទៅ៣សង់ទីម៉ែត្រ រាងពងក្រពើមានដែនកំណត់ច្បាស់ទន់ ហើយភាគច្រើននៅផ្នែកខាងលើ និងខាងក្រៅដោះ ឬនៅខាងក្រោយក្បាលដោះមិនមានសញ្ញាក្លាយរោគទេ។ ដុំនេះជាញឹកញាប់កើតឡើងភ្លាមៗ ឬឆាប់ឡើងៗ។ វាអាចមានមួយ ឬច្រើនដុំ ហើយក៏មិនមានកូនកណ្ដុរនៅឃ្លៀកដែរ។ វាអាចធូរស្រាលដោយខ្លួនឯង ឬបន្ទាប់ពីបូមចំណែកការវិវឌ្ឍរបស់វាអាចបង្កជាបូស ឬក៏វាក្លាយជាដុំកកទឹកដោះ (butyrique) ប៉ុន្តែជាទូទៅការវិវឌ្ឍរបស់វាល្អ ។នៅលើរូបថតគេឃើញមានទឺកលាយជាមួយខ្លាញ់ [1]

 

២. ឧប្បត្តិហេតុក្លាយរោគ

ក. Lymphangite:

នៅរយៈពេលដំបូង វាស្ដែងឡើងភ្លាមៗក្នុងកំឡុងសប្តាហ៏ទី១ក្រោយសំរាលកូន។​ អ្នកជំងឺមានអាការៈ

- រងាញាក់

- កំដៅឡើងខ្លាំងរហូតដល់៤០អង្សា។

ពីនិត្យលើសុដន់៖

- បានបញ្ជាក់យ៉ាងច្បាស់ថាមានដុំរឹងសំប៉ែតហើយក្រាស់

- ក្រហមក្ដៅលើដុំនោះ

- មានកូនកណ្ដុរជាច្រើននៅក្នុងឃ្លៀក។

ពិនិត្យទឹកដោះមិនមានខ្ទុះទេ (Budin អវិជ្ជមាន )

ការបំបៅកូនអាចបន្តទៀតបាន

ការព្យាបាលដោយឧសថ anti-inflammatoires non stéroides លាយនឹងថ្នាំសំលាប់មេរោគ (Antistaphylococcique)។

 

ខ- បូសដោះ

វាកើតឡើងដំបូងដោយសារមានការរលាកផ្លូវទឹកដោះ(Galactophorite) ដែលស្ដែងឡើងដោយ៖

•ការឈឺចាប់យ៉ាងខ្លាំងនៅលើដោះ

•ក្ដៅខ្លួន 38-38,5 ̊c

•មិនមានសញ្ញានៅលើស្បែកទេ

•មិនមានកូនកណ្ដុរនៅក្នុងឃ្លៀកទេ។

 

ការឆ្លងរោគបណ្ដាលមកពីទារកបៅក្បាលដោះដែលមានមេរោគ (effet rétrograde )ចំណែកឯការឆ្លងរោគតាមឈាមកម្រមានណាស់លើកលែងតែករណីមានមេរោគរាតត្បាតក្នុងឈាម។ មេរោគដែលមានច្រើនជាងគេគឺ staphylocoque doré 95% [2]។ រោគវិនិច្ឆ័យវិជ្ជមាននៅពេលដែលគេយកវត្ថុរាវដែលចេញពីក្បាលដោះដាក់លើក្រណាត់ ឬស្បៃគេឃើញមានខ្ទុះពណ៌លឿង (Budin + ឬហៅថាអាប់សែ)។ ដូច្នេះ គេត្រូវឲ្យស្ត្រីឈប់បំបៅដោះកូនតែម្ដង។ ចំពោះជំងឺនេះគេត្រូវចែកឲ្យដាច់ពីជំងឺរលាកក្រពេញដោះ និងជំងឺមហារីក។

 

៣. ជំងឺលាយឡំដទៃទៀត

ក. ដុំស្លូត (Adénofibrome)

វាជាដុំស្លូតដែលគេសង្កេតឃើញញឹកញាប់ចំពោះស្ត្រីវ័យក្មេង។ វាជាដុំដែលវិវឌ្ឍទៅតាមកាលរដូវរបស់ស្ត្រី ដូច្នេះនៅពេលមានផ្ទៃពោះ ឬក្រោយសំរាល ដុំនេះអាចរីកធំ ឬក្លាយរោគ (nécrose ischémique) ដែលបណ្ដាលឲ្យមានការឈឺចាប់។ ជាធម្មតា មានតែការតាមដានទេដែលអាចកំណត់រោគសញ្ញាថាតើវាមានផលពិបាកយ៉ាងណាខ្លះ។ ប្រសិនបើដុំនោះធំ គេត្រូវធ្វើការវះកាត់មុនពេលមានផ្ទៃពោះ ប្រសិនបើស្ត្រីនោះចង់បំបៅដោះកូនដោយធម្មជាតិ។

 

ខ. ដុំ Phyllode

វាជាដុំដោះដែលគេកម្រជួបប្រទះនៅពេលស្ត្រីកំពង់មានគភ៌ការវិវឌ្ឍរបស់វាមានសភាពលឿន [5]ដែលការមានគភ៌របស់ស្ត្រីមិនមានការទាក់ទងទៅលើការវិវឌ្ឍរបស់ដុំ Phyllodeទេ​ ដូច្នេះ ការព្យាបាលតម្រូវឲ្យយើងធ្វើការវះកាត់ជាបន្ទាន់ដោយមិនរង់ចាំដល់ស្ត្រីនោះសំរាលកូនឡើយ។ ដុំphyllodeជាដុំដែលមានហានិភ័យអាចលាប់ឡើងវិញនៅហ្នឹងកន្លែងនឹងអាចក្លាយជាដុំមហារីក ។

 

គ. ដុំខ្លាញ់

វាជាដុំស្លូតមិនវិវឌ្ឍទៅតាមកាលរដូវរបស់ស្ត្រីទេ ដូច្នេះការវិវវឌ្ឍ និងការព្យាបាល មិនធ្វើឲ្យមានការប្រែប្រួលចំពោះគភ៌របស់ស្រ្តីឡើយ។

 

ឃ. Mastose

វាជាជំងឺដែលគេសង្កេតឃើញមានច្រើនជាងគេចំពោះស្ត្រីដែលមានអាយុពី៣៥ដល់៥០ឆ្នាំ។ ជំងឺមានលក្ខណះជាដុំមួយ ឬច្រើនដែលគេស្ទាបឃើញនិងមានការឈឺចាប់ជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ នៅពេលមានគភ៌ រោគសញ្ញាខាងលើវាបាត់ទៅវិញដោយសារសុដន់របស់ស្ត្រីឡើងខ្លាំង។ មានតែការតាមដានទេដែលប្រសើរបំផុត។

 

ង. ក្រពេញដោះនៅខុសកន្លែង (Glandes ectopiques)

ក្រពេញដោះតាំងនៅខុសកន្លែងអាចសង្កេតឃើញ នៅពេលស្ត្រីមានគភ៌។ វាអាចមានជាក្បាលដោះមួយ (polythélie) ឬផ្សំជាធម្មតាដោយជាលិកាក្រពេញដោះ (polymastie)។ ជាទូទៅ វាស្ថិតនៅបណ្ដោយតាមខ្សែក្បាលដោះជាពិសេសនៅម្ដុំឃ្លៀកដែលគេមិនត្រូវច្រឡំជាមួយនឹងកូនកណ្ដុរឃ្លៀកឡើយ។

 

៤- សេចក្ដីសន្និដ្ធាន

ជំងឺសុដន់ ក្រៅពីជម្ងឺមហារីក ចំពោះស្រ្តីកំពុងមានគភ៌ និងពេលបំបៅដោះកូន ជាជំងឺដែលមានការទាក់ទងមួយភាគធំជាមួយនឹងគភ៌របស់ស្រ្តីក៏ដូចជាការបំបៅដោះកូនដែរ។ ដូច្នេះ ស្ត្រីគ្រប់រូបចាំបាច់ត្រូវតែស្គាល់យល់ដឹងពីវិធិស្រាវជ្រាវនៅដំណាក់កាលនៃជំងឺ ដើម្បីចៀសវាងនូវផលវិបាកធ្ងន់ធ្ងរ។ 

 

បកស្រាយ ដោយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត​ តន់ ផល្លី ឯកទេសវះកាត់ជំងឺមហារីកសុដន់និង​ជាអតីតអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាម្ទាស់មន្ទីរសម្រាកព្យាបាល​ តន់ ផល្លី។  

 

BIBLIOGRAPHIE:

[1] Cassier C., Le Treut A ., Dilhuydy M.H., Chavoix A ., Journé-Raymond A. – Aspects radiographiques des galactocèles. J. Radiol., 1986,67: 803-806.

[2] Hegg R., Barrros A. C. S. D., Pinotti M.- Breast infections. In : Bonillas-Musoles F., ed. Benign breast tumors. FIGO Committee for the study of female breast. (FIGO World Congress, Montreal 1994 ) Valencia (Spain) : University School of Medecine, 1994.

[3] Horovitz J., Hocke C., Roux D., Dubecq J.P- Suites de couches normales et pathologiques. (syndromes neuro-endocriniens non compris). Éditions Techniques. Encycl.Méd.Chir. (Paris France), Obstétrique, 1994, 5-110-A-10 :11 p.

[4] Lefranc J.P., Salet-Lizee D., Blondon J. – Les écoulements mamelonnaires. Encycl.Méd. Chir. (Paris France), Gynécologie, 1989, 3-812-A-20 : 6 p.

[5] Verhaeghe M., Clay A., Dupont A., Beylis-Noel I.- Tumeur phyllode. In : Demaille A ., Delecour M., Adenis L ., Crepin G., Cappelaere P., eds. Les maladies du sein en 1985. Formation Médicale Continue en Sénologie, Journées Françaises de Sénologie et de Pathologie Mammaire. Paris, Masson, 1985 : n  ̊7.

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Related Articles

View All

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ធ្លាប់ឆ្ងល់ទេ! ពេលខ្លះអ្នកបែរជាឃើញទារកមួយចំនួន ត្រូវបានគេអនុញ្ញាតឲ្យហែលទឹក ឬជ្រមុជទឹកលេងតាំងពីវ័យនៅតូចៗមកម្ល៉េះ ហើយមើលដូចជាគ្មានសុវត្ថិភាពសោះ តែតាមពិតនេះជាការបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេទៅវិញនោះទេ។ ជាក់ស្ដែងក្រៅពីភាពគួរឲ្យស្រលាញ់របស់ពួកគេ នៅមានរឿងអាថ៌កំបាំងផ្សេងទៀតដែលអ្នកមិនបានដឹង ហើយខាងក្រោមនេះ My Bébé ចង់បង្ហាញរឿងអស្ចារ្យទាំងនោះដែលកូនតូចរបស់អ្នកកំពុងមាន៖   សមត្ថភាពជ្រមុជទឹក ទារកកើតមកជាមួយរេផ្លិចក្នុងការជ្រមុជទឹកបាន ពីព្រោះរាងកាយពួកគេអាចសម្របខ្លួនជាមួយស្ថានភាពនៅក្នុងទឹក។ ពេលស្ថិតនៅក្នុងទឹក ចង្វាក់បេះដូងពួកគេនឹងថយចុះ រួមជាមួយការទប់ដង្ហើមបានយ៉ាងល្អ ហើយអ្វីដែលគួរឲ្យអស្ចារ្យទៀតនោះពួកគេអាចដកដង្ហើម និងលេបនៅក្នុងពេលជាមួយគ្នាដូចទៅនឹងសត្វត្រីដែរ ក្នុងវ័យ ២ ទៅ៣ខែដំបូង។ សមត្ថភាពបែបនេះត្រូវបានគេយល់ថា ពួកគេបានរៀនវានៅក្នុងស្បូនរបស់ម្ដាយ ប៉ុន្តែភាពអស្ចារ្យនេះនឹងបាត់បង់ទៅវិញនៅពេលពួកគេមានអាយុចាប់ពី ៦ខែឡើងទៅ។   មានឆ្អឹងដល់ទៅ ៣០០ តួលេខនេះមានចំនួនដល់ទៅ ៩៤ ច្រើនជាងមនុស្សពេញវ័យដែលមានត្រឹមតែ ២០៦ឆ្អឹងប៉ុណ្ណោះ​ ហើយដែលយើងមិនដែលបានដឹង យ៉ាងណាមិញឆ្អឹងរបស់ពួកគេនឹងចាប់ផ្ដើមរលាយចូលគ្នានៅពេលរាងកាយលូតលាស់ពេញវ័យបន្ដិចម្តងៗ។   ប្រើប្រាស់កន្ទបទឹកនោមច្រើននៅឆ្នាំដំបូង កន្ទបទឹកនោម និងកន្សែងអនាម័យដល់ទៅ ៣៣៦០ អាចនឹងត្រូវប្រើប្រាស់ក្នុងឆ្នាំដំបូងសម្រាប់ទារក ដោយសារពួកគេត្រូវការបញ្ចេញចោល ជូតសម្អាតមុខ ដៃ និងជើងច្រើនដង។ ពួកគេត្រូវការបត់ជើងតូចរៀងរាល់ ២០នាទីម្តង រហូតដល់តម្រងនោមចាប់ផ្ដើមរីកលូតលាស់ ហើយវាជារឿងល្អដែលការផលិតខោទឹកនោមសព្វថ្ងៃនេះអាចជក់ទឹកបាន និងមិនប៉ះពាល់ដល់ស្បែក។   មិនអាចបញ្ចេញទឹកភ្នែក ទារកទើបនឹងកើតតែងតែចាប់ផ្ដើមយំ តែពួកគេមិនអាចបញ្ចេញទឹកភ្នែកបានភ្លាមៗនោះទេ។ លក្ខណៈបែបនេះគឺដោយសារសារធាតុទឹកក្នុងក្រពេញទឹកភ្នែកមានក្នុងចំនួនតិចតួចដែលអាចគ្រាន់តែផ្សើមកែវភ្នែកតែប៉ុណ្ណោះ។ នៅពេលពួកគេមានអាយុ ៣ សប្ដាហ៍ ឬ ១ ខែ ក្រពេញទាំងនោះនឹងចាប់ផ្ដើមរីកធំ ហើយអាចបញ្ចេញទឹកភ្នែកបានដូចធម្មតា ។   មានញាណដឹងពីអារម្មណ៍ ទារកដែលមានអាយុ ២ ទៅ៣ខែឡើងទៅ​ អាចសម្គាល់បាននូវអារម្មណ៍សប្បាយរីករាយ កើតទុក្ខ ហើយចាប់ផ្ដើមយល់ពីអារម្មណ៍មនុស្សនៅជុំវិញខ្លួននៅពេលមានអាយុ ១ឆ្នាំ ឡើងទៅ នេះបើយោងតាមការសិក្សារបស់អ្នកជំនាញ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ពួកគេមិនគ្រាន់តែដឹងពីអារម្មណ៍របស់អ្នកនោះទេ ថែមទាំងអាចបង្ហាញអាការៈខ្វាយខ្វល់ទៀតផង។     ការចងចាំមុខ ក្នុងរយៈពេល ១អាទិត្យបន្ទាប់ពីកើត ទារកអាចចំណាំមុខរបស់អ្នកម៉ាក់ដែលតែងតែនៅក្បែរពួកគេរួចទៅហើយ។ នៅពេលពួកគេមានអាយុ ៦ខែ សមត្ថភាពចងចាំនឹងកាន់តែច្បាស់ជាងមនុស្សពេញវ័យទៅទៀត ជាមួយនឹងការចងចាំ ឬស្គាល់មុខបុគ្គលណាម្នាក់ក្នុងចំណោមហ្វូងមនុស្សជាច្រើន។   ការឆ្លើយតបនឹងចង្វាក់តន្រ្តី នេះមិនមែនគ្រាន់តែសំដៅលើដុងពីកំណើតខាងសិល្បៈនោះទេ ពីព្រោះថារាល់ទារកទាំងអស់សុទ្ធតែមានញាណទៅលើចង្វាក់តន្រ្តី។ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ទារកអាចបញ្ចេញកាយវិការដោយប្រើដៃ និងដងខ្លួនទៅលើចង្វាក់របស់ចម្រៀងបានយ៉ាងច្រើនប្រភេទ បើទោះបីពួកគេមិនអាចធ្វើចលនាខ្លាំងៗក៏ដោយ។ ជាមួយនឹងសមត្ថភាពបែបនេះ ទើបគេរំពឹងទុកថាវាអាចជួយឲ្យពួកគេរៀន និងវិភាគលើភាសានិយាយរបស់លោកប៉ា អ្នកម៉ាក់ ក៏ដូចជាភាសាដើមកំណើតរបស់ខ្លួន។   ប្រភព https://www.parents.com/baby/development/intellectual/6-things-you-may-not-know-your-baby-can-do/ https://babyandchild.ae/age-0-1/healthy-baby/article/1058/8-freaky-facts-about-babies-you-didn-t-know-before https://www.livescience.com/20802-newborn-baby-skills.html https://www.pbcexpo.com.au/blog/16-incredibly-cool-facts-about-your-bab

“កូនអើយ… កុំយំ! កុំយំណាកូនណា៎” ជាឃ្លាដែលប៉ាម៉ាក់ប្រើប្រាស់ញឹកញ៉ាប់ពេលទារកយំ តែម៉ាក់ៗដែលដឹងអត់ថា ការហាមកូនមិនឲ្យយំ អាចជាកំហុសមួយ។ ថ្ងៃនេះ My bébé ចង់ធ្វើការចែករំលែកនូវកំហុសឆ្គងតូចៗ ៧ ដែលប៉ាៗ ម៉ាក់ៗថ្មីថ្មោងប្រហែលជាកំពុងធ្វើ ដោយមិនដឹងខ្លួនថាវាអាចជះឥទ្ធិពលទៅលើពួកគេទាំងអំឡុងពេលក្នុងវ័យជាទារក និងរហូតឈានដល់ពេលពេញវ័យទៀតផង៖   ១. ហាមកូនមិនឲ្យយំ ប្រាកដណាស់ គ្មានប៉ាម៉ាក់ណាចង់ឲ្យកូនយំទេ តែពេលខ្លះ បើទោះជាអ្នកបានបញ្ចុកអាហារ និងផ្លាស់ប្តូរកន្ទបរួចរាល់អស់ទៅហើយ អាអូនអាចនៅតែយំ ព្រោះអាចជាវិធីសាស្រ្តក្នុងការសន្ទនាមួយរបស់ពួកគេ។​ ហេតុនេះ អ្នកមិនគួរលួងបង្ខំឲ្យគេបាត់យំភ្លាមៗឡើយ ផ្ទុយទៅវិញ អ្នកគួរផ្ដល់ពេលវេលាមួយចំនួនសម្រាប់ឲ្យពួកគេយំ ហើយអង្កេតមើលថាអ្វីដែលគេចង់បានបន្ថែមទៀត។ តែប្រសិនបើកូនតូចយំរហូតច្រើនម៉ោង និងមានរោគសញ្ញាមិនប្រក្រតីរួមមានក្ដៅខ្លួន កន្ទួលក្រហម ឬក្អួត អ្នកត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។   ២. ដាស់កូនតូចឲ្យបៅពេលយប់ មតិមួយចំនួនលើកឡើងថាទឹកដោះម្ដាយមិនអាចឲ្យកូនឆ្អែតពេញមួយយប់នោះទេ ទើបមានម៉ាក់ៗខ្លះបង្ខំចិត្តដាស់ឲ្យកូនបៅនៅពេលយប់ ប៉ុន្តែនេះជាការយល់ខុសមួយ ពីព្រោះថាទឹកដោះម្ដាយមានជីវជាតិគ្រប់គ្រាន់រួចស្រេចទៅហើយ។ ផ្ទុយទៅវិញអ្នកគួរឲ្យកូនគេងបានស្កប់ស្កល់ ដែលនេះជាអ្វីដែលពួកគេត្រូវការបំផុត ហើយក្នុងពេលជាមួយគ្នាម៉ាក់ៗមានពេលវេលាក្នុងការគេងឲ្យបានគ្រប់គ្រាន់ផងដែរ។   ៣. កង្វះអនាម័យមាត់ធ្មេញ ម៉ាក់ៗថ្មីថ្មោង អាចធ្វេសប្រហែសក្នុងការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូច។ ជាក់ស្ដែង កុំចាំដល់ពេលកូនមានធ្មេញគ្រប់គ្រាន់ទើបចាប់ផ្ដើមថែរក្សានោះ ដោយហេតុថាវាអាចហួសពេលក៏ថាបាន។ អ្នកអាចចាប់ផ្ដើមអនាម័យមាត់ធ្មេញពួកគេដោយ៖ ប្រើក្រណាត់ ឬក្រដាសសើម ជូតសម្អាតអញ្ចាញធ្មេញ ហើយអាចចាប់ផ្ដើមដុសធ្មេញនៅពេលពួកគេអាយុបាន ១ ឆ្នាំ ហាមបំបៅដោះកូនពេលយប់ជ្រៅ នៅពេលពួកគេឈានដល់វ័យចាប់ផ្ដើមមានធ្មេញ ពីព្រោះការធ្វើបែបនេះអាចឲ្យធ្មេញឆាប់វិវឌ្ឍទៅជាពុកបាន អាចបន្ថែមសារធាតុភ្លុយអ័រសម្រាប់សុខភាពមាត់ធ្មេញ ដោយអ្នកអាចស្វែងរក និងណែនាំតាមរយៈអ្នកជំនាញបាន។   ៤. មិនលេងជាមួយកូនតូច ការលេងរបស់កូនតូចគឺជាការលូតលាស់ ក៏ដូចជាការរៀនពីអ្វីដែលថ្មីៗដែរ។ ពិតណាស់ ការលេងនឹងផ្ដល់ភាពសប្បាយរីករាយ និងអាចជាឱកាសឲ្យពួកគេធ្វើការស្វែងរក ពិសោធន៍ថ្មីៗ និងបង្កើតកំហុសក្នុងពេលជាមួយគ្នា។ ប៉ាៗ ម៉ាក់ៗខ្លះ បែរជាមិនចាប់អារម្មណ៍ និងមើលរំលងពីការលេងរបស់កូនតូច ហើយបែរជាបណ្ដោយឲ្យពួកគេចំណាយពេលច្រើនជាមួយបច្ចេកវិទ្យាដូចជាការមើលទូរស័ព្ទដៃទៅវិញ ដោយពុំបានដឹងថាការលេងល្បែងសាមញ្ញជាមួយពួកគេ អាចជួយបន្ថែមនូវមេរៀនពីបំណិនជីវិតដូចជា ការផ្ដល់ក្ដីស្រលាញ់ របៀបទំនាក់ទំនង ការគិត និងការដោះស្រាយបញ្ហាជាដើម។   ៥. មិនផ្ដល់ក្ដីស្រលាញ់ និងយកចិត្តទុកដាក់ ភាពព្រងើយកន្ដើយ ឬការមិនបង្ហាញក្ដីស្រលាញ់របស់អ្នកអាចកំពុងប្រាប់អាអូនថា “ក្ដីស្រលាញ់គឺមានលក្ខខណ្ឌ”។ អាកប្បកិរិយាបែបនេះជាញឹកញាប់អាចបណ្ដាលឲ្យកូនតូចចាប់ផ្ដើមខ្វះភាពកក់ក្តៅ ខ្វះការគោរព និងខ្វះការជឿទុកចិត្តលើខ្លួនឯង។ ជាលទ្ធផលពួកគេអាចពិបាក និងមិនហ៊ានបង្ហាញអ្វីដែលពួកគេចង់បាន ឬតម្រួវការផ្សេងៗ។ ម្យ៉ាងទៀត ពួកគេអាចប្រែក្លាយជាបុគ្គលដែលគិតតែពីអារម្មណ៍មនុស្សជុំវិញខ្លួន និងសម្ដែងចេញកាយវិការតាមតែការចង់បានរបស់អ្នកដទៃ ឬអាចនិយាយបានថាពួកគេធ្វើអ្វីទាំងបង្ខំ ឬដោយការខ្លាចគេមាក់ងាយ។   ៦. បង្ហាញទំនាក់ទំនងមិនល្អ វិធីសាស្រ្តក្នុងការទាក់ទង ជាផ្លូវមួយដើម្បីបង្ហាញឲ្យពួកគេឃើញថាបរិយាកាស ឬសង្គមរបស់គេស្ថិតក្នុងស្ថានភាពបែបណា។ ការបង្ហាញរបស់អ្នកតាមការឱប ថើប ញញឹម និងផ្ដល់ឲ្យនូវវត្ថុណាមួយនោះ អាចឲ្យពួកគេមើលឃើញពីក្ដីស្រលាញ់ក្នុងពិភពដែលគេរស់នៅ ហើយគេនឹងឆ្លើយតបមកវិញដោយអាកប្បកិរិយាសប្បាយរីករាយ វិជ្ជមាន ថែមទាំងជួយពង្រឹងក្ដីស្រលាញ់រវាងអ្នកនិងពួកគេកាន់តែស្អិតរមួត។ ផ្ទុយទៅវិញ ការបង្ហាញសកម្មភាពបែបអវិជ្ជមាន អាចឲ្យការគិត និងទំនាក់ទំនងគ្មានភាពស្រស់បំព្រង ថែមទាំងបាត់ទំនុកចិត្តទៀតផង ដែលទាំងនេះមិនសំដៅតែលើទំនាក់ទំនងរវាងអ្នក និងកូនតូចនោះទេ ប៉ុន្តែការបង្ហាញទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តដទៃទៀតក៏ជាមេរៀនដែលអាចពួកគេអាចចងចាំបានផងដែរ។   ៧. ឈ្លោះក្រកែកគ្នានៅមុខកូនតូច បើទោះបីជាក្មេងតូចអាយុទើបតែ ៣ខែ ក៏អាចទទួលអារម្មណ៍បែបនេះដែរ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ យ៉ាងណាមិញ ការឈ្លោះក្រកែកគ្នាអាចចៀសមិនផុតក្នុងរង្វង់គ្រួសារនោះទេ តែដើម្បីបញ្ចៀសផលកាន់តែអាក្រក់ អ្នកគួរសួរខ្លួនឯងថាតើការឈ្លោះនោះញឹកញាប់ និងខ្លាំងក្នុងកម្រិតណា។ ការធ្វើបែបនេះអាចឲ្យអ្នកស្វែងរកដំណោះស្រាយជាជាងការប្រើប្រាស់ពាក្យសំដី និងអាកប្បកិរិយាធ្ងន់ៗដែលអាចប៉ះពាល់ដល់អារម្មណ៍របស់កូនតូចរបស់អ្នក។   ម៉ាក់ៗ ត្រូវចាំថាការចិញ្ចឹមបីបាច់កូនប្រៀបបីដូចជាការក្រកួតប្រជែងផ្នែកអារម្មណ៍មួយ ដែលទាមទារនូវភាពអត់ធ្មត់ និរន្តភាព សេចក្ដីស្រលាញ់ និងការយោគយល់។ ពិតណាស់ អ្នកអាចនឹងព្រួយបារម្ភអំពីជម្រើស ឬវិធីសាស្រ្តក្នុងការថែទាំពួកគេ តែទោះជាយ៉ាងណាអ្នកអាចចាប់ផ្ដើមរៀនបន្តិចម្ដងៗ រួចក្លាហានក្នុងការកែប្រែកំហុសខុសឆ្គង នោះអ្នកនឹងអាចក្លាយជាអាណាព្យាបាលល្អមួយរូបដែលកូនអ្នកចង់បាន។   ប្រភព https://www.webmd.com/parenting/baby/features/10-mistakes-new-parents-make#2 https://www.healthline.com/health/parenting/bad-parenting#signs

កូនយំម្ដងៗ មិនបានបញ្ជាក់ថាពួកគេចេះតាឃ្លានតែមួយមុខនោះទេ ដោយពេលខ្លះវាអាចបណ្ដាលមកពីវិបត្តិសុខភាពណាមួយក៏ថាបាន។ ដោយហេតុថាពួកគេស្ថិតក្នុងវ័យតូច មិនអាចនិយាយបាន នោះទើបលោកប៉ា អ្នកម៉ាក់ខ្លះមិនបានដឹងពីបញ្ហាណាមួយឲ្យពិតប្រាកដ ហើយភាពបារម្ភក៏កើតមានឡើង។ យ៉ាងណាមិញ បញ្ហាសុខភាពទូទៅភាគច្រើនគឺបណ្ដាលមកពីកង្វះអនាម័យ ដោយរួមបញ្ចូលពីកត្តាពួកគេផ្ទាល់ អនាម័យក្នុងផ្ទះ និងភាពស្អាតបាតរបស់លោកប៉ា អ្នកម៉ាក់ផងដែរ។ តោះដើម្បីជាចំណេះដឹងបន្ថែម My Bébe នឹងនាំលោកប៉ាអ្នកម៉ាក់ឲ្យស្វែងយល់ពីបញ្ហាសុខភាពទូទៅដែលអាចជួបប្រទះលើកូនតូចញឹកញាប់ ក៏ដូចជាការការពារផងដែរ៖   បញ្ហាទី១៖ ស្បែក ស្នាមកន្ទួលក្រហមតូចៗ ឬបញ្ហាក្រមរលើស្បែកក្បាលអាចមើលទៅហាក់ដូចជាបញ្ហាតូចតាចនិងសាមញ្ញ តែតាមពិតវាបានបង្កភាពរំខានថែមទាំងផ្ដល់ការឈឺចាប់ដល់កូនតូចរបស់អ្នកទៅវិញនោះទេ។ ភាគច្រើនការកើតឡើងបញ្ហាស្បែកទាំងនេះបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាទៅតាមស្ថានភាពជំងឺ ហើយអាចជាប់ពាក់ព័ន្ធនឹងបញ្ហាអនាម័យដែលរួមមាន៖ ១. កន្ទួលក្រហមលើស្បែក​ ​ឬហៅថា Diaper Rash៖ ភាគច្រើនលេចឡើងនៅតំបន់គូទរបស់ទារកបណ្ដាលមកពីការស្លៀកផ្អាប់ទុកយូរនូវខោទឹកនោមដែលសើម ឬរឹងខ្លាំងពេក មួយចំនួនទៀតអាចជាបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងថ្នាំពណ៌ ឬសារធាតុសម្រាប់ផលិតខោទឹកនោមទាំងនោះតែម្ដង។ ដូចនេះ អ្នកគួរធ្វើការពិនិត្យ និងជ្រើសរើសកន្ទបទឹកនោមប្រភេទណាដែលធានាបានពីសុវត្ថិភាពនិងគួរ­ឧហ្សាស៍ផ្លាស់ប្ដូរកន្ទបឲ្យបានញឹកញាប់។ ២. ក្រមរលើស្បែកក្បាល ឬហៅថា Cradle Cap៖ ការករជាក្រមរសៗនៅលើស្បែកក្បាលរបស់ទារក មួយផ្នែកអាចបណ្ដាលមកពីបញ្ហាអ័រម៉ូន និងកង្វះខាតអនាម័យតាមរយៈការសម្អាត។ យ៉ាងណាវិញបញ្ហានេះមិនមែនជាជំងឺឆ្លងធ្ងន់ធ្ងរនោះទេ ដោយអ្នកអាចដោះស្រាយបានដោយគ្រាន់តែធ្វើការសម្អាតស្បែកក្បាលរបស់ពួកគេជាមួយសាប៊ូដែលមានសារធាតុស្រាលៗឲ្យបានជាប្រចាំ។   បញ្ហាទី២៖ ផ្លូវដង្ហើម បរិយាកាសមិនស្អាត និងការឆ្លងតាមដំណក់ទឹកបណ្ដាលមកពីការកណ្ដាស់ ឬសម្បោរជាមូលហេតុមួយដែលទារកងាយឆ្លងបំផុត បង្កឲ្យមានបញ្ហាផ្លូវដង្ហើមនិងភាគច្រើនកើតមានលើទារកអាយុ ១២ខែដំបូងដែលរួមមាន៖ ១. ផ្ដាសាយធម្មតា៖ អ្នកអាចសង្កេតដឹងតាមរយៈរោគសញ្ញាដូចជា កណ្ដាស់ ហៀរសម្បោរ ក្អក ការមិនចង់ញ៉ាំអាហារ រួមនឹងបញ្ហាឈឺបំពង់ក ដែលបណ្ដាលមកពីការឆ្លងចូលនូវវីរុសជាង ២០០ប្រភេទ ពីមនុស្សម្នាក់ទៅម្នាក់ទៀត ឬតាមការប៉ះពាល់ដៃ និងវត្ថុនានា។ ជំងឺនេះអាចបាត់ទៅវិញនៅរយៈពេល ៧ថ្ងៃបន្ទាប់ តែអ្នកអាចជួយសម្រួលអាការៈរបស់កូនតូចតាមវិធីសាស្រ្តដូចជា លាងសម្អាតច្រមុះដែលស្ទះដោយសារសម្បោរ ឧហ្សាហ៍សម្អាតមុខ និងដៃ ហើយសម្រាប់ក្នុងករណីប្រើប្រាស់ឱសថអ្នកត្រូវពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។ ២. ផ្ដាសាយធំ៖ អាចមានរោគសញ្ញាស្រដៀងនឹងផ្ដាសាយធម្មតា តែទារកអាចមានបញ្ហាឡើងកម្ដៅ និងអស់កម្លាំងខ្លាំងដោយពួកគេមិនអាចលេងដូចសព្វមួយដងបាន។ សម្រាប់ដំណោះស្រាយអ្នកគួរស្វែងរកការព្យាបាលពីសំណាក់អ្នកជំនាញផ្នែកកុមារ និងបន្តអនុវត្តអនាម័យបន្ថែមទៀត។ ប្រសិនក្នុងករណីទារកមិនបានធូរស្បើយ ឬកាន់តែពិបាកដកដង្ហើម អ្នកគួរទៅពិគ្រោះជាមួយអ្នកជំនាញម្ដងទៀត ពីព្រោះវាអាចជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។   បញ្ហាទី៣៖ ឆ្លងរោគនៅត្រចៀក ការចម្លងរោគនៅត្រចៀកក៏ជាបញ្ហាសុខភាពមួយផ្នែកដែលភាគច្រើនកើតលើទារកអាយុក្រោម ៣ឆ្នាំ និងជាវ័យមានប្រព័ន្ធភាពស៊ាំខ្សោយនៅឡើយ។ ជាទូទៅជំងឺនេះអាចលេចឡើងអំឡុងពេល ឬបន្ទាប់ពីមានជំងឺផ្ដាសាយ ឬបណ្ដាលមកពីការឆ្លងមេរោគពីពពួកវីរុស និងបាក់តេរីដទៃទៀត។ ទារកអាចប្រែជាយំច្រើន ក្ដៅខ្លួន ឧស្សាហ៍ទាញស្លឹកត្រចៀកដោយសារការឈឺចាប់ មិនញ៉ាំអាហារ ស្បែកក្នុងត្រចៀកមានពណ៌ក្រហមខុសធម្មតា ឬត្រចៀកហាក់ស្ងួតពេក ដែលទាំងនេះសុទ្ធសឹងតែបង្ហាញពីរោគសញ្ញានៃជំងឺត្រចៀក។ ដូចនេះ ការការពារទារកពីការឆ្លងជំងឺផ្ដាសាយជាវិធីបង្ការចម្បងមុនគេ ដោយអ្នកគួររក្សាអនាម័យតាមរយៈការសម្អាតដៃឲ្យបានញឹកញាប់ និងកាត់បន្ថយឲ្យពួកគេស្ថិតក្នុងស្ថានភាពដែលមានការជួបជុំច្រើន។ ចំណែកការព្យាបាលបញ្ហាឆ្លងរោគនៅត្រចៀកវិញ អ្នកអាចស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតជំនាញពីព្រោះក្នុងស្ថានភាពជំងឺមួយចំនួនគឺតម្រូវឲ្យប្រើប្រាស់ឱសថ បន្ថែមពីនោះអ្នកម៉ាក់គួរឲ្យកូនតូចបៅដោះឲ្យបានច្រើនដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងការជាសះស្បើយពីជំងឺបានឆាប់រហ័ស។   បញ្ហាទី៤៖ ប្រព័ន្ធរំលាយអាហារ ផលិតផលទឹកដោះគោ ការមិនបានសម្អាតដបទឹកដោះគោ ឬភាពគ្មានអនាម័យក្នុងការបំបៅដោះកូន អាចឲ្យពួកគេងាយប៉ះពាល់ទៅនឹងវិបត្តិផ្នែកប្រព័ន្ធរំលាយអាហារ ដែលជាទូទៅកើតមានច្រើនមានបំផុតនោះគឺ៖ ១. ជំងឺរាក៖ ប្រសិនក្នុងករណីលាមកប្រែជារាវខ្លាំង ឬរហូតអាចហៀរចេញពីកន្ទបទឹកនោម និងរាកច្រើនដងទៀតនោះ ពួកគេកំពុងតែមានបញ្ហារាកហើយ។ ភាគច្រើននៃមូលហេតុនេះអាចបណ្ដាលមកពីរបបអាហារជាពិសេសគឺផលិតផលទឹកដោះគោតែម្ដង បូករួមនឹងការខ្វះអនាម័យ។ យ៉ាងណាមិញ កុមារតូចៗជាវ័យមួយក្នុងការសម្របខ្លួនទៅនឹងស្ថានភាពសុខភាពនានា ដោយពួកគេអាចជាសះស្បើយទៅវិញដោយឯកឯងក្នុងរយៈពេលណាមួយ តែអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្តការរក្សាអនាម័យ និងសង្កេតមើលពីសញ្ញាមិនប្រក្រតីណាមួយដែលតម្រូវឲ្យមានការព្យាបាល។ ២. ជ្រាំងអណ្ដាត៖​ ទារកស្ថិតក្នុងអាយុក្រោម ២ខែ ងាយនឹងមានបញ្ហាជ្រាំងអណ្ដាតជាងគេ ដោយអណ្ដាតពួកគេអាចប្រែជាពណ៌ស ពិបាកបៅ និងបង្កការឈឺចាប់។ ភាគច្រើននៃជំងឺនេះបង្កពីពពួកផ្សិត ដែលពេលខ្លះអាចកើតឡើងនៅពេលអ្នកម៉ាក់មិនបានសម្អាត និងសម្ងួតក្បាលដោះឲ្យបានស្អាតនៅពេលបំបៅដោះម្ដងៗ។ សម្រាប់ការព្យាបាលគឺអាចប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគផ្សិត ហើយក្នុងអំឡុងជាមួយគ្នា អ្នកម៉ាក់គួររក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវធានាថាក្បាលដោះត្រូវបានសម្អាត និងសម្ងួតឲ្យបានស្ងួតមុនធ្វើការបំបៅ។   ឯកសារយោង៖ https://www.webmd.com/children/guide/childhood-skin-problems#1 https://www.aboutkidshealth.ca/Article?contentid=507&language=English https://www.webmd.com/cold-and-flu/ear-infection/features/child-ear-infection#1 https://www.healthline.com/health/baby/baby-diarrhea#causes

ទារកដែលទើបនឹងកើត ឬកូនតូចៗត្រូវការការយកចិត្តទុកដាក់ និងថែរក្សាអនាម័យជាប្រចាំដើម្បីបញ្ចៀសបានពី ការប្រឈមទៅនឹងសុខភាពរាងកាយនានា និងធានាឲ្យបានសុខភាពពេញលេញនៅពេលដែលពួកគេធំដឹងក្ដី។ ដោយហេតុថាពួកគេជាវ័យដែលងាយប្រឈមនឹងការឆ្លងមេរោគ នោះការរក្សាបានភាពស្អាត និងអនាម័យជាភារកិច្ចចាំបាច់ដែលលោកប៉ា និងអ្នកម៉ាក់ត្រូវស្វែងយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ My Bébé ដឹងថាម៉ាក់ៗ ក៏ដូចជាប៉ាៗដែលទើបនឹងមានបុត្រជាលើកដំបូង ប្រហែលជាមិនទាន់ដឹងពីវិធីសាស្រ្តក្នុងការរក្សាអនាម័យសម្រាប់ទារកនៅឡើយទេ ដូច្នះ My Bébé សូមចែករំលែកនូវគន្លឹះមួយចំនួនដើម្បីឲ្យម៉ាក់ៗក្លាយជាម្តាយដំបូងដ៏ជំនាញ និងឆ្លាតវៃ៖   ១. ងូតទឹកឲ្យទារក ការពិតទៅ រាងកាយទារកមានសភាពស្អាតរួចស្រាប់ទៅហើយ ព្រោះពួកគេកម្រប៉ះពាល់នឹងសារធាតុកង្វក់នានា តែទោះជាយ៉ាងណាក៏ដោយ ការងូតទឹកគឺជាការចាំបាច់បំផុតសម្រាប់ធានាឲ្យបានភាពស្អាត និងអនាម័យខ្ពស់។ សម្រាប់ទារក៣ខែដំបូង លោកអ្នកអាចងូតទឹកឲ្យទារករៀងរាល់២ថ្ងៃម្តង នេះបើយោងតាមការបកស្រាយដោយវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ និងជាប្រធានមន្ទីរសម្រាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ។ បន្ទាប់មក អ្នកអាចងូតទឹកឲ្យពួកគេជារៀងរាល់ថ្ងៃ  ឬប្រែប្រួលទៅតាមរដូវកាល ឬស្ថានភាពសុខភាពនានា ពេលដែលទារកមានអាយុលើសពី៣ខែ។  នៅពេលងូតទឹកម្ដងៗ អ្នកគួរសម្អាតសក់ និងដងខ្លួនជាមួយសាប៊ូផលិតឡើងសម្រាប់ស្បែកទារកដែលមិនមានបូកបញ្ចូលនូវសារធាតុកាត់នាំឲ្យប៉ះពាល់ដល់សុខភាពស្បែកនោះឡើយ។   ២. បោកខោអាវ និងការប្តូរកន្ទបឲ្យទារក ភាពកខ្វក់នានាអាចតោងជាប់លើសម្លៀកបំពាក់របស់ទារកដែលអ្នកមិននឹកស្មានដល់ ដូច្នេះការផ្លាស់ប្តូរកន្ទប និងបោកខោអាវជាផ្នែកមួយដ៏សំខាន់នៃការធ្វើអនាម័យផងដែរ។ អ្នកត្រូវត្រួតពិនិត្យកន្ទប និងផ្លាស់ប្តូរឲ្យបានញឹកញាប់ដើម្បីចៀសវាងបញ្ហារលាក ឬមេរោគផ្សេងៗ។ សម្រាប់ខោអាវ អ្នកអាចបោកដោយប្រើប្រាស់សាប៊ូដែលមានសមត្ថភាពកម្ចាត់បាក់តេរី តែគ្មានសារធាតុកាត់នោះទេ។ បន្ទាប់ពីធ្វើការបោកសម្អាតរួចរាល់ អ្នកអាចហាលសម្លៀកបំពាក់ទាំងនោះក្នុងម៉ាស៊ីនសម្ងួត ឬខាងក្នុងផ្ទះ ដើម្បីបង្ការការឆ្លងមេរោគពីបរិយាកាសខាងក្រៅ។ មួយវិញទៀត កុមារអាចនឹងងាយក្អែរ ឬធ្វើឲ្យខោអាវរបស់ពួកគេងាយប្រលាក់ ដែលអ្នកអាចធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់ពួកគេពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។   ៣. លាងដបទឹកដោះគោ ឬសម្ភារៈផ្សេងៗ លោកប៉ា អ្នកម៉ាក់គួរត្រៀមទុកកំប៉ុងទឹកដោះគោក្នុងចំនួនច្រើនសម្រាប់ដាក់អាហារដាច់ដោយឡែកពីគ្នា។ កំប៉ុងទាំងអស់ ត្រូវលាងនិងសម្លាប់មេរោគជាមួយទឹកក្ដៅ ឬសាប៊ូដែលផលិតឡើងសម្រាប់តែលាងសម្អាតកំប៉ុងទឹកដោះគោ និងសម្ភារៈក្មេងលេងតែប៉ុណ្ណោះ។ បន្ទាប់ពីលាងរួចរាល់​ អ្នកអាចទុកវាចោលក្នុងឆ្នាំងដែលមានទឹកក្ដៅនោះជាមួយនឹងគម្របបិតជិត ហើយអាចយកចេញក្នុងករណីដែលអ្នកត្រូវប្រើប្រាស់តែប៉ុណ្ណោះ។ ត្រូវចាំថា កំប៉ុងដែលប្រើប្រាស់រួចត្រូវដាក់ឲ្យឆ្ងាយពីកំប៉ុងថ្មី ដើម្បីចៀសវាងក្នុងការភ័ន្តច្រឡំប្រើប្រាស់កំប៉ុងដែលមិនទាន់បានធ្វើការសម្លាប់មេរោគ។ ក្រៅពីនេះ អ្នកក៏កុំភ្លេចលាងសម្អាតសម្ភារៈក្មេងលេង ឬជូតជាមួយនឹងទឹកសាប៊ូឲ្យបានញឹកញាប់ផងដែរ។   ៤. កាត់តម្រឹមក្រចក និងសក់ សក់ និងក្រចករបស់ទារកអាចដុះលឿនដែលអ្នកគួរសង្កេតមើលដើម្បីធ្វើការកាត់ចោលខ្លះ។ ការធ្វើបែបនេះអាចជួយឲ្យកូនតូចចៀសផុតពីធូលីដី ឬមេរោគនានាដែលកំពុងតោងភ្ជាប់។ មួយវិញទៀត ការតម្រឹមក្រចកនិងសក់បែបនេះក៏អាចធ្វើឲ្យអ្នកងាយស្រួលក្នុងការសម្អាតម្រាមដៃ និងស្បែកក្បាលរបស់ពួកគេផងដែរ។ អ្នកអាចកាត់ក្រចក ឬសក់ នៅពេលដែលពួកគេកំពុងគេងលក់ ហើយស្របពេលជាមួយគ្នាអ្នកត្រូវមានបម្រុងប្រយ័ត្នខ្ពស់ចៀសសវាងការដាច់រលាត់ដែលអាចឲ្យទារកងាយមានជំងឺតេតាណូស។   ៥. ប៉ះពាល់ទារក ការប៉ះពាល់ទារកដោយការពរ បី និងឱបក៏ជាប្រភពនៃការចម្លងភាពកង្វក់ទៅកាន់ពួកគេបានដូចគ្នា ដូចនេះលោកប៉ា អ្នកម៉ាក់ និងសមាជិកគ្រួសារផ្សេងទៀតគួរសម្អាតដៃជាមួយសាប៊ូកម្ចាត់បាក់តេរីឲ្យបានស្អាតជាមុនសិនមុនពេលចាប់កាន់កូនតូច។   ក្រៅពីនេះ អ្នកគួរចៀសវាងអនុវត្តនូវតំណមមួយចំនួនពីបុរាណដូចជាការតមទឹក បន្តក់ទឹកដោះក្នុងភ្នែក ឬលាបប្រេងក្រឡាលើក្បាលទារកជាដើម ដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពណាមួយ។ ត្រូវចាំថាកូនតូចមានប្រព័ន្ធការពាររាងកាយខ្សោយជាងមនុស្សធំ ដូចនេះគួរដាក់ឲ្យពួកគេនៅក្នុងបរិយាកាសដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់ និងគប្បីថែរក្សាអនាម័យតាមការណែនាំខាងលើ។ My​​ Bébé សង្ឃឹមថាម៉ាក់ៗទាំងអស់គ្នាប្រាកដជាអាចធ្វើជាម៉ាក់ៗដ៏ជំនាញ និងឆ្លាតវៃបាន!   ប្រភព https://www.thehealthsite.com/pregnancy/8-tips-to-keep-your-newborn-clean-93392/

ការបំបៅដោះកូនពិតជាមានសារសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែជាអាហារបំប៉នដ៏មានសុវត្ថិភាពប៉ុណ្ណោះទ វាថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកផងដែរ។ ដូច្នេះប្រសិនការផលិតទឹកដោះរបស់ស្ត្រីមិនបានគ្រប់គ្រាន់នៅពេលក្រោយសម្រាលនោះវាជាបញ្ហាចម្បងមួយដែលស្ត្រីមិនគួរមើលរំលង។ អ្វីជាមូលហេតុនៃការផលិតទឹកដោះមិនគ្រប់គ្រាន់? ករណីទាក់ទងនឹងបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់របស់ស្ត្រីអាចបណ្តាលមកពីមូលហេតុជាច្រើនអាស្រ័យលើ៖ • ការយល់ដឹង៖ ស្ត្រីមួយចំនួនអាចខ្វះការយល់ដឹងអំពីការបំបៅដោះកូន ឬរបៀបនៃការបំបៅឲ្យបានល្អត្រឹមត្រូវ និងមានអនាម័យ ដែលជាហេតុបង្កឲ្យមានការឈឺសុដន់ រហូតបង្ខំចិត្តបញ្ឈប់ការបំបៅដោះកូនដោយខ្លួនឯង។ • កាតព្វកិច្ចប្រចាំថ្ងៃ៖ នៅប្រទេសកម្ពុជាស្ត្រីត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែទាំងមុននិងក្រោយសម្រាល ដូច្នេះស្ត្រីអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូននៅពេលទំនួលខុសត្រូវការងារចាប់ផ្តើមឡើងវិញ។ មូលហេតុផ្សេងទៀតដែលអាចឲ្យស្ត្រីប្រឈមនឹងការផលិតទឹកដោះមិនគ្រប់គ្រាន់រួមមាន បញ្ហាពីធម្មជាតិសុដន់មិនលូតលាស់គ្រប់លក្ខណៈ ការវះកាត់ពង្រីកឬបង្រួមទំហំសុដន់ដែលធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដោះ និងករណីដែលស្ត្រីមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជំងឺលើក្រពេញទីរ៉ូអុីត ឬជំងឺសួតរ៉ាំរ៉ៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទារកខ្លះអាចនឹងបៅមិនបានគ្រប់គ្រាន់ ឬមិនអាចបៅបានក្នុងករណីទារកមានក្រអូមមាត់មិនធម្មតា និងកើតមិនគ្រប់ខែ។ ស្ត្រីគួរធ្វើបែបណាដើម្បីត្រៀមខ្លួន ឬកាត់បន្ថយបញ្ហានេះ? ជាការពិតណាស់ ដើម្បីអាចត្រៀមខ្លួនបាន ដំបូងស្ត្រីចាំបាច់ត្រូវយល់ដឹងអំពីសារប្រយោជន៍នៃទឹកដោះម្តាយ និងរបៀបបំបៅកូនជាមុនសិន។ ស្ត្រីត្រូវបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាលដោយឥរិយាបទសមស្រប ប្រកបដោយអនាម័យត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានបញ្ហាណាមួយអំឡុងពេលនៃការបំបៅដោះកូនស្ត្រីគួរជួបពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តឈប់បំបៅកូន ឬព្យាយាមរកដំណោះស្រាយខ្លួនឯងដោយការប្រើថ្នាំផ្សេងៗ។ ម៉្យាងទៀត គួរចៀសវាងការផ្តល់ក្បាលដោះឲ្យទារកបៅ ឬជញ្ជក់លេង ឬផ្តល់ចំណីបន្ថែមនៅពេលទារកអាយុក្រោម ៦ខែ។ តើបញ្ហានេះផ្តល់ផលប៉ះពាល់បែបណាខ្លះ? ជាក់ស្តែង នៅពេលទារកបៅមិនគ្រប់គ្រាន់ រួមជាមួយការទទួលទានអាហារមិនសមស្រប ឬទឹកដោះគោមិនល្អក្នុងវ័យតូចពេក អាចឲ្យពួកគេប្រឈមនឹងផលប៉ះពាល់ដូចជា៖ • មានការលូតលាស់យឺតទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី • ប្រព័ន្ធការពាររាងកាយរបស់ទារកថយចុះ ដែលងាយប្រឈមនឹងជំងឺផ្សេងៗ ពិសេសបញ្ហាសួត និងក្រពះ-ពោះវៀន • ងាយប្រឈមនឹងការស្លាប់ទាំងវ័យកុមារ ដោយសារឈឺច្រើន និងការព្យាបាលមិនបានត្រឹមត្រូវ។ ដោយឡែក ចំពោះម្តាយមិនបំបៅដោះកូន នោះពួកគេអាចប្រឈមនឹងការកើតមហារីកនៅក្រពេញសុដន់ និងក្រពេញអូវែ។ អ្វីខ្លះដែលទារកអាចទទួលទានជំនួស? ប្រសិនរកឃើញថា ស្ត្រីមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ ឬទារកកំពុងស្ថិតក្នុងលក្ខខណ្ឌណាមួយដែលមិនអាចបៅដោះបាន នោះទារកនឹងតម្រូវឲ្យផ្តល់នូវអាហារបំប៉ន ឬប្រភេទទឹកដោះគោពិសេសខុសៗគ្នាផ្អែកតាមករណី ឬស្ថានភាពនោះចំពោះទារកកើតមិនគ្រប់ខែពួកគេអាចនឹងត្រូវផ្តល់នូវម្សៅទឹកដោះគោពិសេស រីឯករណីផ្សេងទៀត ឬទារកកើតគ្រប់ខែជាធម្មតាតែមិនអាចបៅបាន នោះពួកគេនឹងត្រូវបានផ្តល់ឲ្យនូវប្រភេទម្សៅទឹកដោះគោដែលផលិតតាមក្បួនខ្នាតចំណីអាហារសម្រាប់ចិញ្ចឹមទារក។ គួរធ្វើយ៉ាងណាដើម្បីចៀសវាងបញ្ហានេះ? ការយល់ឲ្យបានច្បាស់ និងត្រៀមខ្លួនជាស្រេចមុនពេលសម្រាល អាចជួយឲ្យស្ត្រីកាត់បន្ថយនូវហានិភ័យនៃបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់បាន។ ម៉្យាងទៀតស្ត្រីត្រូវស្វែងយល់ពីវិធីសាស្រ្តក្នុងការបំបៅឲ្យបានត្រឹមត្រូវ និងរបៀបនៃការរក្សាអនាម័យដែលគ្រូពេទ្យបានណែនាំ។ ក្រៅពីនេះស្ត្រីត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ចរាល់បញ្ហាដែលកើតមានអំឡុងពេលបំបៅចៀសវាងឲ្យកូនបៅទឹកដោះគោ ឬបៅក្បាលដោះលេងមុនពេលទារកអាយុ៦ខែ។ ទោះបីមានបញ្ហាអ្វីកើតឡើង ស្ត្រីជាម្តាយគួរបំបៅដោះកូនតែមួយមុខគត់ឲ្យបានយ៉ាងតិចបំផុតត្រឹមអាយុ៦ខែ សឹមចាប់ផ្តើមបន្ថែមនូវចំណីអាហារផ្សេងទៀត និងបន្តបំបៅដោះកូនរហូតដល់អាយុ ២ឆ្នាំ ដើម្បីឲ្យម្តាយ និងកូនមានសុខភាពល្អ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សុីវ៉ាន់ថា នាយអគារផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top