ជំងឺឫសដូងច្រមុះក៏អាចមកពីកត្តាគ្រួសារផងដែរ
ច្រមុះ ជាសរីរាង្គដ៏មានតម្លៃមួយរបស់សារពាង្គកាយរបស់មនុស្សវាបានជួយមនុស្សឲ្យមានចលនាជួយសម្រួលដល់ផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ។ច្រមុះដើរតួយ៉ាងសំខាន់ជាអ្នកដឹកនាំខ្យល់អុកស៊ីសែនចូលក្នុងរាងកាយដើម្បីជាឥន្ធនៈសម្រាប់ដុតបំលែងថាមពលរបស់មនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ដោយសារច្រមុះមានតួនាទីសំខាន់បែបនេះ ទើបយើងខ្ញុំ បានលើយកប្រធាបបទបញ្ហាសុខភាពច្រមុះមួយគឺ ជំងឺដុះសាច់ច្រមុះ (ឬសដូងច្រមុះ)
១.រោគសញ្ញា
ឬសដូងច្រមុះ គឺជាដុះសាច់ច្រមុះមួយប្រភេទដែលបណ្តាលមកពីការរលាកសាច់ច្រមុះរ៉ាំរ៉ៃ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ ជំងឺដុះសាច់ច្រមុះនេះមានអត្រាការកើតប្រមាណជា២% ទៅ៤%នៃចំនួនប្រជាជន និងមិនប្រកាន់អាយុ ឬភេទនោះទេ ពោលគឺការដុះសាច់ច្រមុះនេះកើតមានលើមនុស្សប្រុស ក៏ដូចជាមនុស្សស្រី។ ឬសដូងច្រមុះ ជាជំងឺមួយប្រភេទដែលមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ ដែលបណ្តាលឲ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ចំពោះជំងឺនេះ មានរោគសញ្ញាសំខាន់ដែលមានដូចជា៖ តឹងច្រមុះ ហៀរសំបផរ បាត់បង់ក្លិន។ មិនតែប៉ុណ្ណោះវាក៏មានរោគសញ្ញា បន្ទាប់បន្សំមួយចំនួនទៀតផងដែរដូចជា៖ ធ្វើឲ្យមានការផ្លាស់ប្តូរសម្លេង (ក្រងួរ) មានការឈឺក្បាល ឈឺបំពង់កជាដើម។ ថ្វីបើវាជាច្រមុះមែន តែវាមានលក្ខណៈមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីប្រភេទនៃជំងឺផ្សេងៗទៀត។ ការខុសប្លែកទាំងនោះមានដូចជា៖ បណ្តាលឲ្យមានការតឹងច្រមុះខ្លាំងឡើងៗ បន្តិចម្តងៗរហូតដកដង្ហើមតាមច្រមុះលែងបាន។ ទោះបីលក្ខណៈរបស់ជំងឺដុះសាច់ច្រមុះមានការលំបាកសម្រាប់អ្នកជំងឺក៏ដោយ ប៉ុន្តែជំងឺនេះមិនបណ្តាលឲ្យមានការឆ្លងដល់អ្នកដទៃនោះទេ។
២.ដើមហេតុ
អ្វីដែលរៀបរាប់នៅក្នុងចំណុចទីមួយ គែជារោគសញ្ញាសម្រាប់ឲ្យយើងធ្វើការកត់សម្គាល់នៅពេលដែលយើងចាប់ផ្តើម មានរោគសញ្ញាដូចដែលបានបង្ហាញប្រាប់ថា តើជំងឺឬសដូងច្រមុះនេះបង្កឡើងដោយកត្តាអ្វីខ្លះ។ កត្តាដែលបង្កឲ្យមានជំងឺនេះរួមមានដូចជា៖
· ការអាលែកហ្ស៊ី
· ការបង្ករោគមួយចំនួនដែលកើតឡើងពីពពួកបាត់តេរី វីរុស
· កត្តាគ្រួសារមានពី១៤% ទៅ៣៦%
· និងស្ថានភាបនៃស្ត្រេស។
បើយោងតាមការសិក្សាកាលពីពេលថ្មីៗនេះបានបង្ហាញថា គ្មានកត្តាណាមួយដែលមានឥទ្ធិពលខ្លាំងជាងគេនោះទេ ពោលគឺគ្រប់កត្តាណាក៏ដោយដែលបង្កឲ្យមានរលាកសាច់ច្រមុះរ៉ាំរ៉ៃ សុទ្ធតែអាចបណ្តាលឲ្យមានជាជំងឺឬសដូងច្រមុះ។
៣.វិធីព្យាបាល
ចំពោះវិធីព្យាបាលជំងឺឬសដូងច្រមុះវិញមាន២ប្រភេទ។ សម្រាប់ស្ថានភាពបច្ចុប្បន្នអ្នកដែលមានជំងឺឬសដូងច្រមុះអាចមានវិធីសាស្រ្តព្យាបាលដ៏ល្អមួយចំនួនសម្រាប់ជាជម្រើសរបស់ពួកគេ។ ការព្យាបាលទាំងពីរប្រភេទនោះមានដូចជា៖ ការព្យាបាលដោយប្រើប្រាស់ថ្នាំចាក់ និងព្យាបាលដោយការវះកាត់។ ការព្យាបាលដោយប្រើថ្នាំគឺមានភាពងាយស្រួលជាងការវះកាត់ ពោលគឺអ្នកជំងឺគ្រាន់តែប្រើប្រាស់ថ្នាំមួយចំនួនដូចជា៖
· Antibiotic
· Corticoides, Antihistanique H1
· Antifongique បន្ទាប់មមកធ្វើការតាមដានទៅលើការវិវឌ្ឍន៍របស់វា។
ការវះកាត់មានការលំបាកសម្រាប់អ្នកជំងឺ ដោយសារតែត្រូវការដកដង្ហើមតាមមាត់ ២ ឬ៣ ថ្ងៃក្រោយការវះកាត់ និងត្រូវការពេលវេលាច្រើន ដើម្បីលាងសំអាតច្រមុះឲ្យបានទៀងទាត់ ចៀសវាងមានផលវិបាកផ្សេងៗ ជាពិសេសមានការជួបជាមួយគ្រូពេទ្យញឹកញាប់។ ក៏ប៉ុន្តែទោះបីការព្យាបាលដោយប្រើប្រាស់ថ្នាំមានភាពងាយស្រួលជាងការវះកាត់ក៏ដោយ ករណីខ្លះដូចជាឬសដូងច្រមុះដែលពេញរន្ធច្រមុះណាមួយ និងមិនងាចដកដង្ហើមបានរហូត គេសម្រចចិត្តធ្វើការវះកាត់ ដើម្បីសម្រួលដល់ការដកដង្ហើមរបស់អ្នកជំងឺ។ ចំពោះការព្យាបាលដោយប្រើថ្នាំ អ្នកជំងឺគួរចៀសវាងនូវកត្តាណាដែលមានប្រតិកម្មធ្វើឲ្យច្រមុះតឹង និងហៀរសំបោរ ដោយអ្នកជំងឺសម្គាល់ខ្លួនឯងថាកត្តាអ្វីខ្លះដែលធ្វើឲ្យមានប្រតិកម្មឆាប់រលាកច្រមុះ។
៤.ការថែទាំ និងការការពារ
ដើម្បីបង្ការជំងឺនេះ យើងត្រូវតែឆាប់ទទួលយកសេវាព្យាបាល នៅពេលដែលមានជំងឺផ្តាសាយចៀសវាងការរលាកសាច់ច្រមុះយូររ៉ាំរ៉ៃ។ ចំពោះអ្នកដែលកើតជំងឺនេះ គួរប្រញាប់រួសរាន់ធ្វើការព្យាបាល ដើម្បីចៀសចវាងការធ្លាក់ទៅរកភាពធ្ងន់ធ្ងរ ដែលឈានទៅដល់ការវះកាត់បណ្តាលឲ្យខាតពេលវេលា និងប្រាក់កាក់៕
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កែវ សុវណ្ណ ឯកទេសត្រចៀក ច្រមុះ បំពង់ក ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ