ស្វែងយល់ពី ប្រព័ន្ធទឹកនោម និងការវះកាត់តម្រងនោម
ជាទូទៅប្រព័ន្ធទឹកនោមរាប់បញ្ចូលតាំងពីលើចុះមកក្រោម ខាងលើហៅថាតម្រងនោម ដែលមនុស្សម្នាក់់ៗមានតម្រងនោម២ គឺសរីរៈដែលច្រោះនូវជាតិពុលទាំងឡាយ ចម្រាញ់ចេញពីក្នុងឈាម បន្ទាប់មកក្រលៀនទាំងពីរនេះច្រោះបានជាទឹកនោម ហើយទឹកនោមនោះត្រូវបានហូរមកក្រោមតាមរយៈបំពង់បង្ហូរទឹកនោមសងខាង មានប្រវែងពី២,៥ទៅ៣តឹក រួចហូរចូលទៅក្នុងផ្លោកនោម។ ផ្លោកនោមមានតួនាទីមួយ គឺច្របាច់បញ្ជូនទឹកនោមឲ្យឆ្លងកាត់ក្រពេញប្រូស្តាតចំពោះបុរស និងហូរចេញមកក្រៅពេលបត់ជើងតូច។មនុស្សយើងម្នាក់ៗរស់នៅដោយពឹងផ្អែកលើអវៈយវៈទាំងពីរនេះដោយហេតុថាបើគ្មានតម្រងនោមជាតិពុលទាំងឡាយនឹងកើនឡើងក្នុងឈាម ហើយទីបំផុតនឹងអាចបណ្តាលឲ្យស្លាប់បាន។
លក្ខខណ្ឌដែលតម្រូវឲ្យមានការវះកាត់តម្រងនោម
សញ្ញានានាដែលពាក់ព័ន្ធនឹងការវះកាត់តម្រងនោមត្រូវបានគេចែកដូចខាងក្រោម៖
•ជំងឺកើតក្រោយ មិនពាក់ព័ន្ធនឹងជំងឺមហារីក ដូចជាជំងឺក្រួសក្នុងតម្រងនោម ដែលវារំខានដល់ការហូរទឹកនោម ធ្វើឲ្យស្ទះ ឈឺចុកចាប់នៅផ្នែកខ្នងចុះមកផ្នែកខាងក្រោម មានសញ្ញាក្តៅញាក់ញ័រ។ ករណីនេះ អ្នកជំងឺត្រូវតែជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីរកមូលហេតុពិតប្រាកដ។
•អ្នកជំងឺមានដុំសង្កត់មកលើបំពង់ទឹកនោម ធ្វើឲ្យមានការស្ទះដូចគ្នាផងដែរ ដូចនេះហើយ អ្នកជំងឺចុកផ្នែកខាងក្រោយ អាចម្ខាង ឬសងខាងទៅតាមទំហំដុំ។
•មានការថយចុះនូវការច្រោះទឹកនោម ក្រេអាទីនីនកើនឡើងខ្លាំងក្នុងឈាម ដែលធ្វើឲ្យអ្នកជំងឺមានការហើមជើងបរិមាណទឹកនោមធ្លាក់ចុះទាបហើយអ្នកជំងឺមានក្តៅខ្លួន នោមឈាម ស្លេកស្លាំង ស្រក់ទម្ងន់ទាំងនេះហើយជាសញ្ញាពាក់ព័ន្ធនឹងមហារីក ដែលទាមទារឲ្យអ្នកជំងឺត្រូវព្យាបាលដោយការវះកាត់។
ការធ្វើតេស្តមុននឹងសម្រេចវះកាត់
•វិធីទី១៖ ដំបូងអ្នកជំងឺគឺត្រូវពិនិត្យអេកូសាស្ត្រ ជាលទ្ធផលអាចឲ្យយើងដឹងពីទំហំរបស់តម្រងនោមទាំងសងខាង ពិនិត្យមើលថាតម្រងនោមមានដក់ទឹក ស្ទះ ក្រួស ឬដុំនៅក្នុងតម្រងនោម និងដំណើរការរបស់សរសៃឈាមចិញ្ចឹមតម្រងនោម។
•វិធីទី២៖ ថតកាំរស្មីពោះ (ASP) ដែលវាអាចបង្ហាញនូវរូបភាពច្បាស់ ឃើញស្រមោលក្រួស ឬក្រួស និងភាពមិនធម្មតានៃតម្រងនោម។
•វិធីទី៣៖ មធ្យោបាយចុងក្រោយគឺអាចឈានដល់ការធ្វើស្កែន ដោយពុំចាក់ថ្នាំ ឬដោយចាក់ថ្នាំ ដែលវានឹងផ្តល់ឲ្យនូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងទីតាំង ទំហំដុំ ឬទំហំក្រួស បង្ហាញអំពីការច្រោះ និងសមត្ថភាពច្រោះនៃតម្រងនោមជាដើម។
មុនពេលគ្រូពេទ្យឯកទេសតម្រងនោមសម្រេចចិត្តវះកាត់ អ្នកជំងឺភាគច្រើនត្រូវពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញផ្សេងទៀត ដូចជា ជំនាញបេះដូង ដើម្បីពិនិត្យសុខភាពបេះដូងមុនពេលវះកាត់។ មួយផ្នែកទៀតត្រូវពិគ្រោះជាមួយគ្រូពេទ្យដាក់ថ្នាំសន្តំ ដើម្បីបានព័ត៌មានអំពីថាតើរយៈពេលវះកាត់ណាមួយដែលអ្នកជំងឺអាចទ្រាំទ្រជាមួយនឹងភាពសន្តំបាន។
វិធីសាស្ត្រក្នុងការវះកាត់
ការវះកាត់តម្រងនោមដោយប្រើអង់ដូស្កុប ដែលជាការលូកចូលតាមផ្លូវធម្មជាតិ ដោយពុំមានស្នាម គ្មានការហូរឈាម ជាធម្មតាចំណាយរយៈពេល១ម៉ោងទៅ១ម៉ោង៣០នាទី ហើយសម្រាកពេទ្យត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ។
ចំណែកការវះកាត់ផ្សេងទៀត គឺការវះកាត់បើក ដែលអាចចំណាយពេលពី១ម៉ោងកន្លះទៅ៣ម៉ោង និងសម្រាកពេទ្យចន្លោះពី៥ថ្ងៃទៅ៧ថ្ងៃ។ គួរបញ្ជាក់ថា មុនពេល អំឡុងពេល និងក្រោយពេលវះកាត់ អ្នកជំងឺត្រូវបានពន្យល់យ៉ាងច្បាស់លាស់ជាមុន ពាក់ព័ន្ធដឹងសុវត្ថិភាពនៃការវះកាត់ ដើម្បីឲ្យគាត់ត្រៀមខ្លួនជាស្រេចក្នុងការទទួលយកលទ្ធផល។
គោលការណ៍ណែនាំក្រោយវះកាត់
ក្រោយពេលវះកាត់ អ្នកជំងឺត្រូវគោរព និងអនុវត្តតាមការណ៍ណែនាំរបស់គ្រូពេទ្យ ដែលវាខុសៗពីគ្នាតាមប្រភេទនៃជំងឺ។ ជាក់ស្តែង ប្រសិនបើវះកាត់ជំងឺក្រួសក្នុងតម្រងនោម ក្រោយពីការវះកាត់ទទួលបានជោគជ័យ អ្នកជំងឺត្រូវញ៉ាំទឹកឲ្យបានច្រើនជាង២លីត្រក្នុង១ថ្ងៃ និងចៀសវាងកត្តាទាំងឡាយណាដែលអាចឲ្យគាត់កើតក្រួសឡើងវិញ ដូចជាការទទួលទានសាច់ច្រើន ឬសារធាតុសម្បូរកាល់ស្យូម ក្នុងទឹកដោះគោ សុកូឡាជាដើម។ ភាគរយនៃហានិភ័យពីការវះកាត់លើតម្រងនោម បានបង្ហាញនូវអត្រាទាបបំផុត សឹងតែគ្មាន ប្រសិបបើការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងការជ្រើសរើសវិធីសាស្ត្រល្អបំផុត។
តម្រងនោមនីមួយៗពិតជាសំខាន់ណាស់ វាស្មើនឹងអាយុជីវិតយើងដូច្នេះដែរ ដែលគ្រប់គ្នាត្រូវធ្វើការថែរក្សា ដោយត្រួតពិនិត្យជាប្រចាំ និងគ្រប់គ្រងរបបអាហារ ចៀសវាងនូវការញ៉ាំពពួកកាល់ស្យូម ជាតិសាច់ លើសកម្រិត ហាត់ប្រាណជាទៀងទាត់ និងពិសាទឹកឲ្យបានច្រើន យ៉ាងហោចណាស់២-៣លីត្រក្នុងមួយថ្ងៃ។
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត ប៉ុល វិបុល ឯកទេសវះកាត់តម្រងនោម នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបម្រើការនៅគ្លីនិក សុនីតា។
គ្លីនិក សុនីតាមានអាសយដ្ឋាន៖ ផ្ទះលេខ៦៤ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ