គាត់ថា«ចង់ស្អាត ត្រូវឆ្លាត» ហើយមិនប្រាកដថារៀនពេទ្យ ដឹងតែមុខចាស់នោះទេ!!!
មានអ្នកខ្លះមិនសូវជាភ័យខ្លាចនឹងភាពលំបាកក្នុងការសិក្សានោះទេ តែហាក់ដូចភ័យថានឹងត្រូវមុខចាស់ និងបាក់សម្រស់។ ប៉ុន្តែ មាននិស្សិតស្រីផ្នែកវេជ្ជសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តមួយរូបបានបញ្ជាក់ថា«ខ្ញុំយល់ស្របដែលថានិស្សិតច្រើនតែមុខចាស់ តែមិនទាំងអស់នោះទេ ហើយអ្វីដែលសំខាន់គឺ បើសិនជាចង់ស្អាតត្រូវតែឆ្លាត ហើយកុំខ្ជិល!!!»
ជាមួយនឹងបទពិសោធន៍ក្នុងការថែទាំនូវសម្ផស្សរបស់ខ្លួនឲ្យនៅស្រស់ស្អាត មិនថាមានកាលវិភាគមមាញឹកយ៉ាងណាក្នុងនាមជានិស្សិតពេទ្យមួយរូប កញ្ញា អ៊ិត ម៉ូលីកា ក៏បានបង្ហើប និងបង្ហាញពីគន្លឹះរបស់គាត់ដែលតែងតែធ្វើជាប្រចាំ និងមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា កញ្ញាសម្រេចចិត្តជ្រើសរើសការសិក្សាផ្នែកវេជ្ជសាស្រ្តនេះក៏ដោយសារទឹកចិត្តស្រលាញ់ និងឆន្ទៈដ៏មុតមាំតាំងតែពីក្មេងមក។ ម្យ៉ាងទៀត កម្លាំងជំរុញ និងគម្រូនៃភាពជាវេជ្ជបណ្ឌិតនៃលោកអ្នកមានគុណទាំងពីរ ក៏បណ្តុះចិត្តកញ្ញាឲ្យស្រលាញ់ ហើយក៏តែងតែមានចិត្តស្រលាញ់ និងចង់យកការងារជាមុខរបរអនាគត បើទោះបីជាត្រូវលះបង់ច្រើន ទាំងពេលវេលា ថវិកា ។ល។
ហេលស៍ថាម ៖ នរណាក៏ថា«និស្សិតពេទ្យភាគច្រើនមុខចាស់»តើបងយល់ឃើញបែបណាដែរ?
ម៉ូលីកា ៖ ខ្ញុំយល់ស្រប ហើយភាគច្រើនក៏បែបហ្នឹងមែន គ្រាន់តែមិនទាំងអស់នោះទេ។ ជាក់ស្តែង ការសិក្សាផ្នែកមួយនេះ គឺមានកត្តាច្រើនដែលជំរុញឲ្យនិស្សិតក្លាយទៅជាបែបហ្នឹង ក្នុងនោះ ប្រាកដណាស់គឺកាលវិភាគមមាញឹកខ្លាំង ពេលវេលារៀនក៏យូរ ត្រូវប្រើពេលច្រើន ជួនកាលពេលធ្វើការ និស្សិតពេទ្យធ្វើការ ហើយពេលគេគេង គាត់នៅតែធ្វើការ។ ជាទូទៅ ក៏ត្រូវគេងមិនគ្រប់គ្រាន់ ហើយចំណុចនេះហើយដែលជាសត្រូវនឹងសម្រស់របស់និស្សិតពេទ្យម្នាក់ៗ។
ហេលស៍ថាម ៖ រៀនពេទ្យរវល់យ៉ាងហ្នឹង រៀនក៏យូរ ហើយក៏ពិបាក ម្នាក់ៗហាក់ដូចជាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសម្រស់របស់ខ្លួនឡើយ តែម៉ូលីកាក៏អាចធ្វើបាន តើមានគន្លឹះអ្វីជាពិសេសដែរឬទេ?
ម៉ូលីកា ៖ កត្តាចម្បងជាងគេនោះ គឺការបែងចែកពេលវេលារវាងការងារ និងទម្លាប់រស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង សម្រាប់ខ្ញុំ ក្រោយពេលចុះកម្មសិក្សា ខ្ញុំតែងតែឆ្លៀតពេលហាត់ប្រាណឲ្យបានប្រហែលកន្លះម៉ោង។
សម្រាប់ថ្ងៃដែលមិនត្រូវវេនយាមវិញ (ព្រោះនិស្សិតពេទ្យមិនមែនយាមរាល់ថ្ងៃនោះទេ) ខ្ញុំតែងតែចំណាយពេលកន្លះ ឬ១ម៉ោង ធ្វើកិច្ចការខ្លះដើម្បីខ្លួនឯង ដូចជាការបិទម៉ាស់ និងម៉ាស្សាមុខជាដើម។ សម្រាប់អ្នកមិនសូវមានពេលច្រើន និងមិនចង់ចំណាយថវិកាច្រើនទេនោះ វិធីតាមបែបធម្មជាតិពិតជាអាចជួយបាន ដោយប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ។ ការធ្វើបែបនេះ នឹងមិនចំណយពេលច្រើននោះទេ ដូចនេះហើយ ជាជាងការចុចទូរស័ព្ទលេង គួរតែចំណាយពេលខ្លះដើម្បីសម្រស់របស់ខ្លួន។
នរណាក៏រវល់ដែរ តែសំខាន់កុំឲ្យវាក្លាយជាលេស ហើយបើចង់ឆ្លៀត គឺប្រាកដជាបាន។ ពេលទំនេរពីម៉ោងរៀន ត្រូវមានពេលសម្រាប់់សម្រាក ទើបល្អប្រសើរសម្រាប់ទាំងសុខភាព និងសម្ផស្ស។
គន្លឹះមួយទៀត គឺមុនពេលចេញទៅក្រៅម្តងៗ ខ្ញុំមិនដែលភ្លេច ឬខកខានលាបក្រែមការពារកម្តៅថ្ងៃនោះទេ ព្រោះវាអាចជួយការពារកាំរស្មីUV ដែលអាចសត្រូវ និងប្រាកដណាស់ជាដើមហេតុនៃភាពបាក់សម្រស់ និងធ្វើឲ្យវាកាន់តែទ្រុឌទ្រោម។
ហេលស៍ថាម ៖ ជាញឹកញាប់ គឺនិស្សិតពេទ្យមិនសូវបានគេងគ្រប់គ្រាន់នោះទេ ភាគច្រើនក៏ត្រូវគិតច្រើន ធ្វើការងារច្រើន រៀនច្រើនដែរ តើគួរធ្វើបែបណាខ្លះ ទើបមិនប៉ះពាល់ដល់សម្រស់?
ម៉ូលីកា ៖ វិធីមិនឲ្យប៉ះពាល់សោះ គឺមិនមាននោះទេ ព្រោះថាដូចដែលដឹងស្រាប់ហើយ គឺក្នុងនាមជានិស្សិតពេទ្យមួយរូប មិនមានពេលវេលាគ្រប់គ្រាន់នោះឡើយ។ ស្ទើរតែអាចនិយាយបានថា មិនមានវិធីដែលជួយឲ្យសម្រស់នៅអមតៈឡើយ។ ប៉ុន្តែយើងមានសិទ្ធិក្នុងការពន្យារភាពចាស់របស់យើង ដើម្បីចៀសវាងនូវពាក្យដែលគេហៅថា«មុខចាស់ជាងវ័យ» ដោយការឆ្លៀតឱកាស និងបែងចែកពេលវេលាច្បាស់លាស់ ដូចដែលបានជម្រាបជូនខាងលើ។ និយាយរួមទៅ សម្ផស្សគឺអាស្រ័យលើបុគ្គលម្នាក់ៗថាតើឆ្លាតប៉ុណ្ណា? ឧស្សាហ៍កម្រិតណា?
ហេលស៍ថាម ៖ តើចំណីអាហារ និងភេសជ្ជៈអ្វីខ្លះ ដែលនិស្សិតពេទ្យគួរទទួលទាន ដើម្បីមានថាមពលសម្រាប់កាលវិភាគមមាញឹក និងថែរក្សាសម្រស់កុំឲ្យទ្រុឌទ្រោម?
ម៉ូលីកា ៖ តាមការពិតទៅ មិនមានអី្វពិសេសខ្លាំងនោះទេ ព្រោះថាគ្រប់អាហារសុទ្ធតែផ្តល់នូវថាមពលដល់រូបរាងកាយ។ យ៉ាងណាមិញ មានប្រភេទអាហារខ្លះដែលគួរតែចៀសវាង រួមមានអាហារដែលមានជាតិកូលេស្តរ៉ូលខ្ពស់ (អាហារបំពង-ចៀន) គ្រឿងស្រវឹង និងអាហារដែលមានជាតិផ្អែម ព្រោះនេះសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព និងរាងកាយ ជាពិសេស គឺធ្វើឲ្យរាងមិនសូវស្អាត ហើយនាពេលអនាគក៏ប្រឈមនឹងបញ្ហាសុខភាពច្រើនដែរ។ ជាទូទៅ ប្រហែលជាមានអារម្មណ៍ថាចង់ញ៉ាំអ្វីដែលផ្អែម ជាពិសេសពេលហត់នឿយ តែគួរកុំទទួលទានញឹកញាប់ពេក។
ចំពោះប្រភេទអាហារដែលគួរបរិភោគវិញ គឺប្រាកដណាស់ បន្លែ។ ប្រហែលជាភាគច្រើនបារម្ភថាបន្លែមានជាតិគីមី ប៉ុន្តែក៏អាចជ្រើសរើសបន្លែសរីរាង្គមកទទួលទានបាន ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ។ រីឯសាច់វិញ ចំពោះខ្ញុំផ្ទាល់ ខ្ញុំញ៉ាំសាច់គោ សាច់មាន់ និងត្រី តែមិនសូវញ៉ាំសាច់ជ្រូក ព្រោះវាផ្តល់នូវប្រូតេអ៊ីនតិចជាងសោច់គោ ហើយក៏មានខ្លាញ់ច្រើនដែរ។
ចំណែកឯភេសជ្ជៈវិញ គឺទឹកបរិសុទ្ធ (ទឹកសាប)ជាជម្រើសយ៉ាងល្អបំផុតហើយ។ ខ្ញុំគិតថា គួរតែញ៉ាំឲ្យបានយ៉ាងហោច២លីត្រទៅ២លីត្រកន្លះសម្រាប់មនុស្សស្រី ឬលើសពីហ្នឹង សម្រាប់មនុស្សប្រុស ព្រោះវាមានគុណតម្លៃច្រើនណាស់ចំពោះសុខភាព ដូចជាជួយឲ្យស្រកគីឡូ បណ្តុះកោសិកាថ្មីៗ បង្ការវីរុសផ្សេងៗជាដើម។
ហេលស៍ថាម ៖ ពេលដែលទំនេរពីកម្មវិធីសិក្សា និងកាតព្វកិច្ចជានិស្សិតពេទ្យ តើមានសកម្មភាពអ្វីខ្លះ (Lifestyle) ដែលនិស្សិតពេទ្យគួរធ្វើ ដើម្បីជួយដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួន?
ម៉ូលីកា ៖ «ហាត់ប្រាណ» គឺពិតជាល្អខ្លាំងសម្រាប់សុខភាព និងរូបរាងកាយ។ សំខាន់ត្រូវមានការតាំងចិត្តឲ្យបានមុតមាំ ដែលជាការប្រសើរ និងកម្លាំងជំរុញទឹកចិត្ត គួរតែមានគោលដៅច្បាស់លាស់សម្រាប់ការហាត់ប្រាណរបស់ខ្លួន។
«ស្ទីមសូណា» ក៏ល្អ និងអាចធ្វើបានសម្រាប់ទាំងប្រុសស្រី ដោយហេតុថាការធ្វើបែបនេះ គឺមិនត្រឹមតែដើម្បីសម្រស់ស្រស់ស្អាតនោះទេ។ ប៉ុន្តែ វាក៏ជួយបណ្តេញជាតិពុលចេញពីក្នុងខ្លួនរបស់យើងបានផងដែរ។
ជាទូទៅ គឺបានធ្វើការហួសពីកម្លាំងរួចទៅហើយ ហេតុនេះហើយ ពេលទំនេរគួរតែមានពេលសម្រាក និងធ្វើអ្វីដើម្បីខ្លួនឯង ព្រោះថាខួរក្បាលបានធ្វើការច្រើនហើយ ខ្លួនប្រាណក៏ត្រូវតែសម្រាកដូចគ្នាដែរ។
ហេល៍ថាម ៖ ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់អនាគតនិស្សិតពេទ្យដែលបារម្ភថារៀនពេទ្យនឹងត្រូវមុខចាស់ដែរឬទេ?
ម៉ូលីកា ៖ ប្រសិនបើចង់ស្អាត ត្រូវតែឆ្លាតវៃ ហើយដាច់ខាតកុំខ្ជិល។ អ្វីដែលសំខាន់ជាងគេ គឺសិល្បៈ និងភាពវៃឆ្លាតក្នុងការបែងចែកពេលវេលារបស់ខ្លួន(ដូចដែលបានលើកឡើងខាងលើ) ហើយរៀបចំគម្រោង និងផែនការច្បាស់លាស់។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ