រៀនពេទ្យមិនស្រួល ហើយនៅឆ្ងាយពីអ្នកផ្ទះទៀត នរណាខ្លះយល់អារម្មណ៍នេះ?
មានប្រធានបទជាច្រើនដែលក្រុមការងារធ្លាប់បានលើកឡើង និងធ្វើការសាកសួរទៅកាន់និស្សិតពេទ្យមកពីសាលាផ្សេងៗគ្នា ហើយសម្រាប់អត្ថបទនេះ គឺរឹតតែប្លែក ជាមួយនឹងការផ្តោតលើជីវិតជានិស្សិតពេទ្យដដែល តែផ្តោតពិសេសលើនិស្សិតពេទ្យដែលមិនមែនជាអ្នកភ្នំពេញ។ មិនដឹងថាមានប៉ុន្មានភាគរយនៃនិស្សិតពេទ្យសព្វថ្ងៃមកពីខេត្តនោះទេ? តែជឿជាក់ថា រឿងរ៉ាវ និងដំណើរជីវិតរបស់គ្រប់គ្នាប្រហែលជាមិនសូវខុសគ្នាប៉ុន្មាននោះទេ…
ខណៈនេះ ហេលស៍ថាម ក៏សូមនាំមិត្តអ្នកអានមកស្គាល់ យុវនិស្សិត ពិន ពន្លាក់ មកពីខេត្តតាកែវ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៦ ជំនាន់ទី២ (២០១៧) នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដែលបានធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណាប់អារម្មណ៍ទៅលើប្រធានបទដែលបានលើកឡើងខាងលើនេះ…
ចំណាប់អារម្មណ៍ចំពោះការសិក្សាផ្នែកវេជ្ជសាស្រ្ត
ជាក្តីប្រាថ្នាតាំងពីតូចដែលចង់សិក្សាផ្នែកវេជ្ជសាស្រ្ត ហេតុនេះហើយ មានតែមករៀននៅភ្នំពេញទេ។ ចំណែកមូលហេតុនៃការជ្រើសរើសមុខវិជ្ជានេះ បើទោះជាដឹងថាពិបាក និងត្រូវចំណាយច្រើនក៏ដោយនោះ គឺដោយសារទឹកចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ ព្រមជាមួយឆន្ទៈក្នុងការចង់ជួយអ្នកដទៃ។ តាមពិតទៅ ការរៀនផ្នែកផ្សេងទៀត ក៏នៅតែមានឱកាសអាចជួយអ្នកដទៃបានដែរ គ្រាន់តែលោកស្រលាញ់ផ្នែកសុខភាពនេះ ដែលអាចជួយថែទាំសុខភាពរបស់ប្រជាជន ហើយហេតុផលមួយទៀត គឺចង់បន្តមុខរបរក្នុងវិជ្ជាជីវៈមួយនេះពីអ៊ំរបស់លោកដែលជាវេជ្ជបណ្ឌិតមួយរូបស្រាប់ដែរ ហើយក៏តែងតែការលើកទឹកចិត្ត និងជំរុញទឹកចិត្តពីក្រុមគ្រួសាររហូតមក។
ការត្រៀមខ្លួនសម្រាប់ចូលរៀនផ្នែកវេជ្ជសាស្រ្តសម្រាប់និស្សិតមកពីខេត្ត
-ពេលមកដល់ភ្នំពេញ អ្វីដែលត្រូវធ្វើមុនគេ គឺការស្វែងរកកន្លែងស្នាក់នៅ ដែលអាចជាផ្ទះជួល ឬបន្ទប់ជួល
-ត្រៀមខ្លួនសម្រាប់ការប្រលងចូល គឺការប្រលងថ្នាក់ជាតិ ដែលសម្រេចនូវជោគវាសនាដែលថានឹងអាចចូលសិក្សាផ្នែកដែលនេះបានឬអត់? ហើយសិក្សានៅសាលាណា?
អ្វីដែលបានធ្វើកន្លងមក គឺសិក្សាលើឯកសារដែលធ្លាប់ចេញក្នុងឆ្នាំមុនៗ (ជាទូទៅ មានលក់នៅកន្លែងសាលារៀនគួរ ឬបណ្ណាគារ និងតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន) និងអនុវត្តលំហាត់ក្នុងសៀវភៅក្រសួង ជាមគ្គទេសក៏បង្ហាញផ្លូវ ព្រមទាំងធ្វើការសង្ខេបមេរៀនដើម្បីងាយស្រួលមើលផងដែរ។
បន្ថែមពីលើនេះ គឺចាំបាច់ត្រូវតែរៀនគួរបន្ថែមទៀត ដែលជាទូទៅ គេរៀននៅសាលាជ័យថាវី (បច្ចុប្បន្នប្រហែលជាសាលារៀនត្រៀមផ្សេងដែរ) ដើម្បីពង្រឹងបន្ថែមនូវអ្វីដែលស្វ័យសិក្សាកន្លងមក។
-លុយកាក់ សម្រាប់ចំណាយផ្សេងៗ ក៏ជាកត្តាចាំបាច់ផងដែរ ជាពិសេសថ្លៃសិក្សា និងការចាយវាយចាំបាច់ប្រចាំថ្ងៃផ្សេងៗ។
ភាពខុសគ្នារវាងនិស្សិតពេទ្យដែលមកពីខេត្ត និងនិស្សិតពេទ្យដែលនៅភ្នំពេញ
ចំណុចខ្សោយខ្លះៗរបស់និស្សិតមកពីខេត្ត
-កង្វះខាតចំណេះដឹងភាសាបរទេស និងចំណេះក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការធ្វើលំហាត់ ឬកិច្ចការសាលា
-មិនសូវស្គាល់កន្លែងជាប្រភពនៃឯកសារ ដែលជាទូទៅ ត្រូវចំណាយមួយរយៈ ទើបដឹងបានច្រើនតាមរយៈការសាកសួរទៅកាន់មិត្តភក្តិ ឬរៀមច្បង
-ពិបាកក្នុងការទម្លាប់ខ្លួនទៅនឹងរបៀបរស់នៅក្នុងទីក្រុង (ទាំងការធ្វើដំណើរ ការស្នាក់នៅ ការទទួលទានអាហារ)
ឧបសគ្គ និងវិធីជម្នះក្នុងនាមជានិស្សិតពេទ្យមកពីខេត្តមួយរូប
-ការស្នាក់នៅផ្ទះជួលជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នា ៖ ពេលខ្លះ ក៏ត្រូវស្នាក់នៅជាមួយនឹងអ្នករៀនជំនាញផ្សេងគ្នា ហើយជាក់ស្តែង ចង់មិនចង់ តែងតែឃើញគេមិនសូវមមាញឹកដូចខ្លួន។ ពេលខ្លះទៀត ត្រូវមើលមេរៀនដូចគ្នា ហើយអ្វីដែលបានធ្វើកន្លងមក គឺដាក់វេនគ្នារៀន កុំឲ្យរំខានគ្នា ហើយជួនកាល ក៏ត្រូវបង្ខំចិត្តស្តាប់ចម្រៀងបណ្តើរដើម្បីកុំឲ្យលឺសម្លេងរំខានពីខាងក្រៅ
-ត្រូវមើលឯកសារច្រើន ដែលភាគច្រើនជាភាសាបរទេស ៖ ដំណោះស្រាយ គឺរៀនក្រៅបន្ថែម ទើបអាចរៀនបានទាន់គេ
-ការធ្វើដំណើរ ៖ ដូចដែលគ្រប់គ្នាបានដឹងរួចស្រេចហើយថា ចរាចរណ៍នៅទីក្រុងភ្នំពេញ គឺមានភាពមមាញឹកគណាស់ ហើយជារៀងរាល់ថ្ងៃ ក៏ត្រូវធ្វើដំណើរឆ្ងាយពីកន្លែងស្នាក់នៅទៅកាន់សាលារៀន។ មធ្យោបាយដ៏ប្រសើរបំផុត គឺ ត្រូវចេញពីផ្ទះតាំងពីព្រឹកព្រលឹម និងចូលវិញពេលព្រលប់ ក្រោយបញ្ចប់ម៉ោងសិក្សាទាំងអស់
-ចំណាយច្រើន ៖ ទាំងថ្លៃផ្ទះ ឬបន្ទប់ជួល ការហូបចុក ការចាយវាយលើតម្រូវការចាំបាច់ និងបន្ទាប់បន្សំផ្សេងៗទៀត។ ជំនាញដែលត្រូវការចាំបាច់នោះ គឺគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។
ទង្វើគួរ និងមិនគួរធ្វើ ដើម្បីឲ្យការរស់នៅ និងរៀនពេទ្យនៅភ្នំពេញប្រកបដោយភាពជោគជ័យ
-មានភាពក្លាហានក្នុងការចង់ចេះចង់ដឹង សួររកកន្លែងផ្សេងៗ និងចាំបាច់ត្រូវរៀនរស់ដោយខ្លួនឯង
-ខិតខំសិក្សារៀនសូត្រទាំងក្នុងថ្នាក់ និងនៅផ្ទះបន្ថែម
-រាប់អានមិត្តភក្តិ និងបង្កើតទំនាក់ទំនងដែលល្អៗ ដើម្បីសម្រួលដល់ការសិក្សា ជាពិសេសការពិភាក្សា និងកិច្ចការងារជាក្រុមជាដើម
-រៀនភាសាពាក់ព័ន្ធនឹងមុខជំនាញសិក្សា និងពង្រឹងជំនាញកុំព្យូទ័រ ជាពិសេសចេះធ្វើការស្រាវជា្រវលើប្រព័ន្ធអ៊ិនធឺណែត
-ចំណាយពេលទំនេរនៅក្នុងបណ្ណាល័យធ្វើការអាន និងស្រាវជ្រាវឯកសារឲ្យបានច្រើន
-សន្សំសំចៃឲ្យអស់ពីលទ្ធភាព ដោយមិនខ្ជះខ្ជាយលើការចាយវាយ
-កុំភ្លើតភ្លើននឹងបរិយាកាសង្គមឆើតឆាយ
-គិតគូរពីសុខភាព ជាពិសេសតាមរយៈរបបអាហារដែលទទួលទានជាប្រចាំ។
អ្វីដែលអាចធ្វើបាន ពេលមានអារម្មណ៍ស្មុគស្មាញ ដោយសារការឃ្លាតឆ្ងាយពីគ្រួសារ ហើយភាពលំបាកក្នុងការសិក្សាផ្នែកសុខាភិបាល
-លើកទឹកចិត្តខ្លួនឯង ហើយត្រូវចេះប្រាប់ខ្លួនឯងថា ដើម្បីជោគជ័យ ត្រូវខិតខំ និងលះបង់ច្រើន ព្រោះថាអ្នកជោគជ័យត្រូវដើរទៅមុខដោយមិនបោះបង់
-ជជែកជាមួយក្រុមគ្រួសារ ឬមនុស្សដែលទុកចិត្ត ពេលមានបញ្ហាពិបាកចិត្ត ឬ បញ្ហាផ្លូវចិត្តណាមួយ ដើម្បីកាត់បន្ថយភាពតប់ប្រមល់ និងអផ្សុក ហើយគួរចៀសវាងការនៅម្នាក់ឯង
-ចេញទៅខាងក្រៅ រកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បីមានអារម្មណ៍ស្រស់ស្រាយ និងរសាយចិត្តទុក្ខសោកឡើងវិញ។
តើនិស្សិតពេទ្យមកពីខេត្តគួរតែត្រលប់ទៅបម្រើការងារនៅខេត្តរបស់ខ្លួនវិញឬទេ? ហេតុអ្វី?
បើសិនជាអាចទៅខេត្តកំណើត ក៏ជាការល្អប្រសើរ (ព្រោះនៅទីនោះមានកន្លែងស្រាប់ ហើយមានគេស្គាល់ស្រាប់) តែប្រហែលជាមានភាពពិបាកក្នុងការប្រលងចាប់បុស្តិ៍ ហេតុនេះហើយ មិនថានៅទីណាក៏អាចជួយអប់រំ និងព្យាបាលអ្នកជំងឺបានដែរ។
សារចែករំលែកដល់អនាគតនិស្សិតពេទ្យ ជាពិសេសអ្នកមកពីខេត្ត
-ត្រូវប្រាប់ និងសួរខ្លួនឯងថា«ការជ្រើសរើសនូវមុខជំនាញមួយនេះ តើកើតចេញពីចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ ឬមានគំនាបបង្ខំពីនរណាម្នាក់?» គួរតែសួរខ្លួនឯងបែបនេះឲ្យបាន៣ដង «ស្រលាញ់ឬអត់?» បើនៅស្ទាក់ស្ទើរ កុំរើស ឬបន្តទៅមុខទៀតអី
-ចំពោះអ្នកមានឱកាសចូលសាលាពេទ្យហើយ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ខិតខំឲ្យបានច្រើនជាងអ្នកនៅភ្នំពេញ ព្រោះដូចដែលបានលើកឡើងខាងលើ យើងមានចំណុចខ្សោយខ្លះៗ តែកុំគិតថាយើងចាញ់គេ គ្រាន់តែត្រូវប្រឹងច្រើនជាងគេបន្តិច ដើម្បីបំពេញបន្ថែមនូវអ្វីដែលខ្វះខាត
-កុំបោះបង់ចោលដាច់ខាត ព្រោះថា «អ្នកជោគជ័យមិនដែលបោះបង់ អ្នកដែលបោះបង់មិនដែលជោគជ័យ» តែបើហត់ហើយ អាចសម្រាកបាន។ កុំភ្លេចថា អ្វីក៏ពិបាក គ្រាន់តែត្រូវការដំណោះស្រាយ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់ទុកនោះ
-គួរឆ្លៀតពេលចូលរួមការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងមានឱកាសបានស្គាល់ពីបរិបទសង្គមរបស់ខ្លួនកាន់តែច្រើន និងច្បាស់ និងងាយស្រួលសម្រាប់ការងារទៅថ្ងៃអនាគត
-ជូនពរឲ្យប្អូនជំនាន់ក្រោយដែលមានបំណងរៀនពេទ្យ និងត្រៀមប្រលង ប្រលងទទួលបានលទ្ធផលគាប់ប្រសើរដូចចិត្តប្រាថ្នា។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ