Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គន្លឹះមិនអាចខ្វះបាន បើចង់បានអាហារូបករណ៍ សិក្សាថ្នាក់បន្តនៅប្រទេសដែលអ្នកប្រាថ្នា...

មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប…

លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លៃរបស់លោកអំពីការសិក្សាតាមរយៈអាហារូបករណ៍នៅប្រទេសថៃរបស់លោក តាមរយៈកិច្ចសម្ភាសន៍ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…


សំណួរ ៖ តើលោកបានទទួលបានអាហារូបករណ៍អ្វី? តើអាចនិយាយដោយសង្ខេបបានទេអំពីអាហារូបករណ៍នេះបានទេ?
ចម្លើយ ៖ នេះជាប្រភេទអាហារូបរណ៍ក្រោមព្រះរាជទានពីព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៃព្រះរាជាណាចក្រថៃ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា គឺមកកាន់ក្រសួងអប់រំ យុវជន និងកីឡា  ដែលមានផ្តល់ជូននិស្សិតកម្ពុជាប្រមាណ២២០នាក់ជារៀងរាល់ឆ្នាំ សម្រាប់ទៅសិក្សាគ្រប់មុខវិជ្ជាពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិតនៅគ្រប់សាកលវិទ្យាល័យទូទាំងប្រទេសថៃ។

សំណួរ ៖ តើអាចបង្ហាញដោយត្រួសៗបានទេអំពីដំណាក់កាលនៃការទទួលបានអាហារូបករណ៍នេះ?
ចម្លើយ ៖ 

អំពីដំណាក់កាលនៃការដាក់ពាក្យ
-អាហារូបករណ៍នេះ ជាទូទៅនឹងមកដល់ក្រសួងអប់រំ ហើយប្រកាសឲ្យនិស្សិតចាប់ផ្តើមដាក់ពាក្យនៅអំឡុងចុងខែកញ្ញា និងដើមខែតុលា ប្រមាណជាពីរសប្តាហ៍ក្នុងការដាក់ពាក្យ។ 
-ដំណាក់កាលទីពីរ គឺការត្រៀមខ្លួនប្រឡងដែលជាទូទៅ គឺនៅក្នុងខែធ្នូ ចំណែកឯកាលបរិច្ឆេទ គឺមិនទៀង អាស្រ័យលើខាងភាគីថៃជាអ្នកកំណត់ ដូច្នេះនិស្សិតមានពេលប្រមាណពីរខែសម្រាប់ត្រៀមខ្លួនការប្រឡង។
អំពីវិញ្ញាសាប្រឡង
មាន២ដំណាក់កាល គឺការសរសេរ និងសម្ភាសន៍ផ្ទាល់មាត់ដែលធ្វើឡើងដោយភាគីថៃតែម្តងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ 
-សម្រាប់កម្រិតចាប់ពីបរិញ្ញាបត្រចុះក្រោម ៖ ការប្រឡងនឹងផ្តោតលើចំណេះដឹងទូទៅថ្នាក់ទុតិយភូមិ ដូចជាគណិត រូបវិទ្យា និងគីមីវិទ្យជាដើម។ 
-ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ៖ ការប្រឡងគឺផ្តោតលើ ភាសាអង់គ្លេស ឬថៃ (សម្រាប់មុខវិជ្ជាដែលរៀនជាភាសាថៃប៉ុណ្ណោះ) ដែលវិញ្ញាសាប្រហាក់ប្រហែលនឹង TOEFL ឬ IELTS។ ឯការសម្ភាសន៍អាស្រ័យលើភាគីថៃដែលសួរជាភាសាអង់គ្លេស ឬភាសាថៃ។ 
សម្គាល់ ៖ គ្រប់និស្សិតទាំងអស់មិនមែនសុទ្ធទាមទារឲ្យចេះភាសាថៃឡើយ តែបើចេះស្រាប់ គឺជារឿងដែលល្អ បំផុតសម្រាប់ខ្លួនឯងក្នុងការរស់នៅប្រទេសថៃ តែមុខវិជ្ជាខ្លះតម្រូវឲ្យចេះថៃតែម្តង។ 

សំណួរ ៖ ដើម្បីត្រៀមខ្លួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ តើលោកបានធ្វើអ្វីខ្លះដែរ?
ចម្លើយ ៖ 

-ការសាកសួរព័ត៌មានពីខាងក្រសួង អ.យ.ក (នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍) គឺជារឿងសំខាន់មុនគេ ព្រោះគេនឹងជម្រាបយើងយ៉ាងច្បាស់នូវកាលបរិច្ឆេទនៃការដាក់ពាក្យ និងប្រឡង និងប្រភេទមុខវិជ្ជា។ ការក្តាប់បាននូវព័ត៌មាននៃការប្រឡង គឺជាចំណុចជោគជ័យទីមួយបាត់ទៅហើយ។ 
-ដើម្បីឲ្យការប្រឡងសង្ឃឹមបានជោគជ័យខ្ពស់ ការត្រៀមខ្លួនជាមុន គឺជារឿងសំខាន់បំផុតដែលអាចខុសគ្នាទៅតាមកម្រិតសិក្សាដូចដែលបានរៀបរាប់ខាងលើ។ ចំពោះកម្រិតថ្នាក់អនុបណ្ឌិតដូចខ្ញុំ គឺចាំបាច់ត្រូវពង្រឹងបន្ថែមនូបភាសាអង់គ្លេសតាមរយៈការហាត់សមធ្វើលំហាត់បែប TOEFL ដែលក្នុងនោះមានជំនាញអាន វេយ្យករណ៍ និងវាក្យសព្ទ ឲ្យបានច្រើន។ 
-ចំពោះការសម្ភាសន៍ យើងអាចប៉ាន់ប្រមាណលើសំណួរដែលអាចនឹងសួរនៅពេលសម្ភាសន៍ បើយើងមិនច្បាស់ទេ យើងអាចស្វែងរកមើលក្នុងGoogleនូវសំណួរណាដែលគេឧស្សាហ៍សួរបំផុតសម្រាប់ពេលសម្ភាសន៍។ 
-ការសាកសួរនូវបទពិសោធន៍ពីនិស្សិតចាស់ៗក៏រឹតតែមានប្រយោជន៍ ចំពោះយើងមួយកម្រិតទៀត។ 

សំណួរ ៖ តើលោកគិតថា មានកត្តាអ្វីខ្លះដែលជំរុញឲ្យខ្លួនបានទទួលអាហារូបករណ៍មួយនេះ?
ចម្លើយ ៖

-កត្តាក្នុងខ្លួន ៖ ការតាំងចិត្ត ការត្រៀមខ្លួន ផែនការ និងការទាញយកឱកាសល្អ ជារឿងមួយដែលសំខាន់សម្រាប់ ការចាប់យកនូវអាហារូបរណ៍នេះដោយជោគជ័យ។ 
-កត្តាក្រៅខ្លួន(គ្រួសារ និងមិត្តភក្តិ)៖ ការជួយជ្រោមជ្រែងក្នុងការលើកទឹកចិត្ត និងផ្តល់ជាមតិយោបល់ ជាចលករមួយដែលពន្យុះនូវឆន្ទៈឲ្យកាន់តែពុះកញ្ជ្រោលថែមទៀត។ ជាក់ស្តែង បើគ្មានការលើកទឹកចិត្តទេ ពេលខ្លះការតាំងចិត្ត ឬផែនការអាចនឹងថយអានុភាព។

សំណួរ ៖ តើការសិក្សាតាមរយៈអាហារូបករណ៍នេះមានលក្ខណៈពិសេសបែបណាខ្លះ?
ចម្លើយ ៖
វាជាការបើកឱកាសឲ្យនិស្សិតដែលមានសមត្ថភាពអាចបន្តការសិក្សា ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងរបស់ខ្លួន។ មួយវិញទៀត វាជាអាហារូបករណ៍ពេញលេញ១០០% ដែលភាគីអ្នកផ្តល់បានឧបត្ថម្ភសព្វបែបយ៉ាង ទាំងការស្នាក់នៅ ថ្លៃសិក្សា និងកម្រៃប្រចាំខែ ព្រមទាំងជាជំនួយគ្មានសំណងដែលក្រោយរៀនចប់ គឺនិស្សិតអាចទៅធ្វើការនៅប្រទេសរបស់ខ្លួន ឬស្ថាប័ននានាបានជាធម្មតា។ 

សំណួរ ៖ ចំពោះនិស្សិតដែលចង់បានអាហារូបករណ៍ដូចជាលោកវេជ្ជបណ្ឌិត ឬអាហារូបករណ៍ផ្សេងទៀត ជាពិសេសនិស្សិតពេទ្យ ដែលភាគច្រើនមិនសូវមានពេលច្រើន តើគួរធ្វើបែបណាខ្លះ ដើម្បីអាចទទួលបានឱកាសល្អបែបនេះ?
ចម្លើយ ៖
ប្រាកដណាស់ និស្សិតពេទ្យភាគច្រើនមិនសូវមានពេលវេលាគ្រប់គ្រាន់ ក៏ប៉ុន្តែមិនមែនអត់ទាល់តែសោះនោះទេ។ បើគិតថានឹងចិញ្ចឹមចិត្តព្យាយាមឆក់ឱកាសទៅសិក្សានៅក្រៅប្រទេសហើយ សូម
-និស្សិតទាំងអស់ពង្រឹងសមត្ថភាពគ្រឹះទៅតាមមុខវិជ្ជារបស់ខ្លួនឲ្យបានរឹងមាំ 
-សិក្សាពីព័ត៌មានលម្អិតពីការដាក់ពាក្យអាហារូបករណ៍ដែលអាចតាមរយៈវេបសាយ សិក្ខាសាលា ឬការចែករំលែកចំណេះដឹងពីរៀមច្បងនូវប្រភេទអាហារូបករណ៍ដែលខ្លួនចង់បាន ឬប្រទេសដែលខ្លួនចង់ទៅ។ ដោយសារតែយើងគ្មានពេលវេលាគ្រប់គ្រាន់បែបនេះ ហើយទើបយើងត្រូវត្រៀមខ្លួនជាមុន ដើម្បីឲ្យផែនការបានជោគជ័យកាន់តែខ្ពស់។ 

មិនថានិស្សិតពេទ្យ ឬនិស្សិតថ្នាក់ដទៃទេ «ការត្រៀមខ្លួន និងការក្តោបយកឱកាស»គឺ ជារឿងចាំបាច់មួយ ព្រោះថាមានអាហារូបរណ៍ក្រៅប្រទេសជាច្រើន តែងតែផ្តល់ឱកាសឲ្យនិស្សិតបរទេស ជាពិសេសនិស្សិតកម្ពុជាអាចទៅបន្តចំណេះដឹងបន្ថែមទៀតបាន។ 

ខ្ញុំយល់ថា «ការឆក់យកឱកាស និងក្តាប់បានព័ត៌មានអាហារូបករណ៍» គឺជារឿងសំខាន់ជាងគេ ចំណែកឯ«សមត្ថភាព»អាចនឹងក្លាយជារឿងបន្ទាប់ ព្រោះថាបើយើងមានសមត្ថភាព តែមិនបានដឹងពីព័ត៌មានអាហារូបករណ៍ តើយើងនឹងដាក់ពាក្យតាមណា? ចុះបើយើងដឹងព័ត៌មានហើយតែគិតថា គ្មានសមត្ថភាព តើនឹងជាប់ដែរឬទេ? ត្រង់នេះយើងត្រូវពិចារណាឡើងវិញថា មាននិស្សិតច្រើនណាស់ ដែលធ្លាប់ធ្លាក់ក្នុងការប្រឡងយកអាហារូបករណ៍ទៅក្រៅប្រទេសទម្រាំនឹងពួកគេអាចប្រឡងជាប់ជាស្ថាពរ?  ហេតុនេះហើយ…
-ចាំបាច់ត្រូវចាប់យកឱកាសឲ្យបាន បើធ្លាក់គឺជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពទៅលើកក្រោយទៀត។ 
-កុំរារែក និងអស់សង្ឃឹម ព្រោះថាការមានប្រវត្តិប្រឡងធ្លាក់អាហារូបករណ៍នៅតែប្រសើរ ជាងអ្នកដែលមិនធ្លាប់ប្រឡងសោះ។ 
-ការតស៊ូ តាំងចិត្តសម្រាប់គោលដៅនៃការសិក្សាបន្តនឹងសម្រេចបើអ្នកមិនបោះបង់ តែវានឹងបាត់បង់បើអ្នកមិនចង់បន្ត។

សំណួរ ៖ តើលោកអាចប្រាប់បានទេថា ព័ត៌មាននៃអាហារូបករណ៍ផ្សេងៗពិសេសសម្រាប់និស្សិតពេទ្យ អាចរកបាននៅទីណាខ្លះ?
ចម្លើយ ៖
មានប្រភព ជាពិសេសគេហទំព័រជាច្រើនដែលដែលតែងតែបង្ហោះពីអាហារូបករណ៍ថ្មី ទូទាំងពិភពលោក និងបង្ហាញពីវិធីសាស្ត្រល្អក្នុងការដាក់ និងចំណេះផ្សេងៗទៀតដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ដូចជា ៖ 
-ទំព័រហ្វេសប៊ុកក្រសួងអប់រំ 
-គេហទំព័រ Scholarship Positions
-ទំព័រហ្វេសប៊ុក Scholarship for Khmer
-គេហទំព័រ ASEANOP.COM ។ល។

សំណួរ ៖ ជាចុងក្រោយ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអានជាពិសេសនិស្សិតពេទ្យដែលប្រាថ្នាចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស?
ចម្លើយ ៖
សរុបពីខាងលើមក គឺសុទ្ធតែជាចំណុចជាសារវន្តដែលខ្ញុំសង្ឃឹមថានឹងអាចជាប្រយោជន៍ដល់និស្សិតនានាដែលមានបំណងចង់បានអាហារូបរណ៍ទៅសិក្សាបន្តនៅបរទេស។ «ផែនការជាក់លាក់  ការតាំងចិត្តមិន បោះបង់ ការលើកទឹកចិត្តខ្លួនឯង និងពីអ្នកជុំវិញខ្លួន រួមជាមួយនឹងសមត្ថភាពចំណេះដឹងនៃជំនាញរបស់ខ្លួន រួមទាំងការចាប់យកឱកាសដែលមាននោះ អ្នកនឹងអាចសម្រេចនូវក្តីប្រាថ្នានៃការទទួលបានអាហារូបករណ៍ថ្នាក់បន្តបានយ៉ាងជោគជ័យ»។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

រោគសញ្ញានៃការញ័រដៃ អាចកើតមានឡើងស្របពេលដែលវ័យកាន់តែចាស់មិនមានមូលហេតុច្បាស់លាស់ ហើយអាចជាជំងឺមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក៏មានការបង្ហាញពីវត្តមាននៃជំងឺខ្សោយការចងចាំ ឬParkinson និងលក្ខខណ្ឌជំងឺកម្រដទៃទៀតនៅពីក្រោយអាការៈញ័រដៃនោះផងដែរ។ អ្វីគួរដឹង? - ក្នុងករណីភាគច្រើន ការញ័រដៃ អាចបង្កឡើងពីមូលហេតុមិនជាក់លាក់ និងហាក់លេចចេញឡើងនៅពេលអាយុកាន់តែច្រើនដែលអាចសម្គាល់បានក្នុងលក្ខខណ្ឌ៖ • ប្រវត្តិគ្រួសារ៖ ហ្សែនអាចចូលរួមចំណែកក្នុងកម្រិត ៥០% នៃរោគសញ្ញាញ័រដៃ ប្រសិនអ្នកមានសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក • កត្តាអាកប្បកិរិយា៖ នៅពេលរាងកាយកំពុងជំនះជាមួយភាពតឹងតែងអ្វីម៉្យាង ការញ័រដៃនឹងអាចលេចមានឡើង ដោយអាចសង្កេតតាមរយៈឲ្យអ្នកជំងឺកាន់កែវទឹក។ ក្នុងករណីនេះ អាការៈផ្សេងទៀតក៏អាចភ្ជាប់មកជាមួយផងដែរ ដោយចាប់ផ្តើមពីផ្នែកក្បាល ការប្រែប្រួលចលនា ឬសំឡេងញ័រជាដើម • អាការៈញ័រ អាចបាត់ទៅវិញរយៈពេល ២ ទៅ៣ម៉ោង បន្ទាប់ពីបានទទួលទានសារជាតិអាល់កុល។ - ក្នុងករណីរោគសញ្ញាទាក់ទងនឹងជំងឺខ្សោយការចងចាំ (Parkinson) អាការៈញ័រ អាចកើតឡើងមិនជាប់លាប់ ដោយចាប់ផ្តើមដំបូងចំពោះដៃម្ខាងនិងប្រែប្រួលដោយភ្ជាប់ជាមួយរោគសញ្ញាស្ពឹក និងកាយវិការយឺតដែលអាចជាសញ្ញាសម្រាប់ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង។ - ករណីអាការៈញ័រដៃ ដែលមានភាពមិនប្រក្រតីបណ្តាលមកពីការប៉ះពាល់លើផ្នែកណាមួយនៃខួរក្បាល (ខួរតូច) អាចស្ដែងចេញ៖ • ការញ័រដៃ បង្កមកពីភាពមិនប្រក្រតីនៃមុខងារបញ្ជាចលនារបស់ខួរក្បាលដែលអាចសង្កេតឃើញដៃរបស់អ្នកជំងឺមានភាពញ័រនៅពេលកាន់កែវញ៉ាំទឹក • ភាគច្រើន ភាពប្រែប្រួលនេះអាចកើតមានឡើងក្រោយពីមានការប៉ះទង្គិចលលាដ៍ក្បាល និងមានដុំសាច់ក្នុងខួរក្បាលជាដើម។ អ្វីគួរធ្វើ? ការដោះស្រាយអាការៈញ័រដៃ អាចមានភាពប្រែប្រួលទៅតាមមូលហេតុនៃស្ថានភាពជំងឺតួយ៉ាង៖ - ចំពោះមូលហេតុមិនជាក់លាក់នៃអាការៈញ័រដៃអាចសម្រួលបានតាមការប្រើប្រាស់ឱសថពពួកបញ្ចុះសម្ពាធឈាម Bêtabloquants មានឈ្មោះដូចជា Propranolol (Avlocardyl) ឬ Nadolol (Cargard)។ យ៉ាងណាមិញ ការជ្រើសរើសឱសថណាមួយទាមទារការអនុញ្ញាតពីវេជ្ជបណ្ឌិតជំនាញ - ចំពោះអ្នកជំងឺខ្សោយការចងចាំ (Parkinson) ត្រូវព្យាបាលជាមួយឱសថ Levodopa និងភ្ជាប់ជាមួយក្រុមឱសថ Inhibiteur de la decarboxylase périphérique (Modapar, Sinemet)។ ត្រូវចាំថា រាល់ការធ្វើរោគវិនិច្ឆ័យនៃវិបត្តិខ្សោយការចងចាំត្រូវធ្វើឡើងជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ - អាការៈញ័រដៃ បណ្តាលមកពីការខូចខាតសរីរាង្គខួរក្បាល ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទជាបន្ទាន់ - ចំពោះករណីខ្លះទៀត អាការៈញ័រក៏អាចបណ្តាលមកពីផលរំខាននៃឱសថព្យាបាលជំងឺក្រពេញទីរ៉ូអីុតដូចជា Dépakine, lithium, cyclosporine ជាដើម។ ដោយឡែក សម្រាប់រោគសញ្ញាដែលជាលទ្ធផលបានមកពីការទទួលទានសារជាតិអាល់កុលអាចនឹងមិនចាំបាច់ទទួលការពិគ្រោះនោះទេ - អាការៈញ័រដៃចំពោះកុមារ ឬក្មេងជំទង់ គួរចាប់អារម្មណ៍ទៅលើហានិភ័យនៃជំងឺបង្កឡើងពីហ្សែន (Maladie de Wilson) ដែលទាមទារការពិគ្រោះជំងឺជាចាំបាច់។ ប្រភពយោង៖ Le Vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ជំងឺតម្រងនោម គឺជាបញ្ហាធំក្នុងវិស័យសុខភាពសាធារណៈ ដែលត្រូវបានបែងចែកចេញជាប្រភេទជំងឺរ៉ាំរ៉ៃ និងស្រួចស្រាវ។ ដោយយោងតាម National Kidney Foundation ចំនួនមនុស្សវ័យជំទង់ប្រហែលជាង ៣០ លាននាក់ កំពុងរងគ្រោះដោយជំងឺនេះ និងមានចំនួនជាច្រើនទៀតកំពុងតែវិវឌ្ឍទៅរកខូចខាតតម្រងនោមផងដែរ។ ការប្តូរសរីរាង្គគឺ ជាជម្រើសទី១សម្រាប់ការព្យាបាលជំងឺខូចខាតតម្រងនោមឲ្យបានប្រសើរវិញ ប៉ុន្តែវាពិតជាពិបាកក្នុងការព្យាបាល  ដែលរួមជាមួយកង្វះខាតនៃអ្នកបរិច្ចាគសរីរាង្គផងនោះ ធ្វើឲ្យសង្ឃឹមក្នុងការជាសះស្បើយកាន់តែតិច។ ដោយឡែក ក្នុងរយៈពេលថ្មីនេះៗ Stem cell therapy បានលេចចេញនូវសមិទ្ធផលវិជ្ជមានជាច្រើនក្នុងការព្យាបាលជំងឺផ្សេងៗដែលធ្វើឲ្យសរីរាង្គ និងកោសិកាក្នុងខ្លួនមនុស្សខូចខាត។ ជាក់ស្តែងអ្នកវិទ្យាសាស្ត្រនៅ West Forest Institute for Regenerative Medicine (WFIRM) បាននិងកំពុងសិក្សាអំពីការព្យាបាលកោសិកាខូចនៃជំងឺតម្រងនោមរ៉ាំរ៉ៃដោយការប្រើប្រាស់ Therapeutic cells។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាការសិក្សានេះអាចធ្វើឲ្យកោសិកាមានមុខងារ និងតួនាទីបានល្អវិញក្នុង Pre-clinical model នៃជំងឺតម្រងនោម។ គួរបញ្ជាក់ថា Stem cell therapy គឺជាការព្យាបាលមួយប្រភេទដែលធ្វើឡើងតាមរយៈការចាក់ ឬដាក់បញ្ចូលនូវសារធាតុកោសិកាទៅក្នុងរាងកាយអ្នកជំងឺ។ សាស្រ្តាចារ្យ James J. Yoo ផ្នែក Regenerative medicine នៅ WFIRM បានបង្ហាញថា លទ្ធផលបញ្ជាក់ថា Stem cell  អាចប្រើប្រាស់ជា Alternative therapeutic strategy សម្រាប់អ្នកជំងឺរ៉ាំរ៉ៃបាន។ ទាក់ទងនឹងការសិក្សានេះដែរ អ្នកស្រាវជ្រាវបានរកឃើញថា Stem cell នៃទឹកភ្លោះដែលចាក់បញ្ចូលទៅក្នុងអ្នកជំងឺតម្រងនោមរ៉ាំរ៉ៃក្នុងលក្ខខណ្ឌ Pre-clinical model បានជួយឲ្យតួនាទីរបស់តម្រងនោមបានល្អប្រសើរឡើង។ ស្របពេលជាមួយគ្នា សាស្រ្តាចារ្យ Anthony Atala ប្រធានផ្នែក Regenerative medicine នៅ WFIRM បានលើកឡើងថាការសិក្សារបស់គាត់ដែលទាក់ទងនឹងការព្យាបាលជាមួយនឹង Stem cell នៃទឹកភ្លោះ ពិតជាមានភាពវិជ្ជមានជាច្រើនទៅលើតួនាទីនិងភាពប្រសើរឡើងរបស់តម្រងនោម។ ការសិក្សានេះកំពុងតែដំណើរទៅមុខ ជាមួយនឹងក្តីសង្ឃឹមថានឹងទទួលបានភាពជោគជ័យ ១០០ភាគរយនៅថ្ងៃអនាគត ដើម្បីផ្តល់ការព្យាបាលដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃបានជាសះស្បើយ ដោយពុំចាំបាច់ធ្វើការវះកាត់ផ្លាស់ប្តូរតម្រងនោម។ ប្រភព៖ https://www.sciencedaily.com/releases/2019/03/190314123215.htm https://www.bsgct.org/education/what-is-cell-therapy/ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នៅក្នុងសម័យសាកលភាវូបនីយកម្ម និស្សិតកាន់តែច្រើនឡើងកំពុងរៀនភាសាដើម្បីបំបែកឧបសគ្គ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយស្រួលទាំងក្នុងជីវភាពរស់នៅ  និងការសិក្សារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើរៀនមិនបានត្រឹមត្រូវ នោះដំណើរការនៃការរៀនសូត្រភាសាថ្មីអាចចំណាយពេលច្រើន និងខ្ជះខ្ជាយប្រាក់។ សំណាងល្អអត្ថបទនេះនឹងលម្អិតអំពីគុណវិបត្តិទាំងនោះ និងរបៀបដែលអ្នកអាចចៀសវាងពីកំហុសទាំងនោះ។   ព្យាយាមចងចាំពាក្យទាំងអស់ វាមិនអាចទៅរួចទេក្នុងការរៀន និងស្គាល់ពាក្យទាំងអស់នៃភាសាណាមួយ។សូម្បីតែអ្នកនិយាយភាសាដើមក៏មិនប្រើពាក្យទាំងអស់បានដែរ។ ជាក់ស្តែងមានតែពាក្យពី ២០០០ ទៅ៣០០០  ប៉ុណ្ណោះដែលត្រូវបានគេប្រើជាប្រចាំ។ដូច្នេះអ្នកអាចជំនួសការព្យាយាមទន្ទេញនិងរៀនពាក្យទាំងអស់នោះនិងផ្តោតអារម្មណ៍ទៅរៀនពាក្យដែលប្រើសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ពាក់ព័ន្ធនឹងការសិក្សា ឬវិជ្ជាជីវៈរបស់អ្នក។ ព្យាយាមចងចាំក្បួនវេយ្យាករណ៍ ជាការពិត វេយ្យាករណ៍គឺមានសារៈសំខាន់នៅក្នុងភាសានីមួយៗ។ ទោះជាយ៉ាងណាក៏ដោយការចងចាំនូវច្បាប់ទាំងអស់របស់វាអាចមានច្រើនហើយអាចធ្វើឲ្យសិស្សមានភាពលំបាកក្នុងការសិក្សា។ ដូច្នេះកុំបង្ខំខ្លួនឯងក្នុងការចងចាំក្បួនវេយ្យាករណ៍។ អ្នកគួរយល់ឲ្យបានច្បាស់ពីភាសាដែលអ្នកកំពុងរៀន ដោយការយល់ដឹងពីវប្បធម៌របស់ភាសានោះតាមខ្សែភាពយន្ដ បទចម្រៀង ឬហ្គេម។ វិធីនេះអ្នកនឹងអាចរៀនវេយ្យាករណ៍ដោយធម្មជាតិ ។ ភ្លេចអំពីការស្តាប់ យើងចាប់ផ្តើមរៀន ភាសាដោយផ្តោតលើវាក្យសព្ទ និងវេយ្យាករណ៍។ ហើយជារឿយៗយើងហាក់មិនអើពើលើជំនាញស្តាប់នោះទេ។ ការស្តាប់ គឺជាគន្លឹះដ៏សំខាន់ក្នុងការទំនាក់ទំនង និងការយល់ដឹងពីគ្នា។ អ្នកនឹងដឹងថាការនិយាយភាសា និងការយល់ដឹងមានលក្ខណៈមិនដូចគ្នានោះទេ ដូច្នេះដើម្បីអភិវឌ្ឍជំនាញស្តាប់ អ្នកអាចមើលភាពយន្តឬ   កម្មវិធីទូរទស្សន៍ (មានចំណងជើងរង) ឬស្ដាប់តន្ត្រី ឬវិទ្យុផ្សេងៗ។ ស្វែងយល់ពីប្រភពសៀវភៅតែមួយ សៀវភៅសិក្សាគឺជាការចាប់ផ្តើមដ៏ល្អមួយប៉ុន្តែពួកវានៅមានកម្រិត។ ការរៀនសូត្រពីសៀវភៅសិក្សាអាចធ្វើឲ្យអ្នកនិយាយឥតខ្ចោះ និងងាយស្រួលក្នុងការស្តាប់ ប៉ុន្តែការនិយាយតាមរយៈសៀវភៅសិក្សាអាចធ្វើឲ្យបាត់បង់សំនៀងធម្មជាតិ និងដូចជាការបង្ខំទៅវិញ។ វប្បធម៌នៃភាសានីមួយៗមិនអាចរៀនបានទាំងស្រុងពីសៀវភៅសិក្សានោះទេ ដូច្នេះបន្ថែមឲ្យសៀវភៅសិក្សា អ្នកគួរស្វែងយល់ពីការនិយាយភាសាសាមញ្ញផងដែរ។   ពឹងផ្អែកលើគ្រូបង្រៀន ដោយមិនគិតពីជំនាញអ្វីដែលអ្នកព្យាយាមរៀន ការពឹងផ្អែកលើសាលារៀនឬគ្រូបង្រៀនគឺមិនមានផលល្អឡើង។ វាជារឿងល្អដែលត្រូវមានកម្មវិធីសិក្សាដែលត្រូវបានរចនាជាពិសេស និងគ្រូបង្រៀនដើម្បីណែនាំអ្នក ប៉ុន្តែនៅទីបំផុត វាអាស្រ័យលើអ្នកទាំងស្រុង ដើម្បីស្រូបយកចំណេះដឹងទាំងនោះ។ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាសាលារៀន និងសៀវភៅសិក្សាមិនមានប្រសិទ្ធភាពសម្រាប់អ្នកទេ សូមមេត្តារៀនសូត្រពីប្រភពក្រៅ និងវេទិការៀនភាសាដទៃទៀតដែលមាន។   កត់សម្គាល់កំហុសឲ្យបានឆាប់ អាចឲ្យអ្នកកែតម្រូវបានភ្លាមៗ។ ការរៀនភាសាគឺមានសារៈសំខាន់ ប៉ុន្តែអ្នកក៏អាចធ្វើវាជាមួយបទពិសោធន៍ដ៏រីករាយផងដែរ ហើយមិនមែនជាភាពតានតឹងទេ ដូច្នេះអ្នកអាចរៀនសូត្រដោយសប្បាយចិត្ត! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការក្លាយជាសិស្សគំរូ គឺមានសារៈសំខាន់ដើម្បីសម្រេចបាននូវគោលដៅសិក្សារបស់អ្នក។ ទម្លាប់ដែលគ្មានប្រសិទ្ធភាពអាចនាំឱ្យមានលទ្ធផលមិនល្អ ទោះបីជាអ្នកចំណាយពេលវេលាច្រើនយ៉ាងណាក្ដី។ អត្ថបទនេះនឹងបង្ហាញអ្នកនូវមធ្យោបាយមួយចំនួនស្តីពីវិធីចៀសវាងពីទម្លាប់មិនល្អ នៅពេលដែលអ្នកសិក្សា៖ ១. ចាប់ផ្តើមវគ្គសិក្សាដោយគ្មានគ្រោងការ ដំណោះស្រាយ៖ គ្រោងការគឺសំខាន់ណាស់ក្នុងការសិក្សា។ គូសបញ្ជាក់ពីអ្វី ដែលអ្នកចង់បានពីការសិក្សារបស់អ្នក និងកំណត់គោលដៅសម្រាប់ការសិក្សានីមួយៗ។ ជាឧទាហរណ៍ នៅក្នុងវគ្គសិក្សាមួយលើសម័យប្រវត្តិសាស្រ្តនៃយុគសម័យថ្ម យើងអាចរំពឹងថាសិស្សនឹងទទួលបានការយល់ដឹងជាទូទៅអំពីរយៈពេលនោះ។ ២. រង់ចាំរហូតដល់នាទីចុងក្រោយដើម្បីចាប់ផ្តើមកិច្ចការ ដំណោះស្រាយ៖ ជាថ្មីម្តងទៀត គ្រោងការជាចំណុចចសំខាន់។ ការចាត់ចែងការងារនីមួយៗត្រូវមានមូលដ្ឋានលើកាលបរិច្ឆេទ និងអាទិភាព។ ការពន្យារពេលរហូតដល់ថ្ងៃផុតកំណត់នឹងប៉ះពាល់ដល់គុណភាពនៃការងាររបស់អ្នកដែលនឹងទាញមធ្យមភាគចុះ។ ឧទាហរណ៍ សូម្បីតែកំហុសឆ្គងតូចៗ (ដូចជាវេយ្យាករណ៍ ឬការប្រើប្រាស់ឈ្មោះជាដើម) នឹងត្រូវចាត់ទុកជាកំហុសពេញលេញ។ ៣. ត្រូវបានរំខានដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្មាតហ្វូន ដំណោះស្រាយ៖ សូម បិទរាល់ឧបករណ៍អេឡិចត្រូនិចទាំងអស់ អំឡុងពេលសិក្សា។ ចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិកជាសម្ភារសិក្សា ឬជាសម្ភារគាំទ្រ។ ថ្វីបើឧបករណ៍អេឡិចត្រូនិចអាចមានប្រយោជន៍ក៏ដោយ វាអាចរំខានដល់ការសិក្សា ដោយទាក់ទាញអ្នកទៅការកម្សាន្ត ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ វាជាការល្អបំផុតដើម្បីចៀសវាងឧបករណ៍ទាំងអស់នោះនៅអំឡុងពេលសិក្សារបស់អ្នក។ ៤. ខំប្រឹងនៅវិនាទីចុងក្រោយ ដំណោះស្រាយ៖ វាជាវិទ្យាសាស្ត្រ។ អ្នកគួររៀនម្តងបន្តិចៗជាប្រចាំ ជាជាងបង្ខំខ្លួនឯងឲ្យចងចាំគ្រប់យ៉ាងក្នុងរយៈពេលខ្លី ពីព្រោះវាមានប្រសិទ្ធភាពជាងនិងអាចជួយអ្នកចងចាំកាន់តែច្រើន។ ៥. សិក្សាដើម្បីចងចាំមិនត្រូវយល់ ដំណោះស្រាយ៖ ការចងចាំគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ។ ការយល់ដឹងគឺជាអចិន្ត្រៃយ៍។ បង្កើតផែនទីគំនិតមួយ ហើយអ្នកនឹងបង្កើតរូបភាពធំជាងមុន។ វិធីនោះអ្នកនឹងយល់វាយ៉ាងងាយស្រួល ហើយចាប់ពីពេលនេះតទៅ អ្នកនឹងចងចាំវាជាអចិន្ត្រៃយ៍។ រាល់មនុស្សម្នាក់ៗមានកង្វះ និងវិធីសាស្រ្តប្លែកៗអំពីការរៀនសូត្រ។ ទាំងបីជាយ៉ាងណាក្ដី  យើងមានគោលដៅដូចគ្នា ពោលគឺ លទ្ធផលសិក្សាជោគជ័យដែលយើងទាំងអស់គ្នាចង់បាន។ ព្យាយាមកែតម្រូវការសិក្សារបស់អ្នកបន្តិចម្តងៗ ហើយអ្នកនឹងឃើញភាពប្រសើរឡើង។ ដូចពាក្យចាស់និយាយថា "ធ្វើការឆ្លាត កុំធ្វើការពិបាក"។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

របេងមានពាក្យកាត់ហៅថា TB គឺជាជំងឺដែលកើតឡើងដោយសារបាក់តេរីមួយប្រភេទហៅថា Mycobacterium tuberculosis ឆ្លងតាមខ្យល់ ពិសេស នៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមានសកម្មភាពនៅសរីរាង្គសួតច្រើនជាងគេ ហើយក៏អាចធ្វើឲ្យខូចសរីរាង្គផ្សេងផងដែរ។ ទោះបីវ៉ាក់សាំងត្រូវបានផលិតជាង ១០០ឆ្នាំហើយក៏ដោយ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម៣នាក់ទូទាំងពិភពលោកនៅតែអាចប្រឈមមុខនឹងការឆ្លងជំងឺរបេង។ ជារៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ១.៧ លាននាក់ក្នុងពិភពលោកបានស្លាប់ដោយសារជំងឺរបេង ព្រមទាំង ៧.៣លាននាក់ផ្សេងទៀត បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងឆ្នាំ២០១៨នេះ។ ជាក់ស្តែង អ្នកជំងឺភាគច្រើនទទួលការព្យាបាលដោយប្រើបា្រស់ថ្នាំអង់ទីប៊ីយ៉ូទិករយៈពេល ៦ខែទៅ៨ខែ ដោយមានផលរំខានច្រើន និង២០% អាចប្រឈមមុខនឹងការលាប់ឡើងវិញ។ បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Manchester បានធ្វើការពិសោធន៍ជោគជ័យទៅលើសត្វ guinea pigs នៅសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក។ សត្វទំាងនោះផ្ទុកជំងឺរបេងស្រួចស្រាវ និងរ៉ាំរ៉ៃ ហើយបានព្យាបាលជាមួយសមាសធាតុដែលបានសិក្សាជាច្រើនដំណាក់កាល និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងថ្នាំសម្រាប់ព្យាបាល។ សាស្រ្តាចារ្យ Lydia Tabernero ដែលជាប្រធានគម្រោង បានលើកឡើងថា ការសិក្សា និងពិសោធន៍បង្ហាញថាសមាសធាតុនេះ ពុំអាចសម្លាប់បាក់តេរីដោយផ្ទាល់នោះទេ តែវាអាចកាត់បន្ថយបន្ទុកនៃបាក់តេរីបាន។ ដោយហេតុថា Mycobacterium tuberculosis បានបញ្ចេញម៉ូលេគុលមួយដែលគេហៅថា Virulence Factor ដែលជាអាវុធសម្ងាត់របស់កោសិកាបាក់តេរីរារាំ សកម្មភាពប្រព័ន្ធការពាររាងកាយ ជាលទ្ធផលធ្វើឲ្យពិបាកក្នុងការព្យាបាល។  ក្រុមអ្នកវិទ្យាសាស្រ្តបានសម្គាល់ Virulence Factor មួយដែលហៅថា MptpB ដែលជាគោលដៅសំខាន់ក្នុងការសម្លាប់ Mycobacterium tuberculosis យ៉ាងមានប្រសិទ្ធភាព។ សាស្រ្តចារ្យ Taberner បានបង្ហាញថា ដោយសារតែ MptpB ពុំដូចនឹងកោសិកាមនុស្ស ដូចនេះសារធាតុដែលរារាំងពុំមានជាតិពុលដល់កោសិកាមនុស្សឡើយ។ របេងជាជំងឺមួយដែលពិបាកក្នុងការព្យាបាល ដូច្នេះការរកឃើញវិធីថ្មីនេះ ត្រូវបានចាត់ទុកជាគុណសម្បិត្តដ៏ធំមួយសម្រាប់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការស្រាវជ្រាវបន្ត បង្កើនប្រសិទ្ធភាពនៃសមាសធាតុដែលបានរកឃើញ ហើយក៏សង្ឃឹមថានឹងអាចយកទៅប្រើប្រាស់ក្នុងការព្យាបាលក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មានមុខវិជ្ជារាប់មិនអស់ ចំណេញពេល រៀនពេលណាក៏បានទៀតផង! TED-Ed (ធេត អេត) គម្រោងTED–Ed  (ធេត អេត) ជាកិច្ចផ្តួចផ្តើមផ្នែកអប់រំរបស់ TED (ធេត) គេមានវីដេអូមេរៀនខ្លីៗ សម្រាប់ទាំងគ្រូ និងសិស្ស។ អ្នកអាចរៀនពីប្រធានបទច្រើនមុខមែនទែន មានដូចជាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្រៀន អប់រំ ច្នៃម៉ូដ វិស្វកម្ម ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ជាដើម! វ៉ិបសាយ ៖ https://ed.ted.com យូធូប ៖ TED-Ed  Khan Academy (សាលាខាន់) មានវីដេអូខ្លីៗ ស្រួលយល់បង្រៀនពីគណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម កុំព្យូទ័រ សិល្បៈ សង្គមវិទ្យា ផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុជាដើម។ ល្អបំផុតសម្រាប់អ្នកចង់រំលឹកមេរៀន និងរៀនមេរៀនថ្មីៗ! https://www.khanacademy.org School of Life (សាលាជីវិត) មានវីដេអូខ្លីៗផ្តល់ដំបូន្មានពីជីវិតទាក់ទងនឹងអារម្មណ៍ គ្រួសារ ស្នេហា ជម្ងឺផ្លូវចិត្តជាដើម។ សុទ្ធតែជាបញ្ហាដែលយើងជួបប្រទះដូចគ្នា តែមិនដែលរៀនក្នុងសាលាទេ។ វ៉ិបសាយ ៖ School of Life យូធូប ៖ School of Life Youtube Duo Lingo (ឌូអាលីងហ្គូ) ជាវេទិការៀនភាសាផ្សេងៗដែលសប្បាយៗ និងងាយស្រួលយល់! ចង់រៀនកូរ៉េ ចិន បារាំងដោយខ្លួនឯង? សាកប្រើកម្មវិធីនេះទៅ! https://www.duolingo.com/ Coursera, EdX (ខូរ៉េសា, អេដអេច) មានវគ្គបង្រៀនអនឡាញថតពីសាលាល្បីៗ ផ្តោតលើសិល្បៈ និងមនុស្សសាស្ត្រ វិទ្យាសាស្ត្រជីវិត ផ្នែកអភិវឌ្ឍន៍ខ្លួន ពាណិជ្ជកម្ម ជាដើម! https://www.coursera.org/ https://www.edx.org Code Academy (សាលាខូត) អ្នកអាចរៀនខូតបានដោយស្រួល និងងាយយល់។ មិនបាច់ស្តាប់គ្រូពន្យល់ច្រើននោះទេ គឺអ្នករៀនសរសេរខូតដោយខ្លួនឯងតែម្តង។ អ្នកអាចរៀនបង្កើតវ៉ិបសាយ ឬកម្មវិធីមួយដោយខ្លួនឯងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ! https://www.codecademy.com/ Reddit (រ៉េឌីត) Reddit (រ៉េឌីត) ជាសហគមន៍អនឡាញមួយដែលអ្នកអាចពិភាក្សាពីរឿងអ្វីក៏បានស្រេចចិត្ត មានទាំងការងារ ស្នេហា ការសិក្សាក្នុងមហាវិទ្យាល័យ ឬ ជំនួយសម្រាប់ការងារសាលាជាដើម។ https://www.reddit.com Lean in (លីនអុីន) ជាបណ្តុំនៃសន្ទរកថារបស់អ្នកអាជីព ការណែនាំសម្រាប់ការពិភាក្សា និងប្រភពធនធាន សម្រាប់ជួយស្ត្រីឲ្យអភិវឌ្ឍន៍ការងារខ្លួន និងឲ្យមនុស្សគ្រប់រូបដឹង និងដោះស្រាយរឿងយ៉េនឌឺ! https://leanin.org/education អត្ថបទជាភាសាអង់គ្លេស ៖ Online Learning -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

ការព្យាបាលជំងឺតាមបែបបុរាណនៅប្រទេសកម្ពុជាត្រូវបានអនុវត្តធ្វើឡើងតាំងពីសម័យអង្គរ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿយៗ វាត្រូវបានអនុវត្តដោយគ្រូឱសថបុរាណដែលគេហៅថា “គ្រូខ្មែរ” ដែលតែងតែជាអ្នកដែលត្រូវបានគេស្គាល់នៅក្នុងសង្គម។ ការអនុវត្តការព្យាបាលបែបបុរាណនៅតែជាការពេញនិយមសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយការចងក្រងឯកសារអំពីការអនុវត្តការព្យាបាលទាំងនេះគឺមិនទាន់ បានរៀបចំបានត្រឹមត្រូវនោះទេ។ ការស្រាវជ្រាវនេះ មានគោលបំណងក្នុងការធ្វើការអង្កេតលើម៉ូដែលការព្យាបាលជំងឺបែបបុរាណដែលត្រូវបានអនុវត្តដោយគ្រូឱសថបុរាណ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ គ្រូឱសថបុរាណចំនួន ៤ រូប ដែលរស់នៅក្នុងខេត្តកោះកុង ត្រូវបានធ្វើការសម្ភាសបែបស៊ីជម្រៅទៅលើ ៤ ចំណុច ដែលរួមមាន ការអង្កេតអំពីប្រភេទខុសៗគ្នានៃការអនុវត្តការព្យាបាលជំងឺបែបបុរាណ ការយល់ដឹងរបស់សហគមន៍ វិធីនៃការអនុវត្ត និងបទដ្ឋានសង្គម ដែលពាក់ព័ន្ធនឹងការអនុវត្តការព្យាបាលជំងឺបែបបុរាណ។ បច្ចេកទេសនៃការជ្រើសរើសគ្រូឱសថបុរាណត្រូវបានធ្វើឡើងដោយសំណាកបែប Snowball សម្រាប់ការស្រាវជ្រាវនេះ។ បច្ចេកទេសនៃការជ្រើសរើសគ្រូសំណាកបែប Snowball នេះ គឺតែងតែត្រូវបានគេយកមកអនុវត្តនៅក្នុងការសិក្សាស្រាវជ្រាវបែបគុណភាព ក្នុងការធ្វើការជ្រើសប្រភេទសំណាកអ្នកចូលរួមណាដែលមានការលំបាកក្នុងការស្វែងរក។ បន្ទាប់ពីបានប្រមូលទិន្នន័យរួចហើយតាមរយៈការសម្ភាស ដោយប្រើសំណួរបែបសំណួរបើក និងការថតចម្លងទុកទិន្នន័យត្រូវបានរៀបចំឡើងវិញ និងចែកចំណាត់ថ្នាក់តាមវិធីសាស្ត្រ Theme-wise ជាមួយនឹងសម្រង់ឃ្លាប្រយោគដែលពាក់ព័ន្ធ។ បន្ទាប់មកយើងធ្វើការកំណត់លេខកូដ ដោយផ្អែកលើគោលបំណងនៃការស្រាវជ្រាវ។ គោលគំនិតណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានបញ្ចូលទៅក្នុង Sub-theme ឬ Theme ជាមួយគ្នាបន្ទាប់មក លេខកូដចំពោះ Theme នីមួយៗត្រូវបានកំណត់។ បន្ទាប់ពីធ្វើការដាក់លេខកូដរួចហើយ ទិន្នន័យទាំងនោះត្រូវបានបកប្រែទៅជាភាសាអង់គ្លេស ហើយធ្វើការវិភាគបែប Thematic analysis។ លទ្ធផលនៃការសិក្សាបានបង្ហាញថាគ្រូឱសថបុរាណធ្វើការអនុវត្តការព្យាបាលជំងឺតាមម៉ូដែលអសាសនា និងម៉ូដែលសាសនា។ គ្រូឱសថបុរាណអនុវត្តការព្យាបាលជំងឺឲ្យអ្នកជំងឺនៅក្នុងគេហដ្ឋានរបស់ខ្លួន។ ការព្យាបាលជំងឺដោយបាលីភ្ជាប់ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថត្រូវបានអនុវត្តយ៉ាងទំលំទូលាយ។ គ្រូឱសថបុរាណធ្វើការសូត្របាលីទៅតាមសៀវភៅគម្ពីរនៅក្នុងដំណើរការនៃការព្យាបាល ដោយទាមទារយ៉ាងខ្លាំងនូវជំនឿ ឬការជឿរបស់អ្នកជំងឺ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព។ គ្រូឱសថបុរាណពេលខ្លះ គាត់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺតាមរយៈការធ្វើការទំនាក់ទំនងជាមួយដួងព្រលឹងស័ក្តិសិទ្ធិ។ ការព្យាបាលជំងឺរបស់អ្នកជំងឺនៅតាមគេហដ្ឋានផ្អែកលើបទពិសោធន៍រយៈពេលយូររបស់គ្រូឱសថបុរាណ ក្នុងការព្យាបាលជំងឺ ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថនៅក្នុងតំបន់។ តម្លៃនៃការព្យាបាលជំងឺគឺអាស្រ័យលើស្ថានភាពជំងឺ។ សរុបរួម ការព្យាបាលជំងឺតាមបែបបុរាណគឺត្រូវបានអនុវត្តជាទូទៅសម្រាប់ការថែទាំសុខភាពជាបឋមនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពទាប។ ការអង្កេតទៅលើម៉ូដែលនៃការព្យាបាលជំងឺបែបបុរាណគួរតែត្រូវបានបន្តធ្វើ ដើម្បីឲ្យយល់អំពីយន្តការនៃការព្យាបាលជំងឺឲ្យកាន់តែស៊ីជម្រៅជាងនេះ។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទសីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង លី មល្លិកា ជា ស៊ីន  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គ្រេច ឬថ្លោះក អាចជាការឈឺចាប់បែបសាមញ្ញ និងកើតឡើងនៅទីតាំងជាក់លាក់ ហើយភាគច្រើនតែងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញអ្នកក៏គួរដឹងពីគន្លឹះមួយចំនួនសម្រាប់ណែនាំដល់អ្នកដែលត្រូវការជំនួយដើម្បីអាចសម្រាលអាការៈឈឺចាប់នោះឲ្យបានកាន់តែឆាប់រហ័ស។ អ្វីគួរដឹង? អាការៈគ្រេច ឬថ្លោះក បណ្តាលមកពីការកន្រ្តាក់នៃសាច់ដុំធំមួយដែលស្ថិតនៅផ្នែកចំហៀងនៃក ហើយតែងកើតមានឡើងក្នុងករណី៖ • នៅពេលព្រឹក និងភ្លាមៗពេលងើបពីដំណេក។ វាជាការឈឺចាប់ធម្មតាដែលបណ្តាលមកពីទីតាំងគេងនៅពេលយប់មិនបានល្អ ឬធ្វើកាយវិការខុសប្រក្រតីណាមួយ • សម្រាប់កុមារ៖ សញ្ញាថ្លោះក អាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកត្រចៀក ឬឈឺទ្រូងជាដើម • ប្រសិន ការឈឺចាប់កើតមានជាប្រចាំ និងកាន់តែខ្លាំងឡើងបន្តិចម្ដងៗថែមទាំងមានរួមបញ្ចូលសញ្ញាដូចជា ឈឺក្បាល ឬវិលមុខទៀតនោះ វាអាចជាករណីធ្ងន់ធ្ងរ ឬបញ្ហាសរសៃប្រសាទណាមួយ។ អ្វីគួរធ្វើ? ដើម្បីកាត់បន្ថយការឈឺចាប់បណ្ដាលមកពីអាការៈគ្រេច ឬថ្លោះក អ្នកអាចណែនាំវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ស្អំកន្លែងឈឺចាប់ ដោយប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ • ប្រើប្រាស់ឱសថប្រភេទជាក្រែមសម្រាប់លាប ដូចជា Décontractyl baume ឬ Algésal suractivé • ឬអាចប្រើប្រាស់ឱសថក្រោមទម្រង់ជាគ្រាប់ រួមមាន៖ - Décontractyl (Synthélabo) ២៥០mg៖ សម្រាប់មនុស្សពេលវ័យ ដោយអាចលេបម្ដង ២ គ្រាប់ បីដងក្នុងមួយថ្ងៃ - Ibuprofène ២០០mg៖ អាចលេបម្ដង២គ្រាប់ បីដងក្នុងមួយថ្ងៃ • ចំពោះឧបករណ៍រុំក អាចផ្ដល់ឲ្យអ្នកជំងឺបានប្រសិនពួកគេទាមទារចង់ប្រើប្រាស់ ប៉ុន្តែមិនអាចធានាបានពីប្រសិទ្ធភាពនោះទេ។ ប្រសិនអាការៈថ្លោះក នៅតែអូសបន្លាយជាប្រចាំ អ្នកគួរណែនាំឲ្យអ្នកជំងឺទៅទទួលការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតឯកទេស។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មណ្ឌលសុខភាពគឺជាទីកន្លែងមួយដែលសហគមន៍ទៅទទួលសេវាសុខភាព។ មន្រ្តីមណ្ឌលសុខភាពផ្តល់ជូនសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។ ការងាររបស់មណ្ឌលសុខភាពជាមួយនឹងឃុំ សង្កាត់ គឺដើម្បីរក្សាសហគមន៍ឲ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុខុមាលភាព។ តើមណ្ឌលសុខភាពផ្ដល់ជូនសេវាសំខាន់ៗអ្វីខ្លះ? ១. សេវាសុខភាពម្តាយ ទារក កុមារ និងសុខភាពបន្តពូជ៖ • ការថែទាំមុនពេលសម្រាល • ការសម្រាលធម្មតា និងការសម្រាលដោយមានអន្តរាគមន៍ • ការថែទាំក្រោយសម្រាល • ការចាក់ថ្នាំបង្ការដល់កុមារ និងម្តាយ/ស្រ្តី • អាហារូបត្ថម្ភ • ការថែទាំទារកទើបនឹងកើត • ការបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន • សមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ (សពជក) • ការពន្យារកំណើត និងសុខភាពបន្តពូជរបស់មនុស្សពេញវ័យ។ ២. សេវាផ្នែកជំងឺឆ្លង • ជំងឺកាមរោគ • ជំងឺអេដស៍ • ជំងឺរបេង • ជំងឺឃ្លង់ • ជំងឺគ្រុនចាញ់/ ជំងឺគ្រុនឈាម • ជំងឺផ្តាសាយបក្សី។ ៣. សេវាផ្នែកជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងទៀត • ជំងឺលើសឈាម • ជំងឺទឹកនោមផ្អែម • ជំងឺមហារីកសុដន់/ មហារីកមាត់ស្បូន • សុខភាពផ្លូវចិត្ត • សុខភាពមាត់ធ្មេញ • ការថែទាំភ្នែក • ការវះកាត់ និងការថែទាំរបួស។ ៤. ការផ្តល់សេវាទៅសហគមន៍ • ការផ្តល់ថ្នាំបង្ការដល់ស្រ្តី និងកុមារ • ការផ្តល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដែលមានអាយុពី ៦ ទៅ៥៩ខែ • ការផ្តល់ថ្នាំគ្រាប់ជាតិដែក និងអាស៊ីតហ្វូលិកដល់ស្រ្តីមានផ្ទៃពោះ និងថ្នាំទម្លាក់សត្វល្អិតដល់ស្រ្តីមុន និងក្រោយពេលសម្រាល • ការផ្តល់សេវាពន្យារកំណើត • ការស្រាវជ្រាវជំងឺរបេង • ការធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ឆាប់រហ័ស • ការថែទាំមុនសម្រាល និងក្រោយសម្រាល • ការតាមដានការលូតលាស់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ • ការអប់រំ និងលើកកម្ពស់សុខភាព។ ៥. សេវាអប់រំ និងលើកកម្ពស់សុខភាពផ្សេងទៀតមណ្ឌលសុខភាពបានផ្តល់សេវាអប់រំសុខភាពនានាទាក់ទងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀតដូចជា គ្រឿងញៀន ការផ្តាច់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។ តើត្រូវបង់សេវាប៉ុន្មាននៅពេលទៅមណ្ឌលសុខភាពទាំងនោះ? នៅគ្រប់មណ្ឌលសុខភាពទាំងអស់នឹងមានបិទតារាងតម្លៃសេវាជាប់ទៅនឹងជញ្ជាំងក្នុងមណ្ឌលសុខភាពនោះ។ តម្លៃសេវារបស់មណ្ឌលសុខភាពអាចខុសគ្នាបន្តិចបន្តួចទៅតាមខេត្ត និងស្រុកនីមួយៗដោយយោងទៅតាមកម្រិតចំណូលចំណាយរបស់មណ្ឌលសុខភាព លក្ខខណ្ឌជីវភាពរបស់ប្រជាជន (តាមរយៈគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ស្រុកប្រតិបត្តិមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល)។ ការបង់ថ្លៃសេវាសុខភាពនឹងត្រូវបានលើកលែងចំពោះអ្នកជំងឺណាដែលមានប័ណ្ឌក្រីក្រ។ ប្រសិនបើអ្នកជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម អ្នកក៏អាចទទួលបានគ្រប់សេវាទាំងអស់ផងដែរ ដោយពុំមានចេញប្រាក់សម្រាប់បង់ថ្លៃអ្នកប្រើប្រាស់ឡើយ។ គោលការណ៍ណែនាំប្រតិបត្តិការ សេវាបង្ការ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកពីការធ្លាក់ខ្លួនឈឺ និងដើម្បីធានាថាគ្រួសាររបស់អ្នកមានសុខភាពល្អ។ ចូរចងចាំថា ”ការការពារប្រសើរជាងព្យាបាល” ចូរថែទាំគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ សូមសម្គាល់ថា៖ ប្រសិនបើអ្នកមិនមានសៀវភៅសុខភាពមាតា ឬកុមារទេសូមកុំបារម្ភ ព្រោះមណ្ឌលសុខភាពនឹងចេញសៀវភៅថ្មីឲ្យអ្នក។ វាជាការសំខាន់ប្រសិនបើអ្នកមានសៀវភៅតាមដានសុខភាពជាប់មកជាមួយដើម្បីឲ្យពេទ្យអាចមើលប្រវត្តិអ្នកជំងឺ។ តើយើងទាក់ទងទៅកាន់មណ្ឌលសុខភាពបានដោយរបៀបណា? គ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវបើកបម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ចូរទៅកាន់មណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យប្រចាំការ។ គ្រប់មណ្ឌលសុខភាពទាំងអស់សុទ្ធតែបានចាត់ចែងមន្ត្រីប្រចាំការគ្រប់ពេលសម្រាប់ទទួលអតិថិជន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អ្នកស្រាវជ្រាវមកពី University of Michigan Rogel Cancer Center បានរាយការណ៍ពីសញ្ញាណនៃលទ្ធផលដំបូងបន្ទាប់ពីការធ្វើតេស្តគ្លីនិកទៅលើឱសថថ្មីមួយសម្រាប់ជំងឺមហារីកលំពែង។ តេស្តគ្លីនិកដំណាក់កាលដំបូងនេះ ត្រូវបានគេពិសោធទៅលើឱសថ AZD1175 ដែលបង្កើតឡើងដើម្បីទប់ស្កាត់អង់ស៊ីមម្យ៉ាងឈ្មោះថា Wee1 ដែលមានសមត្ថភាពទៅជួសជុល DNA របស់កោសិកាមហារីកឲ្យរស់ឡើងវិញ បើទោះបីបានធ្វើការព្យាបាលដោយការបាញ់កាំរស្មី និងឱសថគីមីក៏ដោយ។ ជាក់ស្ដែងការព្យាបាលដោយកាំរស្មីអុិច និងថ្នាំគីមីដែលមានឈ្មោះថា Gemcitabine គឺជាវិធីសាស្រ្តព្យាបាលស្តង់ដាសម្រាប់ជំងឺមហារីកលំពែង។ វិធីសាស្រ្តទាំងពីរមានសមត្ថភាពទៅបំផ្លាញ DNA របស់កោសិកាមហារីក យ៉ាងណាមិញ កោសិកាមហារីកលំពែងបែរជាមានឥទ្ធិពលខ្លាំងក្លាក្នុងការជួសជុលភាពខូចខាតទាំងនោះឡើងវិញដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលត្រូវបានថយចុះ។ ដូច្នេះដើម្បីរារាំងសមត្ថភាពកោសិកាមហារីកពីការការពារខ្លួនពីឥទ្ធិពលរបស់កាំរស្មីអុិច និងថ្នាំគីមីទើប AZD1775 ត្រូវបានបង្កើតឡើងពីសំណាក់អ្នកស្រាវជ្រាវ។ តេស្តខាងលើត្រូវបានធ្វើឡើងចំពោះអ្នកជំងឺមហារីកលំពែងចំនួន ៣៤ រូប ដោយតម្រូវឲ្យពួកគេប្រើប្រាស់ឱសថ AZD1775 បន្ថែមទៀតស្របពេលទទួលបានការព្យាបាលដោយថ្នាំគីមី Gemcitabine។ គោលដៅនៃការសិក្សា គឺដើម្បីកំណត់ពីកម្រិតដូសខ្ពស់បំផុតនៃ AZD1775 ដែលអាចយកមកប្រើប្រាស់បានក្នុងពេលជាមួយគ្នា។ ដំណើរការនៃការពិសោធបានបង្ហាញពីលទ្ធផលល្អច្រើនជាងការរំពឹងទុកទៅលើការពន្យារជីវិតរស់របស់អ្នកជំងឺដោយអត្រារស់ជាមធ្យមឃើញមានកើនឡើងដល់ទៅ ២២ខែ បើប្រៀបធៀបទៅលើការប្រើប្រាស់ឱសថ Gemcitabine តែមួយមុខដោយអត្រាអាយុរស់មានត្រឹមតែ ១២ ទៅ១៤ខែប៉ុណ្ណោះ។ ការបន្ថែមឱសថ AZD1175 ជាមួយការព្យាបាលតាមកាំរស្មីអុិច និងថ្នាំគីមី អាចផ្ដល់ផលវិជ្ជមានទៅលើអត្រានៃអាយុរស់របស់អ្នកជំងឺ ដែលគួរតែត្រូវបានធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្តទៀត នេះបើយោងតាមប្រសាសន៍របស់អ្នកដឹកនាំផ្នែកស្រាវជ្រាវ Kyle Cuneo។ ម្យ៉ាងទៀតប្រសិនការសិក្សាកាន់តែមានភាពជាក់លាក់នោះវាអាចកាត់បន្ថយភាពស៊ាំរបស់កោសិកាមហារីកទៅលើវិធីសាស្រ្តព្យាបាលទាំងពីរ (កាំរស្មីអុិច និងឱសថគីមី)។ គួរបញ្ជាក់ផងដែរ ជំងឺមហារីកលំពែង មានសមត្ថភាពអាចរីករាលដាលទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយដែលអត្រារស់បាន ៥ឆ្នាំ មានត្រឹមតែ ៩% តែប៉ុណ្ណោះ ចំណែកការស្រាវជ្រាវខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដែលទាមទារឲ្យមានការសិក្សាវិភាគជាច្រើនទៀត។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/08/190814113934.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

បញ្ហាក្លិនមាត់ អាចជាប់ពាក់ព័ន្ធនឹងកត្តាបង្កជាច្រើន។ ជាក់ស្ដែង ក្រៅពីណែនាំឲ្យធ្វើការជួបពិគ្រោះជាមួយទន្តពេទ្យ អ្នកក៏អាចផ្ដល់ជាគន្លឹះផ្សេងទៀតសម្រាប់ពួកគេដើម្បីបំបាត់បញ្ហានេះ និងបង្កើនទំនុកចិត្តឡើងវិញ។ អ្វីគួរដឹង? ករណី ៩០% នៃបញ្ហាក្លិនមាត់ អាចបណ្តាលមកពីសំណល់អាហារ ឈាម កោសិកាក្នុងមាត់ ឬបាក់តេរី ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌដូចជា៖ - ដង្កូវស៊ីធ្មេញ ជំងឺនៅបណ្ដូលធ្មេញ រលាកអញ្ចាញធ្មេញ ការដាក់ធ្មេញមិនបានល្អ និងស្ងួតមាត់ជាដើម - ជំងឺនៅប្រព័ន្ធរំលាយអាហាររួមមាន រលាកក្រពះ ឬរលាកបំពង់អាហារ - មហារីកបំពង់កដំណាក់កាលចុងក្រោយ។ អ្វីគួរធ្វើ? សម្រាប់បញ្ហាក្លិនមាត់ភាគច្រើន (៩០%) ត្រូវបានណែនាំឲ្យជួបពិគ្រោះជាមួយទន្តពេទ្យ ប៉ុន្តែស្របពេលជាមួយគ្នាអ្នកក៏អាចណែនាំនូវគន្លឹះខ្លះៗដូចជា៖ - ជំនួសច្រាសដុសធ្មេញធម្មតាទៅជាប្រភេទច្រាសដើរដោយម៉ាស៊ីនដែលមានមុខងារអាចបាញ់ទឹកបាន (Waterpeek) ឬអាចប្រើប្រាស់សរសៃអំបោះទាក់ធ្មេញដែលមានសារធាតុសម្លាប់មេរោគប្រភេទ Corsodyl (Smithkline Beecham) - ប្រើប្រាស់ថ្នាំដុសធ្មេញដែលរួមផ្សំទៅដោយ ស័ង្កសី និងក្លរ ឬអាចលេបថ្នាំស័ង្កសី (Rubozine) ៣គ្រាប់ក្នុងមួយថ្ងៃ។ ប្រសិនបញ្ហាក្លិនមាត់មិនជាប់ពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ អាចណែនាំអ្នកជំងឺឲ្យទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញទូទៅ។   ចំណាំ៖ សូមកុំច្រឡំបញ្ហាក្លិនមាត់នេះ ទៅនឹងអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកង្វះអាំងស៊ុយលីនដែលអាចឲ្យមានក្លិនដូចទៅនឹងទឹកថ្នាំលាងក្រចកចេញតាមច្រមុះ។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការកំណត់ពីប្រសិទ្ធភាពនៃថ្នាំគីមីក្នុងការព្យាបាលជំងឺមហារីក អាចនឹងត្រូវវាស់វែងបានតាមរយៈឧបករណ៍ថ្មីមួយ នេះបើយោងតាមការសិក្សាស្រាវជ្រាវពី Journal Microsystems & Nanoengineering។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាមួយភាពជាក់លាក់ដល់ទៅ ៩៥.៩% ក្នុងការរាប់កោសិកាមហារីកនៅរាល់ពេលឆ្លងកាត់ជាមួយអេឡិចត្រូត។ ប្រធានផ្នែកនិពន្ធ លោក Mehdi Javanmard ដែលមានតួនាទីជាសាស្រ្តាចារ្យជំនួយប្រចាំ Department of Electrical and Computer Engineering នៅឯ Ruters University-New Brunswick បានឲ្យដឹងថា “ពួកយើងបានបង្កើតឧបករណ៍នេះឡើង ដែលអាចសន្និដ្ឋានបានថាតើអ្នកជំងឺអាចឆ្លើយតបជាវិជ្ជមានទៅលើវិធីសាស្រ្តព្យាបាលជំងឺមហារីក ឬយ៉ាងណា”។ បន្ថែមពីនោះបច្ចេកវិទ្យានេះជាការបញ្ចូលគ្នានៃ Artificial intelligence និង Biosensors ព្រមទាំងរួមផ្សំទៅដោយបរិមាណតិចតួចនៃសារធាតុរាវដែលមានសមត្ថភាពចាប់បានពីភាពប្រែប្រួល ឬភាពស៊ាំរបស់កោសិកាមហារីកអំឡុងពេលព្យាបាលដោយថ្នាំគីមី។ ក្រុមការងារ Ruters បានធ្វើតេស្តជាដំបូងតាមរយៈការប្រើប្រាស់សំណាកកោសិកាមហារីកដែលបានព្យាបាលជាមួយកំហាប់ថ្នាំផ្សេងៗគ្នា។ ជាលទ្ធផលឧបករណ៍នេះអាចចាប់បានកោសិកាមហារីកដែលនៅរស់ ដោយមើលទៅលើភាពប្រែប្រួលនៃចរន្តអេឡិចត្រូតរាល់ពេលឆ្លងកាត់ប្រហោងដ៏តូចនៃសារធាតុរាវ។ ចំណែកជំហានបន្ទាប់ ការធ្វើតេស្តនឹងធ្វើឡើងទៅលើសំណាកដុំមហារីករបស់អ្នកជំងឺផ្ទាល់ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃថ្នាំព្យាបាលណាមួយមុនពេលអ្នកជំងឺអាចចាប់ផ្ដើមទទួលបានការព្យាបាល។  ជាមួយលទ្ធផលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីនេះនឹងអាចបង្កើនអន្តរាគមន៍បន្ថែមសម្រាប់អ្នកជំងឺមហារីក ក៏ដូចជាគ្រប់គ្រងនិងកំណត់ស្ថានភាពជំងឺឲ្យបានកាន់តែប្រសើរឡើង។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/07/190716150007.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top