Menu

ខ្សោយផ្លូវភេទជាមួយជំងឺទឹកនោមផ្អែម


ខ្សោយផ្លូវភេទជាមួយជំងឺទឹកនោមផ្អែម

មុននឹងធ្វើការបកស្រាយខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះអាចនឹងមិនពិរោះស្ដាប់តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។

បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ទោះជាយ៉ាងណាក៏ដោយ ការនិយាយ ជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយ លោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាលនិងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ជាក់ស្តែងជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60%ក្នុងពេលម្តង ឬច្រើនដង នៅពេលដែល ជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។

តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច?
ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន:
•ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ
•ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម
•ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាច ដំណើរការមិនល្អ ឬស្ទះ
•ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ ដូចជាមេរោគផ្សិតទៅ​លើស្បែកគ្របក្បាលលិង្គ។

ភាពកម្សោយផ្លូវភេទ
ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ហេតុដូច្នេះបញ្ហាខ្សោយផ្លូវភេទគឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។​ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរសដោយមិនគិតពីអាយុនិងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។

កត្តាហានិភ័យ
•អាយុ 
•រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម 
•ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ 
•ជក់បារី 
•លើសសម្ពាធឈាម
•លើសជាតិខ្លាញ់ក្នុងឈាម
•កង្វះអ័រម៉ូន អង់ដ្រូសែន( Androgen ជាអ័រម៉ូនភេទបុរស) 
•ជំងឺសរសៃឈាមបេះដូង។

មូលហេតុ
ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម (Atherosclerosis) និងលិង្គត្រូវបាន​ចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។ ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាមនិងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។​បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់ រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គ ឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជាភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។

ការព្យាបាល
ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទនិងស្វែងរកការព្យាបាលដ៏សមស្រប។ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafi(Levitra®),Tadalafil​(Cialis®)នឹងត្រូវចេញវេជ្ជបញ្ជា។មានវិធីជាច្រើនដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតាទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ចិត្តវិទូឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!!

វិធីការពារ
ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា​ និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា៖
•គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ
•ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ៖ បញ្ឈប់ការជក់បារីរក្សាទម្ងន់ឲ្យបានល្អធ្វើលំហាត់ប្រាណចៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទ ជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង (Stress)៕

បកស្រាយដោយ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាវេជ្ជបណ្ឌិតនៃគ្លីនិកវេជ្ជបណ្ឌិត នៅ គីមសាន

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 


Share:

អត្ថបទទាក់ទង