Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អាហារ ៥យ៉ាងដែលកុមារងាយប្រឈមនឹងអាល្លែកហ្ស៊ី!

បញ្ហាអាល្លែកហ្ស៊ី ជាប្រតិកម្មកើតមានឡើងនៅពេលរាងកាយប្រឆាំងទៅនឹងប្រូតេអុីនដែលមានក្នុងចំណីអាហារ ស្តែងចេញជារោគសញ្ញានានា។ចំពោះកុមារជាវ័យដែលស្ថិតក្នុងដំណាក់កាលដំបូងក្នុងការចាប់ផ្តើមទទួលយកប្រភេទអាហារថ្មីៗជាច្រើនសម្រាប់ការលូតលាស់ នោះបញ្ហាអាល្លែកហ្ស៊ីអាចជាហានិភ័យដែលនឹងងាយកើតមានឡើង។ ខាងក្រោមជាចំណីអាហារ ៥ប្រភេទដែលគួរតែមានការយកចិត្តទុកដាក់ ដោយហេតុថាវាតែងបណ្តាលឲ្យមានប្រតិកម្មពីរាងកាយកុមារបង្កជាអាល្លែកហ្ស៊ី។

1. ទឹកដោះគោ
កុមារភាគច្រើនអាចមានបញ្ហាអាល្លែកហ្ស៊ីជាមួយផលិតផលទឹកដោះគោជាញឹកញាប់ ព្រោះវាជាសារធាតុប្រូតេអ៊ីន​​​​​​ដំបូងដែលកុមារទទួលរងក្នុងបរិមាណច្រើនជាងគេ ជាពិសេសចំពោះការប្រើទឹកដោះគោជាប្រភេទកំប៉ុង។ កុមារអាចនឹងមានអាការៈដោយបង្ហាញជាការយំដែលមិនអាចគ្រប់គ្រងបាន ក្អួត ឬមានលេចឡើងជាកន្ទួលក្រហមនៅលើស្បែកជាដើម។ ក្នុងករណីកុមារតូចៗមិនអាចទទួលយកនូវទឹកដោះគោដែលជាប្រភពយ៉ាងសំខាន់នៃកាល់ស្យូម អ្នកក៏អាចជ្រើសរើសនូវរបបអាហារផ្សេងរួមបញ្ចូលដូចជា បន្លែដែលមានស្លឹកបៃតង  ត្រី (សាល់ម៉ុន) ទឹកក្រូចស្រស់ តៅហ៊ូ។

2. ស៊ុត
កុមារភាគច្រើនអាចនឹងមានបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងប្រូតេអ៊ីនផ្នែកសនៃស៊ុតដោយបង្ហាញជារោគសញ្ញាឡើងកន្ទួលក្រហមនៅលើស្បែក ឬមានជំងឺភ្លាមៗបន្ទាប់ពីការញ៉ាំ។ បើទោះបីផ្នែកសនៃស៊ុតអាចបង្កឲ្យមានបញ្ហា កុមារគួរចៀសឲ្យឆ្ងាយពីការបរិភោគស៊ុតទាំងមូលតែម្តង មួយវិញទៀត ផលិតផលជានំបុ័ងដែលរួមបញ្ចូលដោយស៊ុតក៏គួរត្រូវបានចៀសវាងផងដែរ ដរាបណាមានការអនុញ្ញាតពីអ្នកជំនាញពេលកុមារធំពេញវ័យ។ បើទោះបីស៊ុតមានចំណែកក្នុងការផ្តល់ជីវជាតិអ្នកក៏អាចជំនួសវាដោយអាហារជាប្រភេទសាច់ត្រីធញ្ញជាតិ និងសណ្តែកជាដើម ដែលវាមានសារជាតិប្រូតេអ៊ីនរ៉ែ និងវីតាមីនប្រហាក់ប្រហែលនឹងសារធាតុដែលមានក្នុងស៊ុត។
 
3. សណ្តែកដី និងគ្រាប់ផ្លែឈើ
ជារបបអាហារដែលអាចនឹងងាយចៀសវាងក្នុងករណីកុមារមានបញ្ហាអាល្លែកហ្ ស៊ីប៉ុន្តែកុមារអាចនឹងញ៉ាំអាហារប្រភេទនេះដោយមិនដឹងជាមុន ដោយហេតុតែវាអាចបង្កប់ ឬប្រើប្រាស់បន្ថែមទៅក្នុងផលិតផលអាហារមួយចំនួន។ ម៉្យាងទៀត វាមានភាពពិបាកក្នុងការបែងចែកថាកុមារមានប្រតិកម្មជាមួយគ្រាប់ផ្លែឈើណាមួយ ដោយសារតែគ្រាប់ផ្លែឈើអាចមានច្រើនប្រភេទ ដូច្នេះ ការចៀសវាងគួរអនុវត្តឡើងមិនថាចំពោះប្រភេទណាមួយនោះទេ។ កុមារអាចនឹងមានអាការៈនៅលើស្បែក ប្រព័ន្ធរំលាយអាហារ ឬអាចឈានដល់រោគសញ្ញាធ្ងន់ធ្ងរពាក់ព័ន្ធដល់ប្រព័ន្ធដង្ហើម និងបេះដូងផងដែរ។

4. សណ្តែកសៀង
សណ្តែកសៀងក៏ស្ថិតក្នុងរបបអាហារដែលរាងកាយរបស់កុមារងាយនឹងមានប្រតិកម្មផងដែរដោយវាអាចស្តែងចេញជាអាការៈកន្ទួលលើស្បែក ហៀរសំបោរ កណ្តាស់ រាក ឬក្អួតជា ដើម។ ក្នុងករណីដែលកុមារមានប្រតិកម្មជាមួយផលិត ផលទឹកដោះគោ ពួកគេអាចនឹងមានការប្រឈមខ្ពស់ទៅនឹងបញ្ហាអាល្លែកហ្ស៊ីជាមួយសណ្តែកសៀងដែលជាហេតុអ្នកជាអា ណាព្យាបាលគួរប្រើប្រាស់ផលិតផលដែលមានរូបមន្តសារជាតិ អាល្លែកហ្ស៊ីទាប ដូចជាអ៊ីដ្រូលីសប្រូតេអ៊ីន និងអាមីណូអាស៊ីត។

5. ស្រូវសាលី
ជាប្រភេទគ្រាប់ធញ្ញជាតិតែងបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ី ហើយវាឃើញមាននៅក្នុងអាហារដែលត្រូវបានគេផលិតមួយចំនួន។ បញ្ហាដែលកើតមានឡើងអាចស្តែងចេញជាពីរករណី ក្នុងនោះកុមារអាចប្រឈមទៅនឹងដុំកន្ទួលក្រហមលើស្បែក ឬដង្ហក់ភ្លាមៗ មួយផ្នែកទៀតប្រូតេអុីនដែលមាននៅក្នុងស្រូវសាលីអាចឲ្យកុមារលេចឡើងជាជំងឺceliacដែលជាជំងឺបណ្តាលមកពីប្រព័ន្ធការពាររាងកាយធ្វើឲ្យខូចខាតដល់កោសិកាពោះវៀនតូច និងមិនអាចស្រូបយកជីវជាតិបានល្អ។


រោគសញ្ញានៃបញ្ហាអាល្លែកហ្ស៊ីភាគច្រើនតែងកើតមានឡើងភ្លាមៗ និងមិនសូវបានចាប់អារម្មណ៍នោះទេ ប៉ុន្ តែទោះបីជាអាការៈស្តែងចេញមានភាពសាមញ្ញយ៉ាងណាក៏ដោយ អាណាព្យាបាលក៏មិនគួរធ្វើការធ្វេសប្រហែល ព្រោះថាបញ្ហាធ្ងន់ធ្ងរអាចនឹងកើតមាននៅពេលណាមួយ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត រាជធានីភ្នំពេញ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។ យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិក បានបង្ហាញថាស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹង ខែកុម្ភៈ ឆ្នាំ ២០២០។ មុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាតដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រព្រោះតែការរាតត្បាតជំងឺកូវីដ -១៩  និងការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។ ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ផ្ទុយពីសហរដ្ឋអាមេរិក មានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បី នៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិតPhysiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។ Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិត ពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និងមានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។ ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អ ជាមួយនឹង ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។ Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បាន ជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។    ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់ នូវសារជាតិចិញ្ចឹមសំខាន់ៗ ដល់កូនៗ របស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។ លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា “ពួកយើងកំពុងតាមដានស្ថានភាព នេះយ៉ាងដិតដល់ ហើយពួកយើងប្តេជ្ញាចិត្តនឹងបន្តផ្គត់ផ្គង់តម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់នៅប្រទេសកម្ពុជា។ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជា”។ ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈនិងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ។  

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។   វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។ ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។ ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។ ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖ 1- ការសំយោគសារធាតុកូឡាជែន  កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។ 2- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ​។​ 3- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា  កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។  លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top