Menu

ខ្លីៗ មិត្តនារី នៅតែអាចស្អាតបានទោះបី…


ខ្លីៗ មិត្តនារី នៅតែអាចស្អាតបានទោះបី…

អាចដោយសារតែអ្នកមានអារម្មណ៍មិនល្អ ឈឺមិនសូវស្រួលខ្លួន ស្បែកប្រែប្រួលមិនស្រស់ថ្លា ឬមានមុនលើមុខខុសធម្មតា ដែលធ្វើឲ្យអ្នកតែងតែសំងំក្នុងផ្ទះរាល់ពេលមករដូវមែនទេ?

ការពិតទៅអ្នកក៏មានការងារដែលត្រូវទទួលខុសត្រូវជាប្រចាំ ដែលវាអាចនឹងសំខាន់ជាងអ្វីដែលកើតមានក្នុងខ្លួនអ្នក។ មិនមែនមានន័យថាឲ្យអ្នកទ្រាំជាមួយភាពមិនប្រក្រតីនោះទេ ប៉ុន្តែអ្នកត្រូវដោះស្រាយវា។    ដូច្នេះ ហេលស៍ថាម នឹងបង្ហាញមិត្តនារីនូវដំណោះស្រាយខ្លីៗ ប្រកបដោយប្រសិទ្ធភាពខាងក្រោម៖

ផ្តល់សំណើមស្បែក
ការរក្សាស្បែកអំឡុងពេលអ្នកមករដូវ គឺរក្សាឲ្យស្បែករបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ជាមួយនឹងប្រភេទផលិតផលផ្តល់សំណើមល្អនិងស័ក្តិសមតាមប្រភេទស្បែក។  អ្នកជំនាញបាននិយាយថា ស្បែករបស់អ្នកងាយនឹងប្រែប្រួល ហើយទៅជាស្ងួតជាងធម្មតាហើយស្បែករបស់អ្នកមានតម្រូវការចាំបាច់នូវប្រភេទផ្តល់សំណើមដែលមានបញ្ជាក់ថា oil-free ឬ comedogenic   ដើម្បីរក្សាតុល្យភាពស្បែកក្នុងពេលវេលាស្ត្រេសនេះ។

បិតម៉ាស់ធម្មជាតិ
ព្យាយាមឲ្យស្បែកមុខអ្នកកាន់តែល្អប្រសើរដោយការបិតម៉ាស់ ជាមួយនឹងផ្លែឈើ ដ៏មានគុណប្រយោជន៍ជួយស្បែកមុខ។ ដោយហេតុថា ការបិតម៉ាស់ជួយឲ្យស្បែកមុខត្រជាក់ និងជួយដោះស្រាយភាពប្រែប្រួលខ្លាំងរបស់ស្បែកបានយ៉ាងប្រសើរ ដែលវាតែងកើតមានឡើងអំឡុងពេលមករដូវ។  មួយប្រភេទនៃផ្លែឈើទាំងនោះត្រសក់ក៏មានប្រសិទ្ធភាពដូចដែលអ្នកធ្លាប់ដឹង  ចិតត្រសក់ស្តើងៗបិតឲ្យសព្វលើផ្ទៃមុខទាំងមូលរបស់អ្នក ត្រឹម១៥ទៅ៣០នាទី ធ្វើឲ្យស្បែកមុខទន់រលោង។

សម្អាតកោសិកាស្បែកចាស់ៗ
ស្បែករបស់អ្នកនឹងក្លាយជាចាស់ហើយស្រអាប់ជាងធម្មតាក្នុងរយៈពេលនេះ ដូច្នេះ ដើម្បីឲ្យស្បែកត្រឡប់មកជាភ្លឺថ្លាវិញ អ្នកត្រូវធ្វើការកម្ចាត់កោសិកាស្បែកដែលចាស់នោះក្នុងកម្រិតស្រាល។ អ្នកអាចប្រើជាប្រភេទស្ក្រាប់ពីធម្មជាតិ ប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកលាបវាថ្នមៗលើផ្ទៃមុខ។ ការប្រើស្ក្រាប់ អ្នកក៏អាចកម្ចាត់ចេញនូវប្រេង ធូលី ដី និង កោសិកាស្បែកងាប់បានផងដែរ ជាពិសេសវាជួយសម្អាតរន្ធញើសនិងជួយឲ្យស្បែកភ្លឺរលោង។

បង្កើនជាតិទឹកក្នុងរាងកាយ
ជាតិទឹកជួយរក្សាឲ្យស្បែកនៅភ្លឺថ្លាល្អ ហើយហេតុផលដែលវាពិតជាសំខាន់សម្រាប់ស្ត្រី គឺរក្សាស្បែកឲ្យមានជាតិទឹកច្រើនបំផុតអំឡុងពេលមករដូវ។ មានការប្រែប្រួលជាច្រើនដែលកើតឡើងលើស្បែកអំឡុងពេលនេះ ហើយការផ្លាស់ប្តូរនេះអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព ដោយគ្រាន់តែបង្កើនបរិមាណជាតិទឹកក្នុងរាងកាយតាមគ្រប់រូបភាព។  ជាក់ស្តែងទឹកប្រៀបដូចជាឱសថទិព្វសម្រាប់ស្បែក ដូចនេះ អ្នកត្រូវញ៉ាំទឹកឲ្យបានច្រើនបំផុត។

ញ៉ាំអាហារសមស្រប
អំឡុងពេលមករដូវជារៀងរាល់ខែស្ត្រីគ្រប់រូបមានទំនោរចូលចិត្តញ៉ាំអាហារមិនសូវល្អ រួមជាមួយអាហារដែលមានរសជាតិប្រៃ ខ្លាញ់ និងស្ករ។ អាហារទាំងនេះរឹតតែធ្វើឲ្យសញ្ញានៃការមករដូវកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យស្បែករឹតតែស្រអាប់  ឬរិល។ បង្កើនការញ៉ាំអាហារសុខភាព ដូចជាបន្លែបៃតង ផ្លែឈើ សណ្តែក និងប្រភេទទឹកដោះគោ ដោយសារវាជាសារធាតុបង្កើនកម្រិតជាតិដែកដល់រាងកាយរបស់អ្នក ដែលបានបាត់បង់យ៉ាងច្រើនតាម
ការមករដូវ។

ម៉ាស្សារាងកាយ
ធ្វើការម៉ាស្សារាងកាយជាវិធីសាស្រ្តល្អបំផុត ដើម្បីឲ្យប្រព័ន្ធប្រសាទនានារបស់អ្នកបានសម្រាក។ ដូចគ្នាផងដែរ វាក៏ជួយអ្នកបន្ថយនូវការឈឺចាប់ផ្សេងៗ និងការឈឺពោះនូវរាល់ពេលមករដូវរបស់អ្នក។ ដូច្នេះហើយ ការម៉ាស្សារាងកាយអ្នកទាំងមូលអាចបង្កើនលំហូរឈាមរដូវ ក៏ដូចជាដំណើរឈាមក្នុងរាងកាយផងដែរ ប៉ុន្តែអ្នកអាចនឹងសម្គាល់ឃើញថា អារម្មណ៍របស់អ្នកកាន់តែស្ងប់ និងស្រស់ស្រាយជាងធម្មតា។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

អត្ថបទទាក់ទង