រីករាយដំណើរកំសាន្តបែបសន្សំសំចៃ ទៅកាន់ម៉ាឡេស៊ី
រដូវកាលចុងឆ្នាំ រដូវកាលធ្វើដំណើរកំសាន្តទៀតហើយ! មានគិតថាទៅ Count down នៅម៉ាឡេស៊ីទេ? គួរតែឆ្ងល់ដែរថាហេតុអ្វី ម៉ាឡេស៊ីជាកន្លែងដែល ហេលស៍ថាមណែនាំ? តាមដានកិច្ចសម្ភាសន៍ផ្តល់ដោយ «បងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា» បន្តិចទៅ នឹងដឹងហើយ!
តែថាទៅលើកនេះមិនមែនទៅធម្មតាទេ… គឺទៅបែបលក្ខណៈសេដ្ឋកិច្ច ចំណាយតិច ហើយសប្បាយ!
ហេតុអ្វីម៉ាឡេស៊ីស័ក្តិសមបំផុតសម្រាប់ដំណើរកំសាន្តនៅក្នុងឆ្នាំនេះ?
អ្វីដែលពិសេសគឺ សម្រាប់ឆ្នាំនេះផ្ទាល់ ដោយសារតែរូបិយវត្ថុនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ១ដុល្លាអាមេរិកអាចប្តូរបានដល់ទៅប្រហែល ៤រីងហ្គីត(Ringgit) ជាមួយតម្លៃទំនិញនៅដដែល ធ្វើឲ្យការចំណាយផ្សេងៗ និងការទិញទំនិញរបស់អ្នកកាន់តែចំណេញជាងឆ្នាំមុនៗ។ ដូចនេះ មិនថាឱកាសដំណើរកំសាន្ត ឱកាសទិញទំនិញ និងឱកាសសន្សំសំចៃ គឺមកក្នុងពេលតែមួយ។
ក្នុងនោះផងដែរ តំបន់ទិញទំនិញពេញនិយម និងតម្លៃសមរម្យជាងគេគឺនៅតំបន់ សូងៃវាំង(Sungei Wang Plaza)ដែល នៅ KL central ផ្ទាល់តែម្តង ដោយសារវាមានមជ្ឈមណ្ឌលលក់ទំនិញច្រើននៅជិតៗគ្នាពី៦ ទៅ៧ និងតំបន់ Mid Valley- City ដែលមានមជ្ឈមណ្ឌលលក់ធំមួយ ជាមួយនឹងកន្លែងលក់ទំនិញតូចៗនៅក្បែរមួយចំនួនទៀត តែវាមានតម្លៃថ្លៃជាង Sungei Wang ។
ការសន្សំសំចៃទៅលើសំបុត្រយន្តហោះ
មានជម្រើសជើងយន្តហោះ ២ ដែលធ្វើការហោះហើរផ្ទាល់ពីកម្ពុជាទៅទីក្រុងកូឡាឡាំពួរ(KL) គឺ AirAsia និង Malaysia Airline ។ ដោយគ្រាន់តែធ្វើការកក់សំបុត្រយន្តហោះឲ្យបានមុនក្នុងរយៈយូរ(ជាទូទៅប្រហែលជា៦ខែ) តាម AirAsia អ្នកអាចទិញបានសំបុត្រយន្តហោះក្នុងតម្លៃមួយដ៏មិនគួរឲ្យជឿគឺចាប់ពី៣៥ដុល្លាសម្រាប់oneway ។
ចំពោះ Malaysia Airline អាចមានតម្លៃថ្លៃជាងបន្តិចគឺចាប់ពី១០៧ដុល្លាសម្រាប់ one way ក៏ប៉ុន្តែតម្លៃនេះនឹងមិនសូវមានការប្រែប្រួលឡើយបើទោះជាអ្នកទិញកៀកពេលចេញដំណើរក៏ដោយ។
គំរូដំណើរកំសាន្តបែបផ្សងព្រេង (back packing)ដោយសន្សំសំចៃមួយ ទៅកាន់ម៉ាឡេស៊ី
ជាឧទាហរណ៍សម្រាប់អ្នកចូលចិត្ត Back packing ដែលចង់ចំណាយពេល ៥ថ្ងៃនៅម៉ាឡេស៊ី៖
•នៅម៉ាឡេស៊ី មានព្រលានយន្តហោះពីរដែលនៅជិតគ្នា ដែលKLIH2ជាទីតាំងដែល AirAsia ចុះចត
•បន្ទាប់មក អាចជិះ shuttle bus ដែលចាកចេញពីចំណតរៀងរាល់១៥នាទីម្តង ពីព្រលានយន្តហោះទៅទីក្រុង កូឡាឡាំពួរ (KL central) ដោយចំណាយពេលប្រហែល៣០នាទី និងតម្លៃប្រហែលជា១០ Ringgits ប៉ុណ្ណោះ
•ពេលទៅដល់ KL central អាចជិះតាក់ស៊ីបន្តទៅកាន់កន្លែងស្នាក់នៅដែលមានតម្លៃចាប់ពី ១០០ Ringgits (ប្រហែល២៥ដុល្លា និងអាចធានាបាននូវភាពស្អាត និងអនាម័យ។
•ចំពោះការធ្វើដំណើរនៅ KL central ផ្ទាល់ មាន Hop-On Hop-Off bus ជាប្រភេទឡានក្រុងគ្មានដំបូល ដែលយើងអាចចំណាយត្រឹមតែ៣៥ Ringgits ដោយសំបុត្រជិះនេះមានប្រសិទ្ធភាពមួយថ្ងៃពេញ មិនថាអ្នកចុះ ឬឡើងប៉ុន្មានដងក៏ដោយ ។
ឡាននេះនឹងឈប់នៅតំបន់ចំនួន២២ (រៀងរាល់៣០នាទីនឹងមានឡានមួយមកដល់ចំណត) ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ ដូចនេះ អ្នកដំណើរអាចមើលតាមផែនទី និងចុះនៅកន្លែងដែលខ្លួនចាប់អារម្មណ៍។ ការធ្វើដំណើរនេះអាចប្រើពេលប្រហែល១ទៅ២ថ្ងៃទៅតាមការចូលចិត្តរបស់អ្នកទេសចរ។
•ចំពោះការញ៉ាំនៅ KL central អ្នកទេសចរអាចជ្រើសរើសញ៉ាំនៅតាមមជ្ឈមណ្ឌលទិញទំនិញតែម្តង ដែលតែងតែមាន food court ជាមួយនឹងតម្លៃសមរម្យ។
•ភ្ញៀវទេសចរអាចបន្តទៅកាន់ភ្នំ ហ្កេនធីង(Genting) ដែលជាតំបន់ដ៏ល្បីសម្រាប់អ្នកទេសចរ (ពិសេសលក្ខណៈគ្រួសារ) ដោយជិះឡានក្រុងប្រហែល១ម៉ោងពីកូឡាឡាំពួរ ។
ប្រសិនបើជាដំណើរកំសាន្តបែបម្នាក់ឯង ឬផ្សងព្រេង កន្លែងដែលស័ក្តិសមគួរតែជា តំបន់សមុទ្រ ឡាំងកាវី(Langkawi) ដែលត្រូវធ្វើដំណើរតាមយន្តហោះ រយៈពេល៤៥នាទី ឬក៏ជិះកាណូត (តែតម្រូវឲ្យតជើងពីការជិះឡានមកទីក្រុងកេដាស(Kedah) ជាមុន ទើបបន្តជិះកាណូតមកឡាំងកាវី ដែលពេលវេលាសរុប គឺប្រហែលជា៧ទៅ៨ម៉ោង)។
Langkawi ជាទីប្រជុំកោះ ដែលមានសរុប៩៩កោះ ហើយបានជាប់ចំណាត់ថ្នាក់ជា World UNESCO មួយនៅម៉ាឡេស៊ី ។ គួរឲ្យដឹងផងដែរថា Langkawi ជាកោះដែលមាន Dutyfree (មិនមានចំណាយពន្ធទៅលទំនិញ)ហើយក៏មានរឿងជាច្រើនទាក់ទងនឹងកោះនេះផងដែរ។
•រីឯតំបន់អាហារដែលល្បីគឺប៉េណាំង(Penangដែលនៅក្បែរគ្នានឹង Langkawi ហើយពេញនិយមចំពោះម្ហូបលក្ខណៈចិន និងអាហារសមុទ្រជាដើម ។
•ចុងក្រោយគឺតំបន់ទេសចរណ៍នៅព្រំដែនដែលហៅថា ជោហ៊ោ(Johor) ដែលមានកន្លែងកំសាន្តដ៏ល្បីគឺ LEGOLAND (ប្រហែលនឹង Disneyland) ដោយអាចចំណាយពេលធ្វើដំណើរប្រហែល៤ម៉ោងពីកូឡាឡាំពួរ។
សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងទេសចរណ៍ប្រទេសម៉ាឡេស៊ី អ្នកទេសចរ ឬមានគម្រោងចង់ទៅកំសាន្តនៅទីនោះ អាចធ្វើការទាក់ទងក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជាដែលមានទីតាំងផ្ទាល់នៅស្ថានទូតម៉ាឡេស៊ី។