គុណប្រយោជន៍នៃដំឡូងជ្វា ចំពោះសុខភាព
លោកអ្នកធ្លាប់ទទួលទានដំឡូងជ្វាទេ?ជឿជាក់ថា មិត្តអ្នកអានគ្រប់គ្នាសុទ្ធតែធ្លាប់ភ្លក្សរសជាតិរបស់ដំឡូងជ្វាគ្រប់ៗគ្នាជាក់ជាមិនខាន។ មិនខុសពីផ្លែឈើ និងបន្លែផ្សេងៗទៀតទេ ដំឡូងជ្វាពិតជាមានអត្ថប្រយោជន៏ច្រើនចំពោះសុខភាព។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកគុណសម្បត្តិដែលលោកអ្នកទទួលបានបន្ទាប់ពីទទួលទានដំឡូងជ្វា ទោះជាស្លទទួលទានចំហុយ ឬស្ងោរក៏ដោយ...
១. ផ្ទុកនូវជាតិសរសៃច្រើនលើសលុប
ដំឡូងជ្វា គឺមានផ្ទុកនូវជាតិសរសៃស្ទើរតែ២ដងច្រើនជាងប្រភេទដំឡូងផ្សេងៗទៀត។ ក្នុងដំឡូងជ្វាមួយផ្លែមានផ្ទុកនូវជាតិសរសៃប្រមាណជា៧ក្រាម ដែលវានឹងបង្កើតបានជាជាតិម៉្សៅដ៏ល្អម៉្យាងបន្ថែមលើរបបអាហារគ្រប់ប្រភេទ។ កម្រិតជាតិសរសៃដ៏ខ្ពស់នេះបានផ្ដល់នូវគុណភាពនៃការដុតបំផ្លាញចំណីដ៏យឺតក្នុងរាងកាយដែលវាមានន័យថា ថាមពលកាឡូរីនឹងត្រូវបានប្រើប្រាស់យ៉ាងយឺតៗ និងមានប្រសិទ្ធភាពជាងពពួកអាហារ កាបូអ៊ីដ្រាតដែលមានជាតិសរសៃទាប។
២. ជួយឲ្យបេះដូងមានសុខភាពល្អ
ដំឡូងជ្វា គឺមានផ្ទុកនូវវីតាមីន B6 ក្នុងកម្រិតដ៏ខ្ពស់។ វីតាមីននេះ គឺមានសារៈសំខាន់ណាស់ក្នុងការបំបែកនូវសារធាតុ Homocysteine ដែលធ្វើឲ្យសរសៃអាកទែ និងសរសៃឈាមឡើងរឹងក្រិន។ ជាមួយគ្នានេះ វាអាចជួយឲ្យប្រព័ន្ធឈាមក្នុងរាងកាយធ្វើចលនាបានស្រួល និងផ្ទុកនូវសារធាតុប៉ូតាស្យូមយ៉ាងច្រើនផងដែរ។ លើសពីនេះទៅទៀត ដំឡូងជ្វាអាចជួយបញ្ចុះសម្ពាធឈាម ជួយគ្រប់គ្រងជាតិសូដ្យូមដែលលើស ជួយឲ្យមានតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ រក្សាប្រក្រតីភាពនៃខួរក្បាល និងប្រព័ន្ធប្រសាទកណ្ដាល។
៣. សម្បូរសារជាតិ Beta-carotene
បេតាការ៉ូតែន ឬត្រូវបានគេហៅម៉្យាងទៀតថា វីតាមីន A គឺសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដ៏សំខាន់មួយ។ ដំឡូងជ្វាក្នុងទំហំដ៏សមល្មមមួយអាចផ្ដល់ឲ្យរាងកាយអ្នកនូវវីតាមីនA ដែលត្រូវបានណែនាំសម្រាប់ការទទួលទានជាប្រចាំថ្ងៃ។ វីតាមីននេះមានអត្ថប្រយោជន៏ក្នុងការបង្ការជំងឺមហារីកផ្សេងៗ ការពារស្បែកពីពន្លឺព្រះអាទិត្យ និងជាសារធាតុបំប៉នដ៏ប្រសើរសម្រាប់សុខភាពភ្នែក។
៤. ជាប្រភពនៃសារធាតុម៉ង់ហ្គាណែស
ម៉ង់ហ្គាណែស ជាសារធាតុរ៉ែម៉្យាងដែលមានអត្ថប្រយោជន៏ដ៏អស្ចារ្យចំពោះសុខភាព។ វា គឺជាសមាសធាតុស្នូលនៅក្នុងកត្តាមេតាបូលីសនៃកាបូអ៊ីដ្រាតដែលជួយទ្រទ្រង់នូវកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាពល្អ។ បន្ថែមពីលើនេះ វាជួយក្នុងការបង្កើតនូវថាមពលរាងកាយជួយបង្កើនប្រសិទ្ធភាពសមាសធាតុប្រឆាំង និងប្រតិកម្មអុកស៊ីតជួយព្យាបាលជំងឺខ្វះឈាម និងរោគសញ្ញាផ្សេងៗទៀតនៃវដ្ដរដូវរបស់ស្ត្រី។
៥. សម្បូរវីតាមីនC និងE
វីតាមីនC និងE គឺជាវីតាមីនប្រឆាំង និងប្រតិកម្មអុកស៊ីតបានយ៉ាងល្អ ហើយមានតួនាទីយ៉ាងសំខាន់ ក្នុងការការបង្ការនូវជំងឺផ្សេងៗដទៃទៀត។ វីតាមីនទាំង២នេះ ក៏មានតួនាទីយ៉ាងសំខាន់ចំពោះសុខភាព និងសម្រស់នៃស្បែក និងសរសៃសក់ ដែលធ្វើឲ្យវាក្លាយទៅជាថ្នាំគ្រាប់វីតាមីនបំប៉នស្បែកដ៏ល្បីល្បាញមួយ។ ប្រការនេះបានធ្វើឲ្យដំឡូងជ្វាក្លាយជាអាហារដ៏ល្អមួយប្រសើរសម្រាប់សុខភាព និងសក់៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ