Menu

ស្វែងយល់អំពី ជំងឺខ្សោយបេះដូង


ស្វែងយល់អំពី ជំងឺខ្សោយបេះដូង

១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure)
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។

២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យ?
តាមរបាយការណ៌ថ្មីៗរបស់សមាគមន៍គ្រូពេទ្យជំងឺបេះដូងរបស់អឺរ៉ុបឆ្នាំ ២០១៧ ( ESC )បានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។
- ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។
- អត្រាមរណៈភាពរបស់ជំងឺនេះខ្ពស់ (៣០% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៦០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើរោគវិនិច្ឆ័យ)

៣) រោគសញ្ញា
ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញា​ ៖
- អស់កំលាំង ល្ហិតល្ហៃ
- ពិបាកដង្ហើម ហត់ដង្ហក់
- ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស  
- ហើមជើង ឡើងទម្ងន់លឿន
- ញ័រទ្រូង
- ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)។

៤) មូលហេតុ 
កត្តា ឬមូលហេតុដែលបង្ក មានដូចជា ៖ 
- លើសឈាម (HTN)
- ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease) 
- ជំងឺខូចប្រឺសបេះដូង (Valvular heart disease)
- ជំងឺបេះដូងពីកំណើត (Congenital heart disease)
- ជំងឺសាច់ដុំបេះដូង (Cardiomyopathy) 
- ជំងឺវិបត្តិចង្វាក់បេះដូង( Ventricular Tachycardia , Atrial Fibrillation , SVT ...... )។

៥) រោគវិនិច្ឆ័យ
*** អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមាន ៖
- ការថតសួត (Chest X-ray)
- ការវាស់ចង្វាក់បេះដូង (EKG)
- ការពិនិត្យឈាម
- ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)។

៦) ផលវិបាក
ផលវិបាកផ្សេងៗនៃជំងឺនេះមាន ៖
- ហើមសួតស្រួចស្រាវ (Acute pulmonary edema)
- វិបត្តិចង្វាក់បេះដូង ( V-Tach , V-Fib , TdF ........ )
- គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត ។

៧) ការព្យាបាល
- មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។
- ការព្យាបាលភាគច្រើន ជាការព្យាបាល ដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុង សង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា។
- ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងនរ កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និងហានិភ័យផ្សេងៗ។
- ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់រឺស័រក្នុងសរសៃរឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នកជំងឺដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។ 
- ក្នុងករណីខ្ លះការព្យាបាលដោយវះកាត់មានការចាំបាច់ចំពោះអ្នកជំងឺដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។
- ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។

៨) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅ ៖  ជាកត្តាសំខាន់ក្នុងការការពារ និងព្យាបាលជំងឺខ្សោយបេះដូង។ 
- កុំបរិភោគអាហារសម្បូរជាតិប្រៃ
- ឈប់ជក់បារី
- រក្សាទម្ងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
- កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
- កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់ 
- បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
- ហាត់ប្រាណឲ្យបានទៀងទាត់
- កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
- គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម
- ត្រូវពិសារថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ។

បកស្រាយដោយ ៖ គាំង កុសល និស្សិតវេជ្ជបណ្ឌិតឯកទេស ផ្នែកវេជ្ជសាស្រ្តទូទៅ នឹងវិបត្តិចង្វាក់បេះដូង


Share:

អត្ថបទទាក់ទង