Menu

ដំណើរការគ្រឿងស្រវឹងក្នុងរាងកាយ


ដំណើរការគ្រឿងស្រវឹងក្នុងរាងកាយ

គ្រឿងស្រវឹង ជាវត្ថុរាវម៉្យាងផលិតចេញពីការឡើងមេនៃវត្ថុរាវដែលមានជាតិស្ករ និងជាតិម្សៅ។ សារធាតុអាល់កុលសុទ្ធ គឺគ្មានពណ៌ និងគ្មានរសជាតិទេ តែគ្រឿងស្រវឹងដែលមានពណ៌ និងរសជាតិខុសៗគ្នា ដោយសារធាតុផ្សំដទៃទៀតដែលគេបន្ថែមប៉ុណ្ណោះ។

មនុស្សភាគច្រើនយល់ថា គ្រឿងស្រវឹងជាសារធាតុដែលបង្កើនកម្លាំងចិត្ត តែផ្ទុយមកវិញ វាជាសារធាតុធ្វើឲ្យធ្លាក់ទឹកចិត្ត ប៉ះពាល់ការប្រមូលអារម្មណ៍ ពន្យឺតរយៈពេលឆ្លើយតបទៅនឹងហេតុការណ៍ចៃដន្យណាមួយ។ ការធ្វើឲ្យមានភាពយឺតយ៉ាវដល់សកម្មភាពប្រព័ន្ធប្រសាទកណ្តាលមានន័យថា ការបញ្ជូនសារពីខួរក្បាលទៅសរីរាង្គកាយមិនមានភាពរហ័ស។ ជាក់ស្តែង ការទទួលទានគ្រឿងស្រវឹងតិចតួចបណ្តាលឲ្យអារម្មណ៍ធូរស្រាល ជឿជាក់ ដែលជាញឹកញាប់បង្ហាញឡើងតាមសកម្មភាពខាងក្រៅ។ ផ្ទុយមកវិញ ការទទួលទានគ្រឿងស្រវឹងច្រើនហួស អាចបណ្តាលឲ្យសន្លប់ ឬរហូតដល់ស្លាប់ អាស្រ័យតាមការប្រែប្រួលកម្រិតនៃជាតិអាល់កុលក្នុងឈាម ដែលបានមកពីផលធៀបរវាងការជ្រាបចូល និងការបញ្ចេញចោលសារធាតុអាល់កុល។

តើដំណើរជ្រាបចូល និងដំណើរបញ្ចេញចោលពីរាងកាយ នៃគ្រឿងស្រវឹង ប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ដំណើរការជ្រាបចូល រហូតដល់ការបញ្ចេញចោលនៃគ្រឿងស្រវឹង គឺកើតឡើងដំណាលគ្នាជាមួយពេលដែលអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង។ គួរបញ្ជាក់ថា ដំណើរជ្រាបចូល ជាជម្រាបនៃជាតិអាល់កុលចូលក្នុងឈាម រីឯការបញ្ចេញចោលគឺជាការបញ្ចេញអាល់កុលពីក្នុងខ្លួនដែលដំណើរការរបស់វា រួមមាន៖

ដំណើរជ្រាបចូលរាងកាយ
គ្រឿងស្រវឹងជ្រាបចូលដោយផ្ទាល់ទៅក្នុងចរន្តឈាម តាមក្រពះ និងពោះវៀនតូច។ ជាទូទៅប្រភេទអាហារផ្សេងៗដែលមាននៅក្នុងក្រពះពន្យឺតអត្រាជ្រាបចូលនៃគ្រឿងស្រវឹង ប៉ុន្តែមិនបានកាត់បន្ថយកម្រិតនៃការពុល ឬស្រវឹងទេ។ គ្រឿងស្រវឹងដែលលោកអ្នកទទួលទានចូលទាំងអស់ នឹងជ្រាបចូលក្នុងចរន្តឈាម ដោយមិនពាក់ព័ន្ធទៅនឹងអាហារដែលមានក្នុងក្រពះសោះឡើយ។ ចុងក្រោយ គ្រឿងស្រវឹងត្រូវបានចែកចាយទៅគ្រប់សរីរាង្គទាំងអស់ដែលមានជាតិទឹក ប៉ុន្តែមិនជ្រាបចូលទៅក្នុងជាលិកាខ្លាញ់ទេ។

ដំណើរបញ្ចេញចោលពីរាងកាយ
ថ្លើមបំបែកគ្រឿងស្រវឹងជាង៩០ភាគរយ រីឯចំនួនដែលនៅសល់តិចតួច ត្រូវបានបញ្ចេញចោលតាមទឹកនោម ញើស និងដំណកដង្ហើម។ ទោះជាយ៉ាងណាក៏ដោយ សរីរាង្គថ្លើមអាចដំណើរការបំបែកជាតិពុលបានតែក្នុងចំនួនកំណត់ប៉ុណ្ណោះ មានន័យថា អាចបំបាត់ប្រហែល៣/៤ នៃកម្រិតស្តង់ដាក្នុង១ម៉ោង។ ការស្វាងស្រវឹងត្រូវការពេលវេលា ចំណែកឯការងូតទឹកត្រជាក់ ហាត់ប្រាណ ទទួលទានកាហ្វេខ្មៅ ការស្រូបយកខ្យល់បរិសុទ្ធ ឬការក្អួត មិនអាចជួយបន្ថយអាការៈស្រវឹងបាននោះទេ។ ករណីមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹងយ៉ាងច្រើននៅពេលយប់ ពួកគាត់អាចនឹងមានកំហាប់ជាតិអាល់កុលយ៉ាងខ្ពស់នៅក្នុងចរន្តឈាមនៅថ្ងៃបន្ទាប់។

បកស្រាយដោយ​ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   


Share:

អត្ថបទទាក់ទង