Menu

ហេតុអ្វីត្រូវបរិភោគ Fiber?


ហេតុអ្វីត្រូវបរិភោគ Fiber?

Fiber គឺជាប្រភេទកាបូអ៊ីដ្រាតដែលខ្លួនមនុស្សមិនអាចរំលាយបាន។ បើទោះជាកាបូអ៊ីដ្រាតភាគច្រើនត្រូវបានបំបែកទៅជាម៉ូលេគុលស្ករក៏ដោយ ក៏ Fiber មិនត្រូវបានបំបែកដែរ ហើយវាបែរជាឆ្លងកាត់បំពង់រំលាយអាហាររបស់ខ្លួនមនុស្សដោយមិនមានការរំលាយអ្វីទាំងអស់។ Fiber ជួយសម្រួលដល់ការប្រើប្រាស់ស្ករក្នុងខ្លួន ដោយមិនឲ្យឃ្លាន និងរក្សាកំហាប់ស្ករក្នុងឈាម។ កុមារ  និងមនុស្សពេញវ័យ ត្រូវការ Fiber យ៉ាងតិច២០ ទៅ៣០ក្រាមក្នុងមួយថ្ងៃ។ អាហារដែលសម្បូរទៅដោយ Fiber ច្រើនជាងគេ គឺផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងសណ្តែក។

ទម្រង់២ផ្សេងគ្នារបស់Fiber
•    Fiber ដែលរលាយក្នុងទឹក អាចជួយបន្ថយកម្រិតគ្លុយកូស និងកូឡេស្តេរ៉ុលក្នុងឈាម។ អាហារដែលមាន Fiber រលាយក្នុងទឹករួមមាន ម្សៅធញ្ញជាតិអូត គ្រាប់ផ្លែឈើ សណ្តែក ផ្លែប៉ោមនិងប្លូប៊ឺរី។
•    Fiber  មិនរលាយក្នុងទឹក អាចជួយឲ្យអាហារឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ដោយជំរុញឲ្យមានការបត់ជើងទៀងទាត់ និងការពារការទល់លាមក។ អាហារដែលមាន Fiber មិនរលាយក្នុងទឹក រួមមានស្រូវសាលី នំប៉័ងធ្វើពីស្រូវសាលី ស្រូវសម្រូប គ្រាប់សណ្តែក ការ៉ុត ត្រសក់ និងប៉េងប៉ោះ។ ប្រភពដែលសម្បូរដោយ Fiber គឺផ្លែឈើស្រស់ បន្លែ គ្រាប់សណ្តែក និងគ្រាប់ផ្លែឈើ។

    វិធីសាស្រ្តក្នុងការបង្កើន Fiber ក្នុងខ្លួន
•    បរិភោគផ្លែឈើមិនមែនទឹកផ្លែឈើ
•    ជំនួសបាយស នំប៉័ង និងផាស្តាដោយបាយសម្រូប និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិទាំងមូល
•    សម្រាប់អាហារសម្រន់ គួរហូបបន្លែឆៅជំនួសដំឡូងចៀនឬបំពង នំស្រួយឬសូកូឡា
•    គួរប្រើសណ្តែកជំនួសសាច់ក្នុងអាហាររបស់អ្នកឲ្យបាន២ទៅ៣ដងក្នុងមួយសប្តាហ៍។

    Fiber និងជំងឺ
Fiber អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួន ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមជំងឺដក់ថង់នៅពោះវៀនធំ និងបញ្ហាទល់លាមក។ បើទោះបីជាមានអត្ថប្រយោជន៍យ៉ាងនេះក៏ដោយក៏ Fiber នៅតែអាចបង្កឲ្យមានផលប៉ះពាល់តិចតួចដល់ពោះវៀនធំដែរ។

    ជំងឺបេះដូង
បរិមាណច្រើននៃ Fiber នៅក្នុងអាហារ អាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដោយផ្អែកតាមការសិក្សាមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សអស់រយៈពេលច្រើនឆ្នាំ។
ក្នុងការសិក្សាមួយរបស់ Harvard លើអ្នកវិជ្ជាជីវៈសុខាភិបាលភេទប្រុសជាង៤ម៉ឺននាក់ បានឲ្យដឹងថា ការបរិភោគអាហារដែលមានបរិមាណ Fiber ខ្ពស់ អាចធ្វើឲ្យកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងដល់ទៅ៤០%។ ការសិក្សាមួយទៀតដែលធ្វើលើគិលានុប្បដ្ឋាយិកា ក៏ផ្តល់នូវលទ្ធផលស្រដៀងគ្នាផងដែរ។ ការបរិភោគ Fiber ច្រើន ក៏មានទំនាក់ទំនងក្នុងការបន្ថយហានិភ័យនៃការកើតជំងឺ Metabolic syndrome ដែលជាការរួមគ្នានៃកត្តាជំរុញឲ្យមានកើតជំងឺបេះដូង និងទឹកនោមផ្អែម។ កត្តាទាំងនោះរួមមានជំងឺលើសសម្ពាធឈាម ការឡើងខ្ពស់នៃកម្រិតអាំងស៊ុយលីនក្នុងឈាម ការលើសទម្ងន់ កម្រិតជាតិខ្លាញ់ខ្ពស់ក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ក្នុងឈាមទាប។ ការសិក្សាមួយចំនួន បានណែនាំថា ការបរិភោគ Fiber ច្រើន អាចផ្តល់នូវអត្ថប្រយោជន៍ការពារពីជំងឺទាំងនេះ។

    ជំងឺទឹកនោមផ្អែមប្រភេទ២
របបអាហារដែលមាន Fiber ទាបដែលធ្វើឲ្យមានបរិមាណស្ករក្នុងឈាមកើនឡើង អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សារបស់ Harvard ទាំងពីរ បានរកឃើញថារបបអាហារបែបនេះ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមដល់ទៅ២ដង បើធៀបទៅនឹងរបបអាហារដែលមាន Fiber ច្រើន និងបរិមាណទាបនៃអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់។អាហារដែលមាន Fiber ច្រើននឹងបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាផ្សេងទៀត ដូចជាការសិក្សាទៅលើសុខភាពរបស់ស្ត្រីស្បែកខ្មៅ និងការអង្កេតទៅលើការរំពឹងទុកនៃជំងឺមហារីក និងអាហារូបត្ថម្ភនៅអឺរ៉ុបក្នុងទីក្រុងផតដាំ ប្រទេសអាល្លឺម៉ង់ បង្ហាញនូវលទ្ធផលស្រដៀងគ្នាផងដែរ។

    ជំងឺលានថង់អាហារតូចៗពីពោះវៀនធំ
ជំងឺរលាកថង់តូចៗដែលលានចេញពីពោះវៀនធំជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សារយៈពេលវែងលើអ្នកវិជ្ជាជីវៈសុខាភិបាលភេទប្រុស របបអាហារដែលសម្បូរ Fiber ជាពិសេស Fiber ដែលរលាយក្នុងទឹក មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យដល់ទៅ៤០% នៃការកើតជំងឺលានថង់អាហារពីពោះវៀនធំ។

    Fiber និងជំងឺទល់លាមក
ជំងឺទល់លាមក គឺជាបញ្ហាដែលកើតញឹកញាប់លើប្រព័ន្ធរំលាយអាហារ ហើយការបរិភោគ Fiberទំនងអាចដោះស្រាយ និងការពារបញ្ហាទល់លាមក។ Fiber នៅក្នុងស្រូវសាលី ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពជាង Fiber នៅក្នុងផ្លែឈើ និងបន្លែ។ អ្នកជំនាញបានណែនាំឲ្យបង្កើនបរិមាណ Fiber នៅក្នុងអាហារបន្តិចម្តងៗ ជាជាងបង្កើនច្រើនភ្លាមៗ ម្យ៉ាងទៀត ដោយសារ Fiber នឹងធ្វើការស្រូបជាតិទឹក នោះការផឹកទឹកក៏ត្រូវធ្វើការបង្កើនផងដែរ។

   មហារីកពោះវៀនធំ
ការសិក្សាជាច្រើន បានបរាជ័យទៅលើការបញ្ជាក់ពីទំនាក់ទំនងរវាង Fiber និងមហារីកពោះវៀនធំ។ការសិក្សារបស់ Harvard ដែលធ្វើទៅលើគិលានុដ្ឋាកភេទស្រីជាង៨ម៉ឺននាក់អស់រយៈពេល១៦ឆ្នាំបានរកឃើញថា របបអាហារដែលមាន Fiber មិនមានទាក់ទងនឹងការបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ឬការដុះដុំសាច់ក្នុងពោះវៀនធំដែលជាដើមហេតុ នៃជំងឺមហារីកពោះវៀនធំទេ។

    មហារីកសុដន់
ការសិក្សាធំមួយនៅឆ្នាំ២០១៦ បានធ្វើឲ្យអ្នកស្រាវជ្រាវរបស់សាលា Harvard T.H. Chan School of Public Health រកឃើញថា ការបរិភោគ Fiber ក្នុងបរិមាណច្រើនអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីសុដន់ ដោយបានធ្វើការណែនាំថាការបរិភោគ Fiber ក្នុងវ័យជំទង់ និងពេលចាប់ផ្តើមពេញវ័យ ពិតជាមានសារសំខាន់ណាស់។ ស្ត្រីដែលបរិភោគអាហារសម្បូរទៅដោយ Fiber ក្នុងវ័យជំទង់ និងពេលពេញវ័យដំបូង ដូចជាបន្លែ និងផ្លែឈើ អាចកាត់បន្ថយហានិភ័យបណ្តាលឲ្យកើតជំងឺមហារីកសុដន់ក្នុងកម្រិតគួរឲ្យចាប់អារម្មណ៍មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារមិនសូវសម្បូរ Fiber។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


Share:

អត្ថបទទាក់ទង