ស្លៀកពាក់ឲ្យសមនឹងដំណើរកំសាន្តរបស់អ្នក
ដោយសារពីអត្ថបទមុន យើងបានណែនាំខ្លះៗរួចមកហើយអំពីប្រភេទ និងត្រេននៃការធ្វើដំណើរនៅពេលបច្ចុប្បន្ន ប៉ុន្តែការស្លៀកពាក់យ៉ាងណាឲ្យស័ក្តិសមទៅនឹងដំណើរកម្សាន្តនីមួយៗ គឺជារឿងមួយផ្សេងទៀត។ ជាការពិត ពេលទៅដើរលេងម្តងៗ ដែលខ្វល់ជាងគេគឺសម្លៀកបំពាក់ហ្នឹងហើយ មិនមែនតែដើម្បីថតរូបហ្គោលឲ្យបានស្អាតៗនោះទេ តែក៏ដើម្បីបង្កើនទំនុកចិត្ត ទទួលបានផាសុកភាព និងជាពិសេសគឺភាពស័ក្តិសមផងដែរ។
តែនិយាយដល់រឿងជ្រើសរើសការស្លៀកពាក់ ក៏ធ្វើឲ្យឈឺក្បាលមិនតិចដែរ ហើយក៏មិនអាចលេងសើចបានដូចគ្នា ដូចនេះ កុំប្រាប់ណា៎ថាអ្នកស្លៀកពាក់ស្ទាយដដែលៗ មិនថាទៅដើរលេងបែបណាក៏ដោយ?កុំលេងសើច…
ដំណើរកម្សាន្តនៅតំបន់សមុទ្រ
ជាមួយនឹងអាកាសធាតុល្អៗ ខ្យល់ត្រជាក់រួមជាមួយទេសភាពនៃសមុទ្រ នារីៗអាចជ្រើសរើសយកអាវវាលដៃ រលុងឬរឹបមិនមែនជាបញ្ហាហើយ ស្លៀកជាមួយនឹងខោខ្លី និងអាវស្បៃពីក្រៅ។ ឯបុរសអាចលេងអាវវាលក្លៀក ជាមួយនឹងអាវសាច់ក្រណាត់ពីក្រៅ ស្លៀកជាមួយនឹងខោខ្លីត្រឹមជង្គង់។ សម្លៀកបំពាក់ទាំងនេះ មិនត្រឹមផ្តល់ផាសុកភាព ស័ក្តិសមនឹងបរិយាកាស តែក៏អាចងាយសម្រាប់ការលេងទឹកផងដែរ។ យ៉ាងណាក៏កុំភ្លេចឲ្យសោះនូវសម្ភារៈមួយចំនួនដូចជាវ៉ែនតាខ្មៅធំៗ មួកស្អាតៗ និងស្បែកជើងផ្ទាត់សម្រាប់ការដើរលេងនៅលើខ្សាច់។
ដំណើរកម្សាន្តបែបកីឡា
សំដៅដល់ដំណើរកម្សាន្តដោយជិះកង់ ឬក៏ឡើងភ្នំជាដើម។ អ្នកប្រាកដជាធ្លាប់ឃើញអ្នកដែលធ្វើដំណើរកម្សាន្តប្រភេទនេះក្នុងឈុតសម្លៀកបំពាក់បែបកីឡារាងជិតៗបន្តិច ហើយក៏ភាគច្រើនជាប្រភេទក្រណាត់ដែលមិនជ្រាបទឹក ដែលវាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការពារពីកម្តៅថ្ងៃ ការពារការប្រឡាក់ឬសើម ហើយក៏ជួយរក្សាជាតិទឹកនៅក្នុងខ្លួនបានល្អផងដែរ។ ចំពោះមិត្តនារីៗ អ្នកគួរត្រៀមអាវកាក់សម្រាប់ហាត់កីឡា ពីព្រោះអាវកាក់ដែលអ្នកពាក់រាល់ថ្ងៃមិនផ្តល់ផាសុកភាពគ្រប់គ្រាន់ដល់អ្នកសម្រាប់សកម្មភាពទាំងនេះឡើយ។
ដោយឡែក ការជិះកង់ ឬការឡើងភ្នំទាមទារឲ្យអ្នកត្រៀមផងដែរនូវសម្ភារៈ ព្រមទាំងស្បៀងផ្ទាល់ខ្លួនមួយចំនួន តែក៏មិនអាចយកជាប់ខ្លួនច្រើនពេកដែរ ដូចនេះ អ្នកត្រូវការសាក់កាដូមាំមួយសម្រាប់ដាក់របស់ដែលសំខាន់ៗប៉ុណ្ណោះ។
ដំណើរកម្សាន្តបែបផ្សងព្រេង (Backpacking)
វាមិនខុសពីដំណើរកម្សាន្តបែបកីឡា ដោយសារតែអ្នកដំណើរត្រូវដើរច្រើនជាមួយនឹងសាក់កាដូរបស់ខ្លួនទៅកន្លែងជាច្រើន។ ដំណើរកម្សាន្តប្រភេទនេះជារឿយៗត្រូវចំណាយរយៈពេលយូរ ដូចនេះអ្វីដែលអ្នកត្រូវត្រៀមក៏មានច្រើនដែរ និងគ្រប់បែបយ៉ាង។ អ្នកត្រូវមានប្រភេទសម្លៀកបំ-ពាក់លក្ខណៈដើរលេងបែបលំហែ បែបកីឡា និងបែបគេងយប់អាស្រ័យនឹងកាលៈទេសៈ និងកន្លែងដែលអ្នកទៅដល់។
ក្រៅពីនោះ អ្នកមិនត្រូវភ្លេចអាវ និងខោការពារភ្លៀង ព្រមទាំងស្បែកជើងដ៏រឹងមាំមួយគូផងដែរ។
ដំណើរកម្សាន្តបែប Business
អ្វីដែលចាំបាច់ក្នុងដំណើរកម្សាន្តប្រភេទនេះ គឺត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ។ អ្នកត្រូវត្រៀមសម្លៀកបំពាក់ផ្លូវការសម្រាប់ចូលរួមប្រជុំ ឬការពិភាក្សាផ្សេងៗតាមជំនាញរបស់អ្នក ក៏ដូចជាសម្លៀកបំពាក់បែបសាមញ្ញតែថ្លៃថ្នូរទុកសម្រាប់ការចុះអង្កេតទីផ្សារ ឬទស្សនកិច្ចកន្លែងសាធារណៈណាមួយ។ និយាយរួមវាមិនសូវខុសពីសម្លៀកបំពាក់ទៅធ្វើការឡើយ គ្រាន់តែពេលខ្លះអ្នកក៏អាចលេងស្ទាយបែបលំហែទៅតាមទីកន្លែងដែលអ្នកចុះបេសកកម្មផងដែរ។
ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សា
ភាគច្រើនដំណើរទស្សនកិច្ចបែបនេះធ្វើឡើងជាមួយនឹងក្រុមហ៊ុន ឬសាលានានា។ ជួនកាលខាងស្ថាប័ន មានជាសម្លៀកបំពាក់រួមសម្រាប់អ្នកទស្សនា ប៉ុន្តែពេលខ្លះស្ថាប័នមិនកំណត់។ ដូចនេះក្នុងសកម្មភាពនេះ អ្នកមិនចាំបាច់លេងខ្លួនពេកទេ ទាំងបុរសនិងសុភាពនារី អ្នកអាចពាក់អាវយឺត ជាមួយនឹងខោខូវប៊ូយ ឬសំពត់ បូកនឹងស្បែកជើងប៉ាតាឬផ្សេងៗតាមចំណង់ចំណូលចិត្ត។
ប៉ុន្តែអ្វីដែលសំខាន់ត្រូវដឹងថាអ្នកនៅមានអ្វីធ្វើពេញមួយថ្ងៃ ដូចនេះការស្លៀកសម្លៀកបំពាក់ត្រូវមានភាពងាយស្រួលក្នុងការបត់បែន។
ដំណើរកម្សាន្តក្នុងក្រុង
អាចចាត់ទុកថាជាការដើរលេងធម្មតាដូចជាទៅមើលកុន ដើរផ្សារទំនើប ទិញទំនិញ ទៅញ៉ាំអាហារ រួចថតរូបបង្ហោះក្នុង Facebook អីជាដើម។ ដូចនេះការស្លៀកពាក់គឺនិយាយបានថាហ្រ្វីស្ទាយ(មិនប្រកាន់) ដែលអ្នកអាចស្លៀកពាក់អ្វីតាមរសនិយមរបស់អ្នក ប៉ុន្តែត្រូវប្រាកដថាវាក៏ ទាន់សម័យផងដែរ។ នារីៗជាមួយនឹងរ៉ូបខ្លីៗលើជង្គង់បន្តិច ស្ពាយកូនកាបូប និងពាក់ស្បែកជើងកែងបន្តិច ឬក៏ស្បែកជើងប៉ាតា ជាស្ទាយសាមញ្ញតែពេញនិយម និងមានភាពទាក់ទាញមែនទែន។
ចំណែកបុរសៗវិញ គ្រាន់តែអាវយឺត ឬអាវក្រណាត់កឌុប ពាក់ជាមួយនឹងខោខូវប៊ូយ បូកនឹងស្បែកជើងប៉ាតា ឬស្បែកជើងស្បែកប្រាកដជាអ៊ែម។
ដំណើរកម្សាន្តមានច្រើនប្រភេទ ស្ទាយនៃការស្លៀកពាក់ក៏មានច្រើនបែប ប៉ុន្តែភាពស័ក្តិសមគ្នា (a good matching) មិនមែនកើតឡើងបានគ្រប់ពេលទេ ហើយអ្នកពិតជាត្រូវបន្ស៊ីវាឲ្យល្អទើបមិនបាក់កាលីប។ តែទោះយ៉ាងណា មនុស្សម្នាក់ៗសុទ្ធតែមានអត្តសញ្ញាណផ្ទាល់ខ្លួនដែរ ដូចនេះអ្នកអាចបញ្ចូលស្ទាយជាគោលរបស់អ្នកទៅក្នុងប្រភេទនៃការស្លៀកពាក់នីមួយៗរបស់អ្នកបានដូចគ្នា។