គួរធ្វើ ឬមិនគួរធ្វើពេលចូលធ្វើការដំបូង
អារម្មណ៍ពីរក្នុងពេលតែមួយក៏តែងតែកើតមានចំពោះអ្នកដែលទើបតែទទួលបានការងារថ្មី គឺអារម្មណ៍សប្បាយលាយភ័យ ដោយសារតែគេទោះចង់ ឬមិនចង់ ក៏ត្រូវប្រឈមនឹងអ្វីដែលថ្មីជាច្រើន ទាំងការងារ និងមនុស្ស។ អារម្មណ៍មួយនេះនិយោជិកណាក៏ធ្លាប់ជួបដែរ...
ប៉ុន្តែ ហេលស៍ថាមនឹងនាំមកជូនលោកអ្នកនូវគន្លឹះនៃទង្វើគួរធ្វើ និងមិនគួរធ្វើ ក្នុងពេលចូលធ្វើការងារដំបូងដែលមានដូចខាងក្រោម ៖
ទង្វើគួរធ្វើ ៖
•គិតក្នុងផ្លូវវិជ្ជមាន ព្រោះថាការគិតបែបវិជ្ជមាននឹងជួយឲ្យលទ្ធផលការងារក៏វិជ្ជមានដូចគ្នា (បើទោះជាពេលខ្លះ អ្នកអាចនឹងបង្កើតកំហុសខ្លះក៏ដោយ)។
•មានឆន្ទៈក្នុងការរៀន និងប្រឹងប្រែងឲ្យអស់ពីចិត្ត ដូចដែលគេតែងនិយាយថា «No Pain, No Gain»។
•ដាក់ចិត្តរៀនសូត្រគ្រប់ពេលវេលា តាមរយៈការស្តាប់ សង្កេត និងសាកសួរសំណួរ (បើទោះជាពេលខ្លះ វាអាចនឹងរំខានដល់មិត្តរួមការងារខ្លាំងក៏ដោយ)។
•រៀបចំខ្លួន និងរបស់ប្រើប្រាស់ឲ្យបានរៀបរយ ជាពិសេសតុធ្វើការសម្រាប់អ្នកធ្វើការក្នុងការិយាល័យ ព្រោះថាតុដែលរញ៉េរញ៉ៃក៏អាចប៉ះពាល់ដល់សតិអារម្មណ៍ក្នុងការធ្វើការផងដែរ។
•សម្របខ្លួន និងរាប់អានជាមួយនឹងមិត្តរួមការងារ ដោយចៀសវាងដាច់ខាតនូវការធ្វើអ្វីតែម្នាក់ឯង ឬកាត់ផ្តាច់ខ្លួនចេញពីអ្នកដទៃ ព្យាយាមបង្កើតឱកាសធ្វើការទំនាក់ទំនងជាមួយនឹងពួកគេ ដើម្បីស្គាល់ចិត្ត និងពង្រីកនូវខ្សែបណ្តាញឲ្យហើយ។
ទង្វើគួរចៀសវាង ៖
•កុំឲ្យឧបសគ្គដែលជួបប្រទះបន្លាចអ្នក ឬធ្វើឲ្យអ្នករារែកចិត្តក្នុងការតស៊ូបន្ត។ បើទោះជាមានហេតុការណ៍អាក្រក់ដល់កម្រិតណាក៏ដោយ ជំនួសឲ្យការបោះបង់ចោល អ្នកគួរតែបង្វែរការគិតដោយចាត់ទុកវាជាមេរៀនមួយសម្រាប់ការងារ ក៏ដូចជាជីវិត។ ត្រូវចាំថា «អាចដួលបាន តែសំខាន់ក៏ត្រូវចេះក្រោកឡើងវិញ ហើយបន្តដើរទៅមុខទៀត»។
•ការដែលបានទទួលការងារមួយដោយជោគជ័យ មិនមែនមានន័យថាអ្នកអាចនឹងរក្សាការងារនោះដោយជោគជ័យឡើយ។ កុំអាងតែថាបានជាប់ជាបុគ្គលិកពេញសិទ្ធិហើយ រួចក៏ព្រលែងដៃមិនខ្វល់ពីអ្វី។ ការងារណាក៏មានការកំណត់ គោលដៅ និងការរំពឹងទុកដែរ ហើយនិយោជកក៏មិនរារែកនឹងដកហូតការងាររបស់អ្នកដែរ ប្រសិនបើអ្នកមិនបានបំពេញកាតព្វកិច្ចបានត្រឹមត្រូវដូចអ្វីដែលគេបានរំពឹងទុក។
•ប្រឹងប្រែងហក់លោតហួសពេក ដូចដែលតែងនិយាយថា កុំប្រឹងរត់ ទាំងដែលមិនទាន់ដើរបាននឹងនរស្រួលបួល។ ជាការពិតណាស់ ដែលនិយោជិកណាក៏ចង់ឲ្យការងារ ឬស្នាដៃរបស់ខ្លួនអស្ចារ្យ និងលេចធ្លោដែរ តែត្រូវមើលពីលទ្ធភាព និងតួនាទីរបស់ខ្លួនផង។
•ខ្លាចរអានឹងសាកល្បងនូវអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក កុំភ្លេចណាថា «ការងារនឹងបង្រៀនមនុស្សណាដែលប្រឹងប្រែងប៉ុណ្ណោះ»។
នរណាៗក៏ចាប់ផ្តើមពីលើកដំបូងទៅដែរ...