Menu

មូលហេតុអ្វីបានជាសក់ជ្រុះដុំៗ?


មូលហេតុអ្វីបានជាសក់ជ្រុះដុំៗ?

ការជ្រុះសក់អាចកើតមានឡើងទាំងនៅផ្នែកក្បាល និងដងខ្លួនទាំងមូលដែលវាអាចជាលទ្ធផលនៃតំណពូជ ការប្រែប្រួលអ័រម៉ូន ការប្រើប្រាស់ថ្នាំ ឬលក្ខខណ្ឌព្យា បាលជំងឺជាដើម។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាសក់ជ្រុះតែភាគច្រើនកើតមានចំពោះមនុស្ស​ប្រុស។ ដើម្បីឲ្យសក់ដុះឡើងវិញបានយ៉ាងមានប្រសិទ្ធភាព អ្នកគួរស្វែងយល់ពីឫសគល់នៃបញ្ហាទាំងនេះឲ្យបានច្បាស់លាស់ ព្រមទាំងទទួលយកការព្យាបាលមួយដែលត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញផងដែរ។

សំណួរ៖ ខ្ញុំបាទអាយុ ២០ឆ្នាំ កម្ពស់ ១ម៉ែត្រ៧០ ទម្ងន់ ៥០គីឡូក្រាម ជានិស្សិត។ ខ្ញុំមានការបាត់បង់ ឬជ្រុះសក់ជាដុំ មើលទៅដូចជាឆក ដែលមិនមានជាដំបៅ រមាស់ ឬការឈឺចាប់អ្វីទេនៅលើផ្នែកបាត់សក់នោះ តែខ្ញុំមានការខ្មាសអៀនចំពោះសក់ក្បាលរបស់ខ្លួនឯងបែបនេះណាស់។ តើបញ្ហានេះបណ្តាលមកពីអ្វី? តើមានវិធីព្យាបាលណាធ្វើឲ្យដុះសក់វិញបានទេ?

ចម្លើយ៖ គួរជម្រាបថា ជំងឺជ្រុះសក់ត្រូវបានបែងចែកទៅតាមទម្រង់នៃការជ្រុះ (pattern) របស់វាដែលរួមមានដូចជា ការជ្រុះមួយៗស្មើ ការជ្រុះនៅ ចំកន្លែងជាក់លាក់ណាមួយ ឬជ្រុះលក្ខណៈឆក។ ក្នុងករណីជាការជ្រុះទម្រង់ឆក ជាទូទៅអាចបណ្តាលមកពីបញ្ហាតំណពូជ មានន័យថាក្រុមគ្រួសាររបស់អ្នកជំងឺ ធ្លាប់មានបញ្ហាជ្រុះសក់ទម្រង់ឆក (ឧទាហរណ៍ ជំងឺ androgenic alopecia) ប៉ុន្តែ សញ្ញានៃការជ្រុះសក់ទម្រង់នេះអាចកើតមានខ្លាំង ដរាបណាអ្នកជំងឺមានអាយុចាប់ពី ៤៥ឆ្នាំឡើងឯណោះ ដែលខុសពីបញ្ហារបស់ប្អូន កើតមានតាំងពីវ័យក្មេង។ ជាទូទៅ សក់ជ្រុះ និងសក់ដែលដុះឡើងវិញ ត្រូវមានការសមាមាត្រគ្នាហើយក្នុងករណីដែលសក់ជ្រុះមានភាពលើសលុបលើសក់ដុះតាំងពីវ័យនៅក្មេងអាចបញ្ជាក់អំពីបញ្ហាមិនប្រក្រតីណាមួយ។ ចំពោះការព្យាបាលនឹងត្រូវធ្វើឡើងទៅតាមមូលហេតុនៃការជ្រុះសក់ដែលក្នុងចំណោមមូលហេតុទាំងនោះក៏អាចរួមមានផងដែរនូវបញ្ហាបណ្តាលមកពីផលិតផលសាប៊ូកក់សក់ ស្ត្រេស ភាពតានតឹង ការគេងមិនបាន ឬផលវិបាកនៃជំងឺផ្សេងទៀតដូចជាជំងឺពកក ឬជំងឺស្វាយក្រាប (មេរោគស្វាយក្នុងឈាម) ជាដើម។ អាស្រ័យហេតុនេះការព្យាបាលអាចនឹងធ្វើឡើងតាមរយៈ ការបញ្ឈប់ការប្រើប្រាស់សាប៊ូកក់សក់មិនសមស្រប ការប្រើប្រាស់សាប៊ូដែលមានប្រយោជន៍សម្រាប់ស្បែកក្បាល ថ្នាំលាប ឬស្ព្រៃយន៍បាញ់ដើម្បីភ្ញោចដំណើរការដុះសក់ និងបន្ទាប់ ពីនោះ ការព្យាបាលជាលក្ខណៈរួមផ្សំរវាងការប្រើប្រាស់ថ្នាំស្ព្រៃយន៍ ថ្នាំលាប និងថ្នាំលេប ក៏អាចត្រូវបានណែនាំសម្រាប់មូលហេតុមួយចំនួនដូចជាក្នុងករណីជ្រុះសក់ទម្រង់ឆកជាដើម។ ក្រៅពីនោះ ការព្យាបាលក៏រួមមានការចាក់ថ្នាំនៅនឹងកន្លែងដែលជ្រុះតែម្តងផងដែរ។ ចុងក្រោយ ប្រសិនការព្យាបាលខាងលើមិនទទួលបានលទ្ធផលទេនោះ ការដាំសក់នឹងត្រូវបានណែនាំ ប៉ុន្តែការព្យាបាលនេះតម្រូវឲ្យមានការចំណាយច្រើន ហើយបច្ចុប្បន្ននៅកម្ពុជាក៏ពុំទាន់មានអ្នកជំនាញដែលមានឯកទេសដាំសក់ច្បាស់លាស់នៅឡើយទេ ដូចនេះការព្យាបាលជាទូទៅមានតែជាការប្រើប្រាស់ថ្នាំលាប ថ្នាំលេបនិងចាក់នៅកន្លែងជ្រុះតែម្តង។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺរ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង