Menu

ប្រសិន​បើ​​ខ្ញុំ​ឈឺក្បាល​ផ្នែកខាង​ក្រោយ


ប្រសិន​បើ​​ខ្ញុំ​ឈឺក្បាល​ផ្នែកខាង​ក្រោយ

ឈឺក្បាលអាចជាសញ្ញាធម្មតានៃបុគ្គលគិតច្រើនមួយចំនួន ប៉ុន្តែប្រសិនឈឺផ្នែកខាងក្រោយដែលសង្ស័យថាជាផលប៉ះពាល់ខួរក្បាលនោះ ករណីរបស់អ្នកប្រហែលដូចនឹងករណីខាងក្រោម...

សំណួរ៖ ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៦២គីឡូក្រាម មានមុខរបរជានិស្សិត។ ខ្ញុំឧស្សាហ៍ឈឺក្បាលណាស់ ពិសេសនៅផ្នែកខាងក្រោយ និងគេងមិនសូវលក់។ អាការៈនេះកើតឡើងតាំងពីក្មេងៗមកម្លេះ ប៉ុន្តែ ខ្ញុំមិនដែលទទួលបានការព្យាបាលណាមួយទេ ម៉្យាង ខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយអ្វីដែរ។ តើការឈឺក្បាលផ្នែកខាងក្រោយបែបនេះជាសញ្ញាណនៃជំងឺអ្វី? តើត្រូវព្យាបាលដោយវិធីណាខ្លះ?

ចម្លើយ៖ ចំពោះអាការៈនេះ ប្រសិនបើប្អូនឈឺពីក្មេង កើតនៅទីតាំងដដែល និងមិនមានអាការៈប្រែប្រួលទេ ចំណុចនេះមិនមែនជាបញ្ហាចោទនោះទេ។ ការគេងមិនសូវលក់អាចជះឥទ្ធិពលលើការឈឺក្បាល ហេតុនេះគួរតែរកឲ្យឃើញប្រភពនៃការគេងមិនលក់នេះ ដើម្បីដោះស្រាយការគេងមិនលក់របស់ប្អូន ដែលនាំឲ្យធូរស្រាលដល់ការឈឺក្បាលរបស់ប្អូនផងដែរ។ ម្យ៉ាងទៀត ផ្នែកខាងក្រោយរបស់ខួរក្បាលគឺពាក់ព័ន្ធនឹងគំហើញ បើមានការប៉ះពាល់លើផ្នែកខួរក្បាល គឺអាចមានបញ្ហាដល់ភ្នែក ដូចជាព្រិលភ្នែកផ្នែកខាងឆ្វេង ឬស្តាំជាដើម។ ដូចនេះ ករណីរបស់ប្អូន អាចទាក់ទងនឹងការគេងមិនលក់ មិនទាក់ទងនឹងខួរក្បាលផ្នែកខាងក្រោយទេ។ ទោះជាយ៉ាងណាក៏ដោយ ការជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតគឺជារឿងសំខាន់ ព្រោះអាចជួយប្អូនស្រាយនូវបញ្ហាកំពុងមាន និងទទួលបានការពន្យល់ច្បាស់លាស់។ គួរបញ្ជាក់ផងដែរថា ការជួបវេជ្ជបណ្ឌិតមិនសំខាន់តែលើការផ្តល់ថ្នាំតែមួយមុខទេ តែសំខាន់លើដំបូន្មានដែលត្រូវយកទៅប្រើប្រាស់ និងអនុសាសន៍ផ្សេងៗដែលអាចរាប់បញ្ចូលទាំងមាន ឬគ្មានថ្នាំ ឬទាំងពីរ  ដែលអាចឲ្យប្អូនជាពីជំងឺឈឺក្បាលនេះបានដែរ។

បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង