Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល?

“អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់ ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល” នៅតែជាភាពស្រពេចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ ដែលអ្នកអាចស្វែងយល់បន្ថែមតាមរយៈករណីខាងក្រោម៖

សំណួរ៖ ខ្ញុំមានការឈឺក្បាលតាំងពីអាយុ ១៣ឆ្នាំហើយសក់ខ្ញុំជ្រុះខ្លាំងណាស់រយៈពេល ១ឆ្នាំនេះ។ នាងខ្ញុំឧស្សាហ៍ឈឺក្បាល ថែមទាំងឈឺប្រកាំងទៀតផង។ ខ្ញុំធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ឱសថប៉ារ៉ាសេតាម៉ុល តែឥឡូវការព្យាបាលហាក់គ្មានប្រសិទ្ធភាព។ តើគួរធ្វើដូចម្តេចចំពោះបញ្ហាសក់ជ្រុះនេះ?

ចម្លើយ៖ បើមានបញ្ហាទាក់ទងនឹងខួរក្បាល និងសរសៃប្រសាទ នោះការឈឺក្បាលអាចធ្វើឲ្យរង្គោះសក់ ហើយបើទាក់ទងនឹងផ្នែកសើស្បែកវិញសារធាតុពុលមួយចំនួនពីសាប៊ូកក់សក់ក៏ធ្វើឲ្យរង្គោះសក់បានដែរ។ ផ្ទុយមកវិញការគិតច្រើនពីបញ្ហាជ្រុះសក់ក៏ធ្វើឲ្យអ្នកមានការឈឺក្បាលដែរ ហេតុនេះគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសរសៃប្រសាទខួរក្បាល ដើម្បីដោះស្រាយកង្វល់ទាំងអស់ខាងលើចំណែកការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលមិនមែនជាជម្រើសសំខាន់នោះទេ។ បញ្ហាក្នុងករណីខាងលើនេះមិនទាន់ធ្ងន់ធ្ងរឡើយ តែគួរជួបពិភាក្សាជាមួយនឹងគ្រូពេទ្យផ្នែកខួរក្បាល និងគ្រូពេទ្យសើស្បែក ព្រោះយើងមិនអាចសន្និដ្ឋានបានថាតើអាការៈឈឺក្បាលនេះកើតមុនជ្រុះសក់ ឬជ្រុះសក់ហើយទើបបណ្តាលឲ្យឈឺក្បាល?

បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


អត្ថបទទាក់ទង

មើលទាំងអស់

ឈឺក្បាល គឺជាអាការៈរោគដែលកើតញឹកញាប់លើបុគ្គលគ្រប់រូបពិសេសអ្នកដែលមានការងារមមាញឹក។ ប៉ុន្តែរោគសញ្ញាឈឺក្បាលនេះក៏អាចជាប់ពាក់ព័ន្ធទៅនឹងជំងឺមួយចំនួនផងដែរដូចជាបញ្ហាប្រព័ន្ធប្រសាទជាដើម។ ប៉ុន្តែប្រសិនការឈឺចាប់កើតឡើងនៅផ្នែកខាងក្រោយនៃក្បាលដែលសង្ស័យថាប៉ះពាល់ទៅនឹងប្រព័ន្ធប្រសាទ ករណីរបស់អ្នកប្រហែលជាអាចដូចទៅនឹងករណីខាងក្រោម៖ សំណួរ៖ ខ្ញុំបាទអាយុ ៣២ឆ្នាំ កម្ពស់ ១ម៉ែត្រ៧៦ ទម្ងន់ ៦៥ គីឡូក្រាម ជាវិស្វករអគ្គិសនី។ ខ្ញុំមានបញ្ហាឈឺក្បាលមួយចំហៀងផ្នែកខាងក្រោយដែលកើតឡើងយូរៗម្តងតែមិនងាយបាត់។ ពេលខ្លះអាចឈឺពេញមួយសប្តាហ៍ ហើយការឈឺនេះបានធូរស្រាលខ្លះនៅពេលគេង។ ខ្ញុំបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលមានផ្សំ Paracetamol និង Ibuprofene ៣ដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃដោយខ្លួនឯងនៅពេលមានអាការៈនេះ។ តើអាការៈនេះប៉ះពាល់ប្រព័ន្ធសរសៃប្រសាទឬយ៉ាងណា? តើខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ៖ ចំពោះការឈឺក្បាលមួយចំហៀងផ្នែកខាងក្រោយ និងពេញមួយសប្តាហ៍ តែយើងមិនដឹងថាការឈឺនេះប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍ និងឈឺម្តងប៉ុន្មានម៉ោង។ ចំពោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់គ្រាន់តែជួយបន្ធូរការឈឺចាប់បណ្តោះអាសន្នប៉ុណ្ណោះ ម្យ៉ាងទៀតថ្នាំបំបាត់ការឈឺចាប់មានកម្រិតផ្សេងៗគ្នា និងមិនដឹងថាអ្នកជំងឺញ៉ាំ ៣ដងក្នុងមួយថ្ងៃក្នុងកម្រិតណាដែលមិនបាត់នោះទេ។ បើតាមការរៀបរាប់ខាងលើអាចទាក់ទងនឹងជំងឺប្រកាំងប៉ុន្តែលោកគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសប្រព័ន្ធសរសៃប្រសាទខួរក្បាលដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវហើយបើមិនមានអ្វីពាក់ព័ន្ធនឹងផ្នែកខួរក្បាលទេលោកគ្រាន់តែទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងដោយទៀងទាត់ក្នុងរយៈពេល៣ខែនោះអាការៈលោកនឹងអាចមានភាពប្រសើរឡើង។ បកស្រាយដោយ៖ សាស្រ្តាចារ្យមហាបរិញ្ញា ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការចងចាំ ជាសមត្ថភាពមួយរបស់ខួរក្បាល ប៉ុន្តែនៅពេលអាការៈភ្លេចភ្លាំង ឬការខ្សោយចងចាំចាប់ផ្តើមស្តែងចេញឡើង នោះការរុករកមូលហេតុជាច្រើននឹងត្រូវធ្វើឡើង ដើម្បីប្រាកដថាវាបណ្តាលមកពីការថយចុះសមត្ថភាពរបស់ខួរក្បាល ឬបញ្ហាដទៃផ្សេងទៀត។ សំណួរ៖ ខ្ញុំបាទធ្លាប់ឮថាមនុស្សយើងមានទំហំខួរក្បាលប្រហាក់ប្រហែលគ្នា តែហេតុអ្វីបានជាមានការចងចាំខុសគ្នា? ដូចជាពេលនេះជាដើមខ្ញុំធ្វើអ្វី ឬទុកដាក់អ្វីមួយតែងតែឆាប់ភ្លេចជានិច្ច។ ប្រសិនបើគេងយប់ជ្រៅ ឬងើបពីគេងលឿនពេកដឹងតែឈឺក្បាល និងគិតអ្វីក៏មិនចេញដែរ។ ខ្ញុំមិនធ្លាប់មានការប៉ះទង្គិចក្បាលទេ ហើយក៏មិនមានជំងឺប្រចាំកាយអ្វីឡើយ។ តើមានវិធីសាស្ត្រដូចម្តេចដើម្បីបញ្ចៀសបញ្ហានេះបានខ្លះ? ហើយការភ្លេចភ្លាំងនេះអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរដែរឬទេ? ចម្លើយ៖ ទំហំខួរក្បាលមានពីរ គឺទាក់ទងនឹងមាឌ និងសមត្ថភាពនៃការផ្ទុកទិន្នន័យ បើនិយាយពីសម្បកខាងក្រៅរបស់ខួរក្បាលជាមធ្យមខួរក្បាលរបស់មនុស្សមានទម្ងន់ពី១,៤ ទៅ១,៦គីឡូក្រាម ដែលប្រើប្រាស់អុកស៊ីសែនពី ៣០ ទៅ៤០ភាគរយនៃដងខ្លួន។ និយាយពីការផ្ទុកទិន្នន័យតាមការសិក្សារបស់ក្រុមហ៊ុនទូរស័ព្ទដៃ SAMSUNG សមត្ថភាពខួរក្បាលអាចផ្ទុកបានពី ១៥ ទៅ៣០ Terabyte (1 Terabyte = 1,024GB)។ បញ្ហាទំហំខួរក្បាលធំ ឬតូចប្រៀបដូចកុំព្យូទ័រដែរ គឺអាស្រ័យលើរបៀបដាក់បញ្ចូលទិន្នន័យ ប្រសិនបើការទុកដាក់បានត្រឹមត្រូវនោះការយកចេញមកវិញគឺមានភាពងាយស្រួល។ ដូចគ្នានឹងការចងចាំដែរ បើយើងរៀបចំទុកដាក់ឲ្យមានរបៀបទាំងការធ្វើការងារ និងផ្នត់គំនិតសណ្តាប់ធ្នាប់នៅក្នុងខួរក្បាលដែលអាចធ្វើឲ្យការគិតចងចាំមានភាពរហ័សរហួន និងមិនមានការភ្លេចភ្លាំង។ ម្យ៉ាងទៀតដោយសារតែមនុស្សភាគច្រើនពឹងផ្អែកលើប្រព័ន្ធអង្គចងចាំ (Memory) ខាងក្រៅច្រើនដូចជា ទូរស័ព្ទ ឬកុំព្យូទ័រជាដើម (ហៅថា «អង្គចងចាំខាងក្រៅ» External Memory) ដែលធ្វើឲ្យខួរក្បាលបន្ថយការហ្វឹកហាត់ការចងចាំជាហេតុនាំឲ្យសមត្ថភាពចងចាំរបស់ខួរក្បាលថយចុះក្នុងស័ករាជប្រព័ន្ធព័ត៌មានវិទ្យា។ មួយវិញទៀតខួរក្បាលជាសរីរាង្គមានជីវិតដែលត្រូវការសារធាតុចិញ្ចឹម និងសម្រាកឲ្យបានគ្រប់គ្រាន់។ ដូចនេះ ការគេងយប់ជ្រៅធ្វើឲ្យខួរក្បាលមានភាពនឿយហត់ ធ្វើឲ្យសមត្ថភាពចងចាំថយចុះ និងបង្កឲ្យមានការឈឺក្បាលផងដែរ។ ជារួមយើងគួរតែផ្លាស់ប្តូរទម្លាប់នៃការប្រព្រឹត្តនៃការរស់នៅធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងរក្សាសុខភាពផ្លូវចិត្តឲ្យមានលំនឹងព្រោះអាចធ្វើឲ្យការចងចាំមានភាពប្រសើរឡើង និងមិនវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនោះទេ។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

“អាការៈឈឺក្បាលតែងកើតឡើងជាធម្មតាដោយសារហេតុផលច្រើនយ៉ាងដូចជាការគេងមិនគ្រប់គ្រាន់ ស្រេ្តស ឬការជួបប្រទះនឹងរឿងរ៉ាវដែលតែងកើតមានប្រចាំថ្ងៃ ប៉ុន្តែប្រសិនអ្នកឈឺនៅពេលព្រឹកព្រលឹមវិញនោះ មូលហេតុអាចមានលើសពីនេះ។” សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៥៦គីឡូក្រាម មុខរបរជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនឯកជនមួយ។ រយៈពេលជាង ៥ខែមកនេះ ខ្ញុំតែងឈឺក្បាលរាល់ព្រឹក បន្ទាប់ពីក្រោកពីគេង និងមានអាការៈវិលមុខជាប្រចាំ។ ខ្ញុំមិនធ្លាប់បានទៅព្យាបាល ឬប្រើថ្នាំប្រចាំកាយអ្វីមួយទេ។ តើរោគសញ្ញាខាងលើបណ្តាលមកពីមូលហេតុអ្វី? តើខ្ញុំគួរធ្វើដូចម្តេច? ចំលើយ៖ ចំពោះការឈឺក្បាលនៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង អាចកើតមានលើមនុស្សទូទៅដូចគ្នា។ ហេតុនេះចំពោះករណីប្អូនគួរពិចារណាថា តើគេងបានគ្រប់គ្រាន់ទេ មានយល់សប្តិពេលគេង ឬអត់ មានឈឺក្បាល ក្អួតចង្អោរ ឬព្រិលភ្នែកដែរឬទេ? បើមានករណីទាំងនេះបន្ថែមពីការឈឺក្បាល គួរតែទៅជួបវេជ្ជបណ្ឌិត មានជំនាញឯកទេសខាងជំងឺខួរក្បាល។ គួរចងចាំថាចំពោះការឈឺក្បាលណាដែលមិនចាំបាច់ព្យាបាល គួរកុំផ្សំថ្នាំញ៉ាំដោយខ្លួនឯងដោយមិនបានឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ហើយចំពោះជំងឺខ្លះអាចទទួលដំបូន្មានពីគ្រូពេទ្យ ដោយចាំបាច់ប្រើប្រាស់ថ្នាំបានតាមវេជ្ជបញ្ជា ឬមិនចាំបាច់ក៏អាចធ្វើឲ្យជំងឺជាសះស្បើយបាន។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាម នាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ឈឺក្បាលអាចជាសញ្ញាធម្មតានៃបុគ្គលគិតច្រើនមួយចំនួន ប៉ុន្តែប្រសិនឈឺផ្នែកខាងក្រោយដែលសង្ស័យថាជាផលប៉ះពាល់ខួរក្បាលនោះ ករណីរបស់អ្នកប្រហែលដូចនឹងករណីខាងក្រោម... សំណួរ៖ ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៦២គីឡូក្រាម មានមុខរបរជានិស្សិត។ ខ្ញុំឧស្សាហ៍ឈឺក្បាលណាស់ ពិសេសនៅផ្នែកខាងក្រោយ និងគេងមិនសូវលក់។ អាការៈនេះកើតឡើងតាំងពីក្មេងៗមកម្លេះ ប៉ុន្តែ ខ្ញុំមិនដែលទទួលបានការព្យាបាលណាមួយទេ ម៉្យាង ខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយអ្វីដែរ។ តើការឈឺក្បាលផ្នែកខាងក្រោយបែបនេះជាសញ្ញាណនៃជំងឺអ្វី? តើត្រូវព្យាបាលដោយវិធីណាខ្លះ? ចម្លើយ៖ ចំពោះអាការៈនេះ ប្រសិនបើប្អូនឈឺពីក្មេង កើតនៅទីតាំងដដែល និងមិនមានអាការៈប្រែប្រួលទេ ចំណុចនេះមិនមែនជាបញ្ហាចោទនោះទេ។ ការគេងមិនសូវលក់អាចជះឥទ្ធិពលលើការឈឺក្បាល ហេតុនេះគួរតែរកឲ្យឃើញប្រភពនៃការគេងមិនលក់នេះ ដើម្បីដោះស្រាយការគេងមិនលក់របស់ប្អូន ដែលនាំឲ្យធូរស្រាលដល់ការឈឺក្បាលរបស់ប្អូនផងដែរ។ ម្យ៉ាងទៀត ផ្នែកខាងក្រោយរបស់ខួរក្បាលគឺពាក់ព័ន្ធនឹងគំហើញ បើមានការប៉ះពាល់លើផ្នែកខួរក្បាល គឺអាចមានបញ្ហាដល់ភ្នែក ដូចជាព្រិលភ្នែកផ្នែកខាងឆ្វេង ឬស្តាំជាដើម។ ដូចនេះ ករណីរបស់ប្អូន អាចទាក់ទងនឹងការគេងមិនលក់ មិនទាក់ទងនឹងខួរក្បាលផ្នែកខាងក្រោយទេ។ ទោះជាយ៉ាងណាក៏ដោយ ការជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតគឺជារឿងសំខាន់ ព្រោះអាចជួយប្អូនស្រាយនូវបញ្ហាកំពុងមាន និងទទួលបានការពន្យល់ច្បាស់លាស់។ គួរបញ្ជាក់ផងដែរថា ការជួបវេជ្ជបណ្ឌិតមិនសំខាន់តែលើការផ្តល់ថ្នាំតែមួយមុខទេ តែសំខាន់លើដំបូន្មានដែលត្រូវយកទៅប្រើប្រាស់ និងអនុសាសន៍ផ្សេងៗដែលអាចរាប់បញ្ចូលទាំងមាន ឬគ្មានថ្នាំ ឬទាំងពីរ  ដែលអាចឲ្យប្អូនជាពីជំងឺឈឺក្បាលនេះបានដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ឈឺក្បាលយូរ គួរគិតដល់បញ្ហាអ្វីខ្លះទៅ? ឬឲ្យតែឈឺក្បាលយូរ សុទ្ធតែជាជាជំងឺប្រកាំងមែនទេ? ដើម្បីស្រាយចង្ងល់នូវសំណួរទាំងនេះអត្ថបទខាងក្រោម អាចជាចម្លើយសម្រាប់មិត្តអ្នកអានទាំងឡាយបាន… សំណួរ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦២ ទម្ងន់៥៥គីឡូក្រាម មុខរបរជា និស្សិត។ រយៈពេល២ឆ្នាំកន្លងមកនេះ ខ្ញុំមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយភាគច្រើនខ្ញុំតែងតែស្វែងរកការ ព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ ប៉ុណ្ណោះ។ ខ្ញុំបាទចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ការឈឺក្បាលរយៈពេលយូរបែបនេះនឹងប៉ះពាល់ដល់ខួរក្បាលខ្ញុំដូចម្តេចខ្លះ? តើគួរតែព្យាបាលបែបណា ទើបមានប្រសិទ្ធភាព? តើនេះជា ជំងឺប្រកាំង ឬយ៉ាងណា? ចម្លើយ៖ ទាក់ទងនឹងកត្តាឈឺក្បាល និងការហេវហត់ត្រូវពិនិត្យមើលលើសុខភាពទូទៅ ថាមានខ្វះគ្រាប់ឈាមក្រហម គ្រាប់ឈាមមិនមានមេរោគ បានចាក់ថ្នាំបង្ការគ្រប់ចំនួន។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើមិនមានអាការៈជំងឺផ្សេង ទៀតទេ ព្រមទាំងធ្វើតាមបទដ្ឋានត្រឹមត្រូវហើយ នៅតែឈឺក្បាលទៀត ដូចនេះត្រូវចោទសួរថាតើការឈឺក្បាលបណ្តាលមកពីមូលហេតុអ្វី? ការឈឺក្បាលរយៈពេលយូរ មានលក្ខណៈឈឺបាត់ៗ តែមិនមានភាពធ្ងន់ធ្ងរអ្វីទេ ការឈឺនេះអាចទាក់ ទងនឹងអារម្មណ៍ច្រើនជាង។ បើមានជាដុំសាច់ផ្សេងៗក្នុងខួរក្បាល ឬការប៉ះពាល់ដល់ប្រព័ន្ធ ប្រសាទ វាមិនប្រាកដថាមានតែឈឺក្បាលមួយមុខទេ អាចមានលេចចេញជាសញ្ញាផ្សេងៗទៀត ដូចជាមិនអាចកម្រើកដៃ ឬជើងបាន រឹងក ឡើងកម្តៅ ស្ពឹក ប៉ះពាល់លើភ្នែក ឬត្រចៀកជាដើម។ បើសិនជាប្រកាំង ការឈឺត្រូវមានលក្ខណៈពិសេសដូចជាឈឺមួយចំហៀង ឆ្វេង ឬស្តាំ រយៈពេលឈឺតិចជាង ៧២ ម៉ោង ហើយការឈឺមាន ពេលវេលាច្បាស់លាស់ និងមានអាការៈក្អួតចង្អោរ ស្រវាំងភ្នែកជាដើម។ ប៉ុន្តែការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្នែកប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងសរសៃប្រសាទ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

  ការឈឺក្បាល គឺសំដៅដល់ការឈឺចាប់ត្រង់តំបន់ក្បាលរួមផ្សំជាមួយការឈឺនៅត្រង់ភ្នែក ត្រចៀក មុខ ឬកញ្ចឹងកជាដើម។ វាជាបញ្ហាសរសៃប្រសាទមួយដែលតែងជួបប្រទះចំពោះមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសកើតឡើងកាន់តែញឹកញាប់ទៅលើមនុស្សពេញវ័យ និងប្រែជាថយចុះទៅវិញនៅពេលវ័យកាន់តែចាស់។ ថ្វីត្បិតការឈឺក្បាលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប៉ុន្តែវាពិតជារំខានដល់ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់អ្នកខ្លាំងណាស់។ ដូច្នេះ អ្នកគួរស្វែងរកការព្យាបាលមួយដ៏សមស្របជាមួយគ្រូពេទ្យជំនាញ ជាជាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងដែលជាហេតុបង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦០ ទម្ងន់៥៤គីឡូក្រាម មុខរបរជានិស្សិត។ យូរៗម្តងខ្ញុំមានរោគសញ្ញាឈឺក្បាល និងថប់ដង្ហើម ហើយធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ថ្នាំប៉ាណាដុល ឬប្រូខូល ប៉ុន្តែមិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ ខ្ញុំចង់សួរថា តើហេតុអ្វី មនុស្សត្រូវតែឈឺក្បាល? តើការឈឺក្បាលនេះ អាចព្យាបាលឲ្យជាដាច់បានទេ? ចម្លើយ៖ ការឈឺក្បាលចែកចេញជាពីរ ការឈឺក្បាលដោយអារម្មណ៍ និងការឈឺលើប្រព័ន្ធប្រសាទខួរក្បាល។ គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការឈឺក្បាលនោះទេ។ ការឈឺចាប់ជាការផ្តល់ព័ត៌មានតាមរយៈកន្លែងផ្សេងៗមកឲ្យខួរក្បាល ដែលហៅថាមណ្ឌលប្រសាទកណ្តាល ដែលជាអ្នកបកប្រែការឈឺចាប់ ហេតុនេះបានជាពេលយើងគេងលក់ ឬប្រើថ្នាំសន្តំ នោះការឈឺចាប់ គឺលែងមាន។ អារម្មណ៍ឈឺក្បាលមានការព្យាបាលសាមញ្ញដោយគ្រាន់តែលុបបំបាត់មូលហេតុដែលធ្វើឲ្យឈឺក្បាលណាមួយ។ មុខរបរជានិស្សិតតែងតែមានការឈឺក្បាលដោយសារតែមានភាពរវល់នឹងការសិក្សា។ ការហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឲ្យបានទៀងទាត់ ស្តាប់ចម្រៀងបន្ធូរភាពតានតឹង ឬពេលក្រោក​ពីគេងអាចញ៉ាំទឹកមួយកែវយឺតៗ ដាក់ដៃលើកញ្ចឹង​ក ងាកកយឺតៗ២ទៅ៥នាទីដោយខ្លួនឯង ក៏អាចមានភាពធូរស្រាលបានខ្លះដែរ។ ការញ៉ាំថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ថ្នាំបំបាត់ការឈឺចាប់ អាចបង្កឲ្យកាន់តែឈឺខ្លាំងថែមទៀត។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយកផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top