វិលមុខរាល់ពេលឱន តែក៏បាត់ពេលសម្ងំគេង?
សំណួរ៖ ខ្ញុំបាទឈ្មោះ វិសិដ្ឋ អាយុ២២ឆ្នាំម កពីរាជធានីភ្នំពេញ។ ចាប់ពីខ្ញុំមានអាយុ១២ឆ្នាំមក តែងមានអាការៈវិលមុខ នៅពេលដែលអង្គុយឱនមុខចុះក្រោម តែវាបាត់ទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។ ចាស់ៗនៅម្តុំផ្ទះខ្ញុំតែងនិយាយថា វាជាជំងឺឬសដូងវិល។ តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះបញ្ហានេះ?
ចម្លើយ៖ អាការៈនេះគឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យប្អូនមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។ ចំពោះពាក្យនិយាយថា មានជំងឺឬសដូងវិលជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ក៏ប៉ុន្តែការសិក្សាបានបង្ហាញថា មានជំងឺឬសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។ ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬក៏ជំងឺពិតប្រាកដនោះ ប្អូនគួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ តាមករណីរបស់ប្អូន ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង (ដោយសារតែអាការៈរបស់ប្អូនបានធូស្រាលនៅពេលប្អូនសម្រាក)។ ទោះយ៉ាងណាក៏ដោយ ប្អូនគួរតែទទួលបានការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត