អ្វីគួរយល់ដឹងពីជំងឺរលាកទងសួតលើកុមារ
ជំងឺរលាកទងសួតតូច ជាជំងឺកើតមានលើកុមារដែលមានអាយុមិនលើសពី២ឆ្នាំ ហើយភាគច្រើនបង្កឡើងដោយពពួក Respiratory syncytial virus និងមួយចំនួនទៀតបង្កឡើងដោយមេរោគដទៃទៀតដូចជា Adenovirus ជាដើម។ ជាទូទៅ ៧០%ទៅ៨០%នៃកុមារដែលតែងឃើញមានការចម្លងនូវជំងឺនេះ គឺមានអាយុក្រោមមួយឆ្នាំ និងជាពិសេស ចំពោះទារកដែលមានអាយុជុំវិញ៦ខែ។
របៀបចម្លងរោគ
ដោយហេតុថាវាជាជំងឺប្រព័ន្ធផ្លូវដង្ហើម មេរោគត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើម ទឹកមាត់ ឬសមាសធាតុផ្សេងៗដែលមាននៅក្នុងផ្លូវដង្ហើម។
កត្តាប្រឈម
អាកាសធាតុត្រជាក់ ជាកត្តាចម្បងដែលនាំឲ្យកុមារងាយប្រឈមទៅនឹងការចម្លងជំងឺរលាកទងសួតតូចនេះ ហើយជំងឺនេះនឹងធ្វើការវិវឌ្ឍពីស្រាលទៅធ្ងន់ក្នុងករណីដែលមានលក្ខខណ្ឌអនុញ្ញាតដូចជា ក្មេងកើតមិនគ្រប់ខែ ក្មេងកើតមិនគ្រប់ទម្ងន់ ក្មេងដែលមានប្រព័ន្ធការពារចុះខ្សោយ ឬក្មេងដែលកង្វះអាហារូបត្ថម្ភជាដើម។
រោគសញ្ញា
ជំងឺនេះត្រូវបានចែកចេញជា២ទម្រង់ គឺទម្រង់ស្រាល និងធ្ងន់ ដែលជាធម្មតាវាស្ដែងឡើងនូវរោគសញ្ញាសំខាន់៤ គឺ ក្ដៅខ្លួន ហៀរសំបោរក្អក ហើយបន្ទាប់មកចាប់ផ្ដើមដង្ហក់ដែលឃើញមានជាការទាញទុចដើមទ្រូង(Chest retraction)។ ក្នុងករណីដែលវាវិវឌ្ឍទៅជាស្ថានភាពធ្ងន់ធ្ងរ ក្រៅពីរោគសញ្ញាទាំង៤នេះ គេឃើញមានការឡើងស្វាយរួមបញ្ចូលផងដែរ ដែលភាគច្រើនកើតមានលើអ្នកជំងឺដែលស្ថិតក្នុងការប្រឈមខ្ពស់ដូចដែលបានរៀបរាប់ខាងលើ។
ការធ្វើរោគវិនិច្ឆ័យ
ត្បិតតែវាជាជំងឺប្រព័ន្ធផ្លូវដង្ហើមក៏ពិតមែន ប៉ុន្តែការធ្វើរោគវិនិច្ឆ័យមិនត្រូវបានរំពឹងលើការថតកាំរស្មីអ៊ិចលើសួតនោះទេ លើកលែងតែក្នុងករណីដែលមានផលវិបាកប៉ុណ្ណោះដោយវាត្រូវបានពឹងផ្អែកទៅតាមរោគសញ្ញាចម្បងទាំង ៤ខាងលើ កត្តាអាយុរបស់អ្នកជំងឺរួមផ្សំជាមួយការពិនិត្យទៅលើសួតដែលមានដូចជា៖
•ការស្ដាប់៖ ឃើញមានការថយចុះនៃសំឡេងដង្ហើមរបស់សួត និងឮជាសំឡេងបែបដកដង្ហើមតឹងៗ (Wheezing ឬ Rhonchi)ដែលជាសញ្ញាបញ្ជាក់ថាមានការប៉ះពាល់ដល់ទងសួត ឬទងសួតតូច។ ប៉ុន្តែ នៅពេលដែលមានផលវិបាកឈានដល់ការរលាកលើសាច់សួតទៅជារលាកកូនថង់សួត(Alveolitis)ឬ Bronchopneumonia វានឹងប្ដូរទៅជាសំឡេងដូចអំបិលផ្ទុះ (Crackle) វិញ។
•ការគោះ៖ ដោយសារតែមានការស្ទះនៅនឹងទងសួតតូច វាបណ្ដាលឲ្យមានជាជំងឺដែលធ្វើឲ្យមានកង្វះអុកស៊ីសែនដោយសារតែការខូចខាតថង់តូចៗនៃសួត (Emphysema)ដែលនាំឲ្យពេលគោះឮសូរជា Hypersonority ឬ Tympanic នៅនឹងបាតសួត។ ប្រសិនបើជំងឺនេះបានធ្វើឲ្យសាច់វិវឌ្ឍទៅជាជំងឺ Atele-ctasis ការគោះនឹងឮសូរជា Dullness ។
ការព្យាបាល
ជាទូទៅ ជំងឺនេះនឹងធូរស្បើយក្នុងរយៈពេល៤ទៅ៥ថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាលរោគសញ្ញាដូចជា៖
-ប្រើប្រាស់ថ្នាំបញ្ចុះកម្តៅ (Antipyreticdrug) ជាពពួកបារ៉ាសេតាមុល (Paracetamol)(15មក/គីឡូក្រាម) ដោយមិនលើសពី៤ដងក្នុងមួយថ្ងៃ ដើម្បីបន្ថយកម្ដៅ។
ម្យ៉ាងទៀត ត្រូវចៀសវាងការប្រើប្រាស់អាស្ពីរីន(Aspirin) ទៅលើក្មេងដែលវាអាចបណ្ដាលឲ្យមានអន្តរកម្ម (interaction) ហើយបង្កទៅជា Reye’s syndrome (ជាជំងឺកម្រតែកាចសាហាវដែលស្ដែងឡើងជាការហើមខួរក្បាល និងថ្លើម)
-លាងសម្អាតច្រមុះដោយប្រើប្រាស់សេរ៉ូមប្រៃ (Hypertonic សេរ៉ូម)
-ការប្រើប្រាស់ឱសថពង្រីកទងសួតដូចជាពពួកថ្នាំពង្រីកសរសៃទងសួត (Bronchodilator)មិនត្រូវបានណែនាំឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុតិចជាង៦ខែទេ ដោយគេជ្រើសយកការប្រើប្រាស់ Ventoline ឬ Epinephrine ជំនួសវិញ
-យើងត្រូវធ្វើការបង្រ្គប់ជាតិទឹកដែលបានបាត់បង់ទៅលើក្មេងតាមការផឹក ឬដាក់សេរ៉ូម ក្នុងករណីដែលក្មេងមិនអាចផឹកបាន
-ថ្នាំប្រឆាំងនឹងវីរុស (Antiviral drug) ពពួកImmunoglobulin និង អង់ទីប៊ីយ៉ូទិកត្រូវនឹងប្រភេទមេរោគ(Adaptable antibi-otic)ដែលត្រូវបានធ្វើការប្រើប្រាស់នៅតែក្នុងទម្រង់ធ្ងន់ធ្ងរ ឬមានការលេចចេញនូវផលលំបាកតែប៉ុណ្ណោះ។
ផលវិបាក
ក្នុងករណីដែលអ្នកជំងឺមានកត្តាប្រឈមដែលនាំឲ្យជំងឺនេះវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរទៅជាជំងឺមួយចំនួនដូចជា៖
•Atelectasis
•Bronchoalveolitis
•Bronchopneumonia
•ក្នុងករណីកម្រមួយចំនួន វាក៏ឈានដល់ការវិវឌ្ឍទៅជាជំងឺរលាកស្រោមសួត ខ្យល់ក្នុងស្រោមសួត ឬទឹកក្នុងថង់សួត ផងដែរ។ ដោយរួមផ្សំនឹងកត្តាសុខភាពដទៃទៀត គេសង្កេតឃើញការកើតឡើងវិញនៃជំងឺហឺតទៅក្មេងដែលធ្លាប់កើតជំងឺរលាកទងសួតតូចនេះ។
វិធីបង្ការ
ពុំទាន់មានវ៉ាក់សាំងណាដែលអាចបង្ការការចម្លងជំងឺនេះនៅឡើយទេ ប៉ុន្តែយើងអាចកាត់បន្ថយការចម្លងដោយការថែរក្សាអនាម័យក្នុងការរស់នៅដូចជា ការលាងសម្អាតដៃឲ្យបានស្អាតជាដើម បន្ថែមពីលើការថែរក្សាអនាម័យកុមារគួរទទួលបានការចាក់ថ្នាំបង្ការមួយចំនួនដូចជា Anti-influenzavaccine(អាយុលើសពី៦ខែ) Pneumo-coccal vaccine(PCV) និង Hemophlousinfluenza B vaccine (Hib)ដែលមានស្រាប់ក្នុងកម្មវិធីថ្នាំបង្ការជាតិ។
បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យមហាបរិញ្ញា អ៊ុំ សុខុម សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានវិទ្យាសាស្រ្ត និងសុខាភិបាលខេមរភូមិន្ទ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ