ក្តីប្រាថ្នានៃអនាគតគ្រូពេទ្យសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក
ប្រវត្តិរូប និងការសិក្សា
ខ្ញុំបាទឈ្មោះ ឡោ សូយទ្រី ជាកូនទី២នៃក្រុមគ្រួសារ និងជានិស្សិតឆ្នាំទី១ឯកទេសសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក ជំនាន់ទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ ក៏ដូចជាជ្រើសរើសមុខជំនាញមួយសម្រាប់សិក្សា គឺមិនមែនជារឿងចៃដន្យនោះទេវាជាការពិតណាស់ដែលថាវា បណ្តាលមកពីមូលហេតុមួយណាជាក់លាក់។
មូលហេតុសម្រេចជ្រើសរើសឯកទេសនេះ
សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចជ្រើសរើសយកមុខជំនាញមួយនេះដើម្បីបន្តការសិក្សាក្នុងកម្រិតក្រោយឧត្តមសិក្សានេះ គឺបណ្តាលមកពីការសម្លឹងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់កំពុងតែមានការប្រឈមខ្លាំងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលត្រូវបានគេគ្រប់គ្នាហៅថា «ឃាតករលេខមួយ» ប្រចាំប្រទេស។ ប៉ុន្តែចំនួនគ្រូពេទ្យជំនាញផ្នែកនេះមិនថានៅទីរួមខេត្តនោះទេ
សូម្បីតែនៅរាជធានីភ្នំពេញផ្ទាល់ ក៏ហាក់ដូចជាមិនសូវមានច្រើននៅឡើយទេ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមថាការចូលសិក្សាផ្នែកមួយនេះ នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងគ្រូពេទ្យជំនាញដទៃទៀត។
ភាពលំបាកក្នុងការសិក្សា
ការសិក្សាផ្នែកណាឬការបំពេញការងារផ្នែកណារមែងតែងមានឧបសគ្គប្លែកៗពីគ្នាជារឿយៗទៅតាមស្ថានភាពនៃសិស្សនិស្សិតផ្ទាល់លក្ខខណ្ឌរបស់សាលារៀន រួមផ្សំជាមួយនឹងកត្តា ផ្សេងៗទៀតជាច្រើន។ ក្នុងនោះផងដែរ សម្រាប់ការសិក្សាដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ភាពលំបាកជាចម្បងគេ គឺចំនួនមេរៀនដែលត្រូវសិក្សាដែលមានចំនួនច្រើន។ លុះដល់ពេលត្រូវប្រលងម្តងៗ ក៏តម្រូវឲ្យចំណាយពេលវេលាច្រើនក្នុងការធ្វើការរំលឹកនូវមេរៀនទាំងនោះឡើងវិញ ដែលជាក់ស្តែង គឺមិនមែនជាកិច្ចការមួយងាយស្រួលនោះទេ។ ក្រៅពីការសិក្សានៅសាលារៀនក្នុងពេលថ្ងៃហើយ ក៏ត្រូវចុះកម្ម-សិក្សាតាំងពីពេលព្រឹកព្រលឹមផងដែរ។ បើទោះជាមានឧបសគ្គយ៉ាងនេះក្តីខ្ញុំបាទក៏មិនធ្លាប់នឹកគិតថានឹងចង់បោះបង់វាចោល ហើយតែងតែមានការខិតខំប្រឹងប្រែងតស៊ូជានិច្ច ក៏ព្រោះតែជម្រើសយកជំនាញមួយនេះ គឺកើតឡើង
ពីទឹកចិត្តស្រលាញ់ការងារផ្នែកនេះរបស់ខ្ញុំបាទផ្ទាល់តាំងពីកុមាររួចមកហើយ។
គន្លឹះនៃការសិក្សា
ខ្ញុំក៏ដូចជានិស្សិតផ្សេងៗដែរ ចាំបាច់ត្រូវអានសៀវភៅឲ្យបានច្រើន និងចៀសវាងដាច់ខាតនូវការទុកឲ្យមេរៀននៅគរច្រើនពេក ជាពិសេសហាមការពន្យារដល់ថ្ងៃប្រលងទើបធ្វើការរំលឹកតែម្តង។ អ្វីដែលអ្នកគួរធ្វើ គឺគួរតែចាប់ផ្តើមមើលវាតាំងតែពីដើមមកជាបន្តបន្ទាប់ហូរហែ។ បន្ថែមពីលើការសិក្សានៅសាលារៀនហើយ និស្សិតផ្នែកនេះគួរតែចុះកម្មសិក្សាឲ្យបានច្រើន ព្រោះថាការសិក្សាចាំបាច់ណាស់ត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។
ជាក់ស្តែង ការស្វែងយល់ពីជំងឺមួយនៅក្នុងសៀវភៅមិនប្រាកដថាច្បាស់លាស់ដូចអ្វីដែលនិស្សិតអាចនឹងជួបប្រទះក្នុងពេលចុះកម្មសិក្សាផ្ទាល់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការចុះកម្មសិក្សានេះទៀតសោត ប្រៀបបានជាឱកាសដ៏ល្អមួយសម្រាប់ឲ្យនិស្សិតបានធ្វើការសិក្សារៀនសូត្រពីនិស្សិតរៀមច្បងក៏ដូចជា
សាស្រ្តាចារ្យដែលពោរពេញដោយបទពិសោធន៍ផងដែរ។
បំណងប្រាថ្នានៃអនាគត
ចំពោះខ្ញុំបាទផ្ទាល់ គម្រោងនាថ្ងៃអនាគតរបស់ខ្ញុំ គឺមានបំណងបើកគ្លីនិកដោយខ្លួនឯងមួយ និងព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យបានល្បាញល្បី ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់សង្គមជាតិ ជាពិសេសគឺជួយដល់ប្រជាជនកម្ពុជាយើងបានកាន់តែច្រើនកាន់តែប្រសើរ។
សារជូនមិត្តអ្នកអាន
ខ្ញុំបាទក៏មានពាក្យពេចន៍មួយចំនួនចែករំលែកជូនសិស្សប្អូនដែលមានបំណងសិក្សាផ្នែកនេះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រៀមទាំងកម្លាំងកាយ និងចិត្តរួចជាស្រេច ព្រោះថាការសិក្សាផ្នែកនេះងាយនឹងប្រឈមជាមួយការជួបប្រទះឈាមច្រើន ដែលទាមទារនូវការរៀបរយស្មារតីខ្ពស់ជានិច្ច។