ជំនាន់ថ្មីនៃគ្រូពេទ្យក្រពះ-ពោះវៀនមានក្តីស្រមៃបែបណាខ្លះ?
ជាជំនាន់ថ្មីនៃគ្រូពេទ្យឯកទេសថ្លើម ក្រពះ ពោះវៀន លោក គឹម សុធារ៉ា ក៏បានផ្តល់កិត្តិយសបើកបង្ហាញនូវបទពិសោធន៍ ក៏ដូចជាចំណាប់អារម្មណ៍របស់លោកលើការសិក្សា និងការងារនៅក្នុងវិស័យមួយនេះ ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម...
ចំពោះមូលហេតុនៃការជ្រើសរើសយកជំនាញមួយនេះ គឺព្រោះតែលោកយល់ឃើញថា បញ្ហាក្រពះ ពោះវៀន ថ្លើមនៅតែកើតមានច្រើនលើប្រជាជនកម្ពុជាបច្ចុប្បន្ នដោយសារការផ្តល់សេវាថែទាំសុខភាពលើជំនាញនេះមិនទាន់ទូលំទូលាយ ឯការយល់ដឹងរបស់ប្រជាជនទូទៅលើបញ្ហានេះនៅមានកម្រិតនៅឡើយ។ បន្ថែមពីនេះទៀត លោកមានការចាប់អារម្មណ៍ និងចូលចិត្តលើការប្រើប្រាស់ឧបករណ៍អង់ដូស្កុប (Fibroscopy and coloscopy) លើជំនាញនេះផងដែរ។
សុធារ៉ា ក៏បានប្រាប់ផងដែរថា ក្នុងនាមជានិស្សិតឯកទេសមួយរូប ជាពិសេសជំនាញថ្លើម ក្រពះ ពោះវៀននេះ ទៀតសោត និស្សិតគ្រប់រូបត្រូវមានចំណេះដឹងគ្រប់គ្រាន់ មានក្រមសីលធម៌ល្អ និងមានទំនួលខុសត្រូវជាចម្បង។ និយាយពីការលំបាកវិញ លោកបានរៀបរាប់ថា «ការលំបាកពិតជាមានលើការសិក្សាវិជ្ជាជីវៈពេទ្យ មិនថាខ្ញុំ ឬសិស្សប្អូន ក៏ដូចជារៀមច្បងទេ ព្រោះថានិស្សិតទាំងអស់ត្រូវចំណាយពេលវេលាយ៉ាងច្រើនទៅលើការសិក្សា និងស្រាវជ្រាវ រួមជាមួយនិងការចុះកម្មសិក្សានៅមន្ទីរពេទ្យ»។
លោកបានបន្ថែមទៀតថា ដើម្បីឈានទៅរកភាពជោគជ័យលើវិស័យនេះ ក៏ដូចជាការចាប់យកឯកទេសថើ្លម ក្រពះ ពោះវៀន និស្សិតម្នាក់ៗត្រូវមានការខិតខំ ប្រឹងប្រែងនិងព្យាយាមខ្ពស់បន្ថែមទៀត ព្រោះថាការជ្រើសរើសនិស្សិតឯកទេសលើជំនាញនេះមានចំនួនតិច ណាស់ (៣នាក់ក្នុងមួយជំនាន់)។
ក្រៅពីការសិក្សា សុធារ៉ា ក៏បានលើកឡើងផងដែរថា «មន្ទីរពេទ្យ គឺជាកន្លែងមួយដ៏ល្អក្នុងការផ្តល់ចំណេះដឹងបន្ថែមសម្រាប់និស្សិតក្រេបជញ្ជក់យកបទពិសោធន៍គួបផ្សំជាមួយចំណេះដឹងដែលបានរៀនពីសាលា»។ ក្នុងនោះទៀតសោត គ្រូពេទ្្យ និងរៀមច្បងក៏ជាកត្តាមួយសំខាន់ក្នុងការចូលរួមណែនាំ បង្ហាញ និងប្រាប់ពីគន្លឹះផ្សេងៗដែលយើងត្រូវអនុវត្តដែរ។
ពេលសាកសួរពីអនាគតនៃការងារ សុធារ៉ា បានប្រាប់ថា «ខ្លួនមានបំណងធ្វើការនៅតាមខេត្ត ព្រោះខ្លួន យល់ឃើញថា ចំណេះដឹងស្តីពីការថែទាំសុខភាពថ្លើម ក្រពះ ពោះវៀន នៅមានកម្រិត ឯសេវាថែទាំសុខភាពលើបញ្ហានេះ អាចចាត់ទុកថាល្អនៅរាជធានីភ្នំពេញ ប៉ុន្តែនៅតាមបណ្តាលខេត្ត គឺមិនទាន់បានទូលំទូលាយនៅឡើយទេ»។
ជាចុងក្រោយ សុធារ៉ា ក៏ចង់ផ្តែផ្តាំដល់ប្រជាជនទាំងអស់ដែលមានបញ្ហាថ្លើម ក្រពះ ពោះវៀនឲ្យទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេស ព្រោះថាការប្រើប្រាស់ថ្នាំមួយចំនួនដោយខ្លួនឯង អាចបង្កឲ្យមានគ្រោះថ្នាក់។ ឧទាហរណ៍ដូចជា ដំបៅក្រពះ ក្អួតឈាម ជាដើម។ ក្នុងនេះដែរ មហារីកពោះវៀន បានកើតមានឡើងច្រើនបន្ទាប់ពីមហារីកមាត់ស្បូន និងមហារីកសួតក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
ដូចនេះ សូមប្រជាជនដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ គួរតែទៅពិនិត្យសុខភាពក្រពះ ពោះវៀន ដោយម៉ាស៊ីនអង់ដូស្កុបយ៉ាងតិចមួយឆ្នាំម្តង។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ