សៀវភៅវិទ្យាសាស្រ្តស្នាដៃដំបូងនៃនិស្សិតកម្ពុជា
មានសមិទ្ធិផលមួយបានលេចឡើងមកជាមួយនឹងភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់ និងគួរជាទីមោទនៈជាខ្លាំង នោះគឺជាសៀវភៅជីវគីមីវិទ្យាមួយក្បាលដែលជាស្នាដៃដំបូងរបស់កូនខ្មែរតែម្តង។ ជុំវិញភាពជោគជ័យនេះ ក្រុមនិស្សិតដែលជាស្ថាបនិកវ័យក្មេងរបស់សៀវភៅនេះផ្ទាល់ក៏បានផ្តល់នូវបទសម្ភាសន៍ជាមួយហេលស៍ថាម ដើម្បីបកស្រាយនូវចម្ងល់ផ្សេងៗទាក់ទងនឹងសមិទ្ធិផលរបស់ខ្លួនផងដែរ។
តាមការបកស្រាយរបស់យុវនិសិ្សត ពេញ សាក់ក្តូ ផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យសុខាភិបាល បានឲ្យដឹងថា សៀវភៅមួយក្បាលនេះត្រូវបានបង្កើតឡើងក្រោមការខិតខំរបស់ក្រុមដែលមានសមាជិកបីនាក់ដែលមានរូបប្អូនផ្ទាល់ និងមិត្តភក្តិស្និតស្នាលបំផុត២នាក់ទៀតគឺ យុវនិស្សិត យ៉ែង សុវត្ថិនា និង ឆាយ ឆៃយ៉ា។
ដោយមានគំនិតចង់ចងក្រងសៀវភៅមួយដែលមានប្រយោជន៍ចំពោះនិស្សិតពេទ្យទាំងអស់ សាក់ក្តូ បានស្រុះស្រួលគ្នាជាមួយមិត្តភក្តិទាំង២នាក់ បន្ទាប់មកពួកគេក៏ចាប់ផ្តើមអនុវត្តការងារនេះដោយមិនបង្អង់យូរ ក្រោយពីបញ្ចប់ការប្រលងតែម្តង។
«ជាក់ស្តែង ផែនការនៃការសរសេរសៀវភៅនេះត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីពាក់កណ្តាលឆ្នាំ ២០១៥។ ដោយឡែក នេះជាស្នាដៃដំបូងរបស់ពួកយើង ហើយក្រៅពីការសហការរបស់យើងទាំង៣នាក់ ពួកយើងក៏ទទួលបានការគាំទ្រជាពិសេសពី លោកឪពុក អ្នកម្តាយរបស់ពួកយើងផ្ទាល់ ព្រមទាំងមានការជួយជ្រោមជ្រែងពីសំណាក់សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ក្នុងការជួយកែសម្រួល និងផ្តល់ជាគំនិតក្នុងការរៀបរៀងសៀវភៅនេះតែម្តង។ មិនតែប៉ុណ្ណោះ ក៏មានការសហការពី មិត្តភក្តិ រៀមច្បង សិស្សប្អូន ព្រមទាំងខាងបុគ្គលិករបស់គ្រឹះស្ថានបោះពុម្ពផងដែរក្នុងការសម្រេចបានជាសៀវភៅនេះឡើងដោយជោគជ័យ»។
ទាក់ទងនឹងកត្តាចម្បងដែលជម្រុញឲ្យក្រុមរបស់យើងចងក្រងនូវសៀវភៅនេះឡើង គឺដោយសារពួកយើងផ្ទាល់ធ្លាប់ជួបប្រទះនូវការលំបាកក្នុងការសិក្សា ជាពិសេសចំពោះការអានឯកសារជាភាសាបរទេស ព្រោះចំណេះដឹងភាសាបរទេសដូចជា បារាំង អង់គ្លេស គឺនៅមានកម្រិត។
ដូច្នេះ យើងយល់ថាប្រសិនបើមានសៀវភៅជាភាសាខ្មែរសម្រាប់អានបន្ថែម និស្សិតនឹងកាន់តែមានភាពងាយស្រួលយល់ និងឆាប់ចាប់បាននូវអ្វីដែលគ្រូពន្យល់នៅកំឡុងពេលសិក្សា។ ម្យ៉ាងទៀត ព្រមជាមួយការមើលឃើញពីកង្វះខាតនូវឯកសារវិទ្យាសាស្ត្រជាភាសាខ្មែរ ទើបពួកយើងសម្រេចរៀបរៀងសៀវភៅជីវគីមីវិទ្យាជាភាសាខ្មែរមួយក្បាលនេះឡើងក្នុងគោលបំណងលើកកម្ពស់ភាសាជាតិ ព្រមទាំងដើម្បីជួយសម្រួលដល់ការសិក្សារបស់មិត្តអ្នកអានទូទៅ ជាពិសេសមិត្តនិស្សិតទាំងអស់ទាំងនេះជាការលើកឡើងរបស់សាក់ក្តូ ។
សាក់ក្តូ បានបន្តទៀតថា «នៅក្នុងការរៀបរៀងជាសៀវភៅនេះឡើង ពួកយើងបានជួបផលលំបាកខ្លះៗ ដោយក្នុងនោះពួកយើងត្រូវចំណាយពេលជាច្រើនដោយត្រូវជួបគ្នាស្ទើររៀងរាល់ថ្ងៃក្នុងបណ្ណាល័យដើម្បីជួបជុំពិភាក្សាគ្នា និងសសេរ ប៉ុន្តែក្នុងនាមជានិស្សិតឱសថសាស្ត្រ ដែលត្រូវសិក្សាជាច្រើនម៉ោងក្នុងមួយថ្ងៃ ដូចនេះ ពួកយើងមិនសូវមានពេលគ្រប់គ្រាន់សម្រាប់សិក្សាមេរៀនដទៃបន្ថែមឡើយ។
ម្យ៉ាង ពួកយើងត្រូវការអាន និងស្រាវជ្រាវឯកសារជាច្រើនមុននឹងបញ្ជូលអត្ថន័យសម្រេចចូលទៅក្នុងសៀវភៅ ហើយស្របពេលជាមួយគ្នានេះ យើងក៏ជួបបញ្ហាស្មុគស្មាញនិងស្ត្រេសជាច្រើនក្នុងការសរសេរអត្ថបទនីមួយៗ ដោយយើងត្រូវរិះរកវិធីធ្វើយ៉ាងណាដើម្បីពន្យល់ឲ្យអ្នកអានដែលគ្មានមូលដ្ឋានគ្រឹះពីមុនក៏អាចអានយល់។
ដោយឡែក ដោយសារនេះជាលើកទីមួយរបស់យើង ឯពួកយើងក៏មិនសូវដឹងព័ត៌មាន ដូចនេះពាក់ព័ន្ធទៅនឹងការបោះពុម្ព ក៏ជាការលំបាកមួយរបស់យើងផងដែរ។ ទោះបីជាយ៉ាងនេះក្តី យើងនៅតែខិតខំ អត់ធ្មត់ និងព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតបានស្នាដៃមួយដែលពោរពេញដោយគុណភាពសម្រាប់អ្នកអាន។
គួររំលឹកថា សៀវភៅជីវគីមីវិទ្យានេះ ត្រូវបានចងក្រងឡើងជាខេមរៈភាសា រួមជាមួយការសម្រិតសម្រាំងយ៉ាងល្អ និងលម្អិតចេញពីឯកសារយោងជាច្រើនមិនតិចជាង ២០ ឯកសារ ជាភាសាអង់គ្លេស-បារាំង ដែលគេកំពុងតែប្រើប្រាស់ក្នុងការសិក្សាទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ។
លើសពីនេះ លក្ខណៈពិសេសរបស់សៀវភៅនេះមួយទៀត គឺមានការពន្យល់ពាក្យបច្ចេកទេស ការបន្ថែមព័ត៌មានសំខាន់ៗ និងមានការពន្យល់រូបភាពដែលមានលក្ខណៈស្តង់ដារដូចជាសៀវភៅបរទេស។ ហេតុនេះជឿជាក់ថាសៀវភៅនេះនឹងធ្វើឲ្យមិត្តអ្នកអានមានភាពងាយស្រួលនៅក្នុងការអានឆាប់យល់។
ងាកមកមើលអត្ថប្រយោជន៍នៃសៀវភៅវិញ និស្សិតរបស់យើងបានរៀបរាប់ថា សៀវភៅជីវគីមីវិទ្យានេះជាបណ្តុំចំណេះដឹងសម្រាប់បំភ្លឺដល់មិត្តអ្នកអានដែលមានបំណងចង់ស្វែងយល់បន្ថែមទៅលើចំណេះដឹងទូទៅសេនេទិច ជាពិសេសសម្រាប់សិស្សានុសិស្ស និងនិស្សិតក្នុងវិស័យជីវគីមី និងនិស្សិតក្នុងវិស័យសុខាភិបាល ។
សៀវភៅនេះក៏មានផងដែរនូវមេរៀនសំខាន់ៗដូចជា កំណកំណើតដំបូងនៃជីវិត ការចម្លងក្រម ការបកប្រែក្រម ស្វ័យតំឡើងទ្វេ DNA មុយតាស្យុង និងការជួសជុល DNA ដែលនឹងផ្តល់ជាមូលដ្ធានគ្រឹះដ៏រឹងមាំ ក៏ដូចជា ចំណេះដឹងបន្ថែមក្នុងការសិក្សាលើមុខវិជ្ជាដែលទាក់ទងផ្សេងៗទៀតក្នុងវិស័យសុខាភិបាលតែម្តង។
ក្រោយពីសមិទ្ធិផលដំបូងនេះត្រូវបានលេចឡើងដោយជោគជ័យ ក្រុមស្ថាបនិកវ័យក្មេងយើង ក៏កំពុងតែមានគម្រោងក្នុងការចងក្រងនូវសៀវភៅជីវគីមីវិទ្យាភាគ២ ក្នុងពេលឆាប់ៗខាងមុខដោយគ្រោងបញ្ចប់ក្នុងរយៈពេល ១ឆ្នាំ។ សៀវភៅថ្មីនេះផងដែរនឹងមានលក្ខណៈពិសេសជាងមុន និងគួរឲ្យចាប់អារម្មណ៍ ដោយវានឹងលម្អិតទៅលើ ជីវម៉ូលេគុល ដូចជាស្ករ ខ្លាញ់ ប្រូតេអ៊ីន ព្រមទាំងមេតាបូលីសនៃជីវម៉ូលេគុល។
យុវនិសិត្សឆ្នើមទាំងបីបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថាសៀវភៅមួយក្បាលនេះពិតជានឹងផ្តល់នូវចំណេះដឹងពិតប្រាកដ និងពិស្តារផ្នែកវិទ្យាសាស្រ្តសេនេទិច រួមទាំងឆ្លើយតបរាល់នូវចម្ងល់ដែលតែងតែជួបប្រទះក្នុងកំឡុងពេលសិក្សាសម្រាប់សិស្ស និស្សិតទាំងអស់គ្នា។
ស្របពេលជាមួយគ្នានេះ ពួកគាត់ក៏បានសំណូមពរដល់មិត្តអ្នកអានទាំងអស់ឲ្យគាំទ្រស្នាដៃនិពន្ធរបស់កូនខ្មែរ ដើម្បីលើកស្ទួយឲ្យមានការលូតលាស់ទៅមុខទៀតនូវសមិទ្ធិផលល្អៗរបស់កម្ពុជាយើង ហើយក៏លើកទឹកចិត្តដល់សិស្សនិស្សិត ឲ្យស្រលាញ់ការអាន ការស្រាវជ្រាវ ដែលទាំងនេះជាគន្លឹះនៃការទទួលបាននូវចំណេះដឹងថ្មីៗ និងពង្រីកគំនិត ជាពិសេស សូមឲ្យចូលរួមបង្កើតអ្វីថ្មីៗដែលជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។
ជាការបន្ថែមចុងក្រោយ យុវនិស្សិតរបស់យើងក៏សម្តែងការថ្លែងអំណរគុណដល់ហេលស៍ថាមដែលបានផ្តល់ឱកាសក្នុងការបង្ហាញពីស្នាដៃរបស់កូនខ្មែរដើម្បីខ្មែរ ក៏ដូចជាថ្លែងអំណរគុណដល់ការគាំទ្ររបស់មិត្តអ្នកអាន ព្រមទាំងសូមជូនពរទាំងអស់គ្នាឲ្យទទួលបានតែសេចក្តីសុខ និងជោគជ័យស្របតាមការខិតខំប្រឹងប្រែងផងដែរ។
ចំពោះគំរូដ៏ល្អ និងឆន្ទៈដ៏មុតមាំ របស់និស្សិតវ័យក្មេងរបស់យើង ជាសញ្ញាណបញ្ជាក់ថាតទៅមុខកម្ពុជានឹងពោរពេញទៅដោយធនធានមនុស្សសំខាន់ៗ និងសមិទ្ធិផលវិសេសៗជាច្រើនយ៉ាងពិតប្រាកដ។