៩ សំណួរអំពីទស្សនវិស័យផ្នែកធនធនមនុស្សទៅកាន់អ្នកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ
និស្សិតផ្នែកណាក៏ដោយ តែងតែមានការព្រួយបារម្ភជានិច្ចចំពោះមុខរបរនាពេលអនាគរបស់ខ្លួន ដោយអ្នកខ្លះក៏បានស្វះស្វែងរកការងារបណ្តើរៗ តែក៏មានការព្រួយបារម្ភថាតើគួរត្រៀមខ្លួនបែបណាខ្លះ? ដើម្បីជាការផ្តល់ជូនមិត្តអ្នកអាន ជាពិសេសមិត្តនិស្សិតដែលត្រៀមខ្លួននឹងដាក់ពាក្យបម្រើការងារក្នុងជំនាញណាមួយនោះ ហេលស៍ថាមក៏បានជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងកញ្ញា សារិន ជាធារី ដែលជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ ដែលបានផ្តល់ជូនប្រជាជនកម្ពុជានូវសេវាថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញអស់រយៈពេលជាច្រើនឆ្នាំ។
ជាមួយនឹងបទពិសោធន៍ការងារទាំងផ្នែកជាជំនួយការរបស់ទន្តបណ្ឌិត ការងាររក្សាអនាម័យមាត់ធ្មេញរបស់អតិថិជន រួមនិងជំនាញក្នុងការប្រាស្រ័យទាក់ទង និង បម្រើសេវាកម្មជូនអតិថិជន ព្រមជាមួយនឹងភាពស្មោះត្រង់ និងអត់ធ្មត់ក្នុងការងារផងនោះ កញ្ញា សារិន ជាធារី បានចូលកាន់នូវតំណែងនេះដោយប្រកាន់ខ្ជាប់នូវគោល ជំហរមួយចំនួនដែលមានអត្ថន័យខ្លឹមសារដោយសង្ខេបដូចខាងក្រោម៖
សំណួរ ៖ បេក្ខភាពបែបណាដែលផ្នែកធនធានមនុស្សត្រូវការ?
ចម្លើយ ៖ ម៉ាស្ទ័រឃែរផ្តោតសំខាន់លើភាពស្មោះត្រង់ចំពោះការងាររបស់ខ្លួនដោយភាពស្មោះត្រង់នេះសំដៅលើភាពស្មោះត្រង់ចំពោះខ្លួនឯង និងទឹកចិត្តស្រលាញ់ការងារ ក៏ដូចជាថែទាំរបស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឲ្យដូចជារបស់ខ្លួន ។ ម្យ៉ាងទៀត គឺចាំបាច់ណាស់ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងមានភាពបត់បែនទៅតាមកាលៈទេសៈ។ ចំណុចសំខាន់មួយទៀតនោះ គឺត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
សំណួរ ៖ ក្នុងចំណោមបេក្ខភាពជាច្រើនរូប តើបេក្ខភាពប្រភេទណាដែលមានភាពលេចធ្លោជាងគេ?
ចម្លើយ ៖ ទីមួយ គឺយើងសម្លឹងមើលទៅលើចំណេះដឹង និងជំនាញរបស់ពួកគេ ថាតើបេក្ខភាពរូបនោះចេះធ្វើអ្វីហើយអាចបំពេញការងារផ្នែកណាបានដោយមិនផ្តោតតែទៅលើសញ្ញាបត្ររបស់ពួកគេតែប៉ុណ្ណោះទេ ព្រោះថាមានជំនាញខ្លះអាចនឹងត្រូវបណ្តុះបណ្តាលបានប្រសិនបើបេក្ខភាពនោះមានឆន្ទៈក្នុងការធ្វើវា។ បន្ទាប់មក ទើបយើងសម្លឹងទៅលើប្រវត្តិរូបផ្សេងៗទៀតតាមក្រោយ។
សំណួរ ៖ បេក្ខភាពដែលមានបទពិសោធន៍ពិតជាមានអាទិភាពជាងបេក្ខភាពដែលគ្មានបទពិសោធន៍មែនទេ?
ចម្លើយ ៖ ជាទូទៅ គឺការប្រកាសជ្រើសរើសបុគ្គលិកតែងតែបញ្ជាក់ថាផ្តល់អាទិភាពចំពោះអ្នកដែលមានបទពិសោធន៍ ប៉ុន្តែតាមភាពជាក់ស្តែង ក្នុងពេលធ្វើបទសម្ភាសន៍ គឺយើងអាចធ្វើការស្ទាបស្ទង់បានខ្លះៗតាមរយៈចិត្តសាស្រ្តថាតើបេក្ខភាពនោះមានឆន្ទៈក្នុងការងារឬទេ? នោះបេក្ខភាពគ្មានបទពិសោធន៍ គឺនៅតែមានឱកាសដូចគ្នាប្រសិនបើពួកគេពិតជាមានឆន្ទៈខ្ពស់មែន។
សំណួរ ៖ តើបុគ្គលិកមួយរូប គួរប្រកាន់ខ្ជាប់ និងចៀសវាងនូវអាកប្បកិរិយា បែបណាខ្លះ?
ចម្លើយ ៖ ម៉ាស្ទ័រឃែរផ្តោតសំខាន់ទៅលើអត្តចរិត និងអាកប្បកិរិយា ព្រោះបុគ្គលមួយរូបដែលមានចំណេះដឹងជ្រៅជ្រះមិនប្រាកដថាបានទទួលការគោរពពីអ្នកដទៃនោះឡើយប្រសិនបើគេមានឫកពាមិនគួរជាទីរាប់អាននោះ។
ជាក់ស្តែង ភាសាអង់គ្លេស ពាក្យថា ASK គឺមានន័យថា A=Attitude, S=Skill, K=Knowledge ដែលនេះសបញ្ជាក់ឲ្យឃើញថាអាកប្បកិរិយាពិតជាសំខាន់លើសគេពិតមែន។ បុគ្គលិកចាំបាច់ត្រូវមានការរៀបចំខ្លួនទាំងការនិយាយស្តីរួសរាយរាក់ទាក់ជាមួយនឹងអតិថិជន និង អនាម័យសព្វទាំងខ្លួនប្រាណ។
ទន្ទឹមនឹងគ្នានេះផងដែរ អ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺការទំនាក់ទំនងដោយមិននិយាយស្តី(non-verbal communication) ដោយត្រូវប្រើប្រាស់កាយវិការឲ្យបានសមរម្យ។ បុគ្គលិកក៏មិនគួរប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះអតិថិជនណាដែលមិនមានការយល់ច្បាស់ពីអ្វីដែលយើងកំពុងព្យាយាមពន្យល់ ឬនិយាយក៏ដោយ។
សំណួរ ៖ តើផ្នែកធនធានមនុស្សធ្វើការវាយតម្លៃលើការងាររបស់បុគ្គលិកតាមរយៈកត្តាអ្វីខ្លះ?
ចម្លើយ ៖ ដើម្បីសម្រេចនូវរង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ យើងសម្លឹងមើលដំបូងទៅលើការគ្រប់គ្រងពេលវេលារបស់បុគ្គលិកថាតើគាត់គោពពេលវេលា និងស្គាល់តម្លៃការងាររបស់ខ្លួនដែរឬទេ។ បន្ទាប់មក គឺយើងមើលទៅការតុបតែងខ្លួនផ្ទាល់របស់ពួកគេ តាមរយៈការរៀបចំនូវឯកសណ្ឋាន អនាម័យក្លិនខ្លួនជាដើម។ ចំណុចសំខាន់មួយទៀត គឺការទំនាក់ទំនងរវាងបុគ្គលិកទៅវិញទៅមក ព្រមជាមួយនឹងទំនាក់ទំនងជាមួយអតិថិជនផងដែរ។
សំណួរ ៖ សម្រាប់បុគ្គលិកបម្រើការងារថ្មី តើផ្នែកធនធានមនុស្សនឹងចំណាយពេលប៉ុន្មាន ដើម្បីដឹងថាបុគ្គលិកនោះជាធនធានដែលខ្លួនត្រូវការ?
ចម្លើយ ៖ រយៈពេល គឺអាស្រ័យលើប្រភេទការងារជាក់ស្តែង ម៉ាស្ទ័រឃែរទុកពេលឲ្យបុគ្គលិកផ្នែកទទួលភ្ញៀវ៦ខែ ហើយរយៈពេលដូចគ្នាផងដែរចំពោះបុគ្គលិកជាជំនួយការទន្តបណ្ឌិត។ ដោយសារតែការងារខ្លះមានការបត់បែនច្រើន និងមានភាពលំបាក ក៏ដូចជាឆ្លងកាត់នូវការបណ្តុះបណ្តាលបន្ថែម នោះរយៈពេលនេះគឺសមល្មមនឹងអាចឲ្យយើងមើលដឹងថាតើបុគ្គលិកនោះមានការរីកចម្រើន ឬទំនួលខុសត្រូវបែបណាចំពោះការងារ។
សំណួរ ៖ ផ្នែកធនធានមនុស្សនឹងមានវិធីសាស្រ្តបែបណា ចំពោះបុគ្គលិកដែលបំពេញកាតព្វកិច្ចរបស់ខ្លួនមិនបានខ្ជាប់ខ្ជួន?
ចម្លើយ ៖ ជំហានដំបូង យើងនឹងធ្វើការណែនាំដល់ពួកគាត់ជាមុនសិន រួចហើយឲ្យពួកគាត់និយាយពីផលលំបាកដែលគាត់កំពុងជួបប្រទះ ហើយក្នុងនាមយើងជាអ្នកគ្រប់គ្រងត្រូវស្វែងរកដំណោះស្រាយជូនពួកគាត់។ ផ្ទុយទៅវិញ ករណីដែលបុគ្គលខ្លះនៅតែបន្តប្រព្រឹត្តនូវកំហុសដដែលៗទៀតនោះ យើងមានវិធានការមួយ គឺឲ្យពួកគេសរសេរនូវកំណត់ហេតុពិចារណាលើកំហុសដែលបានប្រព្រឹត្តកន្លងមក ឬផលលំបាកដែលពួកគេកំពុងជួបប្រទះ។ កំហុសត្រង់នេះសំដៅលើកំហុស ៣ប្រភេទគឺ កំហុសទូទៅ កំហុសវិជ្ជាជីវៈ និង កំហុសធ្ងន់ធ្ងរ។
សំណួរ ៖ សម្រាប់និស្សិតដែលត្រៀមដាក់ពាក្យបម្រើការងារ តើពួកគេគួរត្រៀមខ្លួនបែបណាខ្លះ?
ចម្លើយ ៖ តាមយោបល់របស់ខ្ញុំជាមួយនឹងបទពិសោធន៍កន្លងមក និស្សិតមិនគួរចាំដល់ពេលដល់បញ្ចប់ការសិក្សាទើបធ្វើការស្វែងរកការងារធ្វើនោះទេ។ ផ្ទុយទៅវិញ គាត់គួរឆ្លៀតពេលខ្លះក្នុងឆ្នាំទី៣ ឬទី៤ ស្វះស្វែងរកការងារ ឬការចុះកម្មសិក្សា (Internship) ដែលត្រូវនឹងជំនាញរបស់ខ្លួនជាបណ្តើរៗ បើទោះជាគ្មានបទពិសោធន៍ក៏ពិតមែនតែពួកគាត់អាចប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងឆន្ទៈមុតមាំក្នុងការអនុវត្តនូវទ្រឹស្តីដែលបានសិក្សានៅសាលាយកមកអនុវត្តនៅកន្លែងការងារ នោះឱកាសប្រាកដជាមិននៅឆ្ងាយពីពួកគេឡើយ។
សំណួរ ៖ តើកញ្ញាមានពាក្យពេចន៍អ្វីខ្លះជាចុងក្រោយ សម្រាប់មិត្តអ្នកអាន ពិសេសនិស្សិតដែលត្រៀមដាក់ពាក្យប្រើការងារ?
ចម្លើយ ៖ ខ្ញុំសូមឲ្យពួកគាត់ព្យាយាមដើរតួខ្លួនជាម្ចាស់ក្រុមហ៊ុន ឬកន្លែងការងារដែលខ្លួនដាក់ជាមុនសិន ដែលត្រង់នេះ គឺសំដៅដល់ការគិតទៅដល់អារម្មណ៍ជាម្ចាស់ក្រុមហ៊ុនថាតើខ្លួនឯងចង់បាននូវបុគ្គលិកបែបណាមកបម្រើការងារ។
ការគិតបែបនេះ នឹងជួយឲ្យអ្នកព្យាយាមសម្រប និងរៀបចំខ្លួនទៅតាមតម្រូវការនោះជាខ្លួនឯងពិតៗ ដោយចៀសវាងដាច់ខាតនូវការសម្តែង ដើម្បីទទួលបានចំណាប់អារម្មណ៍តែដំបូងប្រសិនបើធ្វើបែបនេះ ការឈរជើងរបស់អ្នកនៅកន្លែងមួយនោះក៏មិនបានយូរដែរ។