អំពីក្តីស្រមៃនៃនិស្សិតថ្នាក់ឯកទេសជំងឺលើស្បែក និងកាមរោគ
ប៊ន បូរិ និស្សិតថ្នាក់ឯកទេសជំងឺលើស្បែក និងកាមរោគនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
មូលហេតុដែលខ្ញុំជ្រើសរើសជំនាញមួយនេះ
ព្រោះខ្ញុំគិតថាជំងឺលើស្បែកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈស្មុគស្មាញក្នុងការធ្វើរោគវិនិច្ឆ័យ និងក្នុងការព្យាបាល ព្រោះជំងឺខ្លះស្តែងចេញជារោគសញ្ញាសើស្បែកស្រដៀងគ្នា ឯជំងឺសើស្បែកខ្លះ ទៀតកើតឡើងដោយសារជំងឺនៃសរីរាង្គដទៃ ដូច្នេះវាទាមទារ ឲ្យប្រទេសយើងត្រូវការក្រុមគ្រូពេទ្យឯកទេសជំងឺសើស្បែកនេះ ដើម្បីផ្តល់សេវាព្យាបាលក៏ដូចជាការថែទាំ និងការអប់រំដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីចូលរួមកាត់បន្ថយការចំណាយប្រាក់កាស របស់ពួកគាត់ក្នុងការស្វែងរកសេវាព្យាបាលនៅខាងក្រៅប្រទេស។
ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តចង់ក្លាយជាសមាជិកនៃក្រុមគ្រូពេទ្យឯកទេសសើស្បែកនេះ ព្រោះវាជាមុខជំនាញ ដែលខ្ញុំស្រលាញ់ចូលចិត្ត ក៏ដូចជាផ្តល់ឱកាសសម្រាប់ខ្ញុំក្នុងការបម្រើដល់សង្គមរបស់យើងផ្ទាល់តែម្តង។
ឧបសគ្គក្នុងការសិក្សា
ការសិក្សាក៏តែងតែជួបប្រទះនឹងការលំបាកច្រើនយ៉ាងផងដែរ ដែលកន្លងមកខ្ញុំធ្លាប់បានជួបប្រទះនឹងការលំបាកមួយចំនួនដូចជា ការប្រលងប្រជែងជាមួយបេក្ខជនដទៃ ព្រោះតែចំនួននិស្សិតដែលទទួលឲ្យចូលរៀន គឺមានកំណត់។ ក្រៅពីនោះ ខ្ញុំក៏ដូចជានិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដទៃទៀតដែរ គឺចាំបាច់ត្រូវមើលមេរៀន ក៏ដូចជាធ្វើការស្រាវជ្រាវឯកសារជាភាសាបារាំង និងអង់គ្លេស។
មិនត្រឹមតែមើល មេរៀនឲ្យយល់តែមួយមុខប៉ុណ្ណោះទេ តែនិស្សិតគ្រប់រូបត្រូវចាំមេរៀនទាំងនោះឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើអក្នុងការប្រលងផងដែរ។ បន្ថែមពីលើនេះទៀតនោះ ការរិះគន់បន្ទោសបង្អាប់ និងការជេរប្រមាថរបស់ប្រជាជនមួយចំនួនទៅលើវិស័យសុខាភិបាលកម្ពុជាបានធ្វើឲ្យខ្ញុំ ក៏ជាដូចជានិស្សិតដទៃទៀតមានការតូចចិត្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការជួបប្រទះនឹងការលំបាកដែលបានរៀបរាប់ខាងលើនេះមិនបានធ្វើឲ្យខ្ញុំមានគំនិតចង់បោះបង់ចោលជំនាញនេះឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែង ដើម្បីបម្រើសេវាសុខាភិបាលរបស់ប្រទេសយើង ឲ្យបានជឿនលឿនដូចប្រទេសជិតខាង។
គន្លឹះក្នុងការសិក្សា
ដើម្បីធ្វើការជំនះចំពោះឧបសគ្គទាំងនោះ ខ្ញុំបានដាក់ផែនការខ្លះៗចំពោះខ្លួនឯងដែល ក្នុងនោះមានដូចជា ៖ ការសិក្សាភាសាបារាំង និងអង់គ្លេសបន្ថែម ការមើលមេរៀនឲ្យបានយ៉ាងហោចណាស់១មេរៀនក្នុងមួយថ្ងៃ ការអានមេរៀនឬសៀវភៅម្តងហើយម្តងទៀត ក៏ដូចជាការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។
ក្រៅពីការសិក្សានៅឯសាលា ខ្ញុំយល់ថាការចុះកម្មសិក្សានៅមន្ទីរពេទ្យ និងការចុះធ្វើជានិស្សិតស្ម័គ្រចិត្ត បានផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនពីសំណាក់លោកគ្រូ និងរៀមច្បង។
ក្តីប្រាថា្នក្រោយបញ្ចប់ការសិក្សា
ដោយឡែក ក្រោយពេលបញ្ចប់ការសិក្សា ខ្ញុំមានបំណងប្រាថ្នាធំចំនួន ២ គឺ ទីមួយ ជាការប្រលងចូលជាមន្រ្តីសុខាភិបាល ដើម្បីមានឱកាសបម្រើសង្គមរបស់យើង ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀតលើជំនាញសើស្បែកនេះ។
បំណងប្រាថ្នាមួយទៀត គឺការធ្វើជាគ្រូបណ្តុះបណ្តាលលើជំនាញសើស្បែក ដើម្បីបន្តការផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយៗទៀត។
សារជូនដល់មិត្តអ្នកអាន
ជាចុងក្រោយ ខ្ញុំមានពាក្យពេច៍ខ្លះផ្ញើរដល់ប្អូនៗ ដែលមានបំណងចូលរៀនផ្នែកនេះ គឺប្អូនៗ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស និងបារាំងឲ្យបានល្អ។ ម្យ៉ាងទៀត ប្អូនត្រូវមានផែនការ និងកាលវិភាគច្បាស់លាស់ត្រូវធ្វើស្វ័យសិក្សាជាលក្ខណៈបុគ្គលក៏ដូចជាសិក្សាជាក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលងជ្រើសរើសចូលសិក្សាជំនាញសើស្បែកនេះ។