Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឡេការពារកម្តៅថ្ងៃណាមួយ ត្រូវនឹងអ្នក?

កម្តៅថ្ងៃផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនតែក្នុងនោះវាក៏ផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ដល់ស្បែកអ្នកដែរ ក្នុងករណីអ្នកប៉ះពាល់ផ្ទាល់ រយៈពេលយូរឬញឹកញាប់។​ ហេតុដូចនេះហើយ​ទើបគ្រប់គ្នាតែងតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំដោយសារពេលនេះជាខែសម្បូរកម្តៅថ្ងៃស្រាប់ផង តែ ប្រាកដទេថាអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃបានសមស្របហើយ? ជម្រះមន្ទិលរបស់អ្នកជាមួយហេលស៍ថាមថ្ងៃនេះជម្រើសដ៏ត្រឹមត្រូវនៃ ឡេការពារកម្តៅថ្ងៃ។ឡេការពារកម្តៅថ្ងៃគឺជាផលិតផលផ្សំឡើងដោយសារធាតុជាច្រើនជួយការពារកាំរស្មីពន្លឺព្រះអាទិត្យជះមកលើស្បែកក្នុងទម្រង់ផ្សេងៗពីគ្នានិងកម្រិតខុសគ្នាដើម្បីតម្រូវតាមប្រភេទស្បែក។​​ ដូចនេះលោកអ្នកគួរធ្វើការជ្រើសរើសឡេការពារកម្តៅថ្ងៃតាមប្រភេទស្បែកដូចខាងក្រោម៖

ស្បែកកូនតូច៖ មនុស្សមួយចំនួនតែងយល់ថាឡេការពារកម្តៅថ្ងៃ គឺប្រើសម្រាប់តែវ័យជំទង់នេះជាការគិតខុសទាំងស្រុង។ ស្បែកក្មេងតូចៗជាស្បែកដែលទាមទារឲ្យមានការថែរក្សាខ្ពស់បំផុត ដោយហេត ថាវាឆាប់ប្រតិកម្ម និងឆាប់រលាកជាមួយពន្លឺព្រះអាទិត្យ។  លោកអ្នកគួរជ្រើសរើសប្រភេទឡេការពារ ដែលគ្មាននូវសារធាតុគីមី PABA និង Oxybenzone ព្រោះសារធាតុទាំងពីរមុខនេះ ជាធម្មតាធ្វើឲ្យស្បែកមានប្រតិកម្មហើយវារឹតតែមានឥទ្ធិពលលើស្បែកក្មេង។ ការពារកម្តៅថ្ងៃសម្រាប់ខ្លួនប្រភេទ ដែលមានសារធាតុស័ង្កសីអុកស៊ីត (Zincoxide) និងទីតានីញ៉ូមអុកស៊ីត(Titanium dioxide) មានភាពអនុគ្រោះច្រើន ចំពោះស្បែកងាយប្រតិកម្មដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃសម្រាប់ក្មេងតូចៗ។ គួរប្រើស្ព្រៃយ៍ការពារកម្តៅថ្ងៃឬដប ដែលមានសម្បកពណ៌ចម្រុះព្រោះវាអាចជាការជំរុញឲ្យក្មេងចូលចិត្តប្រើ។គួរបញ្ជាក់ផងដែរថាស្ព្រៃយ៍ការពារកម្តៅថ្ងៃសម្រាប់ក្មេងមិនគួរប្រើផ្ទាល់ទៅលើមុខនោះទេ គួរបាញ់ដាក់ដៃជាមុន រួចទើបលាបទៅលើមុខ។

ស្បែកមនុស្សចាស់៖ ទោះជាបុគ្គលដែលមានវ័យចំណាស ​បានប៉ះពាល់ផ្ទាល់ជាមួយនឹងកាំរស្មីពន្លឺព្រះអាទិត្យស្ទើរ ពេញមួយជីវិតរបស់គាត់យ៉ាងណាក៏ ដោយស្បែករបស់ពួកគាត់នៅតែត្រូវការការពារ បើមិនដូច្នោះទេហានិភ័យនៃការវិវឌ្ឍទៅជាមហារីកស្បែកនិងត្រៀមមហារីក ស្បែកកាន់តែឆាប់ចាស់ ឡើងអុជៗ ងលេចចេញស្នាមជ្រីវជ្រួញ​​​លើស្បែក។ ដោយសារមនុស្សចាស់មានការថយចុះនូវចលនា ពិបាកក្នុងការលាបអញ្ចឹងគួរជ្រើសរើសប្រភេទជា ស្ព្រៃយ៍បាញ់ ទើបងាយស្រួល និងប្រសើរបំផុត។

ស្បែកស្ងួត៖ មានន័យថាអ្នកត្រូវការទាំងការការពាររួមទាំងអាចផ្តល់សំណើមដល់ស្បែករបស់អ្នកបានទៀតផង ដូចនេះអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលអាចទាំងផ្តល់សំណើមដល់ស្បែក។ លោកអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃ ដែលមាននូវសារធាតុឡាណូលីន(Lanolin) ប្រេង (oils) និងស៊ីលីកូន (Silicon) ដូចជាឌីមេទីកូន (Dimeticone)។ ម៉្យាងទៀតឡេការពារកម្តៅថ្ងៃ ដែលមានឥទ្ធិពលផ្តល់សំណើមដល់ស្បែករបស់អ្នកបាន ច្រើនស្ថិតក្នុងទម្រង់ ជាក្រែម ជាឡូសិន និងជាក្រមួនដោយលោកអ្នកអាចពិនិត្យមើលនៅលើសម្បកប្រអប់ (creams, lotions, or ointments)។

ស្បែកជាំ ឬធ្លាប់មានមហារីកស្បែក៖​ ចំពោះអ្នកជំងឺដែលមានស្បែកជាំ ឬអ្នកធ្លាប់មានមហារីកស្បែកឡេការពារកម្តៅថ្ងៃមានSPF30+ ត្រូវបានណែនាំឲ្យប្រើជាប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រាកដថា អ្នកលាបបានគ្រប់គ្រាន់ និងញឹកញាប់តាមការណែនាំ (រៀងរាល់២ម៉ោងក្រោយពេលចេញក្រៅ ឬភ្លាមៗបន្ទាប់ពីហែលទឹករួច) គឺសំខាន់បំផុត។

ស្បែកស្រអាប់៖ បុគ្គលដែលមានស្បែកស្រអាប់ ប់ឡើងពណ៌តែមិនងាយនឹងរលាកដោយសារកម្តៅថ្ងៃ អាចនឹងមានអារម្មណ៍ថាពួកគេមិនចាំបាច់ត្រូវការប្រើ​ឡេការពារកម្តៅថ្ងៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនខុសគ្នា ជាមួយនឹងការរលាកដោយសារកម្តៅថ្ងៃនោះទេ ព្រោះថាពេលអ្នកត្រូវកម្តៅថ្ងៃ ហើយស្បែកឡើងពណ៌ នោះមានន័យថាវាជាលទ្ធផលនៃការបំផ្លាញ DNA របស់ស្បែក។ សើរបំផុតអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពទូលាយ (Broad Spectrum Suscreens)ក្នុងកម្រិត SPF15+។

ស្បែកងាយអាល្លែកហ្ស៊ី និងស្បែកមានមុន៖ ជំងឺដែលមានស្បែកងាយនឹងអាល្លែកហ្ស៊ីឬស្បែកមានមុនគួរចៀសវាងផលិតផល ដែលមានផ្ទុកសារធាតុផ្តល់ក្លិន ក៏ដូចជាមានផ្ទុកពពួកPABA Oxybenzone SalicylateនិងEcamsule។ ម៉្យាងវិញទៀត អ្នកជំងឺដែលងាយអាល្លែកហ្ស៊ី និងអ្នកជំងឺដែលស្បែកមានមុន គួរតែចៀសវាងប្រភេទឡេមានផ្ទុកជាតិអាល់កុលព្រោះវាធ្វើឲ្យស្បែកកាន់តែស្ងួត ហើយធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរថែមទៀត ដែលភាគច្រើនឃើញមានស្ថិតក្នុងទម្រង់ជាជែល។ លោកអ្នកមិនគួរប្រើឡេការពារកម្តៅថ្ងៃ ជាប្រភេទក្រែមនោះទេព្រោះវាមានជាតិប្រេងធ្វើឲ្យអ្នកកាន់តែងាយកើតមុន។ ទោះបីជាអ្នកក៏គង់នឹងត្រូវបានណែនាំពី អ្នកលក់ផលិតផលយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានដឹងខ្លះដើម្បីទទួលបានជម្រើសដែលសមស្របជាមួយស្បែករបស់អ្នក។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


អត្ថបទទាក់ទង

មើលទាំងអស់

ក្តីស្រឡាញ់កើតចេញពីចិត្ត សុខភាពកើតចេញពីការថែទាំ ពេលវេលានៅក្បែរគ្នាបានយូរប៉ុណ្ណាអាស្រ័យទៅលើការឲ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដគឺ ការផ្តល់ពេលវេលា ការយកចិត្តទុកដាក់ជាប្រចាំ និងការថែទាំសុខភាព។ ទទួលបានក្តីស្រឡាញ់បែបនេះ តើមនុស្សជាទីស្រលាញ់របស់អ្នករំភើបយ៉ាងណាទៅណ៎? តែ... ត្រូវធ្វើបែបណាទៅ? វិធីសាស្ត្រងាយៗក្នុងឱកាស Pink Day ខាងមុខនេះ អ្នកអាចជូនកាដូពិសេសមួយដល់មនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីបញ្ជាក់ប្រាប់ថា អ្នកពិតជាស្រឡាញ់ពួកគាត់ពិតប្រាកដ ហើយកាដូនេះនឹងជាអ្នករំលឹកអ្នក ឲ្យអ្នក បង្ហាញក្តីស្រឡាញ់ទៅពួកគាត់ជាប្រចាំ។ កាដូពិសេសនោះ អាចជាអ្វី? យើងខ្ញុំសូមណែនាំ នូវម៉ាស៊ីនវាស់ជាតិស្ករឃែរសេន (Caresens) ដែលអាចឲ្យលោកអ្នកវាស់ជាតិស្ករដោយខ្លួនឯងបាន។ ឧបករណ៍នេះ មិនមែនប្រើបានតែអ្នកដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តាយាយ ប៉ាម៉ាក់ចាស់ៗ ក៏គួរតែមានម៉ាស៊ីនប្រភេទនេះផងដែរ ដើម្បីធ្វើការតាមដានជាតិស្ករក្នុងឈាមរបស់ពួកគាត់ ហើយអាចការពារពីជំងឺទឹកនោមផ្អែមថែមទៀត។ ពេលដែលកាដូនេះទៅដល់ដៃពួកគាត់ អ្នកត្រូវឆ្លៀតពេលនៅក្បែរពួកគាត់ យកចិត្តទុកដាក់ពួកគាត់ និងថែទាំសុខភាពគាត់ជាប្រចាំ បើទោះបីជាពួកគាត់អាចប្រើម៉ាស៊ីននេះដោយខ្លួនឯងក៏ដោយ ព្រោះនេះទើបជាក្តីស្រឡាញ់ពិតប្រាកដ។ ក្រៅពីនេះ អ្នកតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវប្រុងប្រយ័ត្នលើកម្រិតជាតិស្ករក្នុងខ្លួនគាត់ដែរ ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព និងសុវត្ថិភាព។ ក្នុងឱកាសថ្ងៃនៃក្តីស្រលាញ់នេះ ឧបករណ៍ម៉ាស៊ីនវាស់ជាតិស្ករម៉ាក CareSens ដែលជាម៉ាស៊ីនតេស្តជាតិស្ករលេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីយកម៉ាស៊ីនចាស់ប្តូរម៉ាស៊ីនថ្មី ដោយលោកអ្នកគ្រាន់តែយកម៉ាស៊ីនវាស់ជាតិស្ករណាមួយក៏បាន មកប្តូរយកម៉ាស៊ីនវាស់ជាតិស្ករថ្មីម៉ាក CareSens មួយគ្រឿងដោយឥតគិតថ្លៃ។ កម្មវិធីប្តូរនេះ មាននៅតាមបណ្តាឱសថស្ថានដៃគូទូទាំងប្រទេសរបស់យើង ដូចជា៖ រាជធានីភ្នំពេញ មាននៅ ឱសថស្ថាន អរុណរស្មីថ្មី ឱសថស្ថាន សួនសុវណ្ណ ឱសថស្ថាន HELPY ឱសថស្ថាន វិសារ ឱសថស្ថាន NORM ឱសថស្ថាន ធីតាសុភ័ក្ត្រ ឱសថស្ថាន ដេវាល់ដា ឱសថស្ថាន ឌីនីកា ឱសថស្ថាន ពន្លឺបញ្ចពណ៌ ឱសថស្ថាន មេឌីធិច ឱសថស្ថាន សុភ័ក្ត្រមិត្តសែនសុខ ឱសថស្ថាន អង្គរឧត្តម ខេត្តកំពង់ចាម ឱសថស្ថាន នាគព័ន្ធ ឱសថស្ថាន អង្គរធំ ខេត្តសៀមរាប ឱសថស្ថាន ខ្មែរ អង្គរ ឱសថស្ថាន ព្រះវិហារ ឱសថស្ថាន ព្រះវិហារ ១ ឱសថស្ថាន ព្រះវិហារ ២ ខេត្តកំពត៖​ ឱសថស្ថាន រិទ្ធិយ៉ា កាន់តែអស្ចារ្យជាងនេះទៀត Caresens នឹងចាប់ឆ្នោតជូនរង្វាន់ចំនួន៥ ដែលមួយរង្វាន់ៗ គឺ ម៉ាស៊ីនតេស្តជាតិស្ករ Caresens មួយឈុត ដោយលោកអ្នកគ្រាន់តែ Like page Caresens Glucose Meter (https://www.facebook.com/caresensglucosemeter) Share Page Caresens Glucose Meter ហើយ Inbox លេខទូរស័ព្ទ និងទីតាំងរបស់លោកអ្នក នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត។ រង្វាន់នឹងប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង Page Caresens Glucose Meter។ ស្រឡាញ់សុខភាពអ្នក តេស្តឃែរសេន(Caresens) ជាប្រចាំ ------------------------------------------------------- ប្រសិនបើអ្នកមានទាន់ដឹងពីរបៀបប្រើប្រាស់ អាចសាកសួរតាមឱសថស្ថាន ដែលអ្នកជាវ ឬអានពីការប្រើប្រាស់នៅទីនេះ https://healthtime.tips/km/library/article/2167។ ហើយសម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំគឺ CareSens Glucose Meter ឬតាមតំណភ្ជាប់ https://www.facebook.com/caresensglucosemeter

ការវាស់ជាតិស្ករដោយខ្លួនឯង ពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះការការពារការវិវឌ្ឍនៃជំងឺ និងចូលរួមក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលឲ្យបានកាន់តែប្រសើរជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ប៉ុន្តែការថែរក្សាឧបករណ៍វាស់ជាតិស្ករ និងបន្ទះតេស្តរបស់វាឲ្យស្ថិតក្នុងស្ថានភាពល្អ និងត្រឹមត្រូវ គឺរឹតតែសំខាន់សម្រាប់ធានាបាននូវលទ្ធផល ដែលមានលក្ខណៈច្បាស់លាស់សម្រាប់ការតាមដាន។  ខាងក្រោមជាចំណុចសំខាន់ៗក្នុងការថែទាំងឧបករណ៍វាស់ជាតិស្ករដែលអ្នកមិនគួរមើលរំលង។ មុនពេលប្រើប្រាស់៖ ត្រូវប្រាកដថាដៃរបស់អ្នកស្អាតនិងស្ងួតល្អ មុនពេលចាប់កាន់ឧបករណ៍  មើលជំហានណែនាំពីការជួសយកសំណាកឈាមរហូតដល់ការសូកបញ្ចូលបន្ទះតេស្ត ពិនិត្យមើលថ្ងៃផុតកំណត់នៃបន្ទះតេស្តជាមុនសិនមុនពេលវាស់ជាតិស្ករក្នុងឈាម  លាងសម្អាតដៃឲ្យបានស្អាតមុនពេលជួសយកសំណាកឈាមដាក់លើបន្ទះតេស្ត។ ក្រោយពេលប្រើប្រាស់៖  ធ្វើការជូតសម្អាតឧបករណ៍ជាមួយនឹងក្រណាត់ស្ងួតឲ្យបានសព្វ ដើម្បីប្រាកដថា ឧបករណ៍មិនមានតោងប្រឡាក់ដោយកម្ទេចធូលី ឬកាកសំណល់ផ្សេងៗ ត្រូវធ្វើការសម្អាតក្រណាត់ដែលជូតឲ្យបានញឹកញាប់តាមដែលអាចធ្វើបានផងដែរ អាចប្រើប្រាស់សារធាតុសម្អាតដែលមានលក្ខណៈស្រាលសម្រាប់សម្អាតផងដែរ ដោយត្រូវប្រាកដថាមិនមានសារធាតុរាវហូរចូលក្នុងឧបករណ៍ និងជូតសម្ងួតឲ្យបានឆាប់រហ័ស រក្សាទុកឧបករណ៍ និងបន្ទះតេស្តនៅក្នុងប្រអប់ ឬកាបូបវេចខ្ចប់ដើមរបស់វាជានិច្ច រក្សាទុកនៅកន្លែងស្ងួត ស្អាត និងត្រជាក់គ្រប់ពេល។ អ្នកអាចធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់ និងការថែទាំឧបករណ៍វាស់ជាតិស្កររបស់អ្នក ទៅតាមការណែនាំដែលភ្ជាប់មកជាមួយនឹងឧបករណ៍ ឬទំនាក់ទំនងផ្ទាល់ជាមួយនឹងអ្នកផ្គត់ផ្គង់ក៏បាន។  ©2021 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។  

ការនិយមពិសាតែបៃតងសម្រាប់ប្រជាជនលើពិភពលោក មិនមែនកើតឡើងដោយគ្មានមូលហេតុ ឬគ្រាន់តែដោយសាររសជាតិ និងក្លិនរបស់វានោះឡើយ។  តម្លៃរបស់តែបៃតងគឺផ្តើមចេញតាំងពីសារធាតុសំខាន់ៗប្រកបដោយគុណប្រយោជន៍ដ៏លើសលុប ក៏ដូចជាសកម្មភាពជាច្រើនដែលអំណោយផលដល់សុខភាព និងការរស់នៅ ហេតុដូចនេះហើយ តែបៃតងមិនដែលត្រូវបានអ្នកស្រាវជ្រាវបោះបង់ចោលឡើយក្នុងកិច្ចការស្រាវជ្រាវជាបន្តបន្ទាប់។​  ការសិក្សាថ្មីៗមួយបានធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់តែបៃតងក្នុងការគ្រប់គ្រងការឆ្លងនៃវីរុសដែលកំពុងរាតត្បាតទូទាំងសកលលោកគឺ Coronavirus ដោយរំពឹងទុកថានឹងមានការបង្ហាញនូវលទ្ធផលជាវិជ្ជមានតាមរយៈសកម្មភាពក្នុងការប្រឆាំងនឹងវីរុសរបស់វា។ រីឯវិទ្យាស្ថានស្រាវជ្រាវអំពីតែ ឬ UPASI ក៏បានធ្វើការស្រាវជ្រាវពីលទ្ធភាពក្នុងការប្រឆាំងនឹងវីរុសរបស់ Theaflavins-3 និង Catechin ដែលជាសារធាតុសម្បូរនៅក្នុងតែបៃតងដើម្បីគ្រប់គ្រង Coronavirus ដូចគ្នាផងដែរ។ យោងតាមសិក្សាមួយទៀតពីប្រទេសជប៉ុន ក្រោមកិច្ចសហការរវាង ITO EN និងសាស្ត្រាចារ្យ Hiroshi Yamada បានបង្ហាញថា Catechin ដែលសម្បូរក្នុងតែបៃតង មានសកម្មភាពប្រឆាំងនឹងវីរុសផ្តាសាយ Influenza តាមរយៈកាប្រើប្រាស់វាក្នុងទម្រង់ជាទឹកសម្រាប់ខ្ពុលមាត់ និងសម្រាប់ទទួលទាន។ ការស្រាវជ្រាវក៏បន្តលើសារធាតុម្យ៉ាងទៀតដែលសម្បូរផងដែរក្នុងតែបៃតងគឺ Strictinin ដោយវាត្រូវបានរំពឹងទុកថាមានសកម្មភាពប្រឆាំងនឺងប្រតិកម្មអាល្លែក្ស៊ី។ កាន់តែគួរឲ្យភ្ញាក់ផ្អើល ក្រុមអ្នកស្រាវជ្រាវដដែលក៏បានទទួលស្គាល់ផងដែរថា ការទទួលទានតែបៃតងជាប្រចាំ អាចការពារការកើតមាននូវជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់បានទៀតផង។  សរុបមកវិញ ការសិក្សាពីប្រភពផ្សេងគ្នាជាច្រើនកន្លងមកនេះបានធ្វើការសរុបពីអំណោយផលវិជ្ជមានយ៉ាងសន្ធឹកចំពោះសុខភាពរបស់តែបៃតងដែលសំខាន់ៗរួមមានដូចជា ប្រឆាំងនឹងកោសិកាមហារីក វីរុសផ្តាសាយ ជំនួយសុខភាពបេះដូង​ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺស្ត្រូក ជំនួយមុខងារខួរក្បាល និងការចងចាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពារបញ្ហារាក់ស៊ីធ្មេញ ស្ត្រេស អាការៈអស់កម្លាំងរ៉ាំរ៉ៃ បញ្ហាជំងឺសើស្បែក និងសម្រួលអាការៈឈឺសន្លាក់។ ទោះយ៉ាងណាក៏ដោយ បើយោងតាម ITO EN បរិមាណនៃសារធាតុសំខាន់ៗនៅក្នុងតែបៃតងមួយចំនួន អាចមានការប្រែប្រួលទៅតាមប្រភេទនៃស្លឹកតែ ការចម្រាញ់ដោយកម្តៅ និងពេលវេលាចម្រាញ់ផងដែរ ដូចនេះការជ្រើសរើសផលិតផលតែបៃតង គួរត្រូវបានធ្វើឡើងឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងចៀសផុតពីផលិតផលដែលអាចមានផ្ទុក fluoride ក្នុងបរិមាណលើសលុប។​ សម្រាប់ Oi-Ocha ដែលត្រូវបានស្គាល់ថាជាម៉ាកផលិតផលតែបៃតងរបស់ ITO EN ចំណាត់ថ្នាក់លេខ១នៅប្រទេសជប៉ុនជាង ៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវទទួលការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារការសម្រិតសម្រាងនៅគ្រប់ដំណាក់កាលនៃការផលិត ចាប់ផ្តើមតាំងពីការជ្រើសរើសស្លឹកតែ បច្ចេកទេសប្រមូលផល បច្ចេកទេសរំលីង រហូតដល់ការគ្រប់គ្រងគុណភាពក្រោមប្រព័ន្ធស្តង់ដាអន្តរជាតិ ISO9001 ដើម្បីធានាបាននូវសុវត្ថិភាព​ និងគុណភាពក្នុងការប្រើប្រាស់ចំពោះមនុស្សទូទៅរួមទាំងក្មេង និងមនុស្សចាស់។  ស្វែងយល់បន្ថែមអំពី៖ ITO EN Daishin ស្វែងរក Oi-Ocha៖ Online store Store

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកកែភេទ និង​បុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់​តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ​ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។   ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/   សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus  

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត​ ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។   ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017)   សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

អ្នកណាខ្លះ ដែលតែងធ្វេសប្រហែសក្នុងការញ៉ាំអាហារពេលព្រឹក? មានមនុស្សមិនតិចនោះទេ ដែលជ្រើសរើសអាហារមិនស័កិ្តសមដូចជានំបុ័ង ឬអាហារក្រៀមក្រោះដទៃទៀតសម្រាប់ជាអាហារពេលព្រឹកប្រចាំថ្ងៃ។ ពិតណាស់អាហារប្រភេទទាំងនោះអាចបង្កលក្ខណៈងាយស្រួលនិងរហ័សក្នុងការរកទិញថែមទាំងចំណេញពេលបានច្រើនក្នុងការញ៉ាំ ប៉ុន្តែអ្នកមិនដឹងទេថាវាអាចប៉ះពាល់នូវមុខងារក្រពះពោះវៀនរបស់អ្នកនៅរយៈពេលណាមួយ។ ដូច្នេះអ្នកគួរកាត់បន្ថយ និងផ្លាស់ប្ដូរទម្លាប់ទាំងអស់នោះហើយងាកមកចាប់ផ្ដើមរបបអាហារពេលព្រឹកផ្សេងទៀត ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជាឱសថបំប៉នដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកទៀតផង។ ១. ត្រីសាម៉ុង ត្រីសាម៉ុងគឺជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ដែលជាថ្នាំធម្មជាតិប្រឆាំងនឹងការរលាកប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រមទាំងអាចជួយព្យាបាលអាការៈហើមពោះ និងឈឺពោះបានផងដែរ។ ការសិក្សាខ្លះបានរកឃើញផងដែរថាអាស៊ីតអូមេហ្គា-៣ នៅក្នុងត្រីសាម៉ុងពិតជាមានប្រយោជន៍សម្រាប់ការពារមហារីកពោះវៀនធំ។ ជាក់ស្ដែង ការទទួលទានត្រីសាម៉ុងនៅពេលព្រឹក វាពិតជាផ្តល់គុណប្រយោជន៍បំផុតចំពោះការធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារបង្កើនថាមពលក្នុងរាងកាយ លើកកម្ពស់ការសម្រកទម្ងន់ ពិសេសជួយរក្សាលំនឹងកម្រិតជាតិស្ករនៅក្នុងឈាមព្រោះវាមានផ្ទុកនូវជាតិប្រូតេអុីនខ្ពស់។ ២. យ៉ាអ៊ួ យ៉ាអ៊ួដែលគ្មានរសជាតិផ្លែឈើ និងគ្មានលាយទៅដោយសារធាតុពណ៌ ជាជម្រើសដ៏ល្អបំផុតក្នុងការទទួលទាន ជាពិសេសសម្រាប់ជាអាហារពេលព្រឹករបស់អ្នក។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានជីវជាតិជាច្រើនដែលជួយបង្កើនការរំលាយអាហារបានយ៉ាងល្អ។ ដោយហេតុថាយ៉ាអ៊ួមានផ្ទុកនូវប្រូតេអុីន កាល់ស្យូម និងឡាក់តូស(Lactose) ពិសេសសម្បូរទៅដោយប្រូប៊ីយ៉ូទិក (Probiotics) ដែលជួយធ្វើឲ្យប្រសើរឡើងនូវមុខងារប្រព័ន្ធរំលាយអាហារ ជួយថែរក្សាសរីរាង្គរបស់ពោះវៀនឲ្យមានសុខភាពល្អ និងកាត់បន្ថយអាការៈហើមពោះ ទល់លាមក និងរាកជាដើម។ ៣. ផ្លែប៉ោម ផ្លែប៉ោមមិនត្រឹមតែជួយសម្រស់ឲ្យនៅក្មេងជាងវ័យនោះទេ ប៉ុន្តែវាក៏អាចជួយការពារកោសិកាពោះវៀនពីបញ្ហារំខាននានាផងដែរ។ ផ្លែប៉ោមជាប្រភេទផ្លែឈើសម្បូរទៅដោយសារជាតិ Pectin ដែលជាជាតិសរសៃរលាយជួយបង្កើនការរំលាយអាហារនៅក្នុងពោះវៀនតូច  បង្កើនការធ្វើចលនារបស់ពោះវៀន ពិសេសជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងពោះវៀននិងព្យាបាលអាការៈទល់លាមកបានថែមទៀតផង។   ៤. ផ្លែល្ហុងទុំ ផ្លែល្ហុង ជាផ្លែឈើធម្មជាតិដែលសម្បូរ និងងាយស្រួលក្នុងការរកទិញនៅលើទីផ្សារ។ ជាក់ស្តែងការចាប់ផ្តើមអាហារពេលព្រឹកជាមួយផ្លែល្ហុងពិតជាពិសេសណាស់ ដោយសារផ្លែល្ហុងមានផ្ទុកនូវជាតិអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលជាអង់ស៊ីមជួយបង្កើនមុខងាររំលាយអាហារ និងបន្ថយហានិភ័យនៃការរលាកពោះវៀនធំដូចជា អាការៈទល់លាមក និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយសម្រកទម្ងន់ ព្រមទាំងថែរក្សារាងនិងសម្រស់របស់លោកអ្នកឲ្យនៅស្អាតក្មេងជាងវ័យបានដែរ។ ៥. ផ្លែម្នាស់ បន្ថែមពីអត្ថប្រយោជន៍ដែលស្រដៀងគ្នាទៅនឹងផ្លែល្ហុង ផ្លែម្នាស់ក៏មាននូវប្រភេទអង់ស៊ីមម្យ៉ាងឈ្មោះថា Bromelain ដែលមានមុខងារពិសេសក្នុងការបំបែកជាតិប្រូតេអុីន។ ការញ៉ាំទឹកម្នាស់ ត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយការរលាកផ្លូវរំលាយអាហារ នេះបើយោងតាមការសិក្សាដែលធ្វើឡើងទៅលើសត្វកណ្តុរ។ បន្ថែមពីនោះ ផ្លែម្នាស់ ត្រូវបានចាត់ទុកជាឱសថធម្មជាតិមួយក្នុងការសម្អាតពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀននិងធានាបានសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានល្អពេញមួយថ្ងៃ។ ៦. ផ្លែចេក ពេលវេលាល្អបំផុតសម្រាប់ការបរិភោគផ្លែចេកគឺនៅពេលព្រឹក ព្រោះផ្លែចេកអាចជួយការពារអាការៈចុកដើមទ្រូង ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងអាចឲ្យអ្នកមានកម្លាំងល្អសម្រាប់ការប្រកបកិច្ចការងាររហូតបានពេញមួយថ្ងៃ។ ដោយហេតុថាផ្លែចេកមានផ្ទុកសមាសធាតុដែលត្រូវបានគេស្គាល់ថាជា Protease ដែលជួយលុបបំបាត់បាក់តេរីដែលបង្កគ្រោះថ្នាក់ដូចជា H. pylori ដែលជាដើមចមបណ្តាលឲ្យរលាកស្រទាប់ក្រពះបាន។ ៧. បន្លែបៃតងចាស់ បន្លែបែតង ជាប្រភពដ៏ល្អឥតខ្ចោះនៃជាតិសរសៃដែលមិនរលាយ។ ជាតិសរសៃបែបនេះ និងសារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងបន្លែអាចជួយសម្រួលនូវដំណើរការបញ្ចេញកាកសំណល់ពីពោះវៀនរបស់អ្នក កាត់បន្ថយអាការៈទល់លាមកតាមរយៈការបង្កើនការកន្រ្តាក់នៃផ្លូវក្រពះពោះវៀន។ ជាក់ស្ដែង បន្លែពណ៌បៃតងចាស់ដែលអ្នកបរិភោគបាន អាចមានដូចជា ស្ពៃបៃតង ប្រូខូលី និងប្រភេទស្លឹកដែលមានពណ៌បៃតងជាច្រើនទៀត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អី្វទៅជាជំងឺមុន? ជំងឺមុន​ កើតឡើងដោយសារមានការរលាកបណ្តុំ រន្ធរោម ​និងក្រពេញខ្លាញ់ “Pilosebaceous Unit”​​ ភាគច្រើនអាចឡើងនៅមុខ និង តំបន់ផ្នែកខាង លើនៃខ្នង និងទ្រូង​ ។ ​កន្លែងផ្សេងទៀតក៏អាចកើតបានដែរដូចជា តំបន់ ក និងដងខ្លួន ។ ​ជាទូទៅអាច​ចេញមុន អំឡុងពេលពេញវ័យ ហើយអាច​កើតរាំរ៉ៃ ជាបាត់ៗ រហូតដល់វ័យជំនាស់ក៏មានដែរ​​ ។ កត្តាអ្វីខ្លះធ្វើអោយកើតមុន? មូលហេតុបង្កអោយកើតមុនមានច្រើនកត្តា: +ការប្រែប្រួលខុសពីធម្មតា​នៃអរម៉ូន Androgen: Follicular Epidermal Hyperproliferation: ការលូតលាស់នៃកោសិកា ស្បែកលើសលប់​ធ្វើអោយកកស្ទះគល់រោម Excess Sebum Production: ក្រពេញខ្លាញ់ផលិតខ្លាញ់ច្រើនជាង ធម្មតា មេរោគពួកបាក់តេរី​​ Propionibacterium Acnes   (P. acnes) និង​ ការ​ប្រើប្រាស់ថ្នាំក្រុម Corticoides ។ +កត្តាតំនពូជ ​និង ប្រវត្តិគ្រួសារដែលកើតមុនអាចជាកត្តាធ្វើអោយអ្នក  កើតជំងឺមុនធ្ងន់ធ្ងរ និងរាំរ៉ៃ​ជាង​​អ្នកជំងឺធម្មតា ។ តើមុនមានប៉ុន្មានប្រភេទ? ជំងឺមុនចែកចេញជា២ប្រភេទធំៗ: មុនមិនរលាក​ ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល​ (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ​: មុនក្បាលខ្មៅ រឺមុនបើកមុខ Blackheads (Open comedone) មុនក្បាលស​ រឺមុនបិទមុខ  Whiteheads (Closed comedone) មុនរលាក ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម: មុនកន្ទួលក្រហម​ Papules មុនខ្ទុះ Pustules មុនដុំពក Nodule មុនដុំគីស Cyst             តើមុនចែកចេញជាប៉ុន្មានកំរិត? ភាពធ្ងន់ធ្ងរនៃជំងឺមុន​បែងចែកជា 3 កម្រិត: កម្រិតស្រាល​ (Mild Acne) រួមមានការកើតមុនមានក្បាល​ Comedones រឺការមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule)។ កម្រិតមធ្យម (Moderate Acne) កាលណាមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មាន រឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។ កម្រិតធ្ងន់(Severe Acne​) រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង​ និងមានមុនដុំពក (Nodule) រឺ​មុនដុំគីស​ (Cyst)​​ ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។ ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូង រឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។​ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។ ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។ តើអាចព្យាបាលដោយវិធីណាខ្លះ?           ការព្យាបាលមានច្រើនវិធីអាស្រ័យលើប្រភេទមុន​ និងភាពធ្ងន់ធ្ងរនៃការកើតមុន និងទៅតាមអ្នកជំងឺផ្សេងៗគ្នា ។ ការព្យាបាលរួមមាន​ ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប​ ថ្នាំចាក់ ភៀលមុខ និងឡេសឺរ​​​ជាដើម ​។ ការប្រើថ្នាំលាប Topical Treatment Retinoids: Tretinoin, Adapalene, Isotretinoin Antimicrobials: Benzoyl Peroxide, Clindamycin, Erythromycin, Azelaic Acid, Salicylic Acid Adjunctive therapy ការព្យាបាលផ្សេងៗទៀត: ការលាងសំអាតមុខជាប្រចាំ ការប្រើផលិតផលថែទាំស្បែកអោយបានត្រឹមត្រូវតាមប្រភេទស្បែក​ដោយផ្តោតលើ​ Noncomedogenic, Non-acnegenic, Hypoallergic លាបឡេសំនើមមុខជាប្រចាំ ការញិចយកមុនចេញ​ Comedone Extraction ការព្យាបាលដោយការចាក់ទៅលើគ្រាប់មុន (Intralesional Steroid Injection) ភៀលមុខដោយទឹកថ្នាំ​ Chemical Peeling កំរិតធ្ងន់ធ្ងរប្រើថ្នាំលេប Systemic Treatment: Antibiotics: Tetracycline, Doxycycline, Minocycline, Erythromycin, Azithromycin…etc. Oral Contraceptives Oral Isotretnoin ការព្យាបាលដោយម៉ាស៊ីនឡេសឺរ: Pulsed Dye Laser (PDL), Blue Light, Red Light, Intense Pulse Light (IPL), Photodynamic therapy (PDT), Radiofrequency (RF) …etc. ជម្រើសនៃការព្យាបាល គឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង ។ ជំរើសនីមួយៗមិនអាចទិញប្រើដោយខ្លួនឯងបានឡើយព្រោះ អាចគ្រោះថ្នាក់បាន ។ ការព្យាបាលនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺទទួលការព្យាបាល បាន​​​​ត្រឹមត្រូវ​ ទាន់ពេលវេលា និងជៀសវាងកត្តាបង្កផ្សេងៗ ។ រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាល​ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។ ពត៏មានលំអិតសំរាប់អ្នកមានបញ្ហាមុន និង ជំរើសនៃការព្យាបាល អាចមកពិគ្រោះជាមួយ​គ្រូពេទ្យឯកទេសសើស្បែក​​ និងឡេសឺរ រៀបរៀងនិងរក្សាសិទិ្ធដោយវេជ្ជបណ្ឌិត ​សួងស៊ីណាត​ ស្ថាបនិកគ្លីនិកវីណាត​ Founder & CEO of VNAT Clinic

ថ្វីត្បិតថាកែងជើងច្រើនត្រូវបានបិទបាំង ឬមើលមិនសូវឃើញក៏ពិតមែន តែការថែទាំសុខភាព និងសម្ផស្សរបស់វា ពិតជាមិនអាចត្រូវបានមើលរំលងឡើយ។ ជាមួយនឹងរូបមន្តពីធម្មជាតិងាយៗ ខាងក្រោមនេះ អ្នកដែលមានបញ្ហាស្បែកជើងក្រិន ជាពិសេសនៅកែងជើងនឹងលែងមានកង្វល់ទៀតហើយ… អំបិល-ក្រូចឆ្មារ លាយអំបិល ១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ នៅក្នុងទឹកក្តៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ ១៥-២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសស្បែកជើងដែលក្រិន រួចជូតឲ្យស្ងួត ហើយលាបក្រែមបន្ថែមសំណើមដល់ស្បែក។ ប្រទាលកន្ទុយក្រពើ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ២-៣នាទី ហើយជូតជើងឲ្យស្ងួត មុននឹងដាក់សាច់ប្រទាលកន្ទុយក្រពើនៅលើជើង ដោយពាក់ស្រោមជើងពីលើ (ទុករយៈពេល ១យប់) រួចសឹមលាងសម្អាតចេញពេលព្រឹក។ ម៉ាស់ផ្លែឈើ កិនចេកទុំ២ផ្លែ សាច់ដូង២ស្លាបព្រាបាយ និងផ្លែប៊័រ១ចំហៀង ចូលគ្នារយៈពេល៥-១០នាទី (ទាល់តែចូលគ្នាសព្វ) ហើយយកវាទៅបិតលើកន្លែងដែលក្រិនដោយទុកចោល២-៣ម៉ោងរួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ប្រេងដូង ម៉ាស្សាស្បែកក្រិនជាមួយនឹងប្រេងដូង(១ស្លាបព្រាបាយ) ហើយពាក់ស្រោមជើង ១យប់ពេញដល់ព្រឹកឡើង សឹមដោះវាចេញវិញ។ ចេកទុំ កិនចេកទុំ២ផ្លែឲ្យម៉ដ្ឋ ហើយលាបលើជើងដោយទុករយៈពេល ២០នាទីរួចសឹមលាងសម្អាតជាមួយទឹកស្អាត។ ទឹកឃ្មុំ ចាក់ទឹកឃ្មុំ ១កែវលាយជាមួយទឹកក្តៅឧណ្ហៗ១ធុងតូច រួចដាក់ជើងត្រាំ ដោយធ្វើការម៉ាស្សាថ្នមៗប្រមាណ២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសពីលើ មុននឹងជូតជើងឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើម។ Vaseline-ទឹកក្រូចឆ្មារ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗប្រហែលជា២០នាទី រួចលាងសម្អាត និងជូតឲ្យស្ងួត។ លាយទឹកក្រូចឆ្មារ៣-៤ដំណក់ ជាមួយនឹងជែល Vaseline ១ស្លាបព្រាបាយឲ្យសព្វចូលគ្នា ហើយលាបទៅលើកែងជើង និងប្រអប់ជើងទាំងមូល រួចពាក់ស្រោមជើង (ពេញមួយយប់) ហើយសឹមលាងសម្អាតជើងចេញនៅពេលព្រឹក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្បែកជាផ្នែកមួយប៉ះផ្ទាល់ជាមួយបរិយាកាសខាងក្រៅ និងងាយទទួលរងប្រតិកម្មជាងផ្នែកផ្សេងទៀតនៃរាងកាយ។ អាការៈមួយចំនួនអាចមានភាពសាមញ្ញនិងអាចបាត់ទៅវិញដោយឯកឯង ប៉ុន្តែនៅពេលរោគសញ្ញាកាន់តែមានភាពប្រែប្រួល នោះដល់ពេលដែលអ្នកត្រូវស្វែងរកការប្រឹក្សាដើម្បីប្រាកដថាវាបណ្ដាលមកពីមូលហេតុជាក់លាក់ណាមួយ។ សំណួរ៖ នាងខ្ញុំ អាយុ ២៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ មុខរបរជានិស្សិត។ ខ្ញុំមានបញ្ហារោគសើស្បែកនៅលើខ្នងដៃ ដោយដំបូងមានរោគសញ្ញាចេញជាពងទឹកតូចៗ ថ្លា ពណ៌ស ហើយពេលខ្លះរមាស់ ដល់ពេលក្លាយជាដំបៅ វាមានលក្ខណៈរឹង លាបថ្នាំអ្វីក៏មិនបាត់ដែរ ហើយថែមទាំងរាលទៅកន្លែងផ្សេងទៀត។ តើអាការៈនេះបង្កឲ្យមានបញ្ហាអ្វីធ្ងន់ធ្ងរដែរទេ? ហើយអាចព្យាបាលឲ្យជាសះស្បើយបានដែរឬទេ?  ចម្លើយ៖ តាមរោគសញ្ញាដែលប្អូនបានរៀបរាប់នេះពុំអាចវិនិច្ឆ័យថាជាជំងឺណាមួយបាននោះទេ ព្រោះនៅមានសំណួរជាច្រើនទៀតដែលនឹងត្រូវសួរបន្ថែមរួមជាមួយការត្រួតពិនិត្យទីតាំងផ្សេងទៀតផងដែរ។ ករណីនេះ ប្រហែលប្អូនអាចមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃ ដែលវាអាចពាក់ព័ន្ធនឹងជំងឺឬបញ្ហាធំៗមួយចំនួន ដូចជា៖ • ជំងឺ Lupus ប្រភេទនៃជំងឺរ៉ាំរ៉ៃមួយ • ការប្រើប្រាស់ផលិតផលមួយចំនួនដែលអាចឲ្យស្បែកចាប់ពន្លឺថ្ងៃ ហើយវាបានបំប្លែងរូបភាពឲ្យទៅជាការស្រូបពន្លឺថ្ងៃបណ្តាលឲ្យស្បែកលេចចេញនូវពងបែក របក រមាស់។ • អាចបណ្តាលមកពីមេរោគ ដូចជាបាក់តេរី ឬក៏ផ្សិត។ ទោះវាបណ្តាលមកពីអ្វីក៏ដោយ ក៏អាចព្យាបាលបានដែរ ប៉ុន្តែចំពោះការព្យាបាលនឹងទទួលបានលទ្ធផលខុសៗគ្នា។ ប្រសិនវាបណ្តាលមកពីការប្រើផលិតផលណាមួយ ហើយបន្ថែមជាមួយការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ នោះអ្នកជំងឺនឹងអាចជាសះស្បើយ១០០%។ តែបើករណីនេះកើតឡើងដោយសារជំងឺ Lupus ពីក្នុងខ្លួនប្អូនដែលជាជំងឺរ៉ាំរ៉ៃប្រចាំកាយ ទោះបីព្យាបាលជាហើយ ក៏អាចកើតមានឡើងវិញដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសជំងឺសើស្បែក និងកាមរោគ ប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សម្លៀកបំពាក់បង្ហាញដើមដៃដែលស្អាត បែរជាត្រូវទុកចោល និងមិនហ៊ានពាក់ព្រោះស្បែកក្លៀកមិនស្អាតដូចគេសោះ។ អ្នកណាខ្លះជួបរឿងបែបនេះ? ភាគច្រើនបុគ្គលសឹងតែទាំងអស់កំពុងប្រឈមនឹងភាពរំខាននេះហើយវាកាន់តែជាបញ្ហាដ៏គួរឲ្យធុញទ្រាន់បំផុតសម្រាប់សុភាពនារីទាំងអស់។ បើទោះបីស្បែកក្លៀក ជាទីតាំងពុំសូវប្រឈមនឹងអាកាសធាតុ ឬកម្ដៅថ្ងៃខាងក្រៅក៏ដោយ តែលក្ខណៈធម្មជាតិ និងកត្តាបង្កមួយចំនួនអាចធ្វើឲ្យស្បែកនៅតំបន់នោះប្រែទៅជាខ្មៅ ឬមានស្នាមជាំដែលជារឿងគួរឲ្យរំខានជាខ្លាំង។ ជាក់ស្ដែង ស្នាមខ្មៅនៅតំបន់ក្លៀកនោះមិនមែនជាជំងឺនោះទេ តែវាបានបង្អាក់នូវទំនុកចិត្ត និងតម្លៃរបស់អ្នកក្នុងផ្នែកណាមួយ។ បើវាមិនមែនជាជំងឺ តើអ្វីដែលបង្កភាពខ្មៅនោះ? ហើយតើអាចដោះស្រាយបានឬទេ? តោះមកស្វែងយល់ជាមួយគ្នា! មូលហេតុធ្វើឲ្យស្បែកក្លៀកខ្មៅ មានមូលហេតុជាច្រើនដែលបង្កឲ្យស្បែកក្លៀកអ្នកខ្មៅរួមមាន៖ • ការប្រើប្រាស់សារធាតុគីមី • ការកោររោម និងការរលាកផ្សេងៗ • ការកកើតកោសិកាស្បែកងាប់ច្រើន • ការកកិតជាមួយសម្លៀកបំពាក់តឹង • ជំងឺមហារីកស្បែក • ការកើនឡើងនៃសារធាតុមេឡានីន • ជំងឺទឹកនោមផ្អែម ភាពធាត់ ឬកម្រិតអ័រម៉ូនមិនធម្មតា • ការឆ្លងមេរោគបាក់តេរី និងជំងឺផ្សេងៗ។ល។ ជាក់ស្ដែង ទម្លាប់មួយចំនួន និងហេតុផលដូចបានរៀបរាប់ខាងលើសុទ្ធតែជាកត្តាបង្កធ្វើឲ្យស្បែកក្លៀកខ្មៅ និងមិនរលោងស្អាតហេតុនេះអ្នកគួរផ្លាស់ប្ដូរនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចធ្វើបានរួមមាន៖ ១. ផ្លាស់ប្តូរផលិតផលបំបាត់ក្លិន (Deodorant/Antiperspirant)៖ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រភេទនេះអាចធ្វើឲ្យស្បែកមានការរលាកនិងអាល្លែកហ្ស៊ី ដូចនេះអ្នកគួរប្រើប្រាស់ជម្រើសធម្មជាតិវិញដូចជា ម្សៅសូដា (Baking soda) ឬទឹកខ្មេះផ្លែប៉ោម (Apple cider vinegar) ជាដើម ២. បញ្ឈប់ការកោររោម៖ អ្នកអាចជ្រើសរើសយកការដករោម (Waxing) ឬឡាស៊ែរ (Laser removal) ជំនួសវិញ ព្រោះការកោររោមធ្វើឲ្យស្បែកមានការរលាកនិងមានសំណឹកដែលធ្វើឲ្យស្បែកខ្មៅ ៣. កាត់បន្ថយការខាត់ស្បែក៖ ការប្រើប្រាស់ផលិតផលខាត់ស្បែកច្រើនដងពេកក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់លើខ្លួន អាចធ្វើឲ្យស្បែកខ្មៅទៅវិញ ជាពិសេសស្បែកក្លៀក ៤. ស្លៀកសម្លៀកបំពាក់រលុង៖ ការស្លៀកសម្លៀកបំពាក់ដែលរឹបតឹងខ្លាំងពេកអាចធ្វើឲ្យមានការកកិតដល់ស្បែក។ រូបមន្តធម្មជាតិសម្រាប់ស្បែកក្លៀកស្អាត កុំឲ្យភាពខ្មៅនៃស្បែកក្លៀកកាន់តែបង្កការរំខាន អ្នកក៏អាចបន្ថែមការអនុវត្តជាមួយរូបមន្តធម្មជាតិខ្លះៗ ដើម្បីបង្កើនល្បឿននូវការប្រែជាសស្អាតឲ្យបានកាន់តែឆាប់ ដោយអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ដំឡូង៖ អ្នកអាចកិនដំឡូងហើយច្របាច់យកទឹកចេញ រួចយកល្បាយដែលស្ងួតនោះទៅបិតលើក្លៀករបស់អ្នករយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់ • ត្រសក់៖ ចិតផ្លែត្រសក់ជាចំណិតក្រាស់ៗ ហើយយកវាមកដុសនៅទីតាំងដែលខ្មៅ ១០នាទី រួចលាងទឹកចេញជាការស្រេច • ក្រូចឆ្មារ៖ កាត់ចំណិតក្រូចឆ្មារក្រាស់ៗ រួចដុសទៅលើស្បែកក្លៀក។ បន្ទាប់ពីរយៈពេល ១០នាទី អ្នកអាចលាងទឹកត្រជាក់ចេញ រួចជូតស្បែកក្លៀកឲ្យស្ងួតហើយប្រសិនជាអាចអ្នកគួរប្រើផលិតផលផ្ដល់សំណើមតាមក្រោយ • ប្រេងដូង៖ អ្នកគ្រាន់តែធ្វើការម៉ាស្សាស្បែកក្លៀកជាមួយប្រេងដូង ២ ទៅ៣ដំណក់ឲ្យបាន ១៥នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយសាប៊ូដែលមានជាតិកាត់តិចដោយប្រើទឹកក្ដៅឧណ្ហៗ។ ការផ្លាស់ប្តូរទម្លាប់ដែលខុស និងព្យាយាមអនុវត្តវិធីសាស្រ្តណាមួយខាងលើឲ្យបានញឹកញាប់ អាចជាទុនមួយសម្រាប់កែប្រែស្ថានភាពស្បែកក្លៀករបស់អ្នកឲ្យត្រលប់មកវិញ ដែលមិនត្រឹមតែជាផ្នែកមួយនៃសម្រស់នោះទេ ថែមទាំងអាចផ្ដល់ទំនុកចិត្តដល់អ្នកបានទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សក់ទន់រលោងជាផ្នែកទាក់ទាញមួយធ្វើឲ្យសម្រស់របស់អ្នកកើនឡើងទ្វេដង បើធៀបជាមួយផ្នែកផ្សេងៗនៃរាងកាយ ដែលពេលខ្លះវាទាមទារឲ្យមានការថែរក្សាស្ទើរស្មើនឹងផ្ទៃមុខរបស់អ្នក។ លើសពីនេះ ការមានទម្លាប់ល្អ និងចៀសវាងទម្លាប់អាក្រក់មួយចំនួនត្រូវបានណែនាំឲ្យអនុវត្តស្របគ្នាដើម្បីទទួលបានលទ្ធផលនៃការដែលមានសក់ស្អាតដូចការរំពឹងទុក។ តើអ្នកដឹងទេថាទម្លាប់មិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់របស់អ្នកទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ ជាកំហុសឆ្គងមួយចំនួន រួមចំណែកធ្វើឲ្យសក់ខូច ដែលអ្នកអាចនឹងកំពុង ឬធ្លាប់បានធ្វើ៖ កក់សក់ច្រើនដង៖ ការកក់សក់ញឹកញាប់អាចបិទសំណើមធម្មជាតិនៃសក់របស់អ្នកនិងធ្វើឲ្យសក់ប្រែទៅជាស្ងួតខ្លាំង ជាហេតុងាយនឹងធ្វើឲ្យបែកចុង។ អ្នកត្រូវប្រាកដថាបានកក់សាប៊ូសម្អាតសក់ ៣ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកប្រើប្រាស់ផលិតផលច្រើនលើសក់ អ្នកគួរលាងសម្អាតសក់របស់អ្នករៀងរាល់ ២ថ្ងៃម្តង ដោយធ្វើការជ្រើសរើសសាប៊ូឲ្យបានសមស្របតាមប្រភេទសក់របស់អ្នក។ អបសក់ដល់ស្បែកក្បាល៖ ការប្រើសាប៊ូអបសក់រហូតដល់ស្បែកក្បាល និងទុកវាយូរពេក អាចបណ្តាលឲ្យស្ទះគល់សក់ និងចូលរួមបង្អាក់ការលូតលាស់នៃសក់។ ដូចនេះអ្នកគួរអបតែលើសរសៃសក់ពិសេសផ្តោតលើចុងសក់ ហើយរក្សាវាទុកយូរបំផុតត្រឹម ១ទៅ២នាទីប៉ុណ្ណោះ ទើបអ្នកអាចទទួលបានគុណប្រយោជន៍ដ៏ស័ក្តិសម។ សិតសក់ខុសពេល៖ ព្យាយាមកុំសិតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីងូតទឹករួច ព្រោះការសិតសក់ទាំងដែលនៅសើមជាមូលហេតុចម្បងធ្វើឲ្យសក់ខូច កណ្តាញ់និងសំពោង។ អ្នកអាចទុកសក់របស់អ្នកឲ្យស្ងួតដោយជូតសម្ងួតជាមួយកន្សែងរួចយកម្រាមដៃទៅសិតជំនួស ឬសិតដោយប្រើក្រាស់ដែលមានធ្មេញធំៗ និងទន់ល្អ ទើបជាការប្រសើរ។ ងូតទឹកក្តៅញឹកញាប់ពេក៖ មនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅជាប្រចាំ ថែមទាំងលាងជម្រះសក់ក្បាល ក្នុងហេតុផលមួយចំនួននិងទម្លាប់ដែលមិនអាចអត់បាន។ ដោយភ្លេចថា ទឹកក្តៅអាចធ្វើឲ្យប្រែពណ៌សក់ និងបំផ្លាញក្រពេញផលិតប្រេងរបស់សក់ទៀតផង។ បើតាមការណែនាំរបស់អ្នកជំនាញដើម្បីរក្សាការផលិតប្រេងធម្មជាតិនៃស្បែកក្បាលគួរលាងសម្អាតសក់ ឬងូតទឹកក្តៅឧណ្ហៗ ត្រឹម២ដងក្នុងមួយសប្តាហ៍ជាការប្រសើរ។  ប្រើម៉ាស៊ីនសម្ងួត-គាប-រមូរ-កឹប សក់ជាប្រចាំ៖ តាមការស្រាវជ្រាវនៅឆ្នាំ២០១១បានរាយការណ៍ថាការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ជាមូលហេតុចម្បងបំផ្លាញសក់ផ្នែកខាងលើ ជាងការធ្វើឲ្យសក់ស្ងួតបែបធម្មជាតិ។ ជាការពិត ការប្រើប្រាស់ម៉ាសុីនផ្លុំសក់ក្នុងប្រវែង ១៥សង់ទីម៉ែត្រពីសរសៃសក់ជាមួយចលនាទៅមកបន្តបន្ទាប់ អាចបំផ្លាញសក់ក្នុងកម្រិតតិចតួច។ ក្រៅពីនេះ ការធ្វើម៉ូតសក់ដូចជា គាប ឬរមូរសក់អាចជំរុញឲ្យសក់ងាយជ្រុះបានបើអ្នកអនុវត្តវាញឹកញាប់ហួសពេក ឬរាល់ថ្ងៃ។ បើអាចអ្នកគួរធ្វើវាត្រឹមតែ ៣ដងក្នុងមួយសប្តាហ៍ និងប្រើកម្តៅតិចៗទើបជាការល្អ ដើម្បីអាចកាត់បន្ថយបញ្ហាបែកចុងបានផងដែរ។ និយមហែលទឹកក្នុងអាងជាប្រចាំ៖ នៅឆ្នាំ ២០០០មានការសិក្សាមួយ បង្ហាញពីការស្រាវជ្រាវពិនិត្យទៅលើអ្នកជំនាញហែលទឹក៦៧នាក់ និងអ្នកមិនចេះហែលទឹក ៥៤នាក់ ហើយរកឃើញថា ៦១%នៃអ្នកចេះហែលទឹក និងចូលចិត្តហែលទឹកក្នុងអាងញឹកញាប់ប្រឈមជាមួយការប្ដូរពណ៌សក់ បើធៀបនឹងអ្នកមិនហែលទឹក។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តការហែលទឹក ពិសេសក្នុងអាងហែលទឹក ទោះញឹកញាប់ ឬមិនញឹកញាប់ក្តីអ្នកគួរពាក់មួកការពារកុំឲ្យទឹកប៉ះសក់របស់អ្នកបាន។ ម៉្យាងអ្នកត្រូវប្រាកដថា បានងូតទឹកសម្អាតខ្លួន និងសក់ បន្ទាប់ពីអ្នកហែលទឹករួចភ្លាមៗដោយមិនត្រូវទុកឲ្យសក់របស់អ្នកដែលប៉ះជាមួយទឹកក្នុងអាងនោះស្ងួតខ្លួនឯងដោយមិនបានលាងសម្អាតឡើយ។ ផ្តល់អាហារឲ្យសក់មិនបានគ្រប់គ្រាន់៖ សក់របស់អ្នកត្រូវការបំផុតនូវសារធាតុចិញ្ចឹមសមស្របទាំងការទទួលទាននូវប្រភេទអាហារមានប្រូតេអុីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។ ម៉្យាងទៀត ការផ្តល់ឲ្យដោយផ្ទាល់ពីការប្រើប្រេង ឬអាហារបំប៉នលើសរសៃសក់ផ្ទាល់ ក៏ជាភាពចាំបាច់មួយ ក្នុងគោលបំណងបង្កើនការការពារនិងរក្សាភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ផាត់មុខ លាបក្រែម ម្សៅ ឡេ ... នរណាមិនចង់ស្អាត មិនចង់ល្អ មិនចង់លើកតម្កើងសម្រស់ឲ្យកាន់តែស្រស់ស្អាតក្មេងជាងវ័យ និងគួរឲ្យទាក់ទាញនោះ? មនុស្សចាស់ក្មេង ស្រីប្រុសតែងតែចង់សាកល្បងចំណាយថវិកាប្រើផលិតផលជំនួយទៅតាមធនធានមិនថាគេមិនថាខ្ញុំនោះទេ។ ប៉ុន្តែតើគួរជ្រើសរើសផលិតផលបែបណាឲ្យសម និងត្រូវតាមប្រភេទស្បែកមុខ? ខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជំហានសំខាន់ៗនៃការថែរក្សាស្បែកនិងប្រភេទផលិតផលដែលត្រូវប្រើទៅតាមស្បែកមុខរបស់អ្នក។ ពេលណាអ្នកគួរលាងសម្អាតស្បែកមុខ? អ្នកអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត ដោយការលុបលាងមុខច្រើនដងពេក។ ដូច្នេះការលាងសម្អាតមុខ (ដោយហ្វូមលាងមុខ) ត្រឹមតែម្តង ទៅពីរដងក្នុងមួយថ្ងៃគឺចាត់ទុកថាគ្រប់គ្រាន់ហើយ។ នាពេលព្រឹកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ប្រើកន្សែងពោះគោទន់ៗដើម្បីផ្ដិតជាតិទឹកចេញឲ្យស្ងួត។ នៅពេលយប់លាងសម្អាតជាមួយហ្វូម ឬទឹកសម្អាតស្បែកមុខដែលអាចជួយកម្ចាត់រាល់មេរោគ និងគ្រឿងសម្អាងបានយ៉ាងល្អ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ លេងកីឡា អ្នកអាចលាងសម្អាតម្តងទៀត បន្ទាប់ពីបញ្ចប់សកម្មភាពទាំងនោះដោយហ្វូមលាងមុខប្រភេទស្រាល។ ជាក់ស្ដែងការលាងសម្អាត និងប្រើប្រាស់ផលិតផលណាមួយលើស្បែកមុខ ក៏អាចប្រែប្រួលទៅតាមសភាពស្បែករបស់បុគ្គលម្នាក់ៗផងដែរ ដែលរួមមាន៖ ស្បែកមុខធម្មតា (Normal Skin) អ្នកដែលមានស្បែកមុខស្អាតគ្មានមុន គ្មានជាតិខ្លាញ់ពិតជាគិតថាមិនចាំបាច់ប្រើប្រាស់ផលិតផលសម្រាប់ការពារស្បែកនោះទេប៉ុន្តែការគិតបែបនេះគឺខុសហើយ។ ជាក់ស្តែង អ្នកគួរតែជ្រើសរើសការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងសម្រាប់ការពារបន្ថែមដើម្បីការពារស្បែកមុខពីការកើតមុនធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងរហូត។ សម្រាប់ករណីផ្ទៃមុខរបស់អ្នកមានសភាពធម្មតាបែបនេះ អ្នកគួរជ្រើសរើសផលិតផលដែលសមស្របនឹងស្បែកដូចជា ហ្វូម ឬជែលលាងសម្អាតមុខដែលមានផ្ទុកទឹកដោះគោ ថូនឺរដែលគ្មានផ្ទុកជាតិអាល់កុល (អេតាណុល) ក្រែមការពារសំណើម SPF ៤០ឡើង និងសេរ៉ូមជំនួយស្បែកប្រឆំាងអុកស៊ីតកម្មដែលផ្ទុកដោយសារធាតុវីតាមីន C ។ ស្បែកមុខស្ងួត (Dry Skin) ថែទាំស្បែកឲ្យសមស្របសម្រាប់អ្នកដែលមានមុខស្ងួត  ពួកគេតែងតែគិតថាតើគួរតែប្រើប្រាស់ផលិតផលអ្វី ដើម្បីឲ្យស័ក្តិសមជាមួយនឹងសាច់មុខរបស់ពួកគេ។ គន្លឹះសំខាន់ក្នុងការថែទាំស្បែកមុខដែលមានរន្ធរោមធំ ស្ថិតនៅលើការរក្សាអនាម័យ មិនឲ្យមានភាពកខ្វក់សេសសល់ក្នុងរន្ធរោមរួមទាំងការបន្ថែមជាតិសំណើមក្នុងកម្រិតដែលសមស្រប សុទ្ធតែអាចជួយឲ្យរន្ធរោមមើលទៅតូចជាងមុនបាន។ ជាពិសេសអាចជ្រើសរើសប្រើផលិតផលសម្អាតស្បែកមុខដែលមានសមាសធាតុផ្សំពីអាស៊ីតគ្លីកូលិក និងសាលីស៊ីលិក ផលិតផលបែបជែល ព្រោះជែលមិនត្រឹមតែជួយសម្អាតស្បែកមុខប៉ុណ្ណោះទេប៉ុន្ដែវាថែមទាំងជួយចិញ្ចឹមស្បែកមុខអ្នកទៀតផង។ លើសពីនេះវាជួយផ្ដល់ឲ្យស្បែកមុខអ្នកមានសំណើម និងមិនបណ្តាលឲ្យរលាក ហើយវាស័ក្តិសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ដូចជាស្បែកស្ងួត ស្បែកដែលមានជាតិខ្លាញ់ និងស្បែកឆាប់ប្រតិកម្ម។ បន្ថែមពីនេះ អ្នកត្រូវធ្វើការលាងសម្អាតឲ្យបានទៀងទាត់ មួយថ្ងៃ ២ដង ពេលព្រឹក និងយប់ ប្រើទឹករ៉ែសម្រាប់សម្អាតផ្ទៃមុខ សេរ៉ូមដែលមានសារធាតុ Retinol និងកម្ចាត់កោសិកាស្បែកចាស់ៗចេញជាដើម។ ស្បែកមុខខ្លាញ់ (Oily Skin) ស្បែកមានជាតិប្រេងមើលទៅមានសភាពរលើប មានខ្លាញ់ច្រើន ហើយក៏អាចមានរន្ធញើសធំៗដែរ ពិសេសនៅតំបន់អក្សរធី (T)។ អ្នកគួរប្រើហ្វូមលាងសម្អាតមុខដែលគ្មានជាតិប្រេង លាងសម្អាតដោយប្រើទឹកឲ្យច្រើន (ទឹកក្តៅឧណ្ហៗ)។ បន្ថែមពីនោះ អ្នកក៏អាចប្រើថូនឺរលាបមុខជាមួយសេរ៉ូមដែលមានសារធាតុ Retinol បន្ទាប់ពីសម្អាតមុខរួច ព្រោះវាអាចជួយកាត់បន្ថយជាតិប្រេង ប៉ុន្តែក៏ត្រូវប្រយ័ត្នដែរ ព្រោះស្បែករបស់អ្នកអាចនឹងមានអាការៈរមាស់បាន។ ស្បែកងាយរងប្រតិកម្ម (Sensitive Skin) ស្បែកងាយប្រតិកម្ម អាចនឹងឆាប់មានការឈឺចាប់រោល ឬរមាស់ បន្ទាប់ពីអ្នកបានប្រើផលិតផលផ្សេងៗព្រមទាំងមានលក្ខណៈស្តើង ហើយក្រហមឃើញសរសៃ។ ស្បែកបែបនេះគួរតែសម្អាតថ្នមៗ ជាមួយទឹកក្តៅតិចៗ ហើយត្រូវចាំជានិច្ចថារាល់ពេលធ្វើឲ្យស្ងួតគឺត្រូវផ្តិតមិនមែនជូតនោះទេ។ ការខាត់ស្បែកអាចធ្វើឲ្យស្បែករមាស់ ដូច្នេះគួរព្យាយាមកុំប្រើផលិតផលណាដែលមានជាតិអាល់កុល សាប៊ូ អាស៊ីត ឬក្លិន ហើយងាកមករកមើលផលិតផលណាដែលផ្សំពីប្រទាលកន្ទុយក្រពើ ជែលសម្អាតមុខ ឡេលាបមុខដែលមាន SPF៣០ឡើង ឬតែបៃតងវិញប្រសើរជាង។ សារធាតុផ្សំនៅក្នុងផលិតផលដែលអ្នកប្រើកាន់តែតិច គឺកាន់តែល្អសម្រាប់ស្បែករបស់អ្នក។ គួរបញ្ជាក់ផងដែរថា ការផ្តល់សំណើមប្រហែលជាអាចការពារស្បែកអ្នកបានមួយរយៈពីកម្តៅថ្ងៃ ប៉ុន្តែស្បែករបស់អ្នកអាចទ្រាំទ្រជាមួយកម្តៅថ្ងៃបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ បើលើសពីនេះវាពិតជាបំផ្លាញស្បែកអ្នកមិនខាន។ មិនថាអ្នកនៅក្មេង ឬជាមនុស្សចាស់នោះទេ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃឲ្យសោះ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top