Menu

កូនក្រៅស្បូន​ជាអ្វី?


កូនក្រៅស្បូន​ជាអ្វី?

និយមន័យ
ជំងឺកូនក្រៅស្បូន គឺសំដៅទៅលើការកាច់សម្បុករបស់អំប្រ៊ីយ៉ុង នៅខាងក្រៅតួស្បូន។ វាអាចកើតមានឡើងនៅក្នុងដៃស្បូន (tubal pregnancy) នៅក្នុងអូវែ (ovarian pregnancy) និងនៅក្នុងពោះ តែកម្រ (abdominal pregnancy)។ កូនក្រៅស្បួន មិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាអាចបណ្តាលឲ្យមានបញ្ហាដល់ស្បូនរបស់ម្តាយ។ ជំងឺនេះគឺទាមទារឲ្យយើង ធ្វើការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាល ឬព្យាបាលយឺត អាចបណ្តោយឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត​ តាមរយៈការហូរឈាម។
 
រោគសញ្ញា
ដំបូងសញ្ញារបស់វា ដូចទៅនឹងការមានផ្ទៃពោះធម្មតា៖ បាត់រដូវ ក្អួតចង្អោរ តឹងណែនដើមទ្រូង ហើយនៅពេលដែលយើងធ្វើតេស្តពិនិត្យលទ្ធផលគឺវិជ្ជមាន។  កូនក្រៅស្បូនមិនអាចលូតលាស់ដូចកូនធម្មតាបានទេ។ ការហូរឈាមតិចៗ ថែមទាំងអាការៈឈឺពោះ ឬត្រគាកវាជាសញ្ញារបស់ជំងឺកូនក្រៅស្បូនដែលគប្បី ត្រូវប្រុងប្រយ័ត្ន។បើមានការលេចធ្លាយនៅដៃស្បូន (fallopian tube) វាអាចបណ្តាលឲ្យមានអារម្មណ៍រោយស្មា និងចលនារបស់ពោះវៀន ដោយសារការហូរឈាមបង្កើតទៅជាដុំឈាម ប៉ះពាល់សរសៃប្រសាទជិតៗនោះ។ ប្រសិនបើដាច់រហែកនៅដៃស្បូនវិញ (fallopian tube ruture) ការហូរឈាមនឹងមានបរិមាណច្រើនពេញពោះ ហើយបង្កឲ្យមានអាការៈឈឺក្បាល និងអាចដួលសន្លប់ទៀតផង។ 

ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះ ឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះ គប្បីទៅជួបគ្រូពេទ្យ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
 
មូលហេតុ និងកត្តាបង្ក
ទីតាំងដែលកើតមានច្រើនជាងគេគឺ នៅដៃស្បូន(tubalpregnancy)ដែលបណ្តាលមកពីស៊ុតជាប់គាំងនៅពេលដែលវារំកិលខ្លួន ពីផ្នែក១/៣ ខាងក្រៅនៃដៃស្បូន ទៅកាន់តួស្បូន ដោយសារតែកោសិការបស់ដៃស្បូនខូចខាត ឬកំរិតអ័រម៉ូនមិនមានតុល្យភាព ឬភាពលូតលាស់មិនប្រក្រតីរបស់ស៊ុត។
 
កូនក្រៅស្បូនអាចមាន ១%ទៅ៣% ក្នុងចំណោមការមានផ្ទៃពោះ ដោយបណ្តាលមកពីកត្តាផ្សេងៗដូចជា៖
o ធ្លាប់មានកូនក្រៅស្បូនពីមុន
o មានការរលាក​ ឬឆ្លងរោគនៅដៃស្បូន
o មានបញ្ហាក្នុងការមានកូន (fertility issue)
o ភាពមិនប្រក្រតីរបស់ស្បូន (កំណើត ឬធ្លាប់មានប្រវត្តិយកកូនចេញ)
o ការជក់បារី
o ការប្រើប្រាស់វិធីពន្យាកំណើតខុសបច្ចេកទេស​ ឬមិនត្រឹមត្រូវ។

ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើគ្រូពេទ្យសង្ស័យទៅលើការមានកូនក្រៅស្បូន ប្រាកដណាស់គាត់នឹងពិនិត្យរកមើលកន្លែងដែលឈឺ និងពិនិត្យរកមើលដុំនៅក្នុងដៃស្បូន​ និងអូវែ។ មួយវិញទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ពិតជាមានកូនក្រៅស្បូនមែន គេត្រូវធ្វើតេស្តឈាម និងមើលអេកូសាស្ត្រ។​ ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំង ចំពោះស្រ្តីមានផ្ទៃពោះ ការសន្និដ្ឋានពីការមានកូនក្រៅស្បូន គឺមានភាគរយច្រើន និងតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ។
 
ការព្យាបាល
ការព្យាបាលកូនក្រៅស្បូន ត្រូវធ្វើឡើងដោយវិធីសាស្ត្រ៣៖
o ការយកកូនចេញ (abortion)៖ ស៊ុតមិនអាចលូតលាស់ធំ នៅខាងក្រៅស្បូនបានទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតម្តាយ យើងត្រូវតែធ្វើការយកចេញ។  
o ប្រើថ្នាំ (methotrexate)៖ ប្រសិនបើកូនក្រៅស្បូនត្រូវបានរកឃើញមុន ឬទាន់ពេលវេលា អ្នកជំងឺតម្រូវឲ្យប្រើថ្នាំ​ មានប្រសិទ្ធភាព បញ្ឈប់ការលូតលាស់របស់ស៊ុត និងរំលាយកោសិកានោះ។
o ការវះកាត់៖ ក្នុងករណីហូរឈាមខ្លាំង បណ្តាលមកពីការដាច់រហែកដៃស្បូន និងរកឃើញកូនក្រៅស្បូនយឺតពេល​ ដែលមិនអាចប្រើប្រាស់ថ្នាំ និងវិធីសាស្រ្តផ្សេង  នោះការវះកាត់ជាជម្រើសដ៏ល្អ។

ផលវិបាក
ប្រសិនបើមានកូនក្រៅស្បូនហើយមិនធ្វើការព្យាបាល ឬព្យាបាលយឺតពេល អាចបណ្តាលឲ្យមានការធ្លាយស្បូន និងការហូរឈាមខ្លាំងក្លាដែលអាចឲ្យបាត់បង់ជីវិត។
 
ការការពារ
យើងមិនអាចធ្វើការការពារកុំឲ្យមានកូនក្រៅស្បូនបាននោះទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលបង្ក ដូចជាឈប់ជក់បារី កាត់បន្ថយចំនួនដៃគូររួមភេទ និងប្រើប្រាស់ស្រោមអនាម័យ​ ដើម្បីការពារកុំឲ្យមានការឆ្លងរោគ (sexually transmitted infections) និងកាត់បន្ថយមូលហេតុនៃជំងឺរលាក ( pelvic inflammatory disease)។
 
ជាចុងក្រោយ​ ហេលស៍ថាម សូមផ្តាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងបងប្អូនស្រ្តីមានផ្ទៃពោះទាំងអស់ គួរគម្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថា មិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យោបាយដ៏ល្អ សម្រាប់ការព្យាបាល និងបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង