CEO ប្រាប់ថាអ្នកដែលមានបុគ្គលិកលក្ខណៈទាំង៥នេះ មានឱកាសច្រើនក្លាយជាអ្នកដឹកនាំ
ការដឹកនាំប្រកបដោយប្រសិទ្ធភាព គឺជាផ្នែកមួយនៃកត្តាជំរុញដ៏សំខាន់បំផុតនៅពីក្រោយការបំពេញការងារ។ ក្រុមហ៊ុនដែលទទួលបានភាពជោគជ័យ តែងតែជ្រើសរើសយកអ្នកដឹកនាំដែលមានជំនាញផ្សេងៗគ្នាសម្រាប់តំណែងសំខាន់ៗក្នុងក្រុមហ៊ុនរបស់ពួកគេ។ នាយកប្រតិបត្តិនៃក្រុមហ៊ុនគឺមាន ការយល់ដឹងខ្ពស់ចំពោះចំណុចនេះ ហើយពួកគេតែងតែស្វែងរកអ្នកដែលមានឥរិយាបថល្អ និងមានលក្ខណៈសម្បតិ្តជាអ្នកដឹកនាំដ៏អស្ចារ្យ។
តើលក្ខណៈសម្បតិ្តនៃអ្នកដឹកនាំដ៏ល្អម្នាក់មានអ្វីខ្លះ? តើបុគ្គលិកលក្ខណៈបែបណាខ្លះដែល CEO ម្នាក់ៗត្រូវការសម្រាប់អ្នកដឹកនាំរបស់ពួកគេ? មានការសិក្សាជាច្រើនបានធ្វើឡើង ដើម្បីបកស្រាយពីភាពជាអ្នកដឹកនាំ ហើយនៅក្នុងការសិក្សាទាំងនេះមានការរកឃើញស្រដៀងគ្នាមួយចំនួន បានលេចឡើង។
ខាងក្រោមនេះ គឺជាបុគ្គលិកលក្ខណៈជាអ្នកដឹកនាំទាំង ៥ដែល CEO ឲ្យតម្លៃខ្ពស់បំផុត៖
1. ជំនាញដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព
អ្នកដឹកនាំជារឿយៗតែងតែប្រឈមនឹងការលំបាកក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាជាដើម។ អ្នកដឹកនាំដ៏ល្អចេះសួរនូវសំណួរបានចំគោលដៅ ប្រមូលចងក្រងព័ត៌មាន ផ្តល់ជាជម្រើសផ្សេងៗ និងចេះការវិភាគយ៉ាងម៉ត់ចត់ដើម្បីដោះស្រាយបញ្ហាដែលពួកគេកំពុងតែប្រឈម។ ការបង្ហាញពី សមត្ថភាពរបស់អ្នកក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធខ្លាំង នឹងបញ្ជាក់ កាន់តែច្បាស់ ពីភាពជាអ្នកដឹកនាំរបស់អ្នកទៅកាន់ CEO។
2. ការផ្តោតសំខាន់ទៅលើលទ្ធផល
អ្នកដឹកនាំល្អបង្កើតចក្ខុវិស័យ។ ផ្ទុយទៅវិញ ចំពោះអ្នកដឹកនាំដ៏អស្ចារ្យ ពួកគេយកចក្ខុវិស័យនេះមកអនុវត្ត និងធ្វើតាមចក្ខុវិស័យនោះរហូតដល់ ទទួលបានលទ្ធផលដ៏ពិតប្រាកដមួយ។ ទីមួយត្រូវមានចក្ខុវិស័យ និងទីពីរនោះ គឺការបង្វែរនូវចក្ខុវិស័យនោះឲ្យទៅជាលទ្ធផល។ អ្នកត្រូវផ្តោតសំខាន់ទៅលើ លទ្ធផលចុងក្រោយ ចំណាយពេលក្នុងការចូលរួម ដើម្បីកំណត់ផែនការអាទិភាព និងការសម្រេចឲ្យបាននូវលទ្ធផលទាំងនោះ។
3. គាំទ្រ និងជួយអ្នកដទៃ
នៅក្នុងភ្នែករបស់នាយកប្រតិបត្តិ អ្នកដឹកនាំគំរូម្នាក់ គឺជាអ្នកដែលចេះគាំទ្រ និងយកចិត្តទុកដាក់ពីអ្នកដទៃ។ វាហាក់ដូចជាសាមញ្ញបន្តិចមែន ប៉ុន្តែ វាពិតជាមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនមួយ។ អ្នកដឹកនាំប្រភេទនេះនឹងធានាឲ្យបានថាបុគ្គលិកម្នាក់ៗនឹងពេញចិត្ត ក្នុងការចូលរួមសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន មានភាពរីករាយ ធ្វើការប្រកបដោយផលិតភាព និងផ្តោតសំខាន់ទៅលើការសម្រេចឲ្យបានលទ្ធភាពល្អៗ ជាជាងការអង្គុយចាំភាពព្រួយបារម្ភ ភ័យខ្លាច ឬមានអារម្មណ៍អវិជ្ជមាន។
4. លើកទឹកចិត្តឲ្យបុគ្គលិកបញ្ចេញទស្សនៈខុសៗគ្នារបស់ពួកគេ
ប្រសិនបើអ្នកអាចទុកភាពអាត្មានិយម ប្រកាន់យកតែគំនិតរបស់អ្នកមួយឡែកសិន ហើយយកចិត្តទុកដាក់ស្ដាប់នូវទស្សនៈ និងគំនិតរបស់អ្នកដទៃ នោះវាអាចបញ្ជាក់បានថាអ្នកមាននូវលក្ខណៈសម្បតិ្តជាអ្នកដឹកនាំដ៏អស្ចារ្យមួយ។ នៅពេលដែលជ្រើសរើសយកគំនិតល្អៗពីក្នុងចំណោមគំនិតទាំងអស់ ហើយនៅដំណាក់កាលចុងក្រោយនោះ គឺការសម្រេចចិត្ត ប៉ុន្តែដំណើរការនេះគួរតែរួមបញ្ចូលការវាយតម្លៃដោយស្មោះត្រង់តាមវិធី និងជម្រើសខុសៗគ្នា។
5. អ្នកត្រូវចងចាំថាតំណែងរបស់អ្នកអាចបាត់បង់
អ្នកប្រហែលជាធ្លាប់បានឮពាក្យមួយឃ្លានេះ «Walk the talk» វាមានន័យថាការបង្ហាញនូវអ្វីដែលអ្នកបាននិយាយដោយសកម្មភាពរបស់អ្នក។ វាពិតជាសំខាន់ណាស់សម្រាប់អ្នកដឹកនាំដ៏ល្អមួយ។ ដើម្បីធ្វើឲ្យនាយកប្រតិបតិ្តមានការចាប់អារម្មណ៍ទៅលើអ្នក អ្នកត្រូវតែមានភាពជឿជាក់លើ ការងាររបស់អ្នក និងតែងតែមានទស្សនវិស័យនៅជាប់ខ្លួនជានិច្ច។ វាមិនជាបញ្ហានោះទេក្នុងការមិនយល់ស្របជាមួយគំនិតអ្នកដទៃ ហើយបង្ហាញ មតិផ្ទុយគ្នាពីគេ ប៉ុន្តែលុះត្រាតែអ្នកពេញចិត្តនឹងក្រុមហ៊ុនរបស់អ្នកដែរ ហើយកាលដែលអ្នកធ្វើដូច្នេះគឺដើម្បីតែក្រុមហ៊ុនល្អ បើមិនដូច្នោះទេ អ្នកប្រហែលជាមិនស័ក្តិសមនឹងតំណែងជាអ្នកដឹកនាំថ្មីនេះទេ។
CEO ដែលមានជំនាញមួយរូប គឺតែងតែមានចិត្តគំនិតបើកចំហក្នុងការស្វែងរកអ្នកដឹកនាំដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ ប្រសិនបើអ្នកមាន បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំដ៏អស្ចារ្យទាំង៥នេះ នោះអ្នកនឹងមានឱកាសច្រើន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ស្លាក: