
យល់ដឹងពីជំងឺអាល្លែកហ្ស៊ីស្បែក


អាល្លែកហ្ស៊ីស្បែកជាពាក្យបច្ចេកទេសពេទ្យដែលយើងអាចប្រែជាភាសាខ្មែរបានថាជំងឺប្រតិកម្មស្បែក។ អាល្លែកហ្ស៊ីស្បែកជាជំងឺប្រតិកម្មស្បែកដែលមាន បញ្ហាធ្វើឲ្យស្បែកយើងរលាករមាស់ ឬក៏មានបញ្ហាអ្វីមួយទៅលើស្បែកខុសប្រក្រតីហើយអាចមានកម្រិតស្រាល និងកម្រិតធ្ងន់។
ប្រេវ៉ាឡង់នៃអ្នកកើតជំងឺនេះតាមការសន្និដ្ឋានជាបឋមឃើញថាភាគច្រើនកើតមានលើមនុស្សពេញវ័យទាំងបុរសនិងស្ត្រីដែលអាចវាយតម្លៃទៅប្រហែលជា20%សម្រាប់ប្រទេសកម្ពុជាយើង។ បើយើងនិយាយពីអាល្លែកហ្ស៊ី ឬប្រតិកម្មនេះមានច្រើនប្រភេទផ្សេងៗគ្នាដូចជាអាល្លែកហ្ស៊ីផ្លូវដង្ហើម អាល្លែកហ្ស៊ីទូទៅក្នុងរាងកាយ អាល្លែកហ្ស៊ីស្បែក និងនៅមានប្រភេទអាល្លែកហ្ស៊ីផ្សេងៗទៀត។ ជាមួយគ្នានេះដែរ អាល្លែកហ្ស៊ីស្បែកក៏ជាជំងឺដែលគួរឲ្យ យកចិត្តទុកដាក់ខ្ពស់ផងដែរ។
មូលហេតុបង្ក
មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូចជា៖
-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចកម្ទីនៅក្នុងខ្យល់ (Airbomesubstances) កើតមកពីស្រ្ពៃយ៏បាញ់សម្លាប់ សត្វល្អិត (មូស កន្លាត រុយ)។ ពេលដែលយើងហិតចូលទៅ វាធ្វើឲ្យយើងអាល្លែកហ្ស៊ីស្បែក ឬ ផ្លូវដង្ហើមក៏មាន។
-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចក្រណាត់។ ភាគច្រើនវាប៉ះពាល់ចំពោះកម្មការនីរោងចក្រធ្វើការនៅកន្លែងដែលមានកម្ទេចក្រណាត់ហុយ។ ពេលដែលវាមកប៉ះនឹងស្បែក ឬត្រូវបានស្រូបតាមប្រដាប់ដង្ហើមវាអាចបង្កឲ្យ ប្រតិកម្មដល់ស្បែក។
-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីសារធាតុគីមីដែលគេប្រើនៅក្នុងស្បែកជើង ឬសម្លៀកបំពាក់ក៏អាចធ្វើស្បែកមានកន្ទួលរមាស់នៅពេលដែលយើង ពាក់ឬប្រើប្រាស់វា។
-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីការប្រើប្រាស់ផលិតផល Cosmetic មួយចំនួន។ យើងដឹងស្រាប់ហើយថា ថ្នាំលាប លេជួយបង្កើនសម្រស់ ថ្នាំជម្រុះរោម ដែលបច្ចុប្បន្នមានយ៉ាងច្រើនសន្ធឹកនៅលើទីផ្សារក៏អាចធ្វើឲ្យមានប្រតិកម្មស្បែកដែរ។ បន្ថែមលើនេះ ពពួកនេលផូលីស(NailPolish) ដូចជា ប្រដាប់ខាត់ក្រចក ថ្នាំបំបាត់ក្លិន ថ្នាំប្ដូរពណ៏សក់ ទឹកអប់ ថ្នាំដែលប្រើនៅបន្ទាប់ទឹកសាប៊ូដុះខ្លួនជាដើម សុទ្ធតែអាចបង្កឲ្យមានអាល្លែកហ្ស៊ីស្បែកបាន។
-អាល្លែកហ្ស៊ីបណ្ដាលមកពីសារធាតុនៅក្នុងរោងចក្រ (ផ្លាស្ទិក) សារធាតុផ្សំមួយចំនួននៅក្នុងថ្នាំលាបរឺត បំបាត់ឈឺដៃជើង ម្សៅឡាក់ទិច (ក្នុងស្រោមដៃ ស្រោមអនាម័យ ប៉េងប៉ោង)។
-អាល្លែកហ្ស៊ីបណ្ដាលមកពីការបរិភោគចំណីអាហារ ជាពិសេសអាហារមួយចំនួនដូចជា ត្រី បង្កងសមុទ្រ បង្គា ក្តាម លៀស ខ្យង ស្រាបៀរ ។ល។
-អាឡែកស៊ីបណ្ដាលមកពីមូលហេតុផ្សេងទៀតមាន៖ ការពាក់នាឡិកាដៃ ខ្សែក ខ្សែដៃ សារធាតុម្សៅនៅក្នុងខ្សែភ្លើង ជ័រស្វាយ កាំរស្មីថតស្កែន (មិនមែនទាំងអស់នោះទេ) ត្រូវកម្ដៅថ្ងៃយូរ ពពួកសត្វសង្កើច អាត់ ក៏សុទ្ធតែអាចធ្វើឲ្យប្រតិកម្មស្បែកដែរ។
រោគសញ្ញា
ដោយឡែក ចំពោះរោគសញ្ញានៃជំងឺអាល្លែកហ្ស៊ីវិញមានខុសៗគ្នាអាស្រ័យលើមូលហេតុដែលបង្កជំងឺឡើង។ ឧទាហរណ៏អ្នកជំងឺគាត់អាល្លែកហ្ស៊ីដោយការប្រើទឹកអប់ ឬសាប៊ូដុសខ្លួន។ នៅពេលដែលគាត់ប្រើ ឬដុសវាត្រង់ណា គាត់នឹងមានកន្ទួលរមាស់ ត្រង់កន្លែងនោះ។ ស្របគ្នានេះអ្វីដែលអាចកត់សម្គាល់បាននោះគឺនៅពេលដែលលោកអ្នកមានអាល្លែកហ្ស៊ីស្បែក លោកអ្នកអាចមានបញ្ហាលើស្បែក ដូចជា អាចឈឺអាចរមាស់អាចឡើងកន្ទួលក្រហមឬក៏មានមេរោគអ្វីមួយបង្កពីលើវាទៅជាខ្ទុះក៏ថាបាន។ ជាងនេះទៅទៀត រោគសញ្ញទាំងអស់អាចនឹង វិវឌ្ឍទៅជាជំងឺផ្សេងៗ បើយើងព្យាបាលមិនបានទាន់ពេលវេលា។
វិធីព្យាបាល
ពិតណាស់អាល្លែកហ្ស៊ីស្បែកជាជំងឹដែលមិនអាចព្យាបាលអោយជាសេះស្បើយបានទេ។ យើងមានវិធីព្យាបាល២ប្រភេទធំៗ គឺ៖
-វិធីទី១ទាមទារឲ្យដឹងថា តើមានមូលហេតុអ្វីដែលបណ្ដាលឲ្យលោកអ្នកកើតប្រតិកម្មលើស្បែក។ ពេលដឹងពីប្រភពបង្កហេតុ ហើយគ្រាន់តែចៀសវាង មូលហេតុ នោះទៅអាចគេចផុតពីបញ្ហាបានហើយ។
-វិធីទី២គឺ៖ពេលមានបញ្ហាស្បែកដោះស្រាយដោយខ្លួនឯងមិនចេញយើងត្រូវមកទទួលយកការប្រឹក្សាយោបល់ព្យាបាលពីគ្រូពេទ្យឯកទេសខាងរោគសើស្បែក។ គ្រូពេទ្យនឹងបង្ហាញពីវិធីដោះស្រាយបញ្ហាដែលកើតមាននៅលើស្បែកលោកអ្នកឲ្យលោកអ្នកប្រើប្រាស់ថ្នាំព្យាបាលពេលខ្លះមានស្រ្ពៃយ៏បាញ់ពេលខ្លះត្រូវ ប្រើថ្នាំគ្រាប់ញុំា ពេលខ្លះថ្នាំលាបជាដើម។
ជារួមយើងមិនដឹងថាស្បែកមនុស្សម្នាក់ៗមានប្រតិកម្មនឹងសារធាតុអ្វីមួយនោះទេទោះជាគ្រូពេទ្យក៏ដោយ។ ករណីណាមួយដែលយើងញុំា ឬទៅប៉ះសារធាតុ អ្វីមួយបណ្ដាលឲ្យចេញអាល្លែកហ្ស៊ីអ្នកគួរកត់ចំណាំខ្លួនឯងហើយត្រូវតមឬបើមិនអាចជៀសបានអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុននឹងញុំា ឬប្រើប្រាស់នោះឡើងវិញ៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។