បញ្ហាខួរក្បាលដែលអាចជួបប្រទះលើអ្នកជំងឺថ្លើម!
និយមន័យនៃ Hepatic Encephalopathy
Hepatic Encephalopathy គឺជាប្រជុំរោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនិងផ្លូវចិត្ត (Neuropsychiatric) ដែលបណ្តាលមកពីការខូចថ្លើម ឬថ្លើមខ្សោយ។ ចំណែកជុំវិញបញ្ហាខ្សោយថ្លើមនោះទៀតសោត គេបានធ្វើការចែកចេញជាពីរប្រភេទ៖
• ខ្សោយថ្លើមស្រួចស្រាវ ៖ ស្តែងឡើងពីការខូចខាតថ្លើមខ្លាំង និងមានលក្ខណៈភ្លាមៗ អាចធ្វើឲ្យអ្នកជំងឺសន្លប់ដោយសារជាតិពុល។
• ខ្សោយថ្លើមរ៉ាំរ៉ៃ ៖ ជាការខូចមុខងារនៃសរីរាង្គថ្លើមបន្តិចម្តងៗ តួយ៉ាងដូចជាបញ្ហាក្រិនថ្លើម ដែលមិនអាចធ្វើឲ្យអ្នកជំងឺមានអាការៈសន្លប់ភ្លាមៗដូចទៅនឹងបញ្ហាខ្សោយថ្លើមស្រួចស្រាវនោះទេ។
អាការៈអាចស្តែងឡើងចំពោះអ្នកជំងឺ
ប្រសិនអ្នកជំងឺមានបញ្ហា Hepatic Encephalopathy អាចឲ្យមានការប្រែប្រួលអាការៈដែលអាចសម្គាល់បានដូចជា៖ ការផ្លាស់ប្តូរនូវស្មារតី ឥរិយាបទ បុគ្គលិកលក្ខណៈ មានសញ្ញាសរសៃប្រសាទ និងផ្លាស់ប្តូរសញ្ញាប្រព័ន្ធចរន្តភ្លើងនៃខួរក្បាល។ អ្នកជំងឺអាចប្រឈមនឹងការវង្វេង ឬឈានដល់សន្លប់ រួមនឹងការមិនអាចបែងចែកពេលវេលាបានត្រឹមត្រូវ។
យន្តការបណ្តាលឲ្យមាន Hepatic Encephalopathy
យន្តការដែលបង្កឲ្យមានបញ្ហានេះ មានភាពសាំញ៉ាំ និងស្គាល់មិនបានច្បាស់លាស់នៅឡើយ។ ប៉ុន្តែ គេអាចសន្និដ្ឋានបានថា វាធ្វើឲ្យមានការកើនឡើងនៃការជ្រាបតាមរបាំង Hematoencephalic និងមានសារធាតុដែលធ្វើឲ្យពុលដល់ខួរក្បាលដូចជាពពួកអាម៉ូ-ញ៉ាក់។ ក្រៅពីនោះ គេសង្កេតឃើញមានផងដែរនូវការប្រែប្រួលប្រព័ន្ធចម្លងនៃខួរក្បាល និងការឆ្លងមេរោគជាវីរុស ឬបាក់តេរីរួមជាមួយបាតុភូតរលាក នេះបើយោងតាមការស្រាវជ្រាវថ្មីៗ។
រោគសញ្ញានៃ Hepatic Encephalopathyរោគសញ្ញានៃបញ្ហានេះ ត្រូវបានចែកចេញជាពីរធំៗ៖
• មិនស្តែងចេញរោគសញ្ញា(Minimal hepaic encephalopahy)៖ ជំងឺមិនមានរោគសញ្ញា តែអាចកំណត់បានដោយការធ្វើតេស្តពីសំណាក់គ្រូពេទ្យ។ ក្នុងលក្ខខណ្ឌការធ្វើតេស្តបែបនេះ គឺដើម្បីកំណត់មើលសមត្ថភាព និងល្បឿននៃការគិតដោយវាប្រែប្រួលទៅតាមវ័យរបស់អ្នកជំងឺ និងប្រភេទតេស្តនីមួយៗ។
• ស្តែងចេញជារោគសញ្ញា ៖ បានបែងចែកជា ៤ដំណាក់កាលបន្ទាប់បន្សំ៖
- កម្រិតទី ១ ៖ អ្នកជំងឺបាត់បង់ការប្រុងប្រយ័ត្នភ្លេចភ្លាំង គិតយឺត និងមានវិបត្តិក្នុងការទទួលទានដំណេក
- កម្រិតទី ២ ៖ អាការៈសន្លឹមៗ (Somndence) អត្តចរិតផ្លាស់ប្តូរ និងមិនអាចបែងចែកពេលវេលាបានត្រឹមត្រូវ ដែលស្តែងចេញម្តងម្កាល ពុំសូវជាញឹកញាប់
- កម្រិតទី ៣ ៖ អាការៈសន្លឹមៗ (Somndence)មានសភាពកាន់តែធ្ងន់ធ្ងរជាងមុន ការគិត និងឆ្លើយមិនត្រឹមត្រូវ
- កម្រិតទី ៤ ៖ អ្នកជំងឺឈានដល់ដំណាក់កាលសន្លប់។
ការធ្វើរោគវិនិច្ឆ័យ Hepatic Encephalopathyការធ្វើរោគវិនិច្ឆ័យជាចម្បងពឹងផ្អែកលើ៖
• ការសួរពីប្រវត្តិ និងការពិនិត្យលើប្រព័ន្ធខួរក្បាល
• រកមូលហេតុដែលប៉ះពាល់ដល់ខួរក្បាលបង្កឡើងពីបញ្ហាផ្សេងដែលមិនជាប់ពាក់ព័ន្ធនឹងជំងឺថ្លើម
• ការពិនិត្យឈាមរកសារធាតុអាម៉ូញាក់
• ការថតឆ្លុះខួរក្បាល ដើម្បីរកមើលស្ថានភាពមិនប្រក្រតីនៃខួរក្បាលដែលបណ្តាលមកពីបញ្ហារលាកថ្លើមខ្លាំង ដូចជាការហើមនៃខួរក្បាល
• រកមូលហេតុដែលជំរុញឲ្យអ្នកជំងឺមានបញ្ហា Hepatic Encephalopathy បន្ថែមពីជំងឺថ្លើមដែលមានរួចជាស្រេច ដូចជាការប្រើប្រាស់ថ្នាំ ការឆ្លងមេរោគ ការហូរឈាមក្រពះ ឬក្អួតឈាម។
ការព្យាបាលបញ្ហា Hepatic Encephalopathy
ការព្យាបាលត្រូវបានចែកចេញជាពីរ៖
• ការព្យាបាលបែប Non-specific ៖ ជាការព្យាបាលលើកត្តាដែលធ្វើឲ្យមាន Hepatic Encephalopathy ដូចជា
- កម្ចាត់មេរោគ ដែលអាចចម្លងតាមរយៈការកើតទាចទឹក រលាកសួត ឬរលាកផ្លូវទឹកនោម
- ព្យាបាលមូលហេតុដែលធ្វើឲ្យមានការហូរឈាម
- បញ្ឈប់ការលេបថ្នាំដែលអាចបណ្តាលឲវង្វេង ដូចជាថ្នាំងងុយដេក
- បញ្ឈប់ការប្រើប្រាស់ថ្នាំច្រើន (ថ្នាំបញ្ចុះទឹកនោម)។
• ការព្យាបាលបែប specific ៖ សំដៅដល់ការព្យាបាលតម្រង់រកមូលហេតុដើមដែលធ្វើឲ្យមានជំងឺ៖
- ប្រឆាំងជាតិអាម៉ូញាក់ ដែលអាចប្រើប្រាស់ថ្នាំពពួក Duphalac, Antibiotic, L ornithine L aspartae
- កែតម្រូវនៃការខូចខាតប្រព័ន្ធចម្លងសរសៃខួរក្បាល
- លាងជាតិពុលថ្លើមដោយប្រើប្រាស់ម៉ាស៊ីន
(MARS= molecular adsorbents recirculating system)
- ដូរថ្លើម (Transplantation)។
វិធីសាស្រ្តការពារពី Hepatic Encephalopathy
• ក្នុងលក្ខខណ្ឌអ្នកជំងឺពុំមានបញ្ហាខ្សោយថ្លើមភ្លាមៗ៖ ចៀសវាងប្រើប្រាស់ថ្នាំផ្តេសផ្តាស ដើម្បីការពារកុំឲ្យមានបញ្ហាពុលថ្លើម
• សម្រាប់អ្នកជំងឺក្រិនថ្លើម៖ គួរចៀសវាង និងមិនត្រូវប្រើជាដាច់ខាតនូវពពួកថ្នាំងងុយគេង
• សម្រាប់អ្នកមានជំងឺក្រិនថ្លើម ថែមទាំងជំងឺទឹកនោមផ្អែម៖ មិនត្រូវធ្វេសប្រហែសឲ្យខ្លួនប្រឈមទៅនឹងការកង្វះជាតិស្ករនោះទេ។
Hepatic Encephalopathy ត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយ ដែលគេបានសន្និដ្ឋានថាមានអត្រា ៤០% សម្រាប់អ្នកដែលអាចរស់រានមានជីវិតបាន ១ឆ្នាំ និងក្នុងអត្រាតែ ១៥%-២០% ប៉ុណ្ណោះដែលអាចរស់បាន ៣ឆ្នាំ ដូច្នេះហើយអ្នកជំងឺថ្លើម គួរមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់រោគសញ្ញានានាដែលនឹងអាចជាការលេចឡើងនៃជំងឺ Hepatic Encephalopathy។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយផ្នែក ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ