ឈឺក្រពះ? រលាកក្រពះ? ដំបៅក្រពះ? មហារីកក្រពះ?
ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ។ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ សញ្ញារោគដូច្នេះក្រៅពីបញ្ហាក្រពះវាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជា
ផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង។
ដូចនេះហើយ មានតែគ្រូពេទ្យទេដែលអាចវិភាគបែងចែករោគទាំងនេះបាន។ យើងខ្ញុំសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្ត្រាចារ្យ តាន់ តេកស្រេង លើប្រធានបទជំងឺក្រពះ។
•ឈឺក្រពះ
និយាយពីបញ្ហាក្រពះចំពោះគ្រូពេទ្យអាការៈនេះពុំសំដៅលើជំងឺអ្វីមួយរបស់ក្រពះឡើយ។
•រលាកក្រពះ
រលាកក្រពះមានន័យថាស្រទាប់ភ្នាស (the mucosa lining) មានរលាក (inflammation) ហើយមូលហេតុរបស់វាមានច្រើនដែលគ្រូពេទ្យគឺជាអ្នកត្រូវស្រាវជ្រាវរក។
•ដំបៅក្រពះ
ដំបៅក្រពះ (ulcer) បង្ហាញខ្លួនដូចដំបៅ។ Helicobacter pylori (Hp) ក៏ជាមូលហេតុបង្កដំបៅនេះដែរក្នុងអត្រាមួយខ្ពស់។ មូលហេតុចម្បងមួយទៀត គឺការប្រើថ្នាំឈឺសន្លាក់ប្រភេទ AINS។ ក្រៅពីនោះមានស្រា បារី។ល។ Hp ត្រូវបានគេសិក្សា និងស្គាល់ច្រើនជាងប្រភេទមីក្រុបផ្សេងៗទៀត។
វានៅតែក្នុងក្រពះទេហើយវាឲ្យរលាកក្រពះតាមបែបផែនដោយឡែកមួយដែលយូរទៅអាចបង្កដំបៅ(ulcer) ឫឈានដល់មហារីកតែម្តង ដោយសារវាបញ្ចេញជាតិពុលម៉្យាង។ រលាកក្រពះដោយសារ Hp និងមូលហេតុផ្សេងទៀតអាចដឹងបានដោយការច្រិបស្រទាប់ភ្នាសក្រពះយកទៅវិភាគ។
•មហារីកក្រពះ
គ្រូពេទ្យត្រូវគិតដល់ជំងឺនេះមុនជំងឺផ្សេងៗទៀត ព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបាន។ តើមហារីកក្រពះបណ្តាលពីអ្វី? មកដល់សព្វថ្ងៃនេះគេនៅមិនទាន់ច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺមួយនេះប៉ុន្តែក្នុងចំណោមមូលហេតុច្រើនដែលគេសង្ស័យហើយមានអំណះអំណាងរឹងមាំជាងគេនោះ គឺការមានវត្តមានមេរោគឈ្មោះ helicobacter pylori (Hp) ក្នុងក្រពះ។
Hp គ្រាន់តែជាមីក្រុបមួយប្រភេទប៉ុណ្ណោះរបស់ក្រុមមីក្រុប Helicobacter។ សព្វថ្ងៃគេរកឃើញមានរហូតដល់ជាង ៣០ ប្រភេទនៃក្រុមមីក្រុបនេះដែលគេឲ្យឈ្មោះថាNPHS (Non Pylori Helicobacter Species)។
វាបោះទីតាំងរស់នៅខុសៗគ្នាក្នុងខ្លួនមនុស្សខ្លះនៅពោះវៀនតូច-ធំ ផ្លូវប្រម៉ាត់ ឬថ្លើម ។ល។
បច្ចុប្បន្ន គេកំពុងសិក្សារកបែបបទបង្ករោគរបស់ពួកវាទាំងនេះ។ ក្នុងន័យទប់ស្កាត់ការពារមហារីកក្រពះគ្រូពេទ្យឯកទេសផ្នែកផ្លូវអាហារគ្រប់ប្រទេសសំណូមពរធ្វើការសុងឆ្លុះក្រពះ(gastroscopy) ព្រោះចំណេញច្រើនចំណុច គឺ៖
• បានឃើញរូបភាពស្រទាប់ភ្នាសក្រពះផ្ទាល់។
• បានយកសាច់ភ្នាសក្រពះទៅវិភាគរកមេរោគHp ផង និងសិក្សាពីភាពធ្ងន់ស្រាលនៃរលាកផង។
• បានឃើញផ្ទាល់នូវចលនាលឿន ឫយឺតនៃបំពង់អាហារ ឫវត្តមានទឹកប្រម៉ាត់នៅក្នុងក្រពះ។
(ឧទា. ច្រាលទឹកប្រម៉ាត់)។
កត់ចំណាំ៖ កុំប្រើឱសថ១ចំនួនពិសេសប្រភេទថ្នាំផ្សះមុនពេលឆ្លុះសុងព្រោះធ្វើបែបនេះអាចបិទបាំងនិងធ្វើឲ្យពិបាករក Hp។
ជាចុងក្រោយលោកសាស្ត្រចារ្យក៏បានផ្តាំផ្ញើផងដែរថា ប្រជាជនគួរបញ្ឈប់ទម្លាប់អវិជ្ជមានដែលប្រើប្រាស់ឱសថមុនឆ្លុះសុងដូចជាអ្នកខ្លះកំពុងលេបថ្នាំហើយពេលទៅលេងបរទេសក៏ឆ្លៀតឆ្លុះសុង។ ការធ្វើបែបនេះនាំឲ្យខាតថវិកាដោយសារលទ្ធផល ដែលទទួលបានមិនពេញលក្ខណ:បច្ចេកទេសហើយ ពេលនៅឈឺទៀតធ្វើឲ្យគ្រូពេទ្យលំបាកនឹងសម្រេចថាធ្វើការឆ្លុះសុងម្តងទៀតឬយ៉ាងណា។
ម្យ៉ាងទៀត សូមកុំរួញរាក្នុងការឆ្លុះសុងក្រពះបើអ្នកមានអាយុលើសពី៤៥ ឆ្នាំ។
បកស្រាយដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យ ថ្លើម ក្រពះ ពោះវៀន កម្ពុជា។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ