ម្នាក់នោះ
គេតែងនិយាយថា «ស្នេហាជាអារម្មណ៍ដែលមនុស្សពីរនាក់មានចំពោះគ្នាទៅវិញទៅមក» ចុះស្នេហាតែម្ខាង?មិនគិតថាថាជាស្នេហាដែរទេ៎??? វាដូចជាអយុត្តិធម៌បន្តិច ប្រសិនបើការដែលមនុស្សម្នាក់ស្រលាញ់គេតែម្នាក់ឯងមិនអាចហៅថាជា«ស្នេហា»នោះ…
តវ៉ានេះ មិនមែនដោយសារតែខ្លួនឯងជួបរឿងហ្នឹងតែមួយមុខទេ គឺថា…មកពីដឹងច្បាស់ថា «I am not alone» ដែលមិនអាចទទួលបានក្តីស្រលាញ់ពីមនុស្សដែលបេះដូងត្រូវការ។ ហើយប្រាកដណាស់ វាសេដខ្លាំង តែមិនស្លាប់ទេ គ្រាន់តែឈឺអួលៗម្តងៗ…
មិនមែនមិនដែលទប់ចិត្តទេ គឺទប់អស់ពីទប់ហើយ…រាល់លើក ពេលទៅណាមកណា ឃើញគូស្នេហ៍កៀកកើយ សាសាងស្នេហាគ្នានោះ…ជួនកាលណា៎…បេះដូងវាស្ទើរប្រេះជាចម្រៀកទៀតផង ជាពិសេសពេលម្នាក់នោះនៅជាមួយស្នេហារបស់គេ ហើយម្នាក់នោះជានរណាគេ??? សូមមិនបង្ហាញអត្តសញ្ញាណទៅចុះ ដឹងត្រឹមថាគេជាមនុស្សម្នាក់ដែលបេះដូងខ្ញុំត្រូវការ…
កន្លែងនោះ…
ដោយសារតែភ្នាល់នឹងពួកម៉ាកថានឹងលេងហ្គីតាបទ«You are the one in my life» ឲ្យវា និងស្នេហាវាច្រៀងពេលទៅដើរលេងចុងឆ្នាំនៅកោះ ក៏ត្រូវស្ពាយហ្គីតាទៅរៀនរាល់ល្ងាច…
ថ្ងៃចូលរៀនទីមួយ ក៏ស៊យយ៉ាងហ្នឹង វង្វេងសាលាមធ្យម ងំបែកកង់ម៉ូតូហ្នឹងហ្មង៎!!! ដោយសារតែទុកចិត្តGoogle Map ទើបត្រូវខកម៉ោងឡើងអស់កន្លះម៉ោង…លើកក្រោយឲ្យរាង!!!
គ្រាន់តែដាក់ជន្ទល់ម៉ូតូហើយភ្លាម បេះដូងចាប់ផ្តើតលោតញាប់ ព្រោះថា មិនដែលចូលរៀនអីម្នាក់ឯងបែបនេះនោះទេ…ហើយឡើងសុទ្ធតែប្រុសៗទៀត ព្រះអើយ!!! បើកុំតែដើម្បីឈ្នះ កុំអីសុខចិត្តនៅសម្ងំមើលដ្រាម៉ានៅផ្ទះវិញប្រសើរជាង។ បន្ទាប់ពីរកបានកន្លែងគួរសមហើយ ខ្ញុំក៏ប្រញាប់បើកសៀវភៅមេរៀនមើល ដើម្បីគេចពីការកែវភ្នែករបស់អ្នកនៅជុំវិញ
បើកចុះបើកឡើងមិនដឹងថាត្រូវចាប់ផ្តើមពីអីមកមុន បើមនុស្សមិនដឹងខ្យល់អីម៉ាតិច ពីអាហ្គីតាហ្នឹង…មិនដឹងថាគ្រូនៅណាទៀតហ្នឹងហា៎…ម្នាក់ៗឡើងអត់មាននរណាចាប់អារម្មណ៍ថាខ្ញុំកំពុងឡេឡឺសោះហ្មង គិតតែឈ្ងោកមើលសៀវភៅ ហើយដេញហ្គីតារបស់ខ្លួន…ហ៊ើយ!!!បើដឹងបែបនេះ សុខចិត្តអង្គុយរៀនតាមYoutubeវិញហា៎…
មួយសន្ទុះក្រោយមក…ក៏លឺសំឡេងហ្គីតាយ៉ាងពិរោះ គឺបទ…«មិនស្រលាញ់អូនមិនបាន» ហើយអ្នកលេងហ្នឹងឡើងសង្ហា…ការពិតទៅ មិនសូវជាស្អាតម៉ានទេ តែបានរាងសង្ហា និងទេពកោស្យលេងហ្គីតា និងច្រៀងយោង…ហើយមិនដឹងមកពីណាមកពីណីទេ ញើសឡើងជោគខ្លួន តែនៅតែសង្ហា…
អូយយយយយយយ!!! ភ្លេចខ្លួន…មិនដឹងខ្លួនឯងមុនហ្នឹងមើលគេហើយស្រមៃដល់ណាទេ ទើបបានជាគេមកអង្គុយជិតតាំងពីអង្កាល់ក៏មិនដឹង
បេះដូងលោតញាប់ម៉េះ??? ទៅបន្ទប់ទឹកសិន មុននឹងត្រូវគេចាប់បាន…
«សូមទោសដែលឲ្យចាំយូរ»
«មិនអីទេ…ទើបតែមកដល់ដែរហ្នឹង…»
«និយាយមុខឡើងសើមនៀក…ចែគាត់ប្រាប់ហើយថាយើងហ្នឹងមកអង្គុយធ្វើភ្នែកឡេងឡង់យូរគ្រាន់ហើយដែរ…ប្រឹងកុហកទៅណា???»
«គឺថា…ខំនិយាយឡើងគួរសមហើយ…»
«បាន…តោះ! ចាប់ផ្តើមរៀនវិញ»
រាល់ពេលដែលម្នាក់នោះនិយាយពន្យល់ ខ្ញុំក៏មិនហ៊ានសម្លឹងមើលភ្នែកគេដែរ…មើលបានត្រឹមចំណុចផ្សេងនៅលើមុខ រហូតដល់គេសួរថាភ្នែកសំឡេវមែនទេ??? ហាសហាហាហា…ពូកែសម្តីហ្មងអាប៉ិហ្នឹង!!! តែអីដែលសំខាន់ គឺបង្រៀនឡើងច្បាស់ៗ…លឺអ្នកជិតៗហ្នឹង លួចសរសើរពេញហ្នឹង…
តែប៉ុណ្ណេះ…ដឹងតែមានកម្លាំងចិត្តកាន់តែខ្លាំងហើយ…គិតត្រឹមនាទីនេះ…ឈ្នះចាញ់លែងសូវសំខាន់ហើយ សំខាន់មានគ្រូបង្រៀនសង្ហា ហើយពូកែទៀត
ថ្ងៃនោះ…
ដោយសារតែខំប្រឹងរៀនបន្ថែមនៅផ្ទះផង ទើបអាចលេងបទដែលប្រាថ្នាហ្នឹងបានយ៉ាងលឿន…
ពេលប៉ុន្មានអាទិត្យកន្លងមកនេះ ម្នាក់នោះ និងខ្ញុំក៏ក្លាយជាមិត្តជិតស្និទ្ធក្នុងកម្រិតមួយ ដែលពេលខ្លះ ធ្វើឲ្យខ្ញុំពិបាកបែងចែកថាតើ «យើងជាអ្វីនឹងគ្នា???»
ឆាតជាមួយគ្នាជាប្រចាំ មានអ្វីក៏ចែករំលែកគ្នា លួងលោមរាល់ពេលដែលពិបាកចិត្ត លើកទឹកចិត្តគ្រប់ពេលដែលជួបបញ្ហា ឬបាក់កម្លាំងចិត្ត…ទាំងនេះ ត្រឹមតែជាមិត្តភាពទេមែនទេ៎??? ចំណូលចិត្ត និងចំណាប់អារម្មណ៍ក៏ស្រដៀងគ្នាច្រើន
ដល់ថ្ងៃចុងក្រោយដែលមករៀន ខ្ញុំក៏ដាច់ចិត្តសួរគេថា«យើងនឹងទាក់ទងគ្នាដូចដើមទេ???» គេក៏ឆ្លើយទាំងញញឹមថា «ប្រាកដហើយ…អាប្អូន!!!» ហើយក៏លើកដៃញីសក់ខ្ញុំ (ធ្លាប់ប្រាប់ហើយ ថាខ្ញុំចូលចិត្តពេលគេញីសក់បែបហ្នឹង ហើយក៏តែងតែស្រលាញ់នរណាដែលធ្វើបែបហ្នឹងដែរ…ធ្វើចឹង ចង់ឲ្យគេលង់មែន៎???)។
ទើបតែថ្ងៃនោះ ទើបខ្ញុំដឹងថា គេមានសង្សារហើយ គ្រាន់តែត្រូវហ្វឹកហាត់ការងារនៅថៃ២ឆ្នាំ ហើយមូលហេតុដែលមិនមានសិស្សស្រីរៀន ព្រោះស្នេហាគេជាអ្នកហាម តែខ្ញុំក្លាយជាករណីមួយលើកលែងព្រោះតែ ឃើញខ្ញុំស្រីមិនចំស្រី ប្រុសមិនចំប្រុស ក្មេងមិនចំក្មេង ចាស់មិនចំចាស់ ទើបឲ្យរៀន…
គេណាត់ខ្ញុំញ៉ាំអីពេលល្ងាច ដើម្បីជប់លៀងការបញ្ចប់វគ្គសិក្សា…ដំបូង ខ្ញុំចង់បដិសេធ ព្រោះមិនទាន់ធ្វើចិត្តបាន ពេលដឹងលឺពីការពិតដ៏សែនឈឺចាប់ទាំងនោះ ប៉ុន្តែខ្ញុំគ្រាន់តែខ្លាចថាមិនមានឱកាសបែបនេះម្តងទៀត។ តែក៏នៅតែមិនអាចដូចដើម…ខ្ញុំមិនសូវនិយាយស្តីរហូតដល់គេក៏មិនសូវហ៊ានសួរនាំច្រើន…
ពេលនោះ
ទោះបីដឹងហើយថា គេមិនទំនេរ អារម្មណ៍របស់ខ្ញុំក៏មិនអាចផ្លាស់ប្តូរ…អ្វីៗនៅដូចដើម លើកលែងតែការជួបមុខគ្នា…មិនអាចជួបរាល់ថ្ងៃ តែយើងក៏មានឱកាសពេលសៅរ៍-អាទិត្យ ដើម្បីនិពន្ធចម្រៀង…
វាក្លាយជាការងារក្រៅម៉ោងដែលយើងទាំងពីរធ្វើរួមគ្នា…ម្យ៉ាងដែរ…ធ្វើការងារដែលខ្លួនស្រលាញ់ចូលចិត្តរហូតមក ជាមួយមនុស្សដែលតែងតែធ្វើឲ្យបេះដូងលោតញាប់…មិនជឿទេថា គេមិនដឹងថាខ្ញុំគិតយ៉ាងណាចំពោះគេ…តែក៏មិនហ៊ានបញ្ចេញ ព្រោះថាគេមានម្ចាស់ហើយ
បទដែលយើងនិពន្ធភាគច្រើនទាក់ទងនឹងសង្គម មិត្តភាព ស្នេហា និងផ្សេងៗ តែអ្វីដែលមិនអាចនិពន្ធចេញ គឺស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា…ក៏ធ្លាប់បានសាកល្បងហើយដែរ…តែមិនចេញជារូបរាងសោះ…
ពេលមួយ…ម្នាក់នោះបានយកប៉ារ៉ូលចម្រៀងមួយឲ្យខ្ញុំមើល ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង…គឺថា…ជាចម្រៀងស្នេហា!!! តែ…អត្ថន័យនេះដូចជាចម្លែកម៉េះ??? ចំណងជើងគឺ «តម្រូវការបេះដូង» ពេលសួរទៅថា គេថាព្យាយាមតែង ព្រោះមានគេចង់បានសម្រាប់ដាក់ក្នុងវីដេអូPre-weddingគេ
ខ្ញុំអានហើយក៏មានអារម្មណ៍ថាវាត្រូវនឹងសាច់រឿងរបស់ខ្លួន…តែប្រាកដជាមកពីគិតច្រើនខ្លួនឯង
អ្វីដែលធ្វើបាន គឺមានតែជួយកែសម្រួលតាមហ្នឹង…
ពេលនេះ…ក៏ជាលើកដំបូងដែលគេបបួលខ្ញុំថតសំឡេងសម្រាប់បទហ្នឹង…ខ្ញុំចូលតួជាខ្លាំង ព្រោះគ្រប់ពាក្យក្នុងបទចម្រៀង គឺពិតជាអ្វីដែលខ្ញុំចង់បង្ហាញពិតមែន…គេក៏ដូចគ្នាដែរ…មានអារម្មណ៍ថា បទនេះសម្រាប់យើងពីរនាក់យ៉ាងម៉េចទេ…
យើងទាំងពីរនាក់ស្រែកច្រៀងយ៉ាងសប្បាយចិត្ត…ប្រៀបដូចជាវេទិកាបង្ហាញអារម្មណ៍ដែលមានឲ្យគ្នាដែរ…ក៏ដឹងហើយថា វាជាអារម្មណ៍ដែលមានតែម្ខាង តែពិតជាមិនអាចឃាត់ចិត្តបានមែន…ក្តីសុខតិចតួចដែលខ្ញុំរីករាយនឹងទទួលរហូតមកថតចប់ភ្លាម…គេក៏ប្រញាប់រត់ទៅយកទូរស័ព្ទដូចជាមានអ្វីបន្ទាន់…
ដឹងទេ??? ជាអ្វី??? គេបើកវីដេអូcall ជាមួយនឹងស្នេហាគេតាំងពីពេលណាក៏មិនដឹង…ហើយបទចម្រៀងហ្នឹង គឺសម្រាប់Pre-weddingរបស់គេទាំងពីរហ្នឹងឯង…
ខ្ញុំមិនមានសិទ្ធប្រកាន់ ឬអន់ចិត្តឡើយ ព្រោះវាជាការងារ…ប៉ុន្តែ…ទឹកភ្នែកពេលនេះរឹងក្បាលខ្លាំងណាស់ ហូរមកមិនឈប់…ដើម្បីកុំឲ្យបែកការណ៍ គឺមានតែរត់ទៅបន្ទប់ទឹក…មិនមែនជាលើកទីមួយនោះទេ ដែលខ្ញុំយកបន្ទប់ទឹកជាកន្លែងបង្ហូរទឹកភ្នែក ហើយភាគច្រើនគឺម្នាក់នោះ ជាដើមហេតុ…គេហាក់ដូចជាមានសោរចាក់ទ្វារទឹកភ្នែករបស់ខ្ញុំអញ្ចឹង មុខចាប់ផ្តើមស្ពឹក បេះដូងក៏ឈឺអួល ដៃជើងឡើងទន់…
អ្វីៗគ្រប់យ៉ាង គឺខ្ញុំអ្នកគិតច្រើនដោយខ្លួនឯង…គិតលើសខ្លាំងពេកហើយ…
ក្តីសង្ឃឹមតូចតាចដែលប្រឹងបណ្តុះ និងលាក់ទុករហូតមក ក៏ត្រូវរលាយខ្ចាត់ខ្ចាយអស់រលីងហ្មង!!!
ការផ្លាស់ប្តូរនោះ
ចាប់ពីពេលនោះមក ខ្ញុំព្យាយាមគេចវេស និងរក្សាគម្លាតពីគេ ហើយវាក៏ជារឿងតែម្យ៉ាងគត់ដែលខ្ញុំអាចធ្វើបាន និងជាជម្រើសល្អបំផុតដើម្បីព្យាបាលរបួសបេះដូងមួយនេះ។ តែអ្វីៗមិនងាយដូចការនិយាយនោះទេ…គ្រប់ពេលដែលឃើញម្នាក់នោះផុសជាមួយនឹងស្នេហាគេម្តងៗ ខ្ញុំប្រៀបបាននឹងតួឯកស្រីក្នុងកុនដែលទឹកភ្នែកហូរស្រក់មកពីណាខ្លះ ក៏មិនដឹង…
ដឹងថាឈឺចាប់ តែរាល់ថ្ងៃបើមិនបានមើលprofileគេម្តងទេ គឺមិនអស់ចិត្តតែម្តង…ពេលខ្លះបើកមើលឆាតដែលយើងតែងលេងជាមួយគ្នាស្ទើរតែគ្រប់នាទី ហើយក៏សើចលាយទឹកភ្នែកតែម្នាក់ឯង…អារម្មណ៍ដែលលឺសំឡេងnotificationsដែលមានឈ្មោះគេ ក៏លែងសូវមានដូចមុន ព្រោះពេលនេះ យើងនិយាយគ្នាតែពេលដែលមានរឿងការងារប៉ុណ្ណោះ…
ខ្ញុំស្ទើរតែបោះបង់ចោលការលេងហ្គីតាព្រោះតែមិនចង់នឹកឃើញដល់គេ…តែ…វាជាលេសតែមួយគត់ដែលអាចឲ្យយើងជួបគ្នាបាន…
ឱកាសនោះ
ព្រោះតែបទ«តម្រូវការបេះដូង» មានភាពពេញនិយមច្រើន ម្នាក់នោះ និងខ្ញុំក៏ត្រូវបានគេអញ្ជើញឲ្យលើកសំដែងនៅលើឆាកប្រគុំតន្រ្តីសប្បុរសធម៌នៅសាលា…បើសិនជាអាច ពិតជាចង់បដិសេធណាស់…តែមិនមានហេតុផលសមស្របអីមួយសោះ…
ជាការលើកសំដែងរួមគ្នាលើកដំបូង ក៏ប្រហែលជាលើកចុងក្រោយដែរ…
ថ្មីៗនេះ គេហាក់ដូចជាប្លែក…តែងតែសួរសុខទុក្ខ និងយកចិត្តទុកដាក់ដូចពីមុន តែសង្ស័យថាគេចង់ឲ្យការសំដែងបានល្អប៉ុណ្ណោះ។ យើងហាត់សមជាមួយគ្នាជាច្រើនដង ទាំងលើ និងក្រោមឆាក ព្រោះថាបំណាច់នឹងបង្ហាញសមត្ថភាព ត្រូវតែធ្វើឲ្យបានល្អ។ ខ្ញុំក៏ធ្លាប់ឲ្យយោបល់ថា គេគួរតែច្រៀងជាមួយស្នេហារបស់គេដែរ តែគ្រាន់តែឆ្លើយថា នាងមិនចេះច្រើនទេ…ម្យ៉ាងទៀត នាងក៏នៅថៃនៅឡើយទៀត
ឆាកដែលរៀបចំ ឡើងរ៉ូមែនទិក…នេះ…ឡើងដូចក្នុងរឿងកុនទៀតហើយ…មិនចង់រំភើបក៏មិនអាចដែរ ពេលនេះនោះ…សូមតែមួយយប់នេះទេ…សូមធ្វើតួឯកតែប៉ុន្មាននាទីនេះទេ…
ពេលវេលាក៏មកដល់…ខ្ញុំឈានជើងមួយជំហានៗលើឆាកដំបូង ឡើងញ័រអស់ហើយ តែម្នាក់នោះហាក់ដូចជាមើលដឹង ក៏ព្យាយាមជួយសម្រួលឲ្យខ្ញុំមានភាពក្លាហាន…ខែ្សភ្នែកគេ…មួយគូនោះ…នាំភាពកក់ក្តៅជាខ្លាំង…
សប្បាយ និងរំភើបពេលទស្សនិកជនស្រែកហ៊ោ…ស្នាមញញឹមរបស់ពួកគេ ធ្វើឲ្យខ្ញុំរឹតតែរឹងមាំថែមទៀត…នៅសុខៗ ស្រាប់តែមានសំឡេងស្រែកហ៊ោកាន់តែខ្លាំង ពិសេសនៅពេលដែលជិតចប់បទ…ខ្ញុំស្មានតែមានកំហុសបច្ចេកទេសអី នៅលើslide តែ…មិនមែនទេ…គឺ…
វីដេអូដែលមានរូបថតខ្ញុំ និងម្នាក់នោះ…កំពុងតែត្រូវបានបញ្ចាំងចំពោះមនុស្សរាប់រយនាក់…
ខ្ញុំស្រឡាំងកាំងភ្លាមៗ…រហូតដល់ពេលលឺសំឡេងរបស់គេ…និយាយថា
«សូមទោស!!! ដែលមិនបានផ្គត់ផ្គង់តម្រូវការបេះដូងរហូតមក…នៅត្រង់ហ្នឹងហើយ…ចាំស្តាប់មួយបទនេះចប់សិន…សឹមនិយាយគ្នា» រួចក៏ងាកទៅព្រិចភ្នែកទៅក្រោយឆាក…អ្វីដែលលឺបន្ទាប់មកទៀត គឺសំឡេងហ៊ោ និងទះដៃពីគ្រប់ជ្រុងទាំងអស់នៃសាល ក្រុមការងារក៏យកកៅអីមួយមកឲ្យខ្ញុំអង្គុយ ហើយម្នាក់នោះក៏យកហ្គីតាដែលជាមិត្តសម្លាញ់របស់គេមកចាប់ផ្តើមលេងនូវចម្រៀងដែលខ្ញុំមិនធ្លាប់លឺពីមុនមក…ប៉ុន្មានឃ្លាដំបូង ក៏ធ្វើឲ្យអ្នកស្តាប់ស្រែកហ៊ោយ៉ាងខ្លាំងទៅហើយ…លើកនេះ នៅលើslidesសុទ្ធតែជារូបថតដែលគេបានលួចថតខ្ញុំ…ទឹកភ្នែកក៏ចាប់ផ្តើមហូរឥតល្ហែទៀតហើយ
ពិតជាភ័យណាស់…ភ័យខ្លាចថានេះគ្រាន់តែសុបិន្ត…រហូតដល់ពេលដែលគេដើរមកក្បែរ ហើយជូតទឹកភ្នែកទាំងនោះ ហើយយកដៃញីសក់ខ្ញុំដូចរាល់ដង…ហើយឃ្លាចុងក្រោយនៃបទចម្រៀង គឺ«ឲ្យម្នាក់នេះធ្វើជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នោះ» បានទេ៎???
ខ្ញុំនៅមិនទាន់ឈប់យំនៅឡើយ តែខួរក្បាលនៅដំណើរការល្អ ហើយក៏បញ្ជាក្បាលឲ្យងក់យ៉ាងលឿន…ស្នាមថើបលើថ្ងាស និងការអោបយ៉ាងកក់ក្តៅរបស់ម្នាក់នោះ នាំឲ្យខ្ញុំយល់ថា ឱកាសនេះជាពេលវេលាដ៏មានក្តីសុខរបស់ខ្ញុំ…ទោះបីមិនទាន់ប្រាកដថានេះគ្រាន់តែជាការសំដែងបែបពញ្ញាក់អារម្មណ៍ ឬយ៉ាងម៉េច…តែបេះដូងរបស់ខ្ញុំក៏ប្រាប់ថាស្កប់ស្កល់ហើយ…
មកដល់ក្រោយឆាក ទើបគេទាញដៃខ្ញុំចេញទៅក្រៅសាលយ៉ាងលឿន…ហើយក៏ហុចទូរស័ព្ទគេមកឲ្យខ្ញុំមើលដោយមិននិយាយអ្វីទាំងអស់…គឺ…ជាprofileរបស់ស្នេហាម្នាក់នោះ…គេបានបែកគ្នាហើយ ព្រោះថាខាងស្រីមានស្នេហាថ្មី
គ្រាន់តែឃើញ…ខ្ញុំប្រញាប់ទាញថ្ពាល់ខ្លួនឯង ដើម្បីបញ្ជាក់ថានេះមិនមែនជាការយល់សប្តិ…គេសើចហើយញីសក់ខ្ញុំ និងទាញទៅអោបយ៉ាងណែន…មិនដឹងទេ…គ្រាន់តែដឹងថា…បែបហ្នឹងវាកក់ក្តៅ…
ម្នាក់នោះ
ព្រោះតែគេ…ខ្ញុំចូលចិត្តលេងហ្គីតា
ព្រោះតែគេ…ខ្ញុំស្រលាញ់ការនិពន្ធចម្រៀង
ព្រោះតែគេ…ខ្ញុំស្គាល់អ្វីទៅជាការបារម្ភពីចិត្តពិត
ព្រោះតែគេ…ខ្ញុំអាចរឹងមាំ
ព្រោះតែគេ…ខ្ញុំចេះលើកទឹកចិត្តខ្លួនឯង
ព្រោះតែគេ…ខ្ញុំឈប់ដ្រាម៉ាបែបalone
ព្រោះតែគេ…ខ្ញុំលែងបារម្ភខ្លាចគ្មានអ្នកជូតទឹកភ្នែក…
«ម្នាក់នោះជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នេះ»
Photo Credit : Dalin Sean