ជំងឺរលាកថ្លើមប្រភេទA មិនធ្ងន់ធ្ងរ តែស្រួចស្រាវ
«ជំងឺរលាកថ្លើម» ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុសមានដូចជាវីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែក្នុងចំណោមវីរុសទាំងអស់នេះពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ វីរុសទាំងនេះចែកចេញជា៣ក្រុមខុសៗគ្នាដោយក្រុមទី១អាចបង្កឲ្យមានជំងឺរលាកថ្លើម ក្រុមទី២មិនអាចបង្កឲ្យមានជំងឹទេតែមានការចម្លង និងក្រុមទី៣វាមិនអាចរស់នៅក្នុងខ្លួនមនុស្សបានទេ តួយ៉ាងដូចជាវីរុសប្រភេទG បន្ទាប់ពីឆ្លងរួច វានឹងងាប់ទៅវិញ ដោយសារវាមិនអាចសម្របសម្រួលទៅនឹងមជ្ឈដ្ឋានក្នុងខ្លួនមនុស្សបាន ប៉ុន្តែវីរុសនេះអាចបង្កជាជំងឺនៅក្នុងខ្លួនរបស់សត្វបាន។
តើជំងឺរលាកថ្លើមប្រភេទAជាជំងឺអ្វី?
ជំងឺរលាកថ្លើមប្រភេទA ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV)។ វីរុសនេះ ស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើមតែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ។
ការចម្លង និងកត្តាប្រឈម
ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាបដែលយើងសង្កេតឃើញជំងឺនេះតែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ក៏ដូចជាកម្រិតអនាម័យខ្ពស់មិនត្រូវបានកត់សម្គាល់ក្នុងការចម្លងជំងឺនេះច្រើន ទេ។ ដោយឡែកក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅ ទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះគ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវវាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទAនេះ។ កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ ឬមិនធ្លាប់បានឆ្លងដែលខុសពីមនុស្សពេញវ័យមួយចំនួនធ្លាប់បានឆ្លង និងបង្កើតប្រព័ន្ធការពាររួចទៅហើយ។ ការឆ្លងពីម្តាយទៅកូនមិនត្រូវបានគេរាប់បញ្ចូលក្នុងប្រភេទនៃការចម្លងឡើយ ហើយការចម្លងជំងឺរលាកថ្លើមប្រភេទA ត្រូវបានគេហៅថា“ ការឆ្លងពីចំណីអាហារនិងទឹក ទៅមនុស្ស”(លាមកជាប្រភពនៃមេរោគ) ដែលវាឆ្លងដោយសារការរស់នៅខ្វះអនាម័យ ដូចដែលពួកយើងបានរៀបរាប់ខាងលើ។
រោគសញ្ញា និងរោគវិនិច្ឆ័យ
រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទAជារោគសញ្ញានៃជំងឺរលាកថ្លើមស្រួចស្រាវ ឬទាន់ហន់ព្រោះវាកើតឡើងភ្លាមៗបន្ទាប់ពីឆ្លងរយៈពេល២ទៅ7 សបា្តហ៍(15 ទៅ 50ថ្ងៃ) ប៉ុណ្ណោះ ។ គ្រប់រោគសញ្ញារលាកថ្លើមទាំងអស់អាចកើតមានក្នុងរយៈពេលខ្លីដែលមានដូចជា៖ ដំណើរការថ្លើមមិនល្អ ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ព្រោះថ្លើមក៏ចូលរួមចំណែកក្នុងការរំលាយអាហារផងដែរ មានសភាពហើមតិចតួច មានសញ្ញានៃការឆ្លងវីរុស (ក្តៅខ្លួន ឈឺសាច់ដុំ និងឈឺសន្លាក់អស់កំលាំង...) ។
រោគសញ្ញាសំខាន់ចំពោះជំងឺនេះ គឺមានការឈឺចាប់នៅផ្នែកខាងស្តាំខាងលើនៃពោះដែលជាទីតាំងរបស់ថ្លើម កើតឡើងដោយសារភាពតឹង ឬហើមនៃថ្លើមជាមួយនឹងការឡើងលឿងលើស្បែក។ ផ្នែកសនៃភ្នែកក៏ដូចជាក្នុងទឹកនោមមានពណ៌លឿងខុសធម្មតា។ ក្នុងករណីអ្នកជំងឺកំពុងមានជំងឺរលាកថ្លើម ឬមានភាពចុះខ្សោយនៃថ្លើម វីរុសរលាកថ្លើមប្រភេទAអាចនាំឲ្យវិវឌ្ឍទៅជារលួយថ្លើម គឺថ្លើមមានភាពទន់ ឬជ្រាយនិងបាត់បង់នូវមុខងារ ដែលអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានដោយងាយ ប្រសិនបើពុំបានទទួលការព្យាបាលត្រឹមត្រូវ។
ការធ្វើរោគវិនិច្ឆ័យជាក់លាក់តាមបែបវេជ្ជសាស្រ្តទៅលើជំងឺនេះគេពឹងផ្អែកទៅលើការពិនិត្យឈាមដែលលទ្ធផលឃើញមានការកើនឡើងនៃអង់ស៊ីមរបស់ថ្លើមទាំង២ (Transaminase) និងការនិងការកើនឡើងនៃ Unconjugated bilirubin ដែលមានន័យថាថ្លើមមិនអាចបំពេញមុខងារក្នុងការបន្សាប bilirubin បាន មិនតែប៉ុណោ្ណះយើងឃើញមានការកើតឡើងនៃអ៊ីមុយណូក្លូបូលីន M (IgM) ដែលជារោគសញ្ញារលាកថ្លើមស្រួចស្រាវនាំឲ្យយើងអាចកំណត់បានថាជាការឆ្លងថ្មី។យើងក៏អាចរកឃើញវីរុសA នៅក្នុងឈាមអ្នកជំងឺដែរ (HAV-RNA) ពររាប់ពាន់ដល់រាប់លានឯកត្តាក្នុងមួយមីលីលីត្រឈាម។
ការព្យាបាល និងវិធីបង្ការ
“ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA”។ តើវាពិតដែរទេ? សំណួរនេះតែងមានការជជែកពិភាក្សា ក្នុងចំណោមមហាជនតែធាតុពិតការផឹកទឹកឲ្យបានច្រើនមិនថាទឹកដូង ឬទឹកធម្មតាវាជាប្រការល្អសម្រាប់ថ្លើម តែប្រសិនបើអ្នកជំងឺខ្សោយថ្លើមទៅហើយនោះ ទឹកពុំត្រូវបានណែនាំឲ្យផឹកច្រើននោះទេព្រោះថាអ្នកជំងឺប្រភេទនេះមានការថយចុះនូវសូដ្យូមក្នុងឈាម ដូច្នេះផឹកទឹកច្រើននឹងបណ្តាលឲ្យហើម ឬកាន់តែធ្ងន់ធ្ងរ។ ដោយឡែកមកទល់ពេលបច្ចុប្បន្នផ្នែកវេជ្ជសាស្រ្តពុំទាន់មានឱសថណាអាចសម្លាប់វីរុសរលាកថ្លើមប្រភេទនេះនៅឡើយទេ ដូច្នេះ ការព្យាបាលត្រូវធ្វើឡើងដោយតាមដាននិងបំប៉នថ្លើមក៏ដូចជាសុខភាពរបស់អ្នកជំងឺឲ្យត្រឡប់មកស្ថានភាពប្រក្រតីវិញ ពេលនោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺនឹងប្រឆាំងការរីករាលដាលនៃវីរុនេះដោយខ្លួនឯងឬពាក្យចាស់ហៅថា “ហើរ”។
ការចាក់វាក់សាំងបង្ការជាជម្រើសល្អ រួមជាមួយនឹងអនាម័យក្នុងការរស់នៅ ត្រូវណែនាំឲ្យមនុស្សគ្រប់វ័យអនុវត្ត ដើម្បីបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទA។
បកស្រាយដោយ ៖ លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ