Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជម្រើសក្នុងការបំបាត់ជំងឺក្អកស្ងួត

អាកាសធាតុត្រជាក់   ការប្រឈមទៅនឹងផ្សែងភាគល្អិតតូចនៅក្នុងខ្យល់ ឬវីរុសសុទ្ធតែជាកត្តាបង្កឲ្យមានអាការៈក្អកស្ងួតដែលស្ថានភាពជំងឺអាចស្តែងចេញជាការរលាកផ្លូវដង្ហើម(ច្រមុះ ឬបំពង់ក) ឬរលាកបំពង់អាហារ។

អ្វីគួរដឹង?
ក្នុងករណីមានជំងឺក្អក ការប្រើប្រាស់ឱសថបំបាត់ក្អកត្រូវបានណែនាំដោយ៖
-គួរប្រើប្រាស់ឱសថបំបាត់ក្អកតែមួយប្រភេទតួយ៉ាងដូចជា Drosera, Eucalyptus, Gaiacol…
-គួរប្រើប្រាស់ឱសថបំបាត់ក្អកដែលគ្មានសារជាតិអាល់កុល ជាពិសេសចំពោះកុមារ ពីព្រោះអាល់កុលអាចធ្វើឲ្យមានផលរំខានដូចជាធីងធោង ងងុយគេង ដែលមិនគួរត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ
-ចៀសវាងប្រើប្រាស់ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminiques)ដោយសារវាអាចបណ្តាលឲ្យមានការបញ្ចេញស្លេស្ម។
-អាចជ្រើសរើសប្រើប្រាស់ឱសថដែលស្ថិតនៅក្នុងក្រុម Opiacés ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈក្អក  បើទោះបីវាអាចផ្តល់ផលរំខានដូចជា ទល់លាមក ឬវិលមុខ។

ឱសថ Opiacés ដែលគួរប្រើចំពោះមនុស្សពេញវ័យឱសថដែលស្ថិតនៅក្នុងក្រុម Opiacés រួមមានដូចជា Codéine, Codéthyline, Pholcodine និងDextrométhorphane។
- Dextrométhorphane៖ ជាឱសថដែលត្រូវបានប្រើជាញឹកញាប់ ក្រោមទម្រង់ជាគ្រាប់ឬស៊ីរ៉ូដូចជា៖
• ឱសថ Akindex , ឱសថ Drill toux séche,ឱសថ Nodex (Brothier)៖  ដែលការប្រើប្រាស់គឺ ១ស្លាបព្រាស៊ុបរៀងរាល់ ៤ម៉ោងម្តង។
• ឱសថ Dexir adulte (Oberlin)៖  ប្រើប្រាស់ ១ ស្លាបព្រាកាហ្វេរៀងរាល់ ៤ម៉ោងម្តង
• ឱសថគ្រាប់ Drill toux séche (Pierre Fabre)៖  ប្រើម្តងមួយគ្រាប់ រៀងរាល់ ៤ម៉ោង។
- Pholcodine មានឱសថដូចជា៖
• Humex Fournier adulte sirop (មានសារជាតិអាល់កុល)៖ លេប ១ស្លាបព្រា រៀងរាល់ ៤ម៉ោងម្តង
• Codotussyl (មានសារជាតិអាល់កុល)៖  លេប១ ឬ២ស្លាបព្រាកាហ្វេ រៀងរាល់ ៤ម៉ោងម្តង
• Trophirès sirop adulte៖   លេប ១ស្លាបព្រាស៊ុប រៀងរាល់ ៤ម៉ោងម្តង។
- Codéine ដែលមានដូចជា៖
• Eucalyptine Lebrun (Martin Johnson)៖  អាចប្រើដល់ ៣ ទៅ៦ស្លាបព្រាស៊ុបក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ
• Néocodion sirop adulte៖  ប្រើ ១ស្លាបព្រាស៊ុប រៀងរាល់ ៤ម៉ោងម្តង
• Néocodion ក្នុងទម្រង់ជាឱសថគ្រាប់៖ លេប ១គ្រាប់ រៀងរាល់ ៦ម៉ោងម្តង។
- Codéthyline ៖
• ឱសថក្រោមទម្រង់ជាគ្រាប់ Codéthyline Houdé 5mg  អាចប្រើបាន ៣ ទៅ៤គ្រាប់ក្នុងមួយថ្ងៃ។

បម្រុងប្រយ័ត្ន
ឱសថដែលស្ថិតនៅក្នុងក្រុម Opiacés មិនត្រូវបានណែនាំឲ្យប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះត្រីមាសទី ១ នោះទេដោយសារវាជារយៈពេលដែលទារកកំពុងលូតលាស់ ដែលការប្រើប្រាស់អាចនាំឲ្យទារកលូតលាស់មិនបានពេញលេញ Opiacés អាចជ្រាបចូលទៅក្នុងទឹកដោះ ដូច្នេះត្រូវចៀសវាងប្រើប្រាស់ចំពោះស្រ្តីកំពុងបំបៅដោះកូន។

ចំណាំ
ក្នុងករណីជំងឺក្អកកើតមានឡើងរយៈពេលយូរលើសពី  ៣សប្តាហ៍  នោះស្ថានភាពអាចជាប់ពាក់ព័ន្ធជាមួយ៖
-ជំងឺរលាកច្រមុះរ៉ាំរ៉ៃ (Sinusite Chronique)
-ជំងឺហឺត
-ជំងឺច្រាលទឹកក្រពះ (Reflux gastroœsophagien)
-ជំងឺរលាកបំពង់ខ្យល់ (Bronchite Chronique)
-ជំងឺមហារីកសួត។

ចៀសវាងបន្តការប្រើប្រាស់ឱសថបំបាត់ក្អកដោយខ្លួនឯង  ប្រសិនស្ថានភាពជំងឺនៅតែអូសបន្លាយយូរ ដោយអ្នកត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Related Articles

View All

រាងកាយ ជាចាំបាច់ត្រូវការវីតាមីនជាច្រើនប្រភេទសម្រាប់ការទ្រទ្រង់ និងលូតលាស់។ ជាក់ស្ដែងវីតាមីនទាំងនោះមួយផ្នែកមានសមត្ថភាពផលិតដោយខ្លួនឯងនៅក្នុងរាងកាយ ចំណែកមួយផ្នែកទៀតទាមទារយកពីខាងក្រៅតាមរយៈចំណីអាហារ។ តួយ៉ាង វីតាមីន C គឺជាប្រភេទវីតាមីនម៉្យាងដែលសម្បូរនៅក្នុងប្រភេទអាហារដូចជាផ្លែក្រូច ប៊ឺរី ដំឡូង ប៉េងប៉ោះ បន្លែ ឬស្ពៃស្រស់ៗជាច្រើន ដែលគួរទទួលទានឲ្យបានជាប្រចាំ។ បន្ថែមពីវត្តមាននៅក្នុងរបបអាហារខាងលើ វីតាមីនប្រភេទនេះ ក៏ត្រូវបានផលិតឡើងជាឱសថបំប៉ន ក្រោមទម្រង់ជាថ្នាំគ្រាប់ ឬទំពារ ដើម្បីបំពេញភាពខ្វះខាតណាមួយទៅតាមបុគ្គលម្នាក់ៗផងដែរ។ លក្ខណៈឱសថ វីតាមីន C ឬអាស៊ីតអាស្កូប៊ិច ជាសារធាតុបំប៉នដែលមានសុវត្ថិភាព និងប្រសិទ្ធភាពមួយ ដែលមិនត្រឹមតែប្រើប្រាស់សម្រាប់ជាជំនួយនៅពេលមានជំងឺផ្ដាសាយប៉ុណ្ណោះទេ វាក៏ជាវីតាមីនម៉្យាងដែលចាំបាច់សម្រាប់ការលូតលាស់ និងមុខងាររបស់សារពាង្គកាយ ក៏ដូចជាថែរក្សាដំណើរការរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង។ បន្ថែមពីនោះ វាក៏ត្រូវបានសង្កេតឃើញឲ្យប្រើប្រាស់ក្នុងករណីជំងឺមួយចំនួនដូចជា៖ • ជំងឺសរសៃឈាមបេះដូង • បញ្ហាសុខភាពអំឡុងពេលពពោះ • សុខភាពភ្នែក • ភាពជ្រីវជ្រួញនៃស្បែក ជាដើម។ ដោយឡែក ក្នុងករណីកង្វះវីតាមីន C ក្នុងរាងកាយអាចធ្វើឲ្យប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរឈ្មោះថា Scurvy ដែលបង្ហាញចេញជារោគសញ្ញាដូចជាចុះខ្សោយ ស្លេកស្លាំង ស្នាមជាំលើស្បែក ឬការហូរឈាមនៅនឹងអញ្ចាញជាដើម។ របៀប និងកម្រិតប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺបុរស ៩០មិល្លីក្រាម និងស្រ្តី ៧៥ មិល្លីក្រាមក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះស្រ្តីមានផ្ទៃពោះត្រូវទទួលទានវីតាមីន C ក្នុងកម្រិត ១២០មិល្លីក្រាម និង១៣០មិល្លីក្រាមសម្រាប់ស្រ្តីកំពុងបំបៅដោះកូន។ ផលរំខានឱសថ ផលរំខានរបស់វីតាមីន C អាចកើតមាន ឬប្រែប្រួលទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំ។ ក្នុងករណីនេះដែរក៏អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ងងុយគេង រាក ក្អួតចង្អោរ ឈឺក្បាល និងចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។ ប៉ុន្តែប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងមានលេចចេញនូវរោគសញ្ញាដទៃទៀត អ្នកត្រូវប្រឹក្សាជាមួយអ្នកជំនាញជាបន្ទាន់។ លើសពីនេះប្រសិនបើអ្នកជំងឺប្រើប្រាស់ឱសថនេះច្រើនលើសពី ២០០០មិល្លីក្រាមក្នុងមួយថ្ងៃនោះវាអាចបណ្តាលឲ្យមានការប្រឈមនឹងបញ្ហាក្រួសក្នុងតម្រងនោម និងជំងឺតម្រងនោមផ្សេងៗទៀត។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែងវីតាមីន C ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • អាលុយមីញ៉ូម • ការព្យាបាលដោយប្រើគីមី • ឱសថពពួកអឺស្រ្តូហ្សែន (Estrogen) • ឱសថក្នុងក្រុម Protease inhibitors • ឱសថ Statins និង Niacin • ឱសថក្នុងក្រុម Warfarin ៖ដូចជាឱសថ Coumadin និង Jantoven។ ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថនេះ។ បម្រុងប្រយ័ត្ន ការប្រើប្រាស់វីតាមីន C ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះ អាចប្រើប្រាស់តែក្នុងករណីចាំបាច់ និងស្ថិតក្នុងកម្រិតមួយច្បាស់លាស់មិនឲ្យលើសពី ២០០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ពិសេសត្រូវស្ថិតក្រោមការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន • អ្នកជំងឺទឹកនោមផ្អែម  ជំងឺភ្លេចភ្លាំង ជំងឺមហារីក បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាតម្រងនោមសុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ • វីតាមីន C អាចបាត់បង់ប្រសិទ្ធភាពក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា។ គួរបញ្ជាក់ផងដែរសម្រាប់ វីតាមីន C ដែលកំពុងពេញនិយម និងត្រូវបានណែនាំឲ្យប្រើប្រាស់យ៉ាងច្រើន នោះមានឈ្មោះដូចជា៖ Laroscorbine effervescent, Vitascorbol effervescent និង Nat C ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Pseudoephedrine គឺជាប្រភេទឱសថបំបាត់អាការៈតឹងច្រមុះ (Decongestant) ដែលមានមុខងារទៅលើសរសៃឈាមច្រមុះផ្ទាល់។ វាជាសារធាតុសកម្មមួយដែលភាគច្រើនត្រូវបានផលិតឡើងរួមបញ្ចូលជាមួយសារធាតុសកម្មឱសថបំបាត់ផ្ដាសាយផ្សេងទៀត និងក្រោមទម្រង់ជាច្រើនរួមមាន ឱសថគ្រាប់ សូលុយស្យុង និងម្សៅជាដើម។ សកម្មភាពឱសថ Pseudoephedrine មានសកម្មភាពទៅលើ Alpha-adrenergic receptors នៃភ្នាសប្រព័ន្ធផ្លូវដង្ហើមដែលធ្វើឲ្យមានការបង្រួមសរសៃឈាមនៅនឹងច្រមុះផ្ទាល់។ សកម្មភាពនេះបានទៅជួយកាត់បន្ថយការហើម បំបាត់តឹងច្រមុះ និងបង្កើនផ្លូវដង្ហើមឲ្យបានល្អឡើងវិញ នៅពេលមានជំងឺដូចជា ផ្ដាសាយ ជំងឺនៅប្រព័ន្ធផ្លូវដង្ហើម អាល្លែកហ្ស៊ី និងជំងឺរលាកទងសួត។ល។ Pseudoephedrine ត្រូវបានសង្កេតឃើញមានប្រសិទ្ធភាពរហូតទៅដល់ ១២ ម៉ោង ដោយកំហាប់ឱសថអាចកើនឡើងខ្ពស់បំផុតក្នុងចន្លោះ៣០ ទៅ ៦០នាទីបន្ទាប់ពីការលេប និងប្រែប្រួលទៅតាមប្រភេទទម្រង់ឱសថ។ ឱសថនេះត្រូវបានធ្វើមេតាបូលីសមួយផ្នែកនៅក្នុងថ្លើម និងត្រូវបានបញ្ចេញចោលតាមរយៈទឹកនោម។ កម្រិតប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺមិនឲ្យលើសពី ២៤០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ផលរំខានឱសថ Pseudoephedrine អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ខ្សោយ ក្អួតចង្អោរបាត់បង់ចំណង់អាហារ ឈឺក្បាល និងងងុយគេងចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែរដោយតម្រូវឲ្យអ្នកជំងឺទៅជួបគ្រូពេទ្យរួមមាន៖ • ភ័យ • វិលមុខ • គេងមិនលក់ • ឈឺពោះ • ពិបាកក្នុងការដកដង្ហើម • ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែង Pseudoephedrine ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • ឱសថក្នុងក្រុម MAO inhibitors៖ Isocarboxazid, Linezolid, Methylene blue និង Phenelzine • ឱសថពពួក Stimulants៖ Caffeine, Dextroamphetamine, Ephedra និង Tebutaline • ឱសថព្យាបាលលើសសម្ពាធឈាម៖ ពពួក Beta-blockers ពពួក Calcium Channel blockers, Guanethidine និង Methyldopa ជាដើម។ ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថ Pseudoephedrine។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថ Pseudoephedrine ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថឬធ្លាប់មានប្រតិកម្មជាមួយឱសថ Ephedrine និង Phenylephrineជាដើម • អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺទឹកដក់ក្នុងភ្នែក ជំងឺថ្លើម បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ ពិបាកបត់ជើងតូច (បញ្ហាក្រពេញប្រូស្តាតរីកធំ) និងបញ្ហាតម្រងនោម សុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ • ឱសថ Pseudoephedrine  អាចធ្វើឲ្យអ្នកមានបញ្ហាវិលមុខខ្លាំងក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា • ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងក្នុងករណីដែលចាំបាច់បំផុត និងស្ថិតក្រោមការអនុញ្ញាតរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ សារធាតុសកម្ម Pseudoephedrine អាចមានរួមបញ្ចូលនៅក្នុងឱសថមួយចំនួននៅលើទីផ្សារដូចជា៖ Procold Flu, Zyrtec-D និង Panadol Cold+Flu ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

វេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន នៅមិនទាន់អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយនៅឡើយទេ ដោយការព្យាបាលអាចមានប្រសិទ្ធភាពត្រឹមគ្រប់គ្រងនិងសម្រួលនូវរោគសញ្ញាតែប៉ុណ្ណោះតាមរយៈការប្រើប្រាស់ឱសថរួមផ្សំគ្នាមួយចំនួន។ ជាក់ស្ដែង Allopurinol ជាសារធាតុសកម្មឱសថដ៏ចម្បងមួយ ដែលមិនអាចខ្វះបានសម្រាប់ការព្យាបាលសព្វថ្ងៃនេះ។ លក្ខណៈរបស់ឱសថ Allopurinol គឺជាឱសថស្ថិតនៅក្នុងប្រភេទ Xanthine oxidase inhibitor ដែលមានសមត្ថភាពចម្បងទៅបន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ ជាមួយសមត្ថភាពកាត់បន្ថយជាតិអាស៊ីតនេះហើយ ទើបAllopurinol ត្រូវបានប្រើប្រាស់សម្រាប់ស្ថានភាពជំងឺដូចជា៖ • ជំងឺសន្លាក់ • ក្រួសក្នុងតម្រងនោម • ការប្រមូលផ្ដុំអាស៊ីតអ៊ុយរិចក្នុងរាងកាយបណ្តាលមកពីការទទួលទានភេសជ្ជៈ សាច់ ឬគ្រឿងស្រវឹងច្រើនហួសប្រមាណជាដើម។ សកម្មភាពឱសថ ជាមួយចំណាត់ថ្នាក់នៅក្នុងប្រភេទ Xanthine oxidase inhibitor នោះមានន័យថាឱសថមានសមត្ថភាពទៅបញ្ឈប់មុខងាររបស់អង់សុីម Xanthine oxidase។ ជាទូទៅ អង់ស៊ីម Xanthine oxidase មានតួនាទីរ៉ាប់រងក្នុងការបំប្លែងអង់ស៊ីមពីរទៀតគឺ Hypoxanthine និងXanthineឲ្យក្លាយទៅជាអាស៊ីតអ៊ុយរិច។ នៅពេលរាងកាយត្រូវបានប្រមូលផ្ដុំដោយសារធាតុអាស៊ីតអ៊ុយរិចជាច្រើនជាពិសេសនៅតាមសន្លាក់ នោះវានឹងបង្កឲ្យមានការឈឺចាប់ទើបឱសថAllopurinol ត្រូវបានតម្រូវឲ្យប្រើប្រាស់ក្នុងគោលបំណងកាត់បន្ថយការកកផ្ដុំនៃអាស៊ីតអ៊ុយរិចទាំងនោះ។ របៀប និងកម្រិតប្រើប្រាស់ • ឱសថតម្រូវឲ្យប្រើប្រាស់មួយថ្ងៃម្តង ឬអាចប្រែប្រួលទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ គួរលេបបន្ទាប់ពីញ៉ាំអាហាររួច ដើម្បីកាត់បន្ថយការប៉ះពាល់លើក្រពះនិងត្រូវញ៉ាំទឹកឲ្យបានច្រើន • ការផ្លាស់ប្ដូរកម្រិតដូសរបស់ឱសថ អាចធ្វើឡើងទៅតាមលទ្ធផលបានមកពីប្រសិទ្ធភាពនៃការព្យាបាល ដូចនេះអ្នកត្រូវប្រើប្រាស់ឲ្យបានទៀងពេលនិងជាប្រចាំ • ជាក់ស្ដែងការព្យាបាលជំងឺសន្លាក់៖ ឱសថអាចចាប់ផ្តើមបង្ហាញពីប្រសិទ្ធភាពក្នុងអំឡុងពេល ២ ទៅ ៣អាទិត្យឡើងទៅ។ ក្រៅពីការប្រើប្រាស់ Allopurinol អ្នកជំងឺក៏តម្រូវឲ្យប្រើប្រាស់ឱសថផ្សេងទៀតផងដែរ សម្រាប់បំបាត់ការឈឺចុកចាប់ដូចជា Colchicine, Ibuprofen ឬIndomethacin ជាដើម។ ផលរំខានឱសថ Allopurinol អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង និងងងុយ ចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែររួមមាន៖ • ស្បែកឡើងក្រហម • រាក • ចង្អោរ ក្អួត • ឈឺពោះ • ស្រកទម្ងន់។ល។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើន ឬបន្ថយប្រសិទ្ធភាពរបស់ឱសថណាមួយ។ ជាក់ស្ដែងAllopurinol អាចនឹងមានអន្តរកម្មជាមួយឱសថពង្រាវឈាម Warfarin ឱសថ Chlorpropamide និងឱសថ Didanosine ជាដើម។ ដូច្នេះ ដើម្បីចៀសផុតពីហានិភ័យបណ្តាលមកពីអន្តរកម្មឱសថនានា អ្នកគួររក្សាទុកកំណត់ត្រាឱសថដែលកំពុងប្រើប្រាស់ ដើម្បីធ្វើការពិភាក្សា និងទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិតជាមុនសិន។ បម្រុងប្រយ័ត្ន គួរចៀសវាង ឬត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱសថប្រសិនអ្នក៖ • អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថ • មានប្រវត្តិជំងឺ ថ្លើម តម្រងនោម ទឹកនោមផ្អែមឬសម្ពាធឈាមឡើងខ្ពស់ • ជាស្រ្តីកំពុងមានផ្ទៃពោះ ឬអំឡុងបំបៅដោះកូន។ សម្រាប់ឱសថ Allopurinol ដែលសង្កេតឃើញមាននៅក្នុងទីផ្សារបច្ចុប្បន្នរួមមានឈ្មោះ Allopurinol Sandoz®, Zyloprim® និងZyloric។ល។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ដោយហេតុថាកម្រិតនៃការឈឺចាប់មានភាពខុសគ្នាទៅតាមជំងឺនីមួយៗទើបការផលិតឱសថបំបាត់ការឈឺចាប់ក៏មានប្រភេទផ្សេងៗគ្នាទៅតាមនោះដែរ។ ជាក់ស្ដែងនៅលើទីផ្សារ ឱសថបំបាត់ការឈឺចាប់ឃើញមានច្រើនប្រភេទចាប់ពីកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ដោយនៅក្នុងនោះ Diclofenac គឺជាប្រភេទឱសថម៉្យាងដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការឈឺចាប់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន។ លក្ខណៈឱសថ Diclofenac គឺជាឱសថស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) មានលក្ខណៈប្រឆាំងការឈឺចាប់ បំបាត់រលាកនិងបន្ថយកម្ដៅ ហើយត្រូវបានផលិតឡើងក្នុងទម្រង់ជាច្រើនរួមមានឱសថគ្រាប់ សូលុយស្យុង ម្សៅ និងជែលសម្រាប់លាបជាដើម។ល។ វាជាឱសថមានសមត្ថភាពអាចកាត់បន្ថយអង់ស៊ីមនៅក្នុងរាងកាយដែលបង្កឲ្យឈឺចាប់ និងរលាក។ សកម្មភាពឱសថ Diclofenac ត្រូវបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលស្ថានភាពឈឺចាប់និងរលាកស្រួចស្រាវ និងរ៉ាំរ៉ៃផងដែរ តាមរយៈសកម្មភាពទៅបន្ថយការសំយោគ Prostaglandin ដោយបិទទៅលើអង់ស៊ីម Cyclooxygenase-1 (COX-1) និង Cyclooxygenase-2 (COX-2) ក្នុងឥទ្ធិពលស្មើគ្នា។ ជាមួយសកម្មភាពបែបនេះ វាត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល និងសម្រាលអាការៈជាប់គាំងសន្លាក់បណ្តាលមកពី៖ • ជំងឺរលាកសន្លាក់ឆ្អឹង (នៅជង្គង់ កជើង ម្រាមជើង កែងដៃ កដៃ និងដៃជាដើម) • ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ • ជំងឺស្បែកស្ងួតខ្លាំងបណ្តាលមកពីកម្ដៅព្រះអាទិត្យ (Actinic keratosis) ដែលត្រូវបានព្យាបាលតាមឱសថទម្រង់ជែលសម្រាប់លាបផ្ទាល់ទៅលើស្បែក • ជំងឺផ្សេងទៀតទៅតាមការណែនាំរបស់គ្រូពេទ្យ។ កម្រិត និងការប្រើប្រាស់ឱសថ ការប្រើប្រាស់ឱសថនៅកម្រិតណាមួយគឺអាស្រ័យទៅតាមស្ថានភាព និងការណែនាំរបស់គ្រូពេទ្យ ដែលជាទូទៅ៖ • ឱសថគ្រាប់៖ អាចប្រើបាន ២ ទៅ៣ដងក្នុងមួយថ្ងៃ ដែលចំនួនដូសមិនឲ្យលើសពី ១៥០មិល្លីក្រាម • ឱសថជែល៖ អាចលាបនៅទីតាំងដែលឈឺ ៤ដងក្នុងមួយថ្ងៃ ឬអាចប្រែប្រួលទៅតាមការអនុញ្ញាតរបស់គ្រូពេទ្យ។ ចៀសវាងងូតទឹក ឬគ្របស្បែកភ្លាមៗបន្ទាប់ពីលាបឱសថរួច។ ផលរំខាន ផលរំខានជាទូទៅនៃឱសថ Diclofenac អាចមានដូចជា៖ • ឈឺក្រពះ ឬខ្យល់ក្នុងពោះ • ចង្អោរ ក្អួត • ឈឺក្បាល ឬធីងធោង • រមាស់លើស្បែក • បែកញើស • សម្ពាធឈាមកើនឡើង • ហើមដៃ ឬជើង។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចធ្វើឲ្យថយចុះប្រសិទ្ធភាព ឬបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្ដែង Diclofenac ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • ឱសថព្យាបាលលើសសម្ពាធឈាម៖ Captopril, Lisinopril, Losartan និង Valsartan • ឱសថក្នុងក្រុម Corticosteroids៖ Dexamethasone និង Prednisone • ឱសថពង្រាវឈាម៖ Dabigatran, Enoxaparin និងWarfarin ជាដើម។ ដើម្បីចៀសវាងហានិភ័យដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀតមុនពេលសម្រេចចិត្តប្រើប្រាស់ឱសថ Diclofenac។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថ Diclofenac ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • អ្នកមានប្រតិកម្មនឹងសារធាតុសកម្មក្នុងឱសថ ឬធ្លាប់មានប្រតិកម្មជាមួយឱសថ Aspirin និងឱសថក្នុងក្រុម NSAIDs ដទៃទៀតដូចជា Ibuprofen, Naproxen ឬ Celecoxib ជាដើម • អ្នកដែលមានជំងឺហឺត ជំងឺថ្លើម បញ្ហាក្រពះពោះវៀន (ហូរឈាម ឬរលាក) ជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់ ជំងឺឈាម និងបញ្ហាតម្រងនោមសុទ្ធសឹងតែទាមទារការពិគ្រោះយោបល់មុនពេលប្រើប្រាស់ឱសថ • ឱសថ Diclofenac អាចធ្វើឲ្យប្រឈមនឹងបញ្ហាហូរឈាមក្នុងក្រពះកាន់តែខ្ពស់ ក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា • ចៀសវាងនៅក្រោមពន្លឺថ្ងៃច្រើន ដោយហេតុថាឱសថអាចបង្កជាផលរំខាននានានៅពេលប៉ះជាមួយពន្លឺព្រះអាទិត្យ។ អ្នកអាចលាបឡេការពារកម្ដៅថ្ងៃនិងស្លៀកសម្លៀកបំពាក់ជិតៗនៅពេលចេញទៅខាងក្រៅ • ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងតែក្នុងករណីចាំបាច់បំផុតនិងក្រោមការអនុញ្ញាតរបស់គ្រូពេទ្យតែប៉ុណ្ណោះ។ សម្រាប់ឱសថ Diclofenac ដែលអាចរកបាននៅលើទីផ្សារមានដូចជា៖ Diclofenac Sandoz® , Voltaren® , ឬ Diclofenac Sodium Topical Gel ជាដើម 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កាល់ស្យូម ជាតម្រូវការដ៏ចម្បងមួយសម្រាប់ភាពរឹងមាំ និងហាប់ណែននៃឆ្អឹងចាប់តាំងពីអ្នកនៅក្មេង និងបន្តរហូតដល់ពេញមួយជីវិតនៅពេលអាយុចាប់ផ្ដើមកើនឡើង។ ដោយឡែក វីតាមីន D ក៏ជាសារធាតុដែលត្រូវប្រើជាចាំបាច់សម្រាប់សម្របសម្រួលមុខងាររបស់កាល់ស្យូម ដែលជាហេតុធ្វើឲ្យសារធាតុទាំង២ប្រភេទនេះមាននៅក្នុងគ្រាប់តែមួយ ដើម្បីទទួលបានប្រសិទ្ធភាពល្អ និងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។ លក្ខណៈឱសថ កាល់ស្យូម ជាសារធាតុរ៉ែមួយប្រភេទដែលភាគច្រើនឃើញមានក្នុងកម្រិតដល់ទៅ ៩៩% នៅក្នុងឆ្អឹង និងធ្មេញ។ បន្ថែមពីមុខងារសម្រាប់ការរក្សាស្ថានភាពរបស់ឆ្អឹង វាក៏មានតួនាទីធ្វើឲ្យសាច់ដុំកន្រ្តាក់ និងរ៉ាប់រងចលនាចង្វាក់បេះដូងផងដែរ។ ជារៀងរាល់ថ្ងៃអ្នកអាចនឹងប្រឈមការបាត់បង់កាល់ស្យូមតាមរយៈស្បែក ក្រចក សក់ ញើស ទឹកនោម និងលាមកហើយសម្រាប់ការនាំចូលសារធាតុត្រលប់មកវិញគឺធ្វើឡើងតាមការបរិភោគអាហារពីខាងក្រៅដោយហេតុថា កាល់ស្យូមមិនអាចផលិតដោយឯកឯងនៅក្នុងរាងកាយនោះទេ។ ជាក់ស្ដែង អាហារដែលសម្បូរនូវកាល់ស្យូមមានដូចជាទឹកដោះគោ ត្រី គ្រាប់អាល់ម៉ុន បន្លែស្លឹកពណ៌បៃតង និងអាហារសុខភាពផ្សេងទៀត។ វីតាមីន D ត្រូវបានគេហៅថាវីតាមីនព្រះអាទិត្យ ដោយសារតែវីតាមីនប្រភេទនេះនឹងធ្វើការផលិតនៅពេលរាងកាយបានប៉ះជាមួយពន្លឺព្រះអាទិត្យយ៉ាងណាមិញវាក៏មានវត្តមាននៅក្នុងអាហារ ឬឱសថបំប៉នផ្សេងទៀតផងដែរ។ វីតាមីននេះមានលក្ខណៈជួយការពារឆ្អឹងកុំឲ្យងាយពុកផុយនៅពេលអាយុកាន់តែច្រើនតាមរយៈការជួយបឺតស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ក្រៅពីនោះ វីតាមីន D ក៏មានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖     • គាំទ្រប្រព័ន្ធភាពស៊ាំរាងកាយ ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ     • សម្រួលមុខងាររបស់សួត និងសរសៃឈាមបេះដូង     • ជួយរក្សាតុល្យភាពរបស់អាំងស៊ុយលីន និងគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែម។ល។ សកម្មភាពឱសថ កាល់ស្យូម មានតួនាទីមិនអាចខ្វះបាន សម្រាប់ធានាមុខងាររបស់សរសៃប្រសាទ កោសិកាសាច់ដុំ និងឆ្អឹង ឯវីតាមីន D មានសមត្ថភាពជួយសម្រួលក្នុងការស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ការប្រើប្រាស់កាល់ស្យូមនិងវីតាមីន D ក្នុងបរិមាណសមស្របអាចធ្វើឲ្យឆ្អឹងរបស់អ្នកបន្តនូវភាពរឹងមាំ។ ជាក់ស្ដែងការរួមផ្សំកាល់ស្យូម និងវីតាមីន D ក្នុងឱសថតែមួយ មានគុណសម្បត្តិសម្រាប់ការពារ ឬព្យាបាលបញ្ហាដូចជា៖     • កង្វះកាល់ស្យូមក្នុងឈាម     • ជំងឺពុកឆ្អឹង     • ឆ្អឹងចុះខ្សោយ     • ស្រ្តីមានផ្ទៃពោះដែលត្រូវការកាល់ស្យូមបន្ថែម     • ស្រ្តីក្រោយអស់រដូវ។ល។ កម្រិត និងការប្រើប្រាស់ ចំនួនដងនៃការប្រើប្រាស់អាច ១ ទៅ២គ្រាប់ជាប្រចាំថ្ងៃ ចំណែកកម្រិតគឺមានការប្រែប្រួលទៅតាមបុគ្គលដែលជាទូទៅមនុស្សពេញវ័យអាចប្រើបានក្នុងកម្រិត ៦០០ មិល្លីក្រាម ហើយអាចកើនឡើងដល់ ១០០០មិល្លីក្រាមទៅតាមតម្រូវការផ្សេងៗគ្នា។ ជាទូទៅកាល់ស្យូម និងវីតាមីន D គួរលេបនៅពេលអាហារ ឬបន្ទាប់ពីញ៉ាំអាហារនីមួយៗ ដែលអាចបង្កើនការស្រូបឱសថឲ្យកាន់តែមានប្រសិទ្ធភាព។ ផលរំខាន វីតាមីនប្រភេទនេះអាចនឹងបង្កផលរំខាននានាដោយអ្នកអាចសង្កេតឃើញរួមមាន៖     • ទល់លាមក ឬបញ្ហាក្រពះ     • ចង្អោរ ក្អួត     • បាត់បង់ការចង់ញ៉ាំអាហារ     • ឈឺក្បាល ឬឈឺចាប់តាមសាច់ដុំ     • អស់កម្លាំង ឬល្ហិតល្ហៃ     • ប្រតិកម្មអាល្លែកហ្ស៊ី ស្ដែងចេញជាកន្ទួលរមាស់នៅលើមុខ អណ្តាត និងបំពង់ក     • ធីងធោង ឬពិបាកដកដង្ហើមជាដើម។ ប្រសិនផលរំខានខាងលើបន្តកើតឡើងជាប្រចាំ និងកាន់តែធ្ងន់ធ្ងរ អ្នកគួរប្រាប់ដំណឹង ឬជួបពិគ្រោះជាបន្ទាន់ជាមួយវេជ្ជបណ្ឌិតជំនាញ។ បម្រុងប្រយ័ត្ន មុនពេលប្រើប្រាស់ឱសថ អ្នកត្រូវប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីក្នុងករណី៖ - អ្នកមានជំងឺបេះដូង សរសៃឈាម វិបត្តិតម្រងនោម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ ឬមានភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំការពាររាងកាយ - ចំពោះស្រ្តីពពោះ៖ ដោយហេតុថាការប្រើប្រាស់ឱសថណាមួយត្រូវធ្វើក្នុងករណីជាចាំបាច់តែប៉ុណ្ណោះ - ឱសថប្រភេទនេះអាចជ្រាបក្នុងទឹកដោះម្តាយនោះការប្រើប្រាស់អំឡុងពេលបំបៅដោះក៏ទាមទារការពិភាក្សាជាមុន។ លោកអ្នកអាចស្វែងរក កាល់ស្យូម និងវីតាមីន D នៅលើទីផ្សារបាន ដោយមានឈ្មោះដូចជា Sunlife Calcium+ Vitamin D3, Osteocare, Calcivita, One Q Gummy Calcium & Vitamin D។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ផ្សិតថ្មសមុទ្រ ឬ ឈ្មោះវិទ្យាសាស្ត្រ “Pleuractis gravis Nemenzo” គឺជាផ្កាថ្មសមុទ្រដែលស្ថិតក្នុងគ្រួសារ Fungiidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថព្យាបាលជំងឺដែលពាក់ព័ន្ធនឹងការរលាក និងជំងឺមហារីក។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានយកមកប្រើប្រាស់ជាឱសថជំនួយឆ្អឹង និងជំនួយប្រព័ន្ធប្រសាទផងដែរ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃផ្កាថ្មសមុទ្រស្ងួតត្រូវបានយកមកពីកោះរ៉ុង (GPS: 10°44'25.3"N 103°17'24.8"E) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៨។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រនេះ ត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយនឹងសំណាកផ្កាសមុទ្រ (កូដៈ UPFOPMP-180001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ត្រាំ “Maceration Extraction”។ រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ដំណើរការនៃការពិសោធទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍រូបធាតុឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ សកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Flavonoids, Terpenoids និង Essential Oils។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene-Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 15 អង្គធាតុឱសថ ដែលមានតំលៃ Rf នៅទីតាំងដូចតទៅៈ 0.04, 0.11, 0.15, 0.22, 0.26, 0.31, 0.35, 0.44, 0.64, 0.68, 0.77, 0.82, 0.88, 0.95 និង 0.99។ វត្តមាននៃសមាសធាតុឱសថ និងព័ត៌មាននៃការញែកចំនួនឱសថដោយ TLC នៃផ្សិតថ្មសមុទ្រនេះ គឺជាទិន្នន័យឱសថដ៏សំខាន់ និងមានប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវបន្ទាប់ទៀតក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្តអំពីការញែកម៉ូលេគុលថ្នាំសំខាន់ៗ ចេញពីផ្សិតថ្មសមុទ្ររបស់កម្ពុជា។ ប្រភពអត្ថបទដោយ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ កែវ សំអែល ឈិន លក្ខិណា ហៃ ស៊ីដាណេ ហៃ ស៊ីដានិច សេង សុផាន់ណែត លី មល្លិកា នី ច័ន្ទសីហា ជា ស៊ីន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

អ្នកអានមួយចំនួនប្រាកដជាបានដឹងរួចមកហើយពីលក្ខណៈទូទៅ និងរោគសញ្ញានានានៃជំងឺផ្ដាសាយ តាមរយៈការចេញផ្សាយរបស់ ហេលស៍ថាមនៅខែមុន។ ជាថ្មីម្ដងទៀតដើម្បីបង្កើនការយល់ដឹងពីជំងឺផ្ដាសាយឲ្យបានកាន់តែច្បាស់ និងចំណុចផ្សេងទៀតដែលអ្នកមិនធ្លាប់បានដឹងពីមុននោះអត្ថបទខាងក្រោមអាចជាបកស្រាយបន្ថែមសម្រាប់អ្នក។ ផ្ដាសាយត្រូវបានគេទទួលស្គាល់ថាជាការចម្លងសាមញ្ញទៅលើច្រមុះ និងបំពង់កដែលបង្កឡើងពីវីរុសជាង ២០០ប្រភេទខុសៗគ្នា។ ភាគច្រើនក្នុងករណីជំងឺផ្ដាសាយក្នុងកម្រិត ១០ ទៅ ៤០ភាគរយ ត្រូវបានបង្កឡើងដោយមេរោគមួយប្រភេទហៅថា Rhinovirus។ ចំណែក រោគសញ្ញានៃជំងឺផ្ដាសាយតែងស្ដែងចេញនៅរយៈពេល ២ទៅ៣ថ្ងៃបន្ទាប់ពីការឆ្លងរោគ ហើយអ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការចម្លងទៅកាន់មនុស្សម្នាក់ទៀតនៅថ្ងៃទី៣ ឬទី៤បន្ទាប់ពីរោគសញ្ញាលេចឡើង។ បើទោះបី ជំងឺផ្ដាសាយអាចធូរស្រាលក្នុងរយៈពេល ១ អាទិត្យ តែក្នុងករណីខ្លះក៏អាចកើនដល់ ២អាទិត្យ។ ភាពញឹកញាប់នៃការឆ្លងជំងឺផ្ដាសាយ មនុស្សពេញវ័យជាមធ្យមអាចមានជំងឺផ្ដាសាយ ២ ទៅ៤ដងក្នុងមួយឆ្នាំ ជាពិសេសសង្កេតឃើញកើតមានញឹកញាប់ទៅលើស្រ្តីដែលស្ថិតក្នុងវ័យចន្លោះ ២០ ទៅ ៣០ឆ្នាំ និងមានចំនួនច្រើនជាងការឆ្លងទៅលើបុរស។ ចំណែកបុគ្គលដែលមានវ័យច្រើនជាង ៦០ឆ្នាំ មានហានិភ័យទាបក្នុងការឆ្លងមេរោគផ្ដាសាយ។ ជាទូទៅ ជំងឺផ្ដាសាយងាយចម្លងពីមនុស្សម្នាក់ ទៅកាន់ម្នាក់ទៀតនៅក្នុងរដូវភ្លៀង ធ្លាក់ខ្យល់ ឬរងាចំណែកការឆ្លងតាមរដូវកាលអាចកើតមានឡើងផងដែរ ដូចជាកម្មវិធីដែលមានការប្រមូលផ្ដុំមនុស្សច្រើន ឬការចាប់ផ្ដើមបវេសនកាលថ្មីក្នុងការសិក្សារបស់កុមារពីព្រោះវាជាឱកាសបង្កើនការឆ្លងវីរុសផ្ដាសាយបានយ៉ាងងាយ។ កត្តាធ្វើឲ្យងាយចម្លងមេរោគផ្ដាសាយ ជាទូទៅ វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ឬច្រមុះ។ វាក៏អាចរីករាលដាលផងដែរតាមរយៈការប៉ះពាល់ផ្ទាល់ជាច្រើនរួមមាន៖ • ការប្រើប្រាស់ក្រដាសជូតមាត់មិនត្រឹមត្រូវ៖ ការទុកក្រដាសជូតមាត់ក្នុងហោប៉ៅរបស់អ្នកសម្រាប់ប្រើប្រាស់ឡើងវិញជារឿងដែលគួរឲ្យចៀសវាង។ អ្នកគួរបោះចោលក្រដាសជូតមាត់ភ្លាមៗបន្ទាប់ពីការប្រើប្រាស់រួច ដោយសារមេរោគបានតោងលើក្រដាសនោះនៅពេលប្រើប្រាស់លើកទីមួយរួចមកហើយ • ការប៉ះពាល់វត្ថុណាមួយ៖ ប្រសិនបើអ្នកបានដឹងពីចំនួនវីរុសដែលមាននៅក្នុងបរិយាកាស នោះអ្នកប្រហែលជាត្រូវមានការប្រុងប្រយ័ត្នជាងមុនលើអ្វីដែលអ្នកបានប៉ះពាល់។ ជាក់ស្ដែង ប្រសិនបើអ្នកត្រូវប៉ះពាល់លើបង្កាន់ដៃជណ្តើរសាធារណៈ ចូរគ្របដៃរបស់អ្នកជាមួយនឹងក្រណាត់ ឬដៃអាវរបស់អ្នកដើម្បីរារាំងវីរុសពីការឆ្លងដោយផ្ទាល់លើស្បែករបស់អ្នក • ការចែករំលែក៖ ចៀសវាងការប្រើប្រាស់វត្ថុ ឬឧបករណ៍ណាមួយដូចជានៅសាលា ឬកន្លែងធ្វើការ ដោយគ្មានការប្រុងប្រយ័ត្ន ជាពិសេសការប្រើប្រាស់បន្ទាប់ពីបុគ្គលដែលកំពុងមានជំងឺ • ការមិនលាងសម្អាតដៃឲ្យបានទៀងទាត់៖ ជាទម្លាប់ដែលធ្វើឲ្យវីរុសផ្ដាសាយងាយឆ្លងចូលក្នុងខ្លួនអ្នកយ៉ាងងាយស្រួល។ អ្នកគួរលាងដៃឲ្យបានញឹកញាប់ដើម្បីបញ្ឈប់មេរោគឲ្យបានលឿនមុនឆ្លងចូលតាមច្រមុះ និងមាត់របស់អ្នក • រស់នៅមិនស្អាត និងគ្មានផាសុកភាព៖ អ្នកគួរបោសជូតសមា្អតផ្ទះ តុការងារ និងនៅតាមទីធ្លាជាពិសេសនៅពេលអ្នកណាម្នាក់ឈឺ។ បន្ថែមពីនោះគួររស់នៅជាមួយផាសុកភាពដោយកំណត់ការគេងឲ្យបានគ្រប់គ្រាន់ ពិសាអាហារមានជីវជាតិ ញ៉ាំទឹកឲ្យបានញឹកញាប់ និងគ្រប់គ្រងភាពតានតឹង • មិនធ្វើលំហាត់ប្រាណ៖ ជាទូទៅសកម្មភាពហាត់ប្រាណឲ្យបានជាប្រចាំអាចជួយលើកកម្ពស់សុខភាពទូទៅ និងសុខុមាលភាពរបស់មនុស្សនិងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន • មិនចាក់វ៉ាក់សាំង៖ ដោយហេតុថាជំងឺផ្ដាសាយអាចការពារបានតាមរយៈការចាក់វ៉ាក់សាំង ដូច្នេះអ្នកគួរទទួលបានការចាក់វ៉ាក់សាំងតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ភាពធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ បើទោះបីជំងឺផ្ដាសាយងាយនឹងធូរស្រាលក្នុងរយៈពេលខ្លីណាមួយ ប៉ុន្តែក្នុងករណីមេរោគមានសមត្ថភាពអាចរាលដាលទៅកាន់រាងកាយផ្សេងទៀតនោះវាអាចបង្កជាជំងឺផ្សេងដូចជា រលាកច្រមុះ ការឆ្លងរោគនៅត្រចៀក ឬរលាកទងសួតជាដើម។ ផលវិបាកនៃជំងឺខាងលើអាចឲ្យមានអាការៈក្អកជាប់លាប់ជាប្រចាំនិងអាចប្រែប្រួលកាន់តែធ្ងន់ធ្ងរបើទោះបីជំងឺផ្ដាសាយបានជាសះស្បើយរួចទៅហើយ។ ជាក់ស្ដែង ប្រសិនស្ថានភាពជំងឺបានប្រែប្រួលនោះការព្យាបាលក៏ត្រូវការប្រើប្រាស់ឱសថច្រើន និងចំណាយរយៈពេលយូរដូច្នេះអ្នកត្រូវស្វែងរកការពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលាក្នុងករណីអ្នកសង្កេតឃើញអាការៈផ្ដាសាយអូសបន្លាយច្រើនជាង ១០ថ្ងៃ ហើយមានរួមបញ្ចូលនូវរោគសញ្ញាផ្សេងទៀតដូចជា៖ • កម្ដៅខ្លួនកើនខ្លាំងលើសពី ៣៧ អង្សា ជាពិសេសលើកុមារ • សម្បោរពណ៌លឿង ឬបៃតង • ឈឺបំពង់ក ឬពិបាកដកដង្ហើម។ល។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ដោយសារតែភាពរំខាននានាជាច្រើននៃជំងឺផ្ដាសាយបានបង្ខំឲ្យអ្នកជំងឺមួយចំនួនសម្រេចចិត្តសម្រាកនៅផ្ទះ ជាជាងការចេញទៅក្រៅ ឬបំពេញការងារផ្សេងៗ ដោយរង់ចាំឲ្យស្ថានភាពជំងឺបានប្រសើរឡើងវិញជាមុនសិន។ ជាក់ស្ដែង ផ្ដាសាយអាចចាត់ទុកបានជាជំងឺសាមញ្ញ តែអ្នកប្រហែលមិនដឹងទេថាវាអាចមានភាពស្មុគស្មាញ និងអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានដឹង។ ក្នុងករណីលេចចេញសញ្ញាសាមញ្ញដូចជា ហៀរសម្បោរ ក្ដៅខ្លួន ឬស្ងួតបំពង់ក នោះអាចបញ្ជាក់បានថាអ្នកកំពុងរងការវាយលុកពីជំងឺផ្ដាសាយ។ ជាធម្មតាអាការៈផ្ដាសាយទាំងនោះអាចនឹងមានភាពធូរស្បើយ និងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញបន្ទាប់ពីរយៈពេល ២ ទៅ ៣ថ្ងៃក្រោយ។ លក្ខណៈជំងឺផ្តាសាយ វាជាជំងឺមួយដែលបណ្តាលមកពីការចម្លងរោគដ៏តូចមួយដែលគេហៅថា វីរុស។ ជំងឺផ្តាសាយបណ្ដាលមកពីវីរុសជាង ២០០ ប្រភេទ ប៉ុន្តែជំងឺទូទៅ និងបង្កឡើងញឹកញាប់បំផុតគឺពពួក Rhinovirus ដែលទទួលខុសត្រូវយ៉ាងហោចណាស់ ៥០% នៃជំងឺផ្តាសាយ។ វីរុសផ្សេងៗទៀតដែលអាចបង្កឲ្យមានជំងឺផ្តាសាយ រួមមានមេរោគ Coronavirus, Respiratory syncytial virus, Parainfluenza និងជំងឺគ្រុនផ្តាសាយ។ នៅពេលមេរោគទាំងនោះឆ្លងតាមរយៈច្រមុះ និងបំពង់ក ប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងធ្វើការប្រឆាំងជាមួយការចម្លងនោះដោយបង្កើតបានជាការរលាកនិងមានសម្បោរហើយអ្នកជំងឺថែមទាំងអាចមានអាការៈអស់កម្លាំង ឬល្ហិតល្ហៃទៀតផង។ ការចម្លង វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ច្រមុះ ឬបំពង់ក។ វីរុសអាចរាលដាលតាមរយៈតំណក់តូចៗនៅលើអាកាសនៅពេលមនុស្សម្នាក់ក្អកបន្ទាប់មកធ្វើការរីករាលដាលទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ។ ជំងឺនេះក៏អាចឆ្លងតាមការប៉ះពាល់ផ្ទាល់ដៃជាមួយអ្នកជំងឺ ឬដោយការចែករំលែកវត្ថុកខ្វក់ដូចជាឧបករណ៍ប្រើប្រាស់ កន្សែងឧបករណ៍ក្មេងលេង  ឬទូរស័ព្ទ។ល។ រោគសញ្ញាជំងឺផ្តាសាយ រោគសញ្ញានៃជំងឺផ្តាសាយជាធម្មតានឹងកើតមានឡើងពី ១ថ្ងៃទៅ ៣ថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងវីរុសដែលបង្កឲ្យមានជំងឺផ្តាសាយ។ រោគសញ្ញាអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ ដែលជាទូទៅរោគសញ្ញាទាំងនោះមានដូចជា៖ • ឈឺក • ហៀរសម្បោរ ឬតឹងច្រមុះ • ក្អក • កណ្តាស់ • ឈឺក្បាល ឬឈឺខ្លួន។ ចំណែករោគសញ្ញាធ្ងន់ធ្ងរអាចមានដូចជា គ្រុនក្តៅឬឈឺសាច់ដុំ ដែលអាចជាសញ្ញាជំងឺផ្តាសាយធ្ងន់ (Flu) ជាជាងជំងឺផ្តាសាយធម្មតាហើយមនុស្សភាគច្រើននឹងមានភាពប្រសើរឡើងវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ក្អកគួរឲ្យរំខានណាស់មែនទេ? ជឿជាក់ថានរណាៗក៏មិនចង់ជួបបញ្ហានេះដែរ! ហេតុនេះអត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីមូលហេតុនិងវិធីសាស្រ្តការពារខ្លួនងាយៗដែលអាចអនុវត្តឲ្យក្លាយជាទម្លាប់បាន។ អ្វីខ្លះជាកត្តាជំរុញឲ្យក្អក? ក្អកជារេផ្លិចដ៏សំខាន់មួយដែលកើតឡើងរាល់ពេលមានការរំខាននានាដល់ដំណើរការរបស់ប្រព័ន្ធដង្ហើម។ ជាក់ស្តែង វាអាចបណ្តាលមកពី៖ + ការជក់បារី៖ សារធាតុគីមីដែលមានក្នុងបារីអាចរំខាន និងបំផ្លាញកោសិកាសួតយ៉ាងធ្ងន់ធ្ងរ។ ការជក់បារីរយៈពេលយូរអាចបណ្តាលឲ្យសួតបង្កើតជាសារធាតុរំអិលយ៉ាងច្រើន ជាហេតុធ្វើឲ្យមានក្អកស្លេស្មជាប្រចាំ + កត្តាអាល្លែកហ្សុី៖ អាការៈនេះអាចកើតឡើងចំពោះបុគ្គលមួយចំនួនតូចដែលជាទូទៅ លម្អងផ្កា រោមសត្វ ជាកត្តាប្រឈមដែលកើតមានឡើងជាញឹកញាប់ + សារធាតុរំខានដែលមានក្នុងបរិស្ថាន៖ មានសារធាតុរំខានជាច្រើនដែលមានក្នុងបរិយាកាស និងនៅក្នុងផ្ទះ ដូចជាផ្សែង អ័ព្ទក៏អាចជះឥទ្ធិពលបានផងដែរ + ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៖ ការបង្ករោគដោយពពួកបាក់តេរី មួយចំនួន ព្រមទាំងជំងឺហឺតជាកត្តាចម្បងដែលបណ្តាលឲ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលអាចមានដូចជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ជំងឺក្រិនសួត (Pulmonary fibrosis) ជាដើម + ខ្យល់ពុល៖ ការរស់នៅក្នុងទីក្រុង ចរាចរណ៍មមាញឹក តំបន់ជិតរោងចក្រសុទ្ធតែអាចបង្កជាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមដែលអ្នកអាចមើលរំលង។ ការពារបានយ៉ាងណាខ្លះ? ជាការពិត អ្នកនៅតែអាចការពារខ្លួនបានយ៉ាងប្រសើរក្នុងការទប់ទល់ពីបញ្ហាក្អកតាមរយៈការយល់ដឹងអំពីមូលហេតុបង្កចម្បងៗដែលបានរៀបរាប់ខាងលើដោយវិធីសាស្ត្រ ៧យ៉ាងសាមញ្ញៗមានដូចជា៖ ១. បញ្ឈប់ការជក់បារី បន្តិចម្តងៗតាមតែអាចធ្វើបាន ២. ប្រសិនជាអាច អ្នកគួរព្យាយាមជ្រើសរើសកន្លែងការងារណាដែលមិនប៉ះពាល់ដល់ផ្លូវដង្ហើម ៣. បន្ទប់គួរមានសំណើមជានិច្ច ៤. ព្យាយាមសង្កេត និងការពារខ្លួនពីកត្តាបង្កអាល្លែកហ្សុីមួយចំនួនដែលអ្នកធ្លាប់ប្រទះ ដែលអាចមានជាប្រភេទអាហារ លម្អងផ្កា រោមសត្វជាដើម។ គួរបញ្ជាក់ថា អ្នកអាចប្រើប្រាស់ថ្នាំប្រឆាំងអាល្លែកហ្សុីជាមុន នៅរាល់ពេលដែលអ្នកគិតថាអ្នកអាចប៉ះជាមួយកត្តាប្រឈមទាំងនោះ ៥. ប្រសិនបើអ្នកកំពុងមានជំងឺហឺត សូមព្យាយាមគ្រប់គ្រងជំងឺនេះឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ ៦. លាងដៃឲ្យបានស្អាត និងញឹកញាប់ ដើម្បីចៀសវាងការបង្ករោគ ៧. រក្សាប្រព័ន្ធការពាររាងកាយឲ្យនៅមានសុខភាពល្អជានិច្ច តាមរយៈការទទួលទានរបបអាហារត្រឹមត្រូវ សម្បូរសារធាតុចិញ្ចឹម បន្លែ ផ្លែឈើ ដែលសម្បូរដោយវីតាមីន (វីតាមីន C និងវីតាមីនចម្រុះ) លំហាត់ប្រាណទៀងទាត់ សម្រាកឲ្យបានគ្រប់គ្រាន់ព្រមទាំងអនុវត្តការរស់នៅដែលមានអនាម័យ ដើម្បីគេចផុតពីការឆ្លងរោគនៅផ្លូវដង្ហើម។ គួររំឭកដែរថា ភាគច្រើននៃបញ្ហាក្អកគឺបណ្តាលមកពីជំងឺប្រព័ន្ធផ្លូវដង្ហើម ជាពិសេសគឺជំងឺផ្តាសាយ ជំងឺរលាកសួត និងជំងឺរបេងជាដើម ហេតុនេះសូមប្រុងប្រយ័ត្នជាមួយការឆ្លងរោគទាំងនោះ។ សម្រួលអាការៈនេះបែបណា? ការព្យាបាលអាស្រ័យទៅតាមមូលហេតុបង្ក ប៉ុន្តែក្នុងនោះអ្នកក៏អាចប្រើប្រាស់វិធីសាស្ត្រខាងក្រោមដើម្បីសម្រាលភាពរំខានដែលកើតមានឡើង៖ - ការលាយទឹកក្តៅឧណ្ហៗ ជាមួយក្រូចឆ្មារ និងទឹកឃ្មុំ - ការពិសាទឹកក្ដៅឧណ្ហៗ ជំនួសឲ្យការទទួលទានទឹកត្រជាក់ - ចៀសវាងការបរិភោគអាហារប្រៃ បំពង និងហឹរ - កាត់បន្ថយការទទួលទានគ្រឿងស្រវឹង - ប្រើប្រាស់ថ្នាំបំបាត់ក្អកដែលអាចរកទិញបាននៅតាមឱសថស្ថាន ជាមួយការណែនាំប្រើប្រាស់ត្រឹមត្រូវ។ រក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំជាមួយការបញ្ចៀសពីកត្តាអាល្លែកហ្សុីនានា ជាវិធីសាស្ត្រដ៏ប្រសើរក្នុងការការពារពីបញ្ហាក្អក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ក្អកស្លេស្ម គឺជាដំណើរការធម្មតារបស់ប្រព័ន្ធដង្ហើមដើម្បីជម្រុះចោលសារធាតុរំខានចេញប៉ុន្តែប្រសិនបើលក្ខខណ្ឌនេះបង្កភាពរំខានចំពោះអ្នក អ្នកប្រាកដជាត្រូវការវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនានាដើម្បីកម្ចាត់ភាពរំខានទាំងនោះ។ ជាក់ស្តែង អ្នកអាចអនុវត្តវិធីសាស្ត្រ ៧យ៉ាងដែលរួមបញ្ចូលទាំងឱសថធម្មជាតិដែលអ្នកអាចរកបានយ៉ាងងាយស្រួល ដែលមានដូចខាងក្រោម៖ ១. ផ្សើមខ្យល់ ការផ្សើមខ្យល់ជុំវិញបន្ទប់ អាចជួយធ្វើឲ្យស្លេស្មកាត់បន្ថយកម្រាស់ និងមិនអាចកកផ្តុំបាន។ ហេតុនេះអ្នកអាចប្រើប្រាស់ម៉ាស៊ីនបន្សើមខ្យល់ជាប្រចាំក្នុងអំឡុងពេលកើតមានបញ្ហានេះ។ គ្រាន់តែប្រាកដថាអ្នកត្រូវផ្លាស់ប្តូរទឹករៀងរាល់ថ្ងៃ និងសម្អាតម៉ាស៊ីនបន្សើមខ្យល់ឲ្យបានជាប្រចាំផង បើមិនដូច្នោះអ្នកអាចឆ្លងមេរោគតាមខ្យល់មិនស្អាតបែបនោះទៅវិញ។ ២. ពិសាទឹក ទឹកជាសារធាតុចាំបាច់ប្រចាំថ្ងៃ ហើយកាន់តែសំខាន់នៅពេលអ្នកកំពុងមានបញ្ហានេះ។ ការពិសាទឹកក្តៅឧណ្ហៗអាចធ្វើឲ្យស្លេស្មរាវ និងអាចជួយបំបាត់ភាពស្អិតរបស់វាបាន។ ព្យាយាមពិសាទឹកឲ្យបានច្រើន ឬអ្នកក៏អាចពិសាទឹកផ្លែឈើ ឬទឹកក្រូចឆ្មារបានផងដែរ។ ៣. គ្រឿងផ្សំសម្រួលដង្ហើម អ្នកអាចសាកល្បងពិសាអាហារ និងភេសជ្ជៈដែលមានក្រូច ខ្ញី ខ្ទឹម ឬទឹកឃ្មុំលាយជាមួយក្រូចឆ្មារ និងទឹកក្តៅផងដែរ។ មានការសិក្សាជាច្រើនបានបង្ហាញថា សារធាតុទាំងអស់នេះពិតជាមានប្រសិទ្ធភាពចំពោះការព្យាបាលក្អកស្ងួត ផ្តាសាយ ជាពិសេសក្អកស្លេស្មនេះតែម្តង។ ម៉្យាងគ្រឿងផ្សំដែលមានសារធាតុហឹរ ក៏ជួយសម្រួលផ្លូវដង្ហើម និងលំហូរស្លេស្មបានផងដែរ។ ៤. ខ្ពុរទឹកអំបិល ទឹកក្តៅឧណ្ហៗ លាយជាមួយអំបិលមានមុខងារសម្លាប់មេរោគ និងសម្រួលដង្ហើមត្រង់បំពង់កបានយ៉ាងប្រសើរ។ ដោយដំបូង អ្នកត្រូវលាយអំបិលប្រមាណ ១/២ ទៅ ២/៣ស្លាបព្រា ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១កែវ រួចកូរឲ្យរលាយសព្វ និងអាចយកទៅច្រោះបន្ថែមទៀតក៏បាន។ ចាប់ផ្តើមខ្ពុរដោយងើយកទៅលើ រយៈពេល៣០ ទៅ ៦០វិនាទី រួចខ្ជាក់ចេញ និងខ្ពុរទឹកស្អាតបន្តជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះតាមត្រូវការ។ ៥. ប្រេងអឺកាលីបទីស (Eucalyptus oil) ប្រេងអឺកាលីបទីស ជាប្រភេទប្រេងដែលត្រូវបានយកមកប្រើប្រាស់យ៉ាងពេញនិយមសម្រាប់សម្រួលផ្លូវដង្ហើម។ ជាក់ស្តែង នាពេលបច្ចុប្បន្នប្រេងនេះតែងមានវត្តមាននៅក្នុងប្រេងខ្យល់ ប្រេងកូឡាជាដើម ប៉ុន្តែអ្នកក៏អាចស្វែងរកប្រភេទប្រេងនេះសុទ្ធនៅតាមទីផ្សារផងដែរ។ ប្រេងនេះមានប្រសិទ្ធភាពជួយកាត់ផ្តាច់ស្លេស្មមិនឲ្យជាប់គ្នា ជាហេតុធ្វើឲ្យអ្នកងាយស្រួលខាកស្តោះចេញមកក្រៅ។ អ្នកអាចលាបរឹតប្រេងនេះត្រង់តំបន់ក និងផ្នែកខាងក្រោយក ៣ដងក្នុងមួយថ្ងៃ។ ៦. តែទឹកឃ្មុំ យោងតាមការសិក្សាជាច្រើនបានដឹងថា ទឹកឃ្មុំមានប្រសិទ្ធភាពក្នុងការបន្ថយអាការៈក្អក។ ការសិក្សាទៅលើការព្យាបាលអាការៈក្អកពេលយប់លើកុមារដោយធ្វើការប្រៀបធៀបរវាងទឹកឃ្មុំខ្មៅនិងថ្នាំបំបាត់ក្អកប្រភេទ Dextromethorphan។ អ្នកស្រាវជ្រាវបានរកឃើញថា ទឹកឃ្មុំអាចបំបាត់អាការៈក្អកគួរឲ្យកត់សម្គាល់បើប្រៀបទៅលើប្រសិទ្ធភាពនៃ Dextromethorphan។ បើទោះបីជាគុណប្រយោជន៍នៃទឹកឃ្មុំល្អជាង Dextromethorphan តែបន្តិចបន្តួចក៏ពិតមែន ក៏ម្តាយឪពុកភាគច្រើនជ្រើសរើសប្រើប្រាស់ទឹកឃ្មុំជាជាងថ្នាំ។ វិធីប្រើទឹកឃ្មុំសម្រាប់ព្យាបាលអាការៈក្អក គឺអ្នកគ្រាន់តែលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅឧណ្ហៗឬទឹកតែ។ ផឹកទឹកឃ្មុំនេះម្តង ទៅពីរដងក្នុងមួយថ្ងៃ ប៉ុន្តែមិនត្រូវឲ្យទឹកឃ្មុំទៅក្មេងអាយុក្រោម ១ឆ្នាំហូបទេ។ ៧. ខ្ញី ខ្ញីអាចបំបាត់ទាំងក្អកស្ងួត និងក្អកស្លេស្ម ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនឹងភាពរលាកបាន។ វាក៏អាចបំបាត់អាការៈចង្អោរ និងការឈឺចាប់។ ការសិក្សាមួយ បានណែនាំថា សារធាតុប្រឆាំងរលាកមួយចំនួននៅក្នុងខ្ញីអាចសម្អាតភ្នាសនៅតាមបំពង់ខ្យល់ដែលអាចកាត់បន្ថយអាការៈក្អកបាន។ ដាក់បន្ទះខ្ញីស្រស់ប្រហែល២០ទៅ៤០ក្រាម ឆុងជាមួយទឹកក្តៅមួយកែវ។ ទុកប្រហែលប៉ុន្មាននាទីមុនផឹក។ អ្នកអាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដើម្បីបន្ថែមរសជាតិ។ គួរកត់សម្គាល់ថា តែខ្ញីអាចបណ្តាលឲ្យមានបញ្ហាក្រហាយក្រពះ។ ប្រសិនបើអ្នកបានសាកល្បងធម្មជាតិខាងលើមិនមានប្រសិទ្ធភាពទេនោះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានឲ្យបានកាន់តែច្បាស់ស្វែងរកមូលហេតុពិតប្រាកដ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នៅរាល់ពេលសកម្មភាពផ្លូវដង្ហើមត្រូវទទួលរងការរំខាន រាងកាយរបស់យើងម្នាក់ៗមានសមត្ថភាពធ្វើការឆ្លើយតបទៅវិញ ដោយអ្នកអាចសង្កេតឃើញស្តែងមានឡើងតាមរយៈការក្អក។ ក្អក ត្រូវបានគេចែកចេញជា ២ប្រភេទ គឺក្អកស្លេស្ម និងក្អកស្ងួត ដែលប្រភេទក្អកទាំងពីរប្រភេទនេះបណ្តាលមកពីរេផ្លិចដោយស្វ័យប្រវត្តិនៃប្រព័ន្ធដង្ហើមក្នុងការរុញច្រានសារធាតុពីខាងក្រៅចេញដើម្បីបញ្ចៀសការបង្ករោគផ្សេងៗ។ យ៉ាងណាក៏ដោយមូលហេតុបង្ក និងលក្ខខណ្ឌដែលគួរឲ្យព្រួយបារម្ភនៃប្រភេទក្អកទាំងពីរមានលក្ខណៈសម្គាល់ផ្សេងៗគ្នា។ អត្ថបទលេខមុន ហេលស៍ថាម ប្រូ បានបង្ហាញរួចមកហើយអំពីសញ្ញាណដែលអ្នកគួរយកចិត្តទុកដាក់ និងការណែនាំពីវិធីព្យាបាលមួយចំនួនចំពោះអាការៈក្អកស្ងួត ហើយលេខនេះ អ្នកអានទាំងអស់នឹងអាចបន្តការស្វែងយល់អំពីអាការៈ ក្អកស្លេស្ម វិញម្តង។ អ្វីជាក្អកស្លេស្ម? ស្លេស្មជាការដាច់ចេញនៃភ្នាសសើម (Mucus) ដែលបានផលិតនៅក្នុងសួត និងផ្លូវដង្ហើមដែលនៅជិតៗនោះ។ ប្រភេទនៃភ្នាសសើមនេះមានតួនាទីក្នុងការការពារមេរោគ និងសារធាតុផ្សេងទៀតដែលបានចូលទៅក្នុងផ្លូវដង្ហើម និងសួត ដោយធ្វើឲ្យសារធាតុរំខានទាំងនោះស្អិតជាប់ និងត្រូវបានបញ្ចេញតាមរយៈការក្អកមកខាងក្រៅវិញ។ មូលហេតុបង្ក ភាគច្រើនក្អកស្លេស្ម បណ្តាលមកពីការបង្ករោគដោយសារបាក់តេរី ឬមេរោគ ការច្រាលទឹកអាស៊ីតក្រពះ ឬបញ្ហាអាល្លែកហ្ស៊ីនានាដែលខុសប្លែកពីមូលហេតុរបស់ក្អកស្ងួត។ ជាក់ស្តែង ប្រសិនបើអ្នកនៅតែបន្តក្អកក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយមិនបានធូរស្រាល ឬកាន់តែធ្ងន់ធ្ងរនោះមូលហេតុបង្កអាចមានដូចជា៖ - ជំងឺរលាកទងសួត៖ ក្នុងករណីស្រួចស្រាវ ការរលាកនេះអាចបណ្តាលមកពីពពួកបាក់តេរី ឬមេរោគ ប៉ុន្តែក្នុងករណីរ៉ាំរ៉ៃគឺអាចបណ្តាលមកពីការជក់បារី។ ស្លេស្មប្រភេទនេះអាចបញ្ចេញមកមានពណ៌លឿង ប្រផេះ ឬពណ៌បៃតង - ជំងឺរលាកសួត៖ ជាការបង្ករោគនៅក្នុងសួតដោយពពួកបាក់តេរី មេរោគ ឬផ្សិត ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ស្លេស្ម ក្នុងការរលាកប្រភេទនេះអាចមានពណ៌លឿង បៃតង ត្នោត ឬមានលាយឡំទៅដោយឈាមទៀតផង - COPD ( Chronic Obstructive Pneumonia Disease)៖ ជាបណ្តុំនៃលក្ខខណ្ធដែលស្តែងឡើងជាការខូចខាតទាំងសរីរាង្គសួត និងទងសួតដែលភាគច្រើនមូលហេតុនៃជំងឺនេះគឺបណ្តាលមកពីការជក់បារី - Cystic Fibrosis៖ ជាប្រភេទជំងឺតំណពូជដែលបណ្តាលមកពីមានការខូចខាតហ្សែន ដោយសភាពផ្លូវដង្ហើមប្រែជារួមតូច ហើយត្រូវបានរាំងខ្ទប់ដោយសារស្លេស្ម ដែលជាហេតុបណ្តាលឲ្យរឹតតែពិបាកក្នុងការដកដង្ហើម។ ម៉្យាងស្លេស្មដែលឡើងក្រាស់នេះបានក្លាយជាលក្ខខណ្ឌដ៏អំណោយផលសម្រាប់ការលូតលាស់របស់បាក់តេរីទៀតផង - ជំងឺហឺត៖ អ្នកជំងឺដែលមានបញ្ហាហឺត តែងមានផ្លូវដង្ហើមដែលងាយទទួលរងប្រតិកម្មជាមួយសារធាតុដែលអាចបង្កឲ្យមានអាល្លែកហ្ស៊ី សារធាតុពុលពីបរិស្ថាន ឬការបង្ករោគនៅផ្លូវដង្ហើម។ ភាពងាយប្រតិកម្មនេះបណ្តាលឲ្យផ្លូវដង្ហើមទៅជារលាក ព្រមទាំងបង្កើតនូវស្លេស្មយ៉ាងច្រើន - ជំងឺរបេង៖ ជាជំងឺផ្លូវដង្ហើមដែលបង្កមកពីមេរោគឈ្មោះ មីកូបាក់តេរ៉ូម (Mycobacterium)។ សញ្ញាណនៃជំងឺនេះមានដូចជា ក្អកស្លេស្មរ៉ាំរ៉ៃពណ៌បៃតង ឬមានឈាម ស្រកទម្ងន់ ក្តៅខ្លួន រងាញាក់ និងបែកញើសពេលយប់ជាដើម។ ករណីប្រញាប់ស្វែងរកការព្យាបាល អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឯកទេសប្រព័ន្ធផ្លូវដង្ហើមជាបន្ទាន់ក្នុងករណីដែល៖ - អាការៈ ក្អក កើតមានឡើងលើសពី ២ទៅ៣សប្តាហ៍ - ការព្យាបាលបែបធម្មជាតិ និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា (OTC Drugs) មិនមានប្រសិទ្ធភាព - ក្តៅខ្លួនលើសពី ៣៨°C - សង្ស័យមានសញ្ញានៃជំងឺរបេង - ក្អកមានឈាម ស្លេស្មពណ៌បៃតង លឿង ប្រផេះ - ពិបាកក្នុងការដកដង្ហើម ដកដង្ហើមញាប់ ឈឺទ្រូង វិលមុខ ឬសន្លប់ជាដើម។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ជាទូទៅ នៅពេលអ្នកទៅជួបគ្រូពេទ្យដើម្បីព្យាបាលអាការៈក្អក ក្រុមគ្រូពេទ្យតែងសួរអ្នកថាតើជាប្រភេទក្អកស្លេស្ម ឬក្អកស្ងួតដោយហេតុថាមូលហេតុបង្កនិងវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា ដែលជួនកាល អ្នកអាចពិបាកញែករវាងការក្អកទាំងពីរនេះណាស់។ ដូច្នេះអត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកឲ្យដឹងថា អ្នកបាន និងកំពុងក្អកស្ងួត ដើម្បីអ្នកអាចធ្វើការបែងចែកខ្លួនឯងបាន។ ក្អកស្ងួតគឺជាប្រភេទក្អកមិនបញ្ចេញស្លេស្ម ដែលវាអាចមានលក្ខណៈរមាស់ ឬដូចមានអ្វីម៉្យាងដែលនៅជាប់បំពង់ក។ ជាញឹកញាប់អាការៈនេះអាចបង្កមកពីមេរោគដូចជា ជំងឺផ្តាសាយ ឬពេលខ្លះក៏អាចបង្កមកពីបញ្ហាអាល្លែកហ្ស៊ី ឬបញ្ហាបំពង់កផងដែរ។ * មូលហេតុនៃក្អកស្ងួត បន្ថែមពីមូលហេតុដែលបានរៀបរាប់ខាងលើ វាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរ៖ - ជំងឺហឺត - ជំងឺច្រាលទឹកក្រពះ (Gastro-esophageal reflux) - ការជក់បារី - អាល្លែកហ្ស៊ីច្រមុះដែលបណ្តាលមកពីសារធាតុ ឬវត្ថុដែលអ្នកធ្លាប់អាល្លែកហ្ស៊ីជាមួយ មានដូចជា លម្អងធូលី ឬរោមសត្វជាដើម - ការរលាកបំពង់សំឡេង - ក្អកមាន់ ដែលជាប្រភេទជំងឺបង្កមកពីបាក់តេរី - រោគសញ្ញានៃការស្ទះផ្លូវដង្ហើមអំឡុងពេលគេង (Obstructive sleep apnea) - ទម្លាប់ក្អក ដែលជាទូទៅកើតឡើងតែនៅពេលថ្ងៃ ប៉ុន្តែមិនមែនបង្កមកពីមេរោគ ឬបាក់តេរីនោះទេ ហើយភាគច្រើនកើតឡើងចំពោះក្មេងៗ - ការដកដង្ហើមចូលនូវពពួកសារធាតុចម្លែកផ្សេងទៀតដោយចៃដន្យ ដែលអាចជាអាហារ ឬទឹក - ជំងឺសួតមួយចំនួន - អាចជាផលរំខានរបស់ថ្នាំមួយចំនួនដូចជា ថ្នាំលើសឈាមប្រភេទ ACE inhibitor (Angiotensin Converting Enzyme inhibitors)។ ក្រៅពីហេតុផលដែលតែងកើតឡើងជាញឹកញាប់ខាងលើ អាការៈនេះក៏អាចបង្កមកពីជំងឺបេះដូង ជំងឺស្ទះទងសួត (Pulmonary embolism) ឬជំងឺមហារីកសួតជាដើម។ គួរបញ្ជាក់ថា អាការៈនេះអាចកាន់តែធ្ងន់ធ្ងរនៅពេលដែល៖ - ការដកដង្ហើមជាមួយខ្យល់ស្ងួត ឬត្រជាក់ខ្លាំង - ខ្យល់កង្វក់ដែលអាចមានជាធូលី ផ្សែង - ស្រូបផ្សែងបារីដោយផ្ទាល់ ឬមិនផ្ទាល់ - ការប្រើប្រាស់សំឡេងច្រើន និងខ្លាំងពេក - ការផ្លាស់ប្តូរសីតុណ្ហភាព។ * វិធីសាស្ត្រព្យាបាល ក្អកស្ងួតដែលបណ្តាលមកពីការឆ្លងមេរោគ ដូចជាជំងឺផ្តាសាយ ជាធម្មតាអាចធូរស្រាលដោយខ្លួនឯងបានក្នុងរយៈពេល១ឬ២ សប្តាហ៍។ ការព្យាបាលបែបធម្មជាតិ រួមជាមួយការប្រើថ្នាំក្អកអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង ដែលក្នុងនោះអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖ ការព្យាបាលបែបធម្មជាតិ - ផឹកទឹកឲ្យបានច្រើន - លាយទឹកឃ្មុំជាមួយក្រូចឆ្មារ ដោយប្រើទឹកក្តៅជាមួយទឹកឃ្មុំ ១ទៅ២ស្លាបព្រានិងបន្ថែមក្រូចឆ្មារបន្តិច - ខ្ពុរមាត់ជាមួយទឹកអំបិល ករណីអ្នកមានបញ្ហាក្អកស្ងួតមកពី ផ្តាសាយ ឬឈឺក។ ការព្យាបាលដោយប្រើថ្នាំ - ប្រើប្រាស់ថ្នាំបន្ថយការក្អកក្នុងរយៈពេលខ្លី ដែលមានសារធាតុសកម្មដូចជា Pholcodine, Dextromethorphan, Codeine, Dihydrocodeine, និង Pentoxyverine។ ថ្នាំប្រភេទនេះភាគច្រើនអាចរកទិញបាននៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជា ប៉ុន្តែអ្នកត្រូវទទួលការណែនាំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវពីឱសថការីជាមុនរាល់ពេលប្រើប្រាស់ - ជួនកាលអ្នកក៏អាចត្រូវបានប្រើប្រាស់ប្រភេទថ្នាំដែលមានការបូកបញ្ចូលគ្នារវាង ថ្នាំផ្តាសាយ អាល្លែកហ្ស៊ី និងថ្នាំក្អក ករណីមូលហេតុបណ្តាលមកពីជំងឺផ្តាសាយ ឬអាល្លែកហ្ស៊ី - ការប្រើប្រាស់ប្រភេទស្រៃ្ពយ៍បាញ់ច្រមុះ ឬមាត់ដែលមានសារធាតុសកម្មដូចជា ទឹកអំបិល (Saline nasal spray ) ឬ ថ្នាំប្រឆាំងរលាក (Corticosteroid nasal spray) - ការប្រើប្រាស់ថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះ ក៏ត្រូវបានអនុវត្តចំពោះអ្នកមានបញ្ហាច្រាលទឹកក្រពះផងដែរ។ * សញ្ញាណដែលអ្នកគួរជួបគ្រូពេទ្យជាបន្ទាន់ - ក្អកមានឈាម - ពិបាកដកដង្ហើម ឬថប់ - ក្អករាល់ពេលយប់ ឬមានលាយឡំក្តៅខ្លួន - ជាអ្នកជក់បារីជាប់ជាប្រចាំ - មានលាយឡំជាមួយការឈឺក្បាល ឈឺត្រចៀក ក្អួត កន្ទួលរមាស់ ស្រកទម្ងន់ ឬឈឺសាច់ដុំពេញខ្លួន - ក្មេងអាយុក្រោម៦ខែ - ក្អកលើសពី ១០ថ្ងៃដោយមិនមានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ - ឬអ្នកមានជំងឺលើសឈាម ជំងឺបេះដូង ក្រពះ ពោះវៀន ឬជំងឺផ្លូវដង្ហើម។ គួរបញ្ជាក់ថា អ្នកគួរប្រាប់គ្រូពេទ្យរបស់អ្នក ករណីអ្នកមានបញ្ហាក្អកធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំលើសឈាមដើម្បីធ្វើការផ្លាស់ប្តូរប្រភេទថ្នាំផ្សេងទៀតដែលអាចសមស្របជាងនេះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top