ផ្ទុះខ្លាញ់ត្រូវភ្នែក បង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយ?
ភ្នែករបស់យើងអាចនឹងរងឥទ្ធិពលដោយសារការ ប៉ះទង្គិចដោយចៃដន្យមួយចំនួន ដែលខ្លះអាចនឹងមិនចោទជាបញ្ហាអ្វីឡើយ ស្របពេលដែលខ្លះទៀតអាចផ្តល់នូវផលវិបាកទៅថ្ងៃក្រោយ។ ជាក់ស្តែងករណីខាងក្រោមបានបង្ហាញអំពីការ ព្រួយបារម្ភអំពីការប៉ះត្រូវភ្នែកទៅនឹងខ្លាញ់ក្តៅដែលនឹងត្រូវបានបកស្រាយតាមរយៈលោកវេជ្ជបណ្ឌិតឯកទេសភ្នែកដូចខាងក្រោម។
សំណួរ៖ នាងខ្ញុំទើបនឹងបានជួបបញ្ហា ផ្ទុះខ្លាញ់ត្រូវក្រោមភ្នែក ហើយវាធ្វើឲ្យមានអារម្មណ៍ក្តៅក្រហាយយ៉ាងខ្លាំង។ ខ្ញុំចង់សួរលោក វេជ្ជបណ្ឌិតថា តើនាងខ្ញុំត្រូវធ្វើដូចម្តេចពេលជួបបញ្ហានេះភ្លាមៗ ហើយតើវាបង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយដែរឬទេ?
ចម្លើយ៖ ផលប៉ះពាល់ និងការព្យាបាល អាស្រ័យទៅនឹងបរិមាណ និងកម្រិតនៃការរលាក ថាតើការរលាកនោះធំប៉ុណ្ណា និងជ្រៅប៉ុណ្ណា។ ដោយឡែក ក្រោយពីការរលាកភ្លាម អ្វីដែលត្រូវធ្វើភ្លាមគឺត្រូវលាងទឹកធម្មតា ឬទឹកត្រជាក់ (ចាប់ពី ៥ អង្សាសេឡើង) ដើម្បីបន្ថយកម្តៅ តែចៀសវាងប្រើទឹកកក (ក្រោម ០ អង្សាសេ) ទៅស្អំ ដែលនឹងនាំឲ្យការរលាកកាន់តែធ្ងន់ធ្ងរ និងមានការខូចស្បែកនៅត្រង់បរិវេណនោះទៅវិញ។ បន្ទាប់ពីនោះ យើងអាចប្រើប្រាស់ក្រែមឬស្ព្រៃយន៍បាញ់ប្រឆាំងការរលាក (Burn cream) នៅបរិវេណនោះ និងចុងក្រោយ យកល្អគួរមក ទទួលការពិនិត្យភ្នែកឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាការផ្ទុះខ្លាញ់ក្តៅមិនបានប៉ះទៅលើកញ្ចក់ភ្នែក។ យ៉ាងណាមិញ ករណីមានការរលាកខ្លាំង ស្បែកនៅតំបន់នោះនឹងអាចទៅជាជ្រួញ ឬអាចទាញឲ្យត្របកភ្នែកធ្លាក់ដោយសារសម្លាកពីការរលាក ប៉ុន្តែជាទូទៅមិនមានទំនាក់ទំនងនឹងបញ្ហាគំហើញឡើយ ប្រសិនបើមិនមានការផ្ទុះខ្លាញ់ចូលក្នុងភ្នែក។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ