ពេលគេងលក់ក៏ស្រកទម្ងន់បាន…
អ្នកនឹងមិនចម្លែកទេនៅពេលមានការណែនាំលំហាត់ប្រាណ និងកីឡា ក៏ដូចជាអាហារដើម្បីសម្រកទម្ងន់ក៏ប៉ុន្តែអ្នកប្រហែលមិនស្មានទេថាអ្នកក៏អាច ស្រកគីឡូផងដែរ នៅពេលដែលអ្នកគេងលក់។
មានមនុស្សភាគច្រើនបានយល់ច្រឡំថា ការគេងច្រើនធ្វើឲ្យអ្នកស្ពឹក មិនសូវមានសកម្មភាពដើម្បីដុតរំលាយខ្លាញ់ និងធ្វើឲ្យធាត់ តែផ្ទុយទៅវិញអ្នកដែលគេងមិនបានគ្រប់គ្រាន់ មិនត្រឹមមិនអាចសម្រកទម្ងន់បានសម្រេច តែថែមទាំងមានឱកាសឡើងទម្ងន់ ព្រមជាមួយនឹងការកើនឡើងនូវទម្លាប់អាក្រក់ផ្សេងទៀតដែលមិនល្អចំពោះការរក្សារាង និងសុខភាពទាំងស្រុងផងដែរ។ ហេតុនេះអ្នកជំនាញជាច្រើនបានទទួលស្គាល់ថា ការគេងពិតជារួមចំណែកយ៉ាងសំខាន់ និងមិនអាចភ្លេចបញ្ចូលទៅក្នុងគម្រោងសម្រកទម្ងន់បានឡើយ ប្រសិនបើចង់ទទួលបានលទ្ធផលពិតប្រាកដទៅលើអ្វីដែលអ្នកបានខំប្រឹងដោយមិនបាច់ចំណាយកម្លាំងច្រើន។
មូលហេតុ ៤យ៉ាង ដែលការគេងជួយឲ្យអ្នកស្រកទម្ងន់បាន៖
១. កាត់បន្ថយការស្រេកឃ្លាន និងធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរ
មូលហេតុគឺនៅពេលដែលអ្នកមិនបានគេងលក់ស្រួលនៅពេលយប់វាអាចបង្កឲ្យមានអតុល្យភាព អ័រម៉ូនដែលក្នុងនោះរួមមាន ការកើនឡើងនូវអ័រម៉ូន Ghrelin ដែលអាចធ្វើឲ្យអ្នកឃ្លានទោះបីជាពេលដែលអ្នកមិនត្រូវការក៏ដោយ និងការថយចុះនៃអ័រម៉ូន Leptin ដែលធ្វើឲ្យញ៉ាំមិនដឹងឆ្អែត។ ក្រៅពីនោះអ័រម៉ូនលូតលាស់ ក៏មិនអាចធ្វើការជួសជុល និងកសាងកោសិកាបានល្អនៅពេលយប់ដែលមានន័យថាអ្នកមិនអាចកសាងសាច់ដុំដើម្បីជំរុញការដុតកាល់ឡូរីបានល្អឡើយ។ ម្យ៉ាងទៀត ការគេងមិនឆ្អែតធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេស cortisol ដែលទៅភ្ញោចដល់ការឃ្លានជាពិសេសពពួកកាបូហាយដ្រេតទៀតផង។ ហេតុការណ៍ទាំងនេះ នឹងមិនកើតមានឡើយ នៅពេលអ្នកបានគេងលក់ស្រួលដែលមានន័យថាអ្នកនឹងមិនធ្វើសកម្មភាពដែលធ្វើឲ្យអ្នកមិនស្រកទម្ងន់ ឬធាត់ឡើងដោយមិនដឹងខ្លួនឡើយ។
២. ធ្វើឲ្យអ្នកចាប់ទម្លាប់ល្អផ្សេងទៀតយ៉ាងងាយស្រួល
ប្រសិនបើខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់អ្នកប្រហែលមិនអាចធ្វើការសម្រេចចិត្តបានល្អឡើយ។ រីឯមជ្ឈមណ្ឌលនៅខួរក្បាលដែលមានមុខងារសម្រាប់ផ្តល់រង្វាន់ឲ្យខ្លួនឯងនឹងមានសកម្មភាពឡើងដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ ខណៈនេះជាពេលដែលអ្នកផ្តល់ឲ្យខ្លួនឯងនូវអាហារដែលអ្នកចូលចិត្ត និងពិបាកទប់ខ្លួនឯងមិនឲ្យញ៉ាំលើសចំណុះ។ ម្យ៉ាងទៀត ដោយសារអ្នកអស់កម្លាំងព្រោះមិនបានគេង អ្នកក៏នឹងរំលងទម្លាប់ហាត់ប្រាណផងដែរ។ ផ្ទុយមកវិញ ការគេងគ្រប់គ្រាន់ជាគន្លឹះដែលនាំឲ្យអ្នកប្រកាន់បាននូវទម្លាប់ល្អៗមួយចំនួនចំពោះការសម្រកទម្ងន់ ដែលក្នុងនោះ អ្នកនឹងចាប់ផ្តើមញ៉ាំអាហារសុខភាព ធ្វើការហាត់ប្រាណដោយមិនបង្អង់ព្រមទាំងអាចធ្វើឲ្យអ្នកញ៉ាំមានរបៀប (មិនញ៉ាំផ្តេសផ្តាស និងខុសពេលវេលា)។
៣. ជួយដុតរំលាយកាល់ឡូរីបានកាន់តែច្រើន
តាមរយៈការបង្កើនសាច់ដុំ និងមេតាបូលីសនៅពេលអ្នកកំពុងគេង ខ្លួនអ្នកនឹងអាចដុតបំផ្លាញកាល់ឡូរីបានកាន់តែប្រសើរ ប្រសិនបើអ្នកបានគេងគ្រប់គ្រាន់ និងមានកម្លាំងនៅអំឡុងពេលថ្ងៃ ហើយអ្នកនឹងកាន់តែភ្ញាក់ផ្អើល ពីព្រោះកាល់ឡូរីដែលដុតបាននៅពេលគេង គឺ ៥% លើសពីអ្នកដែលមិនសូវបានគេងនិងសមត្ថភាពដុតកាល់ឡូរី ក្រោយអាហារគឺ២០% ខ្ពស់ជាងអ្នកមិនគេងបានគ្រប់គ្រាន់។មានន័យថា ទោះអ្នកបរិភោគអាហារដូចគ្នា បរិមាណដូចគ្នា តែការដុតបំផ្លាញកាល់ឡូរីគឺអាស្រ័យនឹងការគេងរបស់អ្នកទៅវិញទេ។
៤. ការគេងអាចជួយឲ្យអាំងស៊ុយលីនដំណើរការល្អ
អ័រម៉ូនអាំងស៊ុយលីនអាចដឹកនាំស្ករពីក្នុងឈាមទៅក្នុងកោសិកាប្រើប្រាស់ជាថាមពល។ ការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ត្រឹមតែ ២ ទៅ ៣ យប់ អាចធ្វើឲ្យកោសិកាធន់នឹងឥទ្ធិពលរបស់អាំងស៊ុយលីនដល់ទៅ ៣០ ទៅ ៤០% ដែលមានន័យថា កោសិកាមិនអាចទទួលបានស្ករយកមកប្រើប្រាស់ ធ្វើឲ្យសល់ជាតិស្ករនៅក្នុងឈាមច្រើនរួចជំរុញឲ្យមានការផលិតអាំងស៊ុយលីនកាន់តែច្រើនដែលជាហេតុនាំឲ្យអ្នកឃ្លាន ព្រមទាំងបញ្ជារាងកាយឲ្យស្តុកខ្លាញ់ទុកកាន់តែច្រើន ដែលនេះជាកត្តាបង្កការប្រឈមនឹងការលើសទម្ងន់ និងជំងឺទឹកនោមផ្អែម។
គន្លឹះសម្រាប់បង្កើតការគេងដែលមាន គុណភាព និងបង្កើនការស្រកទម្ងន់៖
១. ចៀសវាងពិសាស្រា ឬជាតិអាល់កុល ៣ម៉ោងមុនចូលគេង ដោយវាអាចរំខានដល់ការដុតបំផ្លាញកាល់ឡូរី
២. ចៀសវាងធ្វើលំហាត់ប្រាណមុនចូលគេង
៣. ញ៉ាំអាហារពេលល្ងាចក្នុងបរិមាណតិច
៤. កំណត់ម៉ោងចូលគេង និងក្រោកឲ្យបានទៀងទាត់
៥. បិទភ្លើង និងឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់គេង
៦. សីតុណ្ហភាពក្នុងបន្ទប់ត្រជាក់ល្មម ឬការគេងដោយមិនពាក់សម្លៀកបំពាក់ដើម្បីឲ្យរាងកាយត្រជាក់អាចជំរុញការដុតកាល់ឡូរីកាន់តែច្រើន
៧. ករណីពិបាកគេងអាចបង្កើតទម្លាប់សម្រាប់ការគេងលក់ស្រួលដូចជា ធ្វើសមាធិ ងូតទឹកក្តៅ ឬសរសេរកំណត់ហេតុជាដើម។
ថ្វីត្បិតថាការគេងអាចជួយបង្កើតលទ្ធផលនៃការសម្រកទម្ងន់ក៏ប៉ុន្តែប្រសិនបើអ្នកត្រូវការស្រកទម្ងន់ភ្លាមៗ ការគេងមិនមែនជាចម្លើយត្រូវនឹងអ្នកឡើយ។ តែទោះយ៉ាងនេះក្តី ប្រសិនបើអ្នកអនុវត្តការគេងបានប្រសើរជាប្រចាំ វាមិនត្រឹមជាចំណែកសម្រាប់ការរក្សាទម្ងន់ តែក៏ល្អចំពោះសុខភាពទាំងស្រុងផងដែរ។ម្យ៉ាងទៀត ដើម្បីស្រកទម្ងន់ អ្នកមិនអាចគេងច្រើនជំនួសឲ្យការបរិភោគអាហារត្រឹមត្រូវ និងហាត់ប្រាណនោះឡើយ។ ត្រូវចាំផងដែរថា អ្នកត្រូវផ្តោតលើគុណភាពនៃការគេងស្របជាមួយនឹងរយៈពេលនៃការគេង។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ