គន្លឹះនៃការណែនាំទៅកាន់អ្នកជំងឺឈឺជើង
អាការៈឈឺជើង ឬធ្ងន់ជើង ជាបញ្ហាគួរគិតដល់ជាចាំបាច់ទៅលើជំងឺរលាកសរសៃឈាមអាទែរ ពីព្រោះការធ្វេសប្រហែសក្នុងប្រការណាមួយអាចជំរុញឲ្យមានការកាត់ជើងប្រសិនការព្យាបាលត្រូវធ្វើឡើងយឺតពេល។
អ្វីគួរដឹង?
សំណួរជាចម្បងដែលត្រូវសួរទៅអ្នកជំងឺនោះ ថាតើការឈឺចាប់កើតមានឡើងអំឡុងពេលដើរ ឬយ៉ាងណា?
• ប្រសិនការដើរធ្វើឲ្យមានការឈឺចាប់ នោះការប្រឈមទៅនឹងជំងឺរលាកសរសៃឈាមអាទែរមានកម្រិតខ្ពស់ ដែលអាចជាការស្ទះសរសៃឈាមអាទែរនៅអវយវៈជើង
• លក្ខណៈនៃការឈឺចាប់អាចបង្ហាញចេញជាការរមួលនៅនឹងកំភួនជើងបន្ទាប់ពីការដើរក្នុងចម្ងាយណាមួយ ដែលបង្ខំឲ្យអ្នកជំងឺបញ្ឈប់ការដើរជាបណ្ដោះអាសន្ន
• វាអាចជាករណីកម្រដែលការឈឺចាប់នៅពេលដើរមិនជាប់ពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាម។ ប៉ុន្តែអាការៈឈឺបែបនេះអាចបណ្ដាលមកពីការរំខានដល់ប្រព័ន្ធសរសៃប្រសាទនៅខួរឆ្អឹងខ្នងទៅវិញ
• ប្រសិនការឈឺចាប់កើតមានឡើងពេលដើរ និងបាត់នៅពេលសម្រាក (ជាពិសេសពេលយប់) វាអាចបង្កមកពីការទិច ឬការរលាកណាមួយ។ ចំណែកការឈឺចាប់ដែលបង្កជាអាការៈរំញោចមិនធម្មតា នោះអាចសង្ស័យទៅលើជំងឺរលាកបណ្ដុំសរសៃប្រសាទជាយ (Polynévrite) ដែលអាចជាផលវិបាកបន្ទាប់ពីការប្រើប្រាស់សារធាតុអាល់កុល ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ឱសថដូចជា ពពួក Alcaloïde, Cisplatine (Cis-platyl) ឬ L’almitrine (Vectarion)។
អ្វីគួរធ្វើ?
ប្រសិនអ្នកសង្ស័យពីជំងឺរលាកសរសៃឈាមអាទែរ ឬមានចម្ងល់ផ្សេងទៀតអ្នកគួរបន្តការធ្វើរោគវិនិច្ឆ័យដោយរួមមាន៖
• ស្ទាប និងស្ដាប់សរសៃឈាមអាទែរ
• អាចបន្ថែមការពិនិត្យតាមការឆ្លុះ ដែលអាចវាស់ពីលំហូររបស់ឈាម (Examen Doppler)
• សាកសួរពីកត្តាដែលធ្វើឲ្យមានការស្ទះសរសៃឈាម រួមមាន សម្ពាធឈាមឡើងខ្ពស់ កម្រិតកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម ជំងឺទឹកនោមផ្អែមជាពិសេសការប្រើប្រាស់សារធាតុញៀន
• ជាទូទៅ វិធីសាស្រ្តព្យាបាលភាគច្រើនត្រូវធ្វើការវះកាត់។
ក្នុងករណីអ្នកជំងឺមានសម្ពាធនៅខួរឆ្អឹងខ្នង ឬជាជំងឺរលាកបណ្ដុំសរសៃប្រសាទជាយ (Polynévrite) នោះការណែនាំត្រូវ៖
• ឲ្យអ្នកជំងឺជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ
• ក្នុងអំឡុងការរង់ចាំជួបពិគ្រោះ អ្នកជំងឺអាចប្រើប្រាស់ វីតាមីន B1 ដែលមានឈ្មោះ Bénerva (Roche) ក្នុងកម្រិត ២គ្រាប់ក្នុងមួយថ្ងៃ។
ប្រភពយោង៖ Le Vademecum de la Médication officinale
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ