ប្រភេទអាហារដែលធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំង
តើអ្នកកំពុងពិបាកចិត្តជាមួយការឡើងទម្ងន់ខ្លាំងមែនទេ? តើអ្នកធ្លាប់ពិនិត្យមើលរបបអាហាររបស់អ្នកដែរឬទេ? តើអ្នកមានដឹងទេថាមានប្រភេទអាហារអ្វីខ្លះ ដែលធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែលឿន? ខាងក្រោមនេះនឹងបង្ហាញអ្នកអំពីប្រភេទអាហារដែលមានកាល់ឡូរីខ្ពស់ និងធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងជាងរបបអាហារធម្មតា។
១. បង្អែម
នៅពេលអ្នកញ៉ាំរបស់ផ្អែមៗ ដូចជា នំខេក ទឹកក្រឡុកការ៉េម ឬប្រភេទបង្អែមដែលមានរសជាតិផ្អែមខ្លាំងវាអាចបង្កឲ្យអ្នកឡើងទម្ងន់ដោយមិនបានចាប់អារម្មណ៍។ ក្នុងនោះ ប្រភេទនំដុតក៏មានផ្ទុកកាល់ឡូរីជាច្រើនផងដែរ ដូចនេះ អ្នកគួរកាត់បន្ថយទម្លាប់នៃការញ៉ាំរបស់ផ្អែមច្រើន ឬពិនិត្យទម្លាប់ញ៉ាំឡើងវិញប្រសិនបើអ្នកចង់រក្សាទម្ងន់របស់អ្នក។
២. អាហារបែបអឺរ៉ុប ឬ Fast Food
ក្នុងនោះមានដូចជា ភីហ្សា ប៊ឺហ្គឺ មាន់បំពង ឈីសជាដើម ដែលសម្បូរដោយជាតិខ្លាញ់ និងផ្ទុកកាល់ឡូរីខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ គេបានបន្ថែមអំបិល ស្ករ និងខ្លាញ់ជាច្រើន ក្នុងការចម្អិនវាឲ្យមានរសជាតិ និងជាទីចាប់ចិត្តរបស់អ្នកញ៉ាំ ប៉ុន្តែអ្នកមិនបានដឹងថាវាមានជាតិកាល់ឡូរីដល់ទៅជាង ២០០ឯណោះក្នុងម្សៅឈីសដែលនឹងមិនងាយលាយតាមវិធីធម្មតា។
៣. សាច់ក្រហម និងសាច់ជាប់ខ្លាញ់
ប្រាកដណាស់ ការញ៉ាំសាច់ច្រើនពេក ក៏បណ្តាលឲ្យអ្នកធាត់បានដែរ ជាពិសេសសាច់ក្រហម និងសាច់ជាប់ខ្លាញ់ព្រោះវាសម្បូរទៅដោយប្រភេទខ្លាញ់ឆ្អែតដែលបណ្តាលឲ្យកើនបរិមាណកូឡេស្តេរ៉ុលក្នុងខ្លួនហើយវាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទេ ថែមទាំងបង្កជំងឺដល់បេះដូងទៀតផង។
៤. ប្រភេទភេសជ្ជៈប៉ូវកម្លាំង និងសូដា
ភេសជ្ជៈទាំងនេះផ្ទុកជាតិស្ករច្រើនហួសប្រមាណដែលអាចបន្ថែមគីឡូទៅលើរាងកាយរបស់អ្នក ជាពិសេសត្រង់ផ្នែកក្បាលពោះ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ជាក់ស្ដែងប្រភេទភេសជ្ជៈទាំងនោះមានដូចជាគ្រឿងកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ឬទឹកសូដា ជាដើម។
៥. កាបូអុីដ្រាតចម្រាញ់
កាបូអុីដ្រាតចម្រាញ់ ឬជាតិស្ករចម្រាញ់ គឺជាផលិតផលចេញពីគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃដោយក្រុមហ៊ុនផលិតអាហារ ទៅជាផលិតផលផ្សេងៗទៀត ជាក់ស្ដែង ដូចជាដំណើរការយកអង្ករទៅធ្វើជាម្សៅ រួចយកម្សៅទៅផលិតជា នំប៉័ង នំឃុកគី នំដូណាត់ ដែលទាំងនោះសុទ្ធតែធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងប្រសិនបើអ្នកញ៉ាំច្រើន ឬញឹកញាប់ពេក។
៦. សុរា
ដូចគ្នានេះដែរ អ្នកក៏នឹងអាចឡើងទម្ងន់ដោយសារការទទួលទានជាតិអាល់កុល ឬស្រា ជាពិសេសសង្កេតឃើញការកើនឡើងទម្ងន់នៅត្រង់តំបន់ក្បាលពោះ។ យ៉ាងណាមិញ នៅក្នុងស្រាមានជាតិកាល់ឡូរីខ្ពស់ រួមទាំងការបញ្ជូនជាតិស្ករទៅក្នុងឈាមបានកាន់តែលឿនជាងធម្មតា។
៧. អាហារចៀន បំពង និងដុត
ការចៀន និងបំពងគឺទាមទារការប្រើប្រាស់ខ្លាញ់ ឬប្រេងច្រើនខ្លាំងជាងធម្មតា ដូចនេះ អ្នកគួរចៀសវាងប្រភេទអាហារទាំងនេះដើម្បីរក្សារាងកាយឲ្យមានតុល្យភាព និងសុខភាពល្អជាជាងការញ៉ាំតាមការចង់បាន។ ម៉្យាងវិញទៀត អាហារបែបដុតធម្មតា ឬប្រើប្រាស់ Microwave ក៏មានផ្ទុកនូវសារជាតិ ដែលអាចឲ្យអ្នកធាត់បានដោយមិនចាប់អារម្មណ៍ផងដែរ។
ប្រសិនបើអ្នកមានបំណងចង់រក្សារាងឲ្យបានស្អាត អ្នកគួរពិនិត្យ និងកែប្រែទម្លាប់ក្នុងការញ៉ាំប្រភេទអាហារទាំងនេះឲ្យនៅកម្រិតទាបបំផុត។ តាមរយៈការកាត់បន្ថយនេះអ្នកមិនត្រឹមតែទប់ស្តាត់ការឡើងទម្ងន់ទេ អ្នកថែមទាំងទទួលបានសុខភាពល្អ ជារង្វាន់លើកទឹកចិត្តទៀតផង។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ