ក្តីបារម្ភនៃជំងឺរលាកសួតនៃកុមារ !
និយមន័យ
ជំងឺរលាកសួតចំពោះកុមារគឺជាការបង្ករោគស្រួចស្រាវទៅលើសាច់សួតរបស់កុមារ ដែលអាចឲ្យកុមារបាត់បង់ជីវិតបាន ប្រសិនបើមិនព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ជាធម្មតាសួតរបស់កុមារត្រូវបានការពារយ៉ាងល្អដោយប្រព័ន្ធការពារពីធម្មជាតិ។ នៅពេលដែលប្រព័ន្ធការពារនេះខូច ឬ ចុះខ្សោយ បូកផ្សំការប្រឈមមុខនឹងមេរោគកាចសាហាវ ឬ បន្ទុកមេរោគច្រើនវានឹងបណ្តាលឲ្យមេរោគអាចជ្រាបចូលក្នុងសាច់សួតនឹងបង្កទៅជាជំងឺរលាកសួត ដែលភាគច្រើនគឺឆ្លងតាមផ្លូវដង្ហើម។
រោគសញ្ញា
រោគសញ្ញាដែលក្មេងតែងតែជួបប្រទះជាញឹកញាប់៖
• ក្តៅខ្លួន
• ដកដង្ហើមញាប់ ឬ ពិបាកដកដង្ហើម
• ក្អក
• ឈឺទ្រូង
• ឈឺពោះ។
លើសពីនេះនៅមានរោគសញ្ញាមួយចំនួនដែលត្រូវបានតាមដានឃើញដោយគ្រូពេទ្យ៖
• ថយចុះសំឡេងដង្ហើម
• ចង្វាក់ដង្ហើមញាប់
• លឺសូរសំឡេងដូចអំបិលផ្ទុះពេលស្តាប់សួត
• វិបត្តិដង្ហើមដូចជា ឡើងស្វាយ ផើតផតច្រមុះផតទ្រូង…..
មូលហេតុ និងកត្តាប្រឈម
មូលហេតុនៃជំងឺរលាកសួតលើកុមារ ភាគច្រើនបណ្តាលមកពី ពពួកអតិសុខុមប្រាណ ដូចជា បាក់-តេរី វីរុស ផ្សិត និងពពួកប៉ារ៉ាស៊ីត។ ជំងឺរលាកសួតនេះផងដែរមានភាពខុសៗគ្នាទៅតាមអាយុ ជាឧទាហរណ៍ ចំពោះទារកទើបនឹងកើតអាចបង្កឡើងដោយ Streptococcusក្រុមB, Gram negative bacilli, Listeria, Streptococcus pneumonia។ រីឯមួយចំនួនតូចអាចបណ្តាលមកពីមូលហេតុផ្សេងទៀតដូចជា ការឈ្លក់ចំណីអាហារ ឬអាស៊ីតក្រពះ ការស្លាក់របស់រឹង ការឈ្លក់ទៅនឹងពពួកអុីដ្រូកាបូនដូចជាប្រេងកាតជាដើម។ មានកត្តាជាច្រើនដែលជម្រុញឲ្យកុមារប្រឈមនឹងការកើតជំងឺនេះ រួមមាន៖
• កត្តាកុមារផ្ទាល់៖ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ខ្វះអាហារូបត្ថម្ភ មិនបានបៅដោះម្តាយ និងមានផ្ទុកមេរោគអេដស៍។
• កត្តាខាងក្រៅ៖ ខ្យល់ ឬបរិយាកាសកខ្វក់ ការស្នាក់នៅប្រមូលផ្តុំអនាធិបតេយ្យ និងកុមារដែលឳពុកម្តាយជក់បារី។
ការធ្វើរោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺរលាកសួតលើកុមារជាដំបូង ត្រូវពឹងផ្អែកទៅលើរោគសញ្ញា ដូចបានរៀបរាប់ខាងលើ រួមជាមួយការពិនិត្យអមវេជ្ជសាស្រ្តសំខាន់ៗដូចជា៖
• ការរាប់គ្រាប់ឈាម (អេម៉ូក្រាម)
• ការថតសួតដោយកាំរស្មីអុិច
• ការបណ្តុះមេរោគក្នុងឈាម
• ការពិនិត្យមើលទឹកក្នុងស្រោមសួត ប្រសិនបើមាន
• ការធ្វើតេស្តសេរ៉ូឡូហ្ស៊ី រកមេរោគមួយចំនួន ដូចជា Mycoplasma pneumonia។
ការព្យាបាល
ជាទូទៅ ការព្យាបាល ត្រូវពឹងផ្អែកទៅលើភាពធ្ងន់ធ្ងររបស់ជំងឺ៖
• បើសិនជាកុមារមានសញ្ញាធ្ងន់ធ្ងរដូចជា ឡើងស្វាយ ពិបាកដកដង្ហើមឬដកដង្ហើមញាប់ ផតទ្រូងមិនបៅឬមិនទទួលទានអាហារ ក្អួត បាត់បង់ជាតិទឹកខ្លាំង មានប្រកាច់ ឬបាត់បង់ស្មារតី កុមារដាច់ខាតត្រូវតែសម្រាកពេទ្យ ដើម្បីទទួលការមើលថែ តាមដាន និង ព្យាបាលឲ្យបានដិតដល់។
• ប៉ុន្តែ ប្រសិនបើកុមារគ្មានសញ្ញាធ្ងន់ធ្ងរដូចខាងលើ កុមារអាចសម្រាកព្យាបាលនៅផ្ទះបាន ដោយគ្រាន់តែប្រើប្រាស់ឱសថ ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។
ករណីដែលកុមារមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងប្រឈមជាមួយការដក់ខ្ទុះក្នុងស្រោមសួត ដែលអាចបង្កផលវិបាកមួយចំនួនទៀត ដូចជា រលាកស្រោមខួរក្បាល រលាកសន្លាក់មានខ្ទុះ និងរលាកឆ្អឹងសាច់ដុំ។
វិធីបង្ការ
• អនុវត្តក្បួនអនាម័យឲ្យបានខ្ជាប់ខ្ជួន
• ចៀសវាងការនៅប្រមូលផ្តុំគ្នាជាមួយក្មេងឈឺ
• ទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់
• ចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ
• ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើឱសថដោយខ្លួនឯង។
ក្មេងតូចៗងាយនឹងឆ្លងជំងឺបំផុត ហេតុដូចនេះ ចាំបាច់ត្រូវនាំកុមារទៅទទួលថ្នាំបង្ការ ឲ្យបានគ្រប់មុខទៅតាមកម្មវិធីជាតិ។ ប្រសិនបើមានរោគសញ្ញាដូចជា ក្អក ក្តៅ ហត់ ត្រូវនាំកុមារទៅជួបជាមួយវេជ្ជបណ្ឌិត ឬកន្លែងផ្តល់សេវាសុខាភិបាលឲ្យបានលឿន។ ម៉្យាងវិញទៀត ជំងឺរលាកសួត គឺជាជំងឺដែលអាចព្យាបាលឲ្យជាសះស្បើយ បើកុមារទទួលការពិនិត្យ ព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ណយ ពិសី គ្រូពេទ្យជំងឺកុមារទូទៅ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។