ចង់រៀនពេទ្យឲ្យជោគជ័យ កុំឲ្យអត់១០ចំណុចហ្នឹងហា៎...
មិនមែនជាអ្នកជោគជ័យអីទេ...គ្រាន់តែថ្ងៃមុន scrollទៅឃើញអត្ថបទអនឡាញនៅលើMeddybear គេនិយាយពីគន្លឹះដែលជួយឲ្យការសិក្សាផ្នែកសុខាភិបាលបានជោគជ័យ និយាយឲ្យខ្លី ហើយស្រួលស្តាប់ទៅ គឺអានលេងៗ ក៏គិតថាគួរជាទីចាប់អារម្មណ៍ និងគួរឲ្យចែករំលែក...
វាជារឿងពិតដែលថារៀនអីក៏មិនងាយដែរ សំខាន់ឆន្ទៈយើងក្នុងការរៀន...ហើយខាងក្រោមនេះ គ្រាន់តែជាចំណុចគោលខ្លះៗជាគន្លឹះសម្រាប់គ្រប់គ្នាដែលកំពុង ឬនឹងចូលសិក្សាផ្នែកសុខាភិបាលនេះតែប៉ុណ្ណោះ...ចង់ដឹងថា គេណែនាំយ៉ាងណាខ្លះ? តាមដានជាមួយគ្នា...
•គ្រប់គ្រងពេលវេលាឲ្យបានល្អ៖ មុខវិជ្ជានៃជំនាញពេទ្យនៅតាមស្ថាប័ន បានគ្របដណ្តប់លើពេលវេលាអ្នកច្រើនរួចទៅហើយ ដូច្នេះ អ្វីដែលត្រូវគិតគូរឲ្យបានដិតដល់មុនគេ ដើម្បីអាចក្លាយខ្លួនជានិស្សិតពេទ្យដែលលេចធ្លោមួយរូប គឺត្រូវរៀនចេះគ្រប់គ្រងនិងបែងចែកពេលវេលារបស់អ្នកឲ្យបានល្អ។
•បង្កើតមិត្តឲ្យបានច្រើន៖ គួរចាប់ផ្តើមមានទំនាក់ទំនងឲ្យបានច្រើន និងកាន់តែឆាប់កាន់តែល្អ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ច្រើនជាងអ្នក។ អ្នកអាចសិក្សាពីកំហុសរបស់ពួកគេជាមុន ជាជាងប្រព្រឹត្តកំហុសនោះមកលើខ្លួនឯង។
•កុំភ្លេចឲ្យតម្លៃសុខភាពជាធំ៖ កំឡុងពេលដ៏មមាញឹកនៃការសិក្សា អ្នកត្រូវលះបង់នូវកម្លាំងកាយ និងកម្លាំងចិត្តដើម្បីអាចប្រមូលផ្តុំអារម្មណ៍ទៅលើការសិក្សា។ បើទោះបី វាជាអ្វីដែលអ្នកត្រូវធ្វើដោយខានមិនបាន អ្នកក៏មិនត្រូវភ្លេចពីសុខភាពផ្ទាល់ខ្លួននោះឡើយ។
•គោរពកាតព្វកិច្ចរបស់ខ្លួន៖ ក្លាយខ្លួនជាគ្រូពេទ្យម្នាក់ ជារឿងដ៏អស្ចារ្យ និងសំខាន់បំផុតចំពោះបុគ្គលម្នាក់ៗ។ អ្នកត្រូវគោរព និងឲ្យតម្លៃគោលការណ៍នៃការសិក្សាជំនាញពេទ្យ និងវិជ្ជាជីវៈនេះជាចម្បងហើយកិច្ចការដែលមិនជាប់ទាក់ទងនឹងមុខវិជ្ជាពេទ្យគួរតែទុកដោយឡែកមួយរយៈពេលធំ នោះអ្នកនឹងអាចប្រមូលអារម្មណ៍បានពេញលេញលើមុខជំនាញអ្នក។
•យកសៀវភៅធ្វើជាមិត្តឲ្យបានញឹកញាប់៖ ចាប់ផ្តើមបណ្តុះទឹកចិត្ត ក្នុងការអានសៀវភៅឲ្យបានច្រើន។ វាជាវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការក្តាប់បានចំណេះដឹង និងព៌ត៍មានឲ្យបានកាន់តែច្រើន ដើម្បីអាចសង្គ្រោះជីវិតមនុស្សដែលនឹងស្ថិតនៅក្នុងដៃរបស់អ្នកហើយត្រូវធ្វើឲ្យការអាននោះក្លាយជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
•បង្ហាញសមត្ថភាពរបស់អ្នក៖ មុខជំនាញវេជ្ជសាស្រ្តមានលក្ខណៈ ដូចទៅនឹងមុខជំនាញផ្សេងទៀត ដែលវាជាកន្លែងដែលអ្នកអាចស្រូបបាននូវបទពិសោធន៍ក្នុងជីវិតយ៉ាងច្រើន។ អ្នកគួរចាប់ឱកាស ដើម្បីរៀន និងបង្ហាញសមត្ថភាពឲ្យគេស្គាល់ឲ្យបានកាន់តែច្រើនបូករួមនឹងការសាកល្បងធ្វើនូវអ្វីដែលថ្មី ដែលអ្នកគិតថាវាជាអ្វីដែលគួរត្រូវរៀនបន្ថែម។
•ជ្រើសរើសជំនាញឲ្យបានឆាប់៖ ចាប់ផ្តើមសម្រេចចិត្តក្នុងការជ្រើសរើសជំនាញឯកទេសណាមួយដែលអ្នកនឹងចង់បាន ពីព្រោះអ្នកនឹងមានពេលវេលាយ៉ាងច្រើនដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកទៅលើជំនាញនោះ។
•សុំយោបល់ទាក់ទងនឹងជំនាញ៖ មុនពេលសម្រេចចិត្តជ្រើសរើសជំនាញ យកល្អគួរមានការពិភាក្សា និងសុំយោបល់ពីអ្នកដែលកំពុងតែបំពេញជំនាញនោះ ឬអាចទៅស្វែងយល់ដោយផ្ទាល់នៅតាមមន្ទីរពេទ្យ។ សកម្មភាពនេះអាចជាជំនួយក្នុងការសម្រេចចិត្តរបស់អ្នក។
•ចូលរួមក្នុងការសរសេរ៖ វាអាចជាបន្ទុក បើអ្នកគិតគូរពីការសរសេរអត្ថបទ កំឡុងពេលសិក្សា។ យ៉ាងណាមិញ បើចង់ឲ្យជំនាញរបស់អ្នកកាន់តែមានន័យ អ្នកគួរចាប់ផ្តើមសរសេរអ្វីដែលបានយល់ដឹង ឬក៏អាចចូលរួមសរសេរជាមួយអ្នកដទៃទៀតដែលធ្លាប់បានសរសេរពីមុនរួចមកហើយ ដើម្បីទទួលបានជាបទពិសោធន៍។ (អាចចាប់ផ្តើមនៅត្រង់នេះជាមួយហេលស៍ថាម បង្កើតអត្ថបទផ្ទាល់ខ្លួន )
•មានឱកាសសម្រាក ត្រូវតែសម្រាក “សំណាងល្អទាំងអស់គ្នា”...
គិតម៉េចដែរ?ប្រាកដជាមានចំណុចខ្លះយល់ស្រប ហើយចំណុចខ្លះក៏រាងប្លែកបន្តិចទៅ...តែកុំភ្លេចណា៎...«ខ្លួនឯងជាខ្លួនឯង» Be who you are, and be yourself!!!
ប្រភព៖ https://www.meddybear.net/ten-ways-to-be-a-good-medical-student/