អ្វីគួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទC
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឱម សិរីវិជិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺថ្លើម និងប្រដាប់រំលាយអាហារ
ជំងឺរលាកថ្លើមប្រភេទC ជាជំងឺបង្កដោយវីរុសរលាកថ្លើមប្រភេទC នៃក្រុម Flaviviridae មានលក្ខណៈធ្វើឲ្យរលាកថ្លើមភាគច្រើនពី ៧០% ទៅ៨០%វិវឌ្ឍន៍ទៅរកសភាពរ៉ាំរ៉ៃ រីឯ២០% ទៅ៣០%ទៀត អាចវិវឌ្ឍន៍ទៅជាសះស្បើយដោយខ្លួនឯង។ មានមេរោគជាច្រើនដែលធ្វើឲ្យថ្លើមរលាកដូចជា មេរោគវីរុសរលាកថ្លើមប្រភេទ A B C D E F និង G ក៏ប៉ុន្តែអ្វីដែលពិភពលោកបច្ចុប្បន្នជួបនូវបញ្ហានោះ គឺវីរុសរលាកថ្លើមប្រភេទ C និង B ដែលជាប្រភេទជំងឺអាចមានភាពរ៉ាំរ៉ៃ ធ្វើឲ្យមនុស្សស្លាប់ជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។
តើរលាកថ្លើមប្រភេទ Cខុសពីរលាកថ្លើមប្រភេទ B ដូចម្តេច?
ជំងឺរលាកថ្លើមប្រភេទCខុសពីជំងឺរលាកថ្លើមប្រភេទ Bដោយកត្តាផ្សេងៗ៖
• ទាក់ទងនឹងចំនួនទូទៅលើពិភពលោក និងនៅប្រទេសយើង៖ អ្នករលាកថ្លើមប្រភេទ C មានចំនួនទូទៅលើពិភពលោក ១៧០លាននាក់ ចំណែកមេរោគរលាកថ្លើមប្រភេទ Bមានចំនួន ៣៥០លាន។ នៅប្រទេសកម្ពុជា មេរោគរលាកថ្លើមប្រភេទ Cមានអត្រា ៤% ចំណែកមេរោគរលាកថ្លើមប្រភេទ Bមាន១០% តួលេខនេះ យើងអាចចំណាំបានថាខុសគ្នា ២ដង។
• នៅប្រទេសយើងក៏ដូចនៅលើពិភពលោកដែរចំនួនមេរោគរលាកថ្លើមប្រភេទ C មានជាមធ្យមក្នុងខ្លួនអ្នកឈឺពី១០លានទៅ១០០លានក្នុងឈាម១មីលីលីត្រ ចំណែកមេរោគរលាកថ្លើមប្រភេទ B អាចមានរហូតដល់ ១០០០លានឬលើសពីនេះទៀត។
• មេរោគរលាកថ្លើមប្រភេទ C មានភាពផុយស្រួយជាងមេរោគរលាកថ្លើមប្រភេទ B ពេលនៅក្រៅខ្លួនមនុស្ស។ ចំណុចដែលរៀបរាប់មកខាងលើនេះហើយដែលបង្ហាញពីការចម្លងរោគផ្សេងៗដូចជាការរស់នៅក្បែរគ្នាក្នុងផ្ទះតែមួយពីម្តាយមកកូន ឬតាមការរួមភេទ មេរោគរលាកថ្លើមប្រភេទ C មានអត្រាចម្លងទាបជាងមេរោគរលាកថ្លើមប្រភេទ B។
• ចំពោះអត្រាមរណភាពដែលបណ្តាលដោយមេរោគរលាកថ្លើមប្រភេទ C លើពិភពលោក បច្ចុប្បន្នក្នុង ១ឆ្នាំៗមានចំនួន ៣៥ម៉ឺននាក់ ចំណែកមេរោគរលាកថ្លើមប្រភេទ B មានចំនួន ៦០ម៉ឺននាក់។ (Data WHO 2016)
• មេរោគរលាកថ្លើមប្រភេទ C បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង (Vaccine) ឬ សេរ៉ូម អ៊ីមុយណូក្លូប៊ុយលីន (Serum Immunoglobulin ) ចាក់ការពារដូចមេរោគរលាកថ្លើមប្រភេទ B ទេ។
• ទាក់ទងទៅនឹងការចម្លង៖ មេរោគរលាកថ្លើមប្រភេទC កម្រចម្លងក្នុងក្រុមគ្រួសារពីប្តីមកប្រពន្ធតាមការរួមរ័ក្ស ឬពីម្តាយមកកូននៅពេលសម្រាលឡើយ អត្រាចម្លងនេះមានត្រឹមតែ ៣%-១០%ប៉ុណ្ណោះ ប៉ុន្តែការចម្លងតាមរយៈការរួមរ័ក្សនេះអាចកើនដល់ ១៨%ក្នុងករណីមានជំងឺកាមរោគ (Sexually Transmitted Diseases) ដែលខុសពីរលាកថ្លើមប្រភេទB៖ ការចម្លងក្នុងសមាជិកគ្រួសារក្នុងផ្ទះតែមួយ (House Hold Contact) តាមរយៈការរួមភេទនិងតាមការចម្លងពីម្តាយមានផ្ទុកវីរុសរលាកថ្លើមប្រភេទBមកកូនមានអត្រានៃការឆ្លងខ្ពស់ ពី៣០%ទៅ៨០%ឯណោះ។ ការចម្លងផ្សេងៗនៃវីរុសរលាកថ្លើមប្រភេទCភាគច្រើនក្នុងវ័យធំ ប៉ុន្តែវីរុសរលាកថ្លើមប្រភេទ Bវិញ ដែលប្រជាជនយើងជួបប្រទះសព្វថ្ងៃនេះភាគច្រើនការចម្លងមានតាំងពីក្មេងមុនអាយុ៥ឆ្នាំ ឬឆ្លងពីម្តាយដែលឈឺជំងឺរលាកថ្លើមប្រភេទBនៅពេលប្រសូត ឯមួយចំនួនទៀតគឺជំងឺឆ្លងតាមជីវិតរស់នៅក្នុងវ័យធំ។
• ទាក់ទងទៅនឹងការវិវឌ្ឍ៖ ចំពោះមេរោគរលាកថ្លើមប្រភេទ C និងBនេះ មុននឹងកកើតជាជំងឺក្រិនឬ មហារីកថ្លើម វាទាមទារនូវពេលវេលាយូរមួយពី ១៥ឆ្នាំឡើងទៅ រាប់ចាប់ពីពេលឈឺរ៉ាំរ៉ៃមក។ ជំងឺរលាកថ្លើមប្រភេទ Cដែលការវិវឌ្ឍន៍ចេញជាក្រិន ឬមហារីក ច្រើនជួបក្នុងវ័យចំណាស់ភាគច្រើនពីអាយុ ៤០ឆ្នាំឡើងទៅ ចំណែកមេរោគរលាកថ្លើមប្រភេទ B គ្រោះថ្នាក់ផ្សេងៗយើងអាចជួបពីអាយុ ១៧ឆ្នាំឡើងទៅ។ ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ វិវឌ្ឍន៍ទៅថ្លើមក្រិនចំនួន ២០% និងមហារីក ៥% ក្នុង១ឆ្នាំ។
• ទាក់ទងទៅនឹងការព្យាបាល៖ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ C មានប្រសិទ្ធភាពអាចឲ្យអ្នកជំងឺជាដាច់រហូតដល់ ៩០-៩៥% ចំណែកមេរោគរលាកថ្លើមប្រភេទ Bវិញ ការព្យាបាលបានត្រឹមទប់ការកកើតមេរោគក្នុងខ្លួន កាត់បន្ថយការចម្លងពីមួយទៅមួយ (ក្នុងក្រុមគ្រួសារឬពីម្តាយមកកូន) និងជួយកាត់បន្ថយការវិវឌ្ឍន៍នៃជំងឺក្រិនថ្លើម និងមហារីកថ្លើម។
តំបន់ដែលប្រឈមមុខខ្ពស់ចំពោះជំងឺរលាកថ្លើមប្រភេទ C
តួលេខខ្ពស់យើងឃើញមាននៅប្រទេសអេហ្ស៊ីបរហូតដល់ ២២% អ៊ីតាលីពី ២ ទៅ៨% ប៉ាគីស្ថាន ៥,៩% តៃវ៉ាន់៥,៥% ជប៉ុន២,៤% ថៃ២,២% និងវៀតណាម ១% ដោយឡែកនៅប្រទេសកម្ពុជាយើង ៤%។ អង្គការសុខភាពពិភពលោកបានធ្វើការវាយតម្លៃជាទូទៅឃើញថា ២% ទៅ៣% នៃប្រជាជនលើពិភពលោក មានប្រព័ន្ធការពារមេរោគ Cនេះក្នុងឈាម (HCV Antibody)។ ជំងឺរលាកថ្លើមប្រភេទC កើតឡើងប្រហាក់ប្រហែលគ្នាទាំងបុរសនិង ស្ត្រី ហើយភាគច្រើននៅអាយុចាប់ពី៣០ឆ្នាំឡើងទៅ ។
កម្រិតនៃជំងឺរលាកថ្លើមប្រភេទ C
កម្រិតនៃជំងឺរលាកថ្លើមប្រភេទ C គឺសំដៅដល់ការខូចខាតរូបរាងថ្លើម និងមុខងាររបស់វា៖ បច្ចុប្បន្នពិភពលោកវាយតម្លៃជំងឺរលាកថ្លើមប្រភេទ Cបានដោយការពិនិត្យទៅលើសាច់ថ្លើមថា តើនៅល្អ ឬចាប់ផ្តើមរឹង ក្រិន(Fibrosis-Cirrhosis) ដោយគេយកសាច់ថ្លើមទៅពិនិត្យ តែបច្ចុប្បន្នគេមានមធ្យោបាយវាស់វែងពីការខូចខាតថ្លើម តាមរយៈឧបករណ៍ Fibroscan និងការពិនិត្យឈាម Fibrotest។ សភាពរឹង ស្ងួត ក្រិនរបស់ថ្លើមនេះ វាមានសារសំខាន់ក្នុងការវាយតម្លៃទៅលើសភាពធ្ងន់ស្រាលនៃជំងឺដែលទាមទារនូវការព្យាបាលជាបន្ទាន់ឬអាចរង់ចាំ។ Fibroscan ឬFibrotestនេះ គេចែកចេញជា ៤កម្រិតគឺ៖ F1-F2-F3-F4 ដែលកម្រិតF4 ត្រូវបានសន្និដ្ឋានថាថ្លើមមានលក្ខណៈ រឹងខ្លាំងឬក្រិន (Cirrhosis)។ ក្រោយពីដឹងថាថ្លើមក្រិនហើយកម្រិត F4 គ្រូពេទ្យមានរូបមន្តវាយតម្លៃថាវាស្ថិតក្នុងភាពធ្ងន់ ឬស្រាលទៅតាមកម្រិត លទ្ធផលឈាមដែលយើងពិនិត្យឃើញ CTP A, CTP B, CTP C។ ការថ្លឹងថ្លែងជំងឺតាមរយៈការរាប់មេរោគ (Viral load) ពិនិត្យពូជមេរោគ (Genotype) និងសភាពនៃថ្លើមរលាកTransaminase ជារឿងបន្ទាប់ ហើយដែលវាសំខាន់នៅពេលព្យាបាល និងធ្វើការតាមដាន។
របៀបឆ្លងនៃវីរុសរលាកថ្លើមប្រភេទC
យោងតាមការរៀបរាប់ខាងលើ ការឆ្លងនៃវីរុសរលាកថ្លើមប្រភេទ Cក៏មិនខុសគ្នាពីវីរុសរលាកថ្លើមប្រភេទ Bដែរ ក្នុងនោះរួមមាន៖ ការចាក់បញ្ចូលឈាមដែលមានផ្ទុកវីរុសរលាកថ្លើមប្រភេទ C កង្វះអនាម័យលើសម្ភារៈប្រើប្រាស់មានដូចជាម្ជុល សឺរ៉ាំង កាំបិតវះកាត់ ម្ជុលវិទ្យាសាស្ត្រ សម្ភារៈបង្កើតកូន សម្ភារៈបំពង់ឆ្លុះក្រពះ និងសម្ភារៈផ្សេងៗទៀតដែលត្រូវបានប្រើចាក់ដោតលើសាច់របស់យើង។ តាមការសិក្សាថ្មីៗកត្តាជម្រុញឲ្យឆ្លងជំងឺរលាកថ្លើមប្រភេទC នៅប្រទេសយើងឆ្នាំ២០១៥-២០១៦ បានបង្ហាញឲ្យឃើញថា៖
• ៧៦,៥%នៃអ្នកជំងឺថ្លើមប្រភេទ C មានប្រវត្តិជាអ្នកចូលចិត្តចាក់ថ្នាំកាលពី ២០ឆ្នាំមុន ក្រោយពេលសម្រាលកូន ចាក់ថ្នាំលើកសម្រស់ប្រភេទវីតាមីន ដោយប្រើម្ជុលស្ងោរ
• ១៧,៤៦% មានប្រវត្តិជាអ្នកចូលចិត្តកែសម្ផស្ស
• ១២,៥៦% មានប្រវត្តិជាអ្នកសាក់លើសាច់ជាអក្សរ ឬរូបភាព
• ៩,២៩% មានប្រវត្តិជាអ្នកធ្លាប់បញ្ចូលឈាម។
រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទC
• ក្នងដំណាក់កាលដំបូង ដែលថ្លើមមិនទាន់រឹង គឺក្នុងដំណាក់កាលរលាករ៉ាំរ៉ៃ និងថ្លើមកម្រិត F1-F2-F3 គេសង្កេតឃើញសញ្ញាមានតែ ១០%ប៉ុណ្ណោះ រួមមាន អស់កម្លាំង ញ៉ាំអាហារមិនសូវឆ្ងាញ់ ពិបាកក្នុងការរំលាយអាហារ ហេលហល់។ ចំណែកឯ៩០%មិនចាប់អារម្មណ៍ពីសញ្ញាឈឺ ឬក៏គ្មានសញ្ញាតែម្តង។
• អ្នកជំងឺក៏មានផងដែរ (5-10%) នូវជំងឺឈឺសន្លាក់ដៃជើងដែលផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែង (Rheumatism) ជំងឺរលាកក្រពេញ (Thyroid) ជំងឺទឹកនោមផ្អែម(Diabetes type 2) ជំងឺទឹកនោមប្រៃ(Nephritis) ជំងឺកកអាល់ប៊ុយមីនក្នុងសរសៃឈាម (Cryoglobulinemia) ជំងឺស្ងួតទឹកមាត់ ទឹកភ្នែក(Sjogren’s Syndrome) ជំងឺលើប្រព័ន្ធសរសៃប្រសាទដូចជា ការខូចខាតក្នុងការចងចាំ ភ្លេចមុខភ្លេចក្រោយ មានលក្ខណៈភ័យៗ មិនទុកចិត្តខ្លួនឯង (Cognitive impairment) ជំងឺបាក់ទឹកចិត្ត(Depression)។
ជំងឺឱកាសនិយមចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC
តាមការសង្កេតជាទូទៅលើសកលលោក គេពុំបាននិយាយពីជំងឺឱកាសនិយមចំពោះអ្នកមានមេរោគរលាកថ្លើមប្រភេទ Cទេ ក៏ប៉ុន្តែអ្នកជំងឺប្រភេទនេះ ច្រើនខ្សោយជាងអ្នកធម្មតាហើយឆាប់ទទួលជំងឺផ្សេងៗហើយក៏ក្រជា ដូចជាផ្តាសាយរាករូស។ល។
ករណីណាដែលអ្នកជំងឺគួរទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ?
ប្រជាពលរដ្ឋ គួរធ្វើការពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំឬ២ឆ្នាំម្តង ពីព្រោះជំងឺនេះ អាចចម្លងចូលខ្លួនយើងដោយមិនមានមូលហេតុច្បាស់លាស់នោះ ២០-៣០%ដែរ។ ក្នុងករណីដែលមានវត្តមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគC គួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីសួរយោបល់។ ការរាវរកប្រព័ន្ធការពារមេរោគCនេះគួរកុំប្រហែសចំពោះក្រុមប្រជាជនមួយចំនួន ៖
• ធ្លាប់ទទួលការវះកាត់
• ធ្លាប់សាក់រូបលើសាច់ ឬកែសម្ផស្ស
• ធ្លាប់ចាក់បញ្ចូលឈាម
• ក្រោយការសម្រាលកូន
• អ្នកឧស្សាហ៍ធ្វើធ្មេញ
• អ្នកឧស្សាហ៍ចៀរកាត់ក្រចក
• អ្នកធ្លាប់ឆ្លុះក្រពះ Fibroscopie
• អ្នកឧស្សាហ៍លាងឈាម
• អ្នកមានផ្ទុកមេរោគHIV
• អ្នកធ្លាប់ប្តូរសរីរាង្គ
• អ្នកចាក់ថ្នាំញៀន
• កូនកើតពីម្តាយមានផ្ទុកមេរោគរលាកថ្លើមប្រភេទ C
• អ្នកមានដែគូររួមភេទច្រើន
• អ្នកនៅជុំវិញ ឬរស់នៅជាមួយអ្នកឈឺ
• អ្នកជាប់មន្ទីរឃុំឃាំង
• អ្នកធ្លាប់មានរបួសគ្រោះថ្នាក់ក្នុងទ្រង់ទ្រាយណាក៏ដោយ
• អ្នកមានTransaminase ឡើង
• អ្នកមានមុខរបរត្រូវប៉ះពាល់ ឬប្រឡាក់ឈាមជាញឹកញាប់ ដូចជា ឆ្មប បុគ្គលិកមន្ទីរពិសោធន៍ក្រុមគ្រូពេទ្យវះកាត់ គ្រូពេទ្យដែលឧស្សាហ៍ប៉ះពាល់ឬស្ទាបអ្នកជំងឺ។
ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទC
ដំបូងបំផុត ត្រូវធ្វើការពិនិត្យរកវត្តមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ C (HCV antibody) តាមបច្ចេកទេស ELISA ឬEIA។ ចំពោះអ្នកជំងឺមួយចំនួនដែលមានសភាពខ្សោយពេក ដូចជាកើតអេដស៍ ឬថ្លើមក្រិនខ្លាំងទៅហើយ ឬអេដស៍ រួមជាមួយនឹងក្រិនថ្លើម ឬជំងឺកកអាល់ប៊ុយមីនក្នុងសរសៃឈាម (Cryoglobulinemia) ការរកប្រព័ន្ធការពារប្រឆាំងនឹងមេរោគ C អាចអវត្តមានក្នុងឈាម ក្នុងករណីពិសេសនេះចាំបាច់ត្រូវរាប់មេរោគក្នុងឈាម ដែលត្រូវធ្វើបន្តទៀត ដើម្បីបញ្ជាក់រកការពិតនៃជំងឺ។ បន្ទាប់មកត្រូវធ្វើការបកស្រាយលទ្ធផលដោយគ្រូពេទ្យឯកទេសថ្លើម។
ការព្យាបាល
ក្នុងអំឡុងឆ្នាំ ២០១៤-២០១៦នេះ ប្រជាជនលើសកលលោកត្រូវបានណែនាំឲ្យប្រើប្រាស់ប្រភេទថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពអាចជាដាច់រហូតដល់ ៩០%-៩៥% និងមិនត្រឡប់មកវិញទេ។ នៅប្រទេសយើងថ្នាំមាន ២-៣ប្រភេទ ហើយការព្យាបាលចែកចេញជារូបភាពផ្សេងៗខុសៗគ្នាទៅតាមប្រវត្តិជំងឺដូចជា៖
• អ្នកជំងឺមិនធ្លាប់ព្យាបាល
• អ្នកជំងឺធ្លាប់ព្យាបាលម្តង ឬ២ដងមិនជា
• អ្នកជំងឺនៅថ្លើមល្អ ឬក្រិន ឬទាចទឹក។ ការព្យាបាលមានលក្ខណៈខុសគ្នាពីការបញ្ចូលថ្នាំ ២មុខ ឬ៣មុខរយៈពេល២ខែ ឬ៣ខែ ឬ៦ខែ ឬអាចលើសក្នុងករណីចាំបាច់។ បន្ទាប់ពីព្យាបាលអស់មេរោគអ្នកជំងឺនឹងមានសង្ឃឹមថ្មីក្នុងជីវិតហើយក៏ជាការលើកទឹកចិត្តមួយដល់អ្នកជំងឺដែលទទួលវិបត្តិផ្លូវចិត្តជាយូរមកហើយ ជារឿងប្រសើរបំផុតដែលត្រូវធ្វើ ព្រោះយើងអាចជាដាច់។ ក្រោយពីព្យាបាលជាហើយ សញ្ញាពិបាកក្នុងខ្លួនដូចជាឈឺសន្លាក់ រមរឹតខ្លួន នឹងបាត់ពី៥០%ទៅ៧០% ប៉ុន្តែក៏នៅមានបន្សល់សញ្ញាខ្លះៗដូចជា៖
• ការខូចខាតលើប្រព័ន្ធសរសៃប្រសាទដែលពិបាកនឹងវិលត្រឡប់មកធម្មតាវិញឲ្យបាន ១០០%ទេដូចជា៖ ការភ្លេចភ្លាំង ឆាប់តូចចិត្ត ឆាប់ខឹងជាដើម។
• ចំពោះសញ្ញាផ្សេងៗដូចជា ឈឺពោះ សៀតឆ្អឹត ពិបាករំលាយអាហារ ឈឺសន្លាក់ អាចនឹងមានការធូរស្រាលច្រើន ៧០%។
• ចំពោះសភាពក្រិនរបស់ថ្លើម វាមានភាពវិវឌ្ឍន៍ទៅ៣យ៉ាង៖
១. ថ្លើមរឹងចាប់ផ្តើមវិវឌ្ឍន៍មកទន់វិញ (៣០-៥០%) តាមវ័យចាស់ ឬក្មេង
២. ថ្លើមនៅដដែល គ្រាន់តែអស់មេរោគ (៤០%)
៣. ថ្លើមវិវឌ្ឍន៍ទៅមុខទៀត រឹងទៅរឹងទៅ ៥%។ការព្យាបាលដោយបំបាត់មេរោគពីក្នុងខ្លួនជារឿងប្រសើរ តែមិនគ្រប់គ្រាន់ដោយហេតុថា ក្នុងករណីមួយចំនួន ថ្លើមរបស់អ្នកជំងឺរឹងទៅហើយ ឬក្រិននេះ ក្រោយការព្យាបាលអស់មេរោគ ក៏នៅតែមួយចំនួនតូច វិវឌ្ឍន៍ទៅមុខសន្សឹមៗ ដូចជាមិនបានទទួលការព្យាបាលអញ្ចឹងដែរ។ ករណីនេះ យើងឃើញមានលើមនុស្សវ័យចំណាស់ដែលអ្នកជំងឺត្រូវឧស្សាហ៍តាមដានផង ក្រោយការជាសះស្បើយហើយនោះ។
តើមានកត្តាអ្វីខ្លះដែលបង្កើតឲ្យមានហេតុការណ៍អាក្រក់ក្រោយពេលធ្វើការព្យាបាលឲ្យជាហើយនោះ?
ត្រង់ចំណុចនេះវិទ្យាសាស្រ្តមិនទាន់បានបំភ្លឺឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែយើងអាចឃើញកត្តាអាក្រក់មួយចំនួនដែលមានឥទ្ធិពលដល់សុខភាពរបស់ថ្លើម ៖
• ការពិសាសារធាតុខ្លាញ់ច្រើនក្នុងរបបអាហារប្រចាំថ្ងៃ
• ការប្រើប្រាស់ឱសថប្រចាំថ្ងៃមួយចំនួន ដូចជាថ្នាំបញ្ចុះជាតិខ្លាញ់ ថ្នាំបេះដូង ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែមដែលមានប្រតិកម្មជាមួយនឹងថ្លើមចំពោះឱសថទាំងនេះ គួរសួរនាំគ្រូពេទ្យក្នុងការប្រើប្រាស់រយៈពេលយូរ ជាពិសេសគ្រូពេទ្យឯកទេសថ្លើម។
• ការពិសាសុរា
• ការពិសាបន្លែផ្លែឈើ ឬម្ហូបអាហារកំប៉ុងដែលមានសារធាតុពុលគីមីនៅក្នុង
• ការប្រើវីតាមីនលើសចំនួនលើថ្លើមដែលជាហើយ ប៉ុន្តែនៅខ្សោយដូចជាវីតាមីន A វីតាមីន D វីតាមីន E វីតាមីនK និងសារធាតុដែក។
ដំបូន្មានសំខាន់ៗក្នុងពេល និងក្រោយពេលព្យាបាល ដែលត្រូវណែនាំដល់អ្នកជំងឺ៖
• ចៀសវាងនូវម្ហូបអាហារ ភេសជ្ជៈ និងឱសថដែលមិនល្អសម្រាប់ថ្លើម ដូចបានរៀបរាប់ខាងលើស្រាប់។
• គួរពិសានូវសារជាតិប្រូតេអីុន ដូចជាសាច់ត្រី សាច់បសុបក្សី និងពពួកសណ្តែក ពិសេសសណ្តែកសៀង។
• ធ្វើការហាត់ប្រាណជាប្រចាំ ដោយការដើរ ហែលទឹក លើកដៃលើកជើង ១ថ្ងៃ៣០នាទី ជាការសមរម្យ ហើយចៀសវាងនូវលំហាត់ប្រាណណាដែលមានលក្ខណៈហក់លោតខ្លាំងពេក។
• ការប្រើប្រាស់នូវសារជាតិប្រៃ ស្ករ ខ្លាញ់ត្រូវមានកម្រិតកំណត់ រីឯកាហ្វេ និងសូកូឡា ក៏គួរចៀសវាង ពិសេសអ្នកក្រិនថ្លើមខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកជំងឺត្រូវចេះព្យាបាលស្រេ្តស (stress) ដោយខ្លួនឯងដូចជា ការធ្វើសមាធិ ពិសាសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ព្រមទាំងកាត់បន្ថយនូវការងារធ្ងន់ៗមួយចំនួន។
ផលវិបាកចំពោះអ្នកជំងឺ
ករណីមិនដឹងខ្លួនឬមិនទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលាអ្នកជំងឺនឹងបន្តការវិវឌ្ឍន៍ដល់ដំណាក់កាលក្រិនថ្លើម មានដុំមហារីកនៅថ្លើម អ្នកជំងឺនឹងហេវហត់ ស្គម មានសរសៃឈាមតូចៗនៅដើមទ្រូង អាចមានទាចទឹកប៉ោងពោះ លឿងភ្នែក ទឹកនោមលឿង ឆ្អល់ក្រពះជាប្រចាំ ធ្លាយសរសៃឈាមក្នុងបំពង់អាហារ (ក្រពះ បំពង់ក ពោះវៀន) បណ្តាលឲ្យក្អួតឈាមស្លាប់។ ចំពោះដំណាក់កាលចុងក្រោយបំផុត អ្នកជំងឺអាចនិយាយវង្វេងវង្វាន់ ដេកមិនលក់ សន្លប់ ម្រាមដៃញ័រស្លាប់តែម្តងដោយសារជាតិពុលឡើងពេញខ្លួន។
សម្រាប់ការយល់ដឹងបន្ថែម លោកអ្នកអាចសាកសួរបន្ថែមពីលោកសាស្រ្តាចារ្យផ្ទាល់ ៖ លេខទូរស័ព្ទ ០១២ ៨០៩ ២៨០
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ