លើសឈាមជាជំងឺតពូជមែនក៏អី?
សំណួរ ៖ ខ្ញុំអាយុ១៨ឆ្នាំ កម្ពស់១ម៉ែត្រ៥៧ ទម្ងន់៥០គីឡូក្រាម រស់នៅខេត្តកំពង់ធំ។ នាងខ្ញុំមិនមានរោគសញ្ញាអ្វីទេ ដោយសារម្តាយរបស់ខ្ញុំមានជំងឺលើសសម្ពាធឈាម នាងខ្ញុំចង់សួរលោកគ្រូពេទ្យថា តើជំងឺលើសសម្ពាធឈាមនេះអាចបន្តពីម្តាយមកកូនដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីបង្ការមិនឲ្យកើតជំងឺនេះ? តើអាហារណាខ្លះ ដែលខ្ញុំគួរតម? ហេតុអ្វី?
ចម្លើយ ៖ ជាធម្មតា ជំងឺលើសសម្ពាធឈាមមាននិយមន័យអន្តរជាតិថ្មីបំផុតគឺនៅពេលសម្ពាធឈាមលើសពី១៤០/៩០ មីលីម៉ែត្របារ៉ត។ ជំងឺនេះជាឃាតករលាក់មុខ ដែលកំពុងវាយលុកប្រជាជនទូទាំងពិភពលោកជាង១០០០លាននាក់ ហើយក៏ត្រូវបានប៉ាន់ប្រមាណថាវានឹងកើនឡើងដល់១៥០០លាននាក់ នៅឆ្នាំ២០២៥ខាងមុខ។ នេះបានសេចក្តីថា មនុស្សម្នាក់ក្នុងចំណោម៣នាក់អាចនឹងប្រឈមជាមួយជំងឺនេះ ដែលវាជាបន្ទុកធ្ងន់ធ្ងរដល់សង្គមបញ្ហាសុខភាពសាធារណៈ និងសេដ្ឋកិច្ចផងដែរ។
ជំងឺលើសសម្ពាធឈាមនេះទៀតសោត ក៏ពុំមានរោគសញ្ញាណាមួយទេ គឺវាស្តែងចេញជាផលវិបាកតែម្តង ដែលរួមមាន៖
• ស្ទះសរសៃឈាមខួរក្បាល ឬដាច់សរសៃឈាមខួរក្បាល
• អាចឲ្យពិការភ្នែក
• ស្ទះសរសៃឈាមបេះដូង ឬខ្សោយបេះដូង
• ខូចតម្រងនោមជាដើម។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺអាចនឹងមានអាការៈតិចតួច ដូចជា រួយក ព្រឹលភ្នែក ឬស្រវាំងភ្នែក ឈឺក្បាល និងវិលមុខ។ ក្រោយពីវាស់សម្ពាធឈាម ឃើញមានការកើនឡើងលើសពី១៤០/៩០មីលីម៉ែត្របារ៉ត ត្រូវមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា អ្នកពិតជាកំពុងប្រឈមជាមួយនឹងជំងឺលើសសម្ពាធឈាមប្រាកដមែន។ មានករណីជាច្រើនបានកើតឡើង រួមជាមួយចម្ងល់មួយចំនួនត្រូវបានចោទសួរទាក់ទងនឹងជំងឺលើសសម្ពាធឈាម។
ជំងឺលើសសម្ពាធឈាមមិនមែនជាជំងឺឆ្លង ឬជំងឺតពូជនោះទេ ប៉ុន្តែវាត្រូវបានកំណត់ថាជាជំងឺដែលមានលក្ខណៈគ្រួសារ បានន័យថា វាមានហ្សែនកំណត់។ ករណីក្នុងក្រុមគ្រួសារមួយដែលមានម្តាយ ឬឳពុកកើតជំងឺលើសសម្ពាធឈាមនោះ កូនៗនឹងអាចមានលទ្ធភាពប្រឈមនឹងជំងឺនេះក្នុងភាគរយខ្ពស់ជាងអ្នកដទៃ។ ដើម្បីកាត់បន្ថយ ឬចៀសវាងពីជំងឺនេះ ប្អូនគួរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កុំពិសាគ្រឿងស្រវឹងច្រើន កុំពិសាបារី ឬផលិតផលថ្នាំជក់ផ្សេងៗ និងចៀសវាងបរិភោគអាហារប្រៃ។
គួរបញ្ជាក់ថា ការហូបប្រៃនាំឲ្យមានជំងឺលើសសម្ពាធឈាមនេះ ត្រូវបានរកឃើញតាំងពី១៥០០ឆ្នាំ មុនគ.ស ដោយអ្នកប្រាជ្ញចិន គឺថាកាលណាយើងបរិភោគអំបិល វានឹងធ្វើឲ្យមានការទាញជាតិទឹក ចូលក្នុងសរសៃឈាម នោះបរិមាណឈាមនឹងកើនឡើងជាហេតុបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់។
បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ