ជំងឺរលាកខ្នែងពោះវៀន ស្រួចស្រាល តែត្រូវព្យាបាលភ្លាមៗ
ជំងឺរលាកខ្នែងពោះវៀន ដែលត្រូវបានយល់ច្រលំ និងហៅថាពោះវៀនដុះខ្នែងនោះ មិនជាជំងឺធ្ងន់ធ្ងរទេ តែតម្រូវឲ្យមានព្យាបាលភ្លាមៗ បើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតកែវ បូនី។
និយមន័យ
រលាកខ្នែងពោះវៀន (Appendicitis) គឺជាការរលាកស្រួចស្រាវរបស់ក្រពេញខ្នែងពោះវៀន ដែលស្តែងចេញជាលទ្ធផលគឺជាការឈឹចុកចាប់នៅក្នុងពោះ អមដោយការមិនចង់ហូបចំណី និងភាពតឹងឆ្អល់ណែនពេញពោះ។ ជាទូទៅ គេឲ្យរោគវិនិច្ឆ័យតាមការជាក់ស្តែង និងអមដោយទៅពិនិត្យអេកូ (Ultrasound) និងការស្កេន (C.T scan)។
ក្រុមមនុស្សដែលប្រឈមនឹងជំងឺ
ការរលាកខ្នែងពោះវៀននេះ អាចកើតមានគ្រប់វ័យ ជាពិសេសគឺយុវជនអាចមានរហូតដល់ ៥%។ ការរលាកខ្នែងពោះវៀននេះអាចរួមផ្សំជាមួយជំងឺមួយចំនួនទៀត ដូចជាដុំមហារីកនៅផ្នែកលើពោះវៀនធំ Carcinoids, cancer, Villous aderiomas, diverticula, និងរួមជាមួយ ជំងឹគ្រុន ឬដំបៅពោះវៀន (Cronh’s disease or Ulcer active colitis with pancolitis)។
មូលហេតុបង្ក
មូលហេតុរបស់រលាកខ្នែងពោះវៀន គឺច្រើនមកពីការស្ទះបំពង់ក្រពេញខ្នែងពោះវៀននេះតែម្តង ប៉ុន្តែជួនកាលអាចបណ្តាលមកពីដមលាមក ចំណីអាហារដែលរឹងជាមួយគ្រាបើត្របែក ... ដង្កូវព្រូនដែលស្ទះក្នុងក្រពេញខ្នែងពោះវៀននោះ ធ្វើឲ្យក្រពេញខ្នែងពោះវៀននេះរីកធំ តឹងមេរោគរីកសាយភាយពេញឈាម ខ្នែងពោះវៀនរីកធំសង្កត់លើសរសៃឈាម បណ្តាលឲ្យរលាកបើពុំបានព្យាបាល (Ischemia, necrosis, gangrene) អាចធ្វើឲ្យខ្នែងពោះវៀនដែលរលាកនេះធ្លាយបាន ឬបង្កទៅជាដុំបូស Perforation or appendiceal abscess….
ការធ្វើរោគសញ្ញា
រោគសញ្ញារបស់រលាកខ្នែងពោះវៀនដំបូង គឺមានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant) ។ ការឈឺចាប់នេះ នៅចំចំណុចម៉ាកបួរណី (Mc burney’s point) គ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយដែលពេលនោះអ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមស ដែលពេលនោះអ្នកជំងឺមានការទល់លាមក ជួនកាលរាគដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។
បើពុំមានការព្យាបាលភ្លាមៗនោះទេ ការរលាកខ្នែងពោះវៀននេះ អាចបណ្តាលឲ្យធ្លាយពេញពោះ ធ្វើឲ្យរលាកស្រោមពោះវៀន ក្រោយពេលវះកាត់រួចក្តី ច្រើនមានស្អិតស្រោមពោះវៀនទៀត ដែលពេលនោះអ្នកជំងឺអាចជួបប្រទះ និងវិបត្តិវះហើយវះទៀត។
ការព្យាបាល
ការព្យាបាលរបស់រលាកខ្នែងពោះវៀននេះ គឺមានតែការវះកាត់យកចេញតែប៉ុណ្តោះដែលរួមផ្សំនិងការចាក់ថ្នាំព្យាបាលដោយថ្នាំផ្សះមួយចំនួន។
ការបង្ការ
ការបង្ការជំងឺនេះ គឺគួរតែកុំពិសារចំណីអាហារ ឬផ្លែឈើដែលមានគ្រាប់រឹង លេបចូលក្នុងពោះ គួរតែទំលាក់សត្វល្អិត រៀងរាល់បីខែម្តង។
បើមានការឈឺចាប់ក្នុងពោះ មានការក្អួតចង្អោរ ឬក្តៅខ្លួន ឆាប់រួសរាន់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យព្យាបាលច្បាស់លាស់ និងធ្វើការព្យាបាលឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ពីព្រោះរលាកខ្នែងពោះវៀននេះ អាចធ្វើរោគវិនិច្ឆ័យច្រលំមួយចំនួនដូចជា៖
-រលាកតាមបំពង់រំលាយអាហារ gastro-intestinal disease, ការពុលអាហារ
-រលាកផ្លោកនោម និងបំពង់អួររ៉ែតទែ
-រលាកឌីវ៉ែទីគុល diverticuilitis
-រលាក ឬបូសនៅផ្លោកលាមក perirectal abscen។
*បើសិនជាស្ត្រី អាចមានការភ័ន្តច្រលំមួយចំនួនដូចជា៖
-ចុក ឬបែកដុំគីសដៃស្បូន rupture of an ovarian cyst
-កូនក្រៅស្បូន ectopic pregnancy
-ជំងឺមហារីកស្បូនជាដើម
ហេតុដូចនេះហើយ អ្នកជំងឺបើមានសញ្ញារៀបរាប់ជូនខាងលើនេះ គួរតែទៅជួបគ្រូពេទ្យឲ្យបានដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕
បកស្រាយដោយ លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។