និស្សិត ស.វ.ស គួរត្រៀមអ្វីខ្លះសម្រាប់ថ្ងៃទទួលសញ្ញាបត្រ?
ជាឱកាសដែលមានតែម្តងក្នុងមួយឆាកជីវិតសម្រាប់និស្សិតគ្រប់រូប ហើយនេះក៏ជាលើកដំបូងគេបង្អស់ផងដែរសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងគ្រប់ជំនាញ ដែលមានឱកាសចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់ខ្លួន។
គ្រាន់តែបានទទួលដំណឹងនេះ ម្នាក់ៗប្រាកដជាមានអារម្មណ៍រំភើបខ្លាំងជាមិនខាន…រហូតដល់ពេលនេះ មិនប្រាកដថាអស់ចំហាយរំភើបឬនៅផង?
ថ្ងៃពិសេសក៏ខិតជិតមកដល់ហើយ តើបានត្រៀមអ្វីខ្លះហើយ? ហើយមានដឹងឬទេថាគួរតែត្រៀមអ្វីខ្លះសម្រាប់ឱកាសពិសេសមួយនេះ? តោះ! ដើម្បីជាគន្លឹះខ្លះៗ សម្រាប់និស្សិតដែលបានចុះឈ្មោះរួចរាល់សម្រាប់ពិធីដ៏កម្រមួយនេះ ខ្ញុំក៏សូមនាំមកជូននូវចំណុចខ្លះដែលអ្នកគួរយល់ដឹង និងត្រៀម ដែលរួមមានដូចខាងក្រោម៖
សម្លៀកបំពាក់(សមរម្យ)
-បុរស ៖ ខោជើងវែងពណ៌ខៀវទឹកប៊ិច ឬខ្មៅ អាវសឺមីដៃវែងពណ៌ស ពាក់ក្រវ៉ាតក
-នារី ៖ សំពត់ហូល ឬផាមួង អាវប៉ាក់ពណ៌ស
-ហាមដាច់ខាតស្លៀកខោខូយប៊យ និងអាវយឺត ឬអាវក្រឡេក្រឡាចូលរួមពិធី
ជម្រាបដំណឹងដល់មនុស្សសំខាន់
ជាពិសេស គឺអ្នកមានគុណទាំងពីររូប ហើយបើសិនជាអាច គួរតែមានមិត្តភក្តិ សាច់ញាតិបងប្អូន មិត្តរួមការងារខ្លះមកអបអរសាទរ (តែបើសិនជាមិនអាចទេ ការជួបជុំមិត្តរួមថ្នាក់ ថតរូបលេងជាមួយគ្នា ក៏សប្បាយម្យ៉ាងដែរ…កុំតូចចិត្តអីណា៎…) ព្រោះថាឆ្លងកាត់ពេលវេលាពិសេស ជាមួយមនុស្សពិសេស អារម្មណ៍រឹតតែពិសេស។
បញ្ជាក់ ៖ កុំភ្លេចបែងចែកពេលវេលាឲ្យអ្នកមកអបអរឲ្យបានស្មើគ្នា (គ្រាន់តែដើម្បីបង្ការបញ្ហាមានអ្នកអន់ចិត្ត)
មធ្យោបាយធ្វើដំណើរ
ព្រឹកព្រលឹមបែបហ្នឹង ប្រហែលជាពិបាកបន្តិច តែយ៉ាងណាក៏តែមួយថ្ងៃហ្នឹងដែរ។ បើជិះមកដោយខ្លួនឯង សូមមានការប្រុងប្រយ័ត្នផងណា ព្រោះមេឃអាចនៅរាងងងឹតនៅឡើយ។ សម្រាប់អ្នកដែលមានគេជូនមក កុំភ្លេចដាស់គេផង ក្រែងលោថារួចរាល់តែម្នាក់ឯង តែអ្នកជូននៅមិនទាន់ហើយ ក៏អាចនឹងមកដល់កន្លែងពិធីយឺតដែរ។
អាវពេទ្យ (អាវប៊្លូ)
ដោយសារតែមិនមានឯកសណ្ឋានបញ្ចប់ការសិក្សា(ឈុតខ្មោចឆៅ) ដូចគេ តែយើងក៏អាចមានភាពប្លែកពីគេជាមួយនឹងការពាក់អាវពេទ្យដែរ ហើយក៏មានស៊ុមសម្រាប់ដាក់សញ្ញាបត្រដែលស្រស់ស្អាត និងប្លែកពីគេផងដែរ (លក្ខណៈថា…ចេញមកដឹងតែនិស្សិតពេទ្យបញ្ចប់ការសិក្សាហ្មងហា៎)។ ប្រហែលមានអ្នកខ្លះមិនទាន់បានថតរូបឡូយៗ អ៊ែមៗជាមួយនឹងអាវហ្នឹងទេ បើទោះជាពាក់រាល់ថ្ងៃហើយក៏ដោយ ហេតុនេះហើយ ថ្ងៃហ្នឹង លេងម៉ាអស់ដៃហ្មងទៅ…
ញ៉ាំអាហារទ្រាប់ពោះ
ដោយសារតែអាចនឹងត្រូវអង្គុយចូលរួមពិធីរាងយូរបន្តិច ដោយត្រូវមកដល់តាំងពីព្រលឹមបែបនេះ អ្នកគួរតែញ៉ាំអាហារខ្លះ (មិនបានច្រើនក៏តិចល្មមទប់កុំឲ្យសន្លប់) ដើម្បីកុំឲ្យមានបញ្ហាសុខភាពផ្សេងៗ លែងបានសប្បាយបណ្តោយ…
ភេសជ្ជៈ
បើភេសជ្ជៈកែវខ្លះ អាចនឹងត្រូវបានហាមឃាត់មិនឲ្យយកចូល តែយ៉ាងណាក៏ត្រូវប្រាកដថាមានទឹកសុទ្ធ ឬភេសជ្ជៈដបផ្សេងៗដែលអាចទទួលទានបាន ក្នុងអំឡុងពេលចូលរួមកម្មវិធី (បើអត់មានអីញ៉ាំ យ៉ាងហោចណាស់ក៏គួរតែមានទឹកញ៉ាំដែរ)។
លុយកាក់
ពេលចប់កម្មវិធី ប្រាកដជាត្រូវជួបជុំគ្នាញ៉ាំអីជាមួយនឹងមិត្តរួមថ្នាក់ សាស្រ្តាចារ្យ សិស្សច្បង សិស្សប្អូន មិត្តរួម និងខុសជំនាន់ ហើយ ដូចនេះហើយ កុំភ្លេចត្រៀមលុយទៅផង(មានអ្នកខ្លះមិនមែន១តង់ទេ គឺមានតង់ទី១ តង់ទី២ ឬក៏ឈានចូលដល់តង់ទី៣ទៀតផង)
ស្ទីលថតរូប
មិនងាយណាបានថតរូបជុំគ្នា ជាមួយនឹងសម្លៀកបំពាក់ស្រស់ស្អាតស្រដៀងៗគ្នា ក្នុងឱកាសកម្រចឹងនោះ…មិនថាមើលតាមgoogle, facebook ឬតាមអ្វីនោះទេ ត្រូវតែប្រាកដថាមានរូបថតដែលស្អាត ប្លែក និងពិសេស ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ថ្ងៃហ្នឹង
ត្រៀមអ្នកថតរូប
តាមពិត Selfieក៏បាន…តែប្រសិនបើចង់បានរូបថតកាលីបប្លែកៗ គួរតែមាននរណាម្នាក់ត្រៀមថតរូបឲ្យ បើបានអ្នកprofessionalក៏កាន់តែអ៊ែម ដែលយើងឃើញមានក្រុមខ្លះបានធ្វើការទិញជាកញ្ចប់សម្រាប់ថតរូបតែម្តង។ តែបើអត់ទេ មានត្រឹមមិត្តភក្តិ សាច់ញាតិបងប្អូនណាម្នាក់ ឬមនុស្សពិសេស មកជួយថតឲ្យក៏បានដែរ។
កុំភ្លេចទៅដល់កន្លែងប្រារព្ធពិធីនៅវេលាម៉ោង៦:០០ព្រឹកណា៎…
សង្ឃឹមថានឹងមានពេលវេលាដ៏មានអត្ថន័យ និងមិនងាយនឹងបំភ្លេចបាននេះដោយរីករាយណា៎!!!
ប្រសិនបើមានគំនិតអ្វីបន្ថែម សូមជួយណែនាំផង....
ក៏លឺផងដែរថា...នឹងមានCampaignពិសេស នៅលើហ្វេសប៊ុកផេក Healthtime Pro កុំភ្លេចតាមដានជាមួយគ្នា....
Photo Credit : ទំព័រហ្វេសប៊ុក UHS