៧ចំណុច ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម
១/ និយមន័យ
ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃវាកើតឡើងពីការលើសជាតិស្ករក្នុងឈាម ដែលបណ្តាលមកពីអរម៉ូន អាំងស៊ុយលីន (Insulin-ជាអរម៉ូនផលិតពីកោសិកាលំពែង) ដែលដឹកនាំជាតិស្ករទៅឲ្យកោសិកាប្រើប្រាស់ផលិតមិនគ្រប់គ្រាន់ ឬមិនផលិត ឬកោសិការបស់រាងកាយស៊ាំនឹងអរម៉ូននោះ។
២/ កត្តាប្រឈមមុខ
កត្តាមិនអាចផ្លាស់ប្ដូរបាន
-ក្រុមគ្រួសារមានប្រវត្តទឹកនោមផ្អែម
-កត្តាជនជាតិ
-អាយុ > 45ឆ្នាំ
-ទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ
កត្តាអាចធ្វើឲ្យប្រសើរឡើង
-កត្តាធាត់
-លើសសម្ពាធឈាម
-លើសជាតិខ្លាញ់ក្នុងឈាម
-អ្នកត្រៀមនឹងកើតជំងឺទឹកនោមផ្អែម
-ទម្លាប់រស់នៅមិនល្អ ៖ មិនហាត់ប្រាណ ជក់បារី ផឹកស្រា ដេកច្រើនពេក>៨ម៉ោង
៣/ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម
ប្រភេទ |
មូលហេតុ |
ជំងឺទឹកនោមផ្អែមប្រភេទ១ (Type1 Diabetes Mellitus) |
-បេតា កោសិកា របស់លំពែងត្រូវបានបំផ្លាញ |
ជំងឺទឹកនោមផ្អែមប្រភេទ២ (Type2 Diabetes Mellitus) |
-ភាពផ្សាំ (ធ្វើការមិនល្អ) របស់អាំងស៊ុយលីន |
ជំងឺទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ(GDM) |
-ភាពផ្សាំរបស់អាំងស៊ុយលីនក្នុងកោសិកា |
ជំងឺទឹកនោមផ្អែមប្រភេទផ្សេងៗទៀត |
-កង្វះសែន ក្នុងមុខងារបេតា កោសិកា |
៤/ ការធ្វើរោគវិនិច្ឆ័យ
ក. ផ្អែកលើរោគសញ្ញាដូចជា៖ នោមច្រើន (លើសពី៣លីត្រក្នុង២៤ម៉ោង) ផឹកទឹកច្រើន មានជាតិស្ករច្រើនក្នុងទឹកនោម ញ៉ាំច្រើន អស់កម្លាំង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល ស្រកទម្ងន់ ...។
ខ. ប្រវត្តិអ្នកជំងឺ ៖ គ្រួសារ ឬបងប្អូនបង្កើតមានប្រវត្តិកើតជំងឺទឹកនោមផ្អែម
គ. ការបូមឈាមទៅវិភាគ ៖ កំរិតជាតិស្ករនៅក្នុងឈាម។
តារាងកម្រិតជាតិស្ករ
|
អត់មានជំងឺ ទឹកនោមផ្អែម |
កំពុងប្រឈម នឹងជំងឺទឹកនោមផ្អែម |
មានជំងឺទឹកនោផ្អែម |
មុនបរិភោគអាហារឬអត់អាហារយ៉ាងតិច ៨ម៉ោង |
<100 mg/dL |
110 - 125 mg/dL |
≥126 mg/dL |
២ម៉ោងក្រោយអាហារ |
<140 mg/dL |
140 - 199 mg/dL |
≥200 mg/dL |
Hemoglobin A1C |
4% - 5.9% |
6% - 6.4% |
>6.5% |
៥/ ការព្យាបាល
ក. ការគ្រប់គ្រងព្យាបាលខ្លួនឯងដោយការហាត់ប្រាណ
ការហាត់ប្រាណទៀងទាត់ជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រោះវាមានផលប្រយោជន៍ដូចជា៖
- ជួយបន្ថយជាតិស្ករ
- ជួយបន្ថយជាតិខ្លាញ់
- ជួយការពារកុំឲ្យកើតជំងឺលើសឈាម និងបន្ថយសំពាធឈាម
- ធ្វើឲ្យសុខភាពផ្លូវចិត្ត និងគុណភាពរស់នៅល្អប្រសើរ
- ជួយរក្សា និងធ្វើឲ្យឆ្អឹង សាច់ដុំ និងសរសៃពួរមានភាពមាំមួនល្អ
-ជួយឲ្យយើងអាចរក្សាបាននូវទម្ងន់រាងកាយមួយប្រកបដោយផាសុខភាព
-ជួយធ្វើឲ្យមនុស្សចាស់មានភាពរឹងមាំ និងមិនងាយឆាប់ទ្រុឌទ្រោម។
គន្លឹះក្នុងការការហាត់ប្រាណ
-សូមជ្រើសរើសយកការហាត់ប្រាណណាដែលសមស្របសម្រាប់អ្នក
-សូមចាប់ផ្តើមការហាត់ប្រាណដោយសន្សឹមៗ រហូតដល់កម្រិតមួយដែល សមស្របសំរាប់អ្នក
-សូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរើសយក វិធីនិងកម្រិតហាត់ប្រាណដែលល្អសំរាប់អ្នក
-សូមហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍ (៣០នាទីក្នុងមួយថ្ងៃនិង៥ដងក្នុងមួយសប្តាហ៍ ឬ៥០នាទីក្នុងមួយថ្ងៃនិង៣ដងក្នុងមួយសប្តាហ៍)
-ដេកឲ្យបានគ្រប់៨ម៉ោង ក្នុងមួយថ្ងៃ។
ខ. ការគ្រប់គ្រងព្យាបាលដោយចំណីអាហារ
អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគចំណីអាហារទៅតាមកម្រិតជាតិស្កររបស់វា។លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារ ដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។
វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក ដំបូងចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតងបន្ទាប់មកបំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ឬប្រូតេអ៊ីនផ្សេងៗទៀត។
ប្រភេទចំណីអាហារអាចបែងចែកជា 3 ក្រុម គឺ
1. ក្រុមអាហារដែលមាន “កម្រិតស្ករទាបបំផុត”
2. ក្រុមអាហារដែលមាន “កម្រិតស្ករមធ្យម”
3. ក្រុមអាហារដែលមាន “កម្រិតស្ករខ្ពស់” (សូមមើលរូបភាពក្នុង slides ខាងលើ)
គ. ការគ្រប់គ្រងព្យាបាលដោយថ្នាំគ្រាប់ និងចាក់ ( សូមចុចទីនេះ តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? )
៦/ គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម
រង្វាស់ |
គោលដៅចង់បាន(Goals) |
ជាតិស្ករមុនអាហារ(ពោះទទេររយះពេល៨ម៉ោង) |
80-130 mg/dl |
ជាតិស្ករក្រោយអាហារ ២ម៉ោង |
< 180 mg/dl |
កំហាប់ស្ករក្នុងឈាម (HbA1C) |
< 7% |
សំពាធឈាម (មិនទាន់មានផលវិបាក) |
<140/90 mmHg |
ជាតិខ្លាញ់(យោងតាមគោលការណ៍ណែនាំរបស់សមាគម ទឹកនោមផ្អែមអាស៊ីប៉ាស៊ីហ្វិច) |
|
ខ្លាញ់អាក្រក់ក្នុងសរសៃឈាម (LDL Cholesterol) |
< 97mg/dl (2.5mmol/L) |
ខ្លាញ់រុំសរសៃឈាមបេះដូង ( Triglyceride ) |
< 133 mg/dl (1.5mmol/L) |
ខ្លាញ់ល្អក្នុងសរសៃឈាម (HDL Cholesterol) |
> 39 mg/dl (1mmol/L) |
៧/ ផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង)
ជំងឺស្រួចស្រាវ (Acute)
-ជាតិស្ករឡើងខ្ពស់ពេក អាចបង្ករអោយមានជំងឺ មេតាបូលិច អាស៊ីតដូស DKA និង HONK (ហត់ខ្លាំង វង្វេងវង្វាន់ហើយអាចរហូតដល់សន្លប់) និងជំងឺឆ្លងផ្សេងៗ
-ជាតិស្ករចុះទាបពេក អាចធ្វើឲ្យសន្លប់។
ជំងឺរ៉ាំរ៉ៃ (Chronic)
ខូចសរសៃឈាមតូចៗដូចជា ៖
-ខូចបាតភ្នែក ធ្វើឲ្យស្រវាំង ហើយអាចងងឹតភ្នែក
-ខូចតម្រងនោម
-ខូចសរសៃឈាម និងប្រាសាទចុងដៃចុងជើង ធ្វើឲ្យស្ពឹកនិង ដំបៅ
ខូចសរសៃឈាមធំៗដូចជា ៖
-ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
-គាំងបេះដូងស្លាប់។
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ គ្លីនិកព្យាបាលទឹកនោមផ្អែម - Diabetes Care Clinic
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ