Menu

តើអ្នកត្រៀមបើកឱសថស្ថានត្រូវដឹងពីអ្វីខ្លះ


តើអ្នកត្រៀមបើកឱសថស្ថានត្រូវដឹងពីអ្វីខ្លះ

ដោយបានឆ្លងកាត់នូវបទពិសោធន៍ជាង៦ឆ្នាំនៃផ្នែកគ្រប់គ្រងឱសថស្ថានចំនួនពីរកន្លែងកន្លងមក និងសព្វថ្ងៃជាប្រធានផ្នែកនៃឱសថស្ថាន ឌឺ ហ៊ែល លោក ដាវ សីហា នឹងចែករំលែកនូវបទពិសោធន៍របស់លោកជូនដល់ប្រិយមិត្តអ្នកអាន និងជាពិសេសចំពោះអ្នកដែលមានបំណង ឬតៀមនឹងបើកដំណើរការនូវឱសថស្ថានផ្ទាល់ខ្លួននាពេលអនាគត។

កត្តាដែលត្រូវការជាចាំបាច់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មផ្នែកឱសថ
ដើម្បីចាប់ផ្ដើមនូវអាជីវកម្មផ្នែកឱសថមួយ សំខាន់បំផុតចំពោះអ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មនេះ គឺតម្រូវឲ្យមានការយល់ច្បាស់ពីឱសថ ព្រោះថាឱសថ គឺជាអាវុធមុខពីរដែលអាចព្យាបាលមនុស្ស តែក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ មិនគួរយកផលប្រយោជន៍បុគ្គលជាធំដោយណែនាំឲ្យអតិថិជនប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ឬគាត់មិនមែនជាឱសថការី នោះអាជីវកម្មនឹងដំណើរការដោយរលូន។

គោលការណ៍ចម្បងរបស់ឱសថស្ថាន គឺត្រូវយកសុខភាពប្រជាជនជាគោល ដូច្នេះវាជាការលំបាកចំពោះអ្នកដែលមិនបានឆ្លងកាត់ការសិក្សា ឬកង្វះចំណេះដឹងខាងឱសថ។ បើអ្នកចង់ប្រកបរបរនេះអ្នកគួរសួរខ្លួនឯងថាតើអ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាកម្មជូនអតិថិជនដោយគោរពតាមគោលការណ៍នៃក្រសួងសុខាភិបាលដែរឬទេ?

ភាពខុសគ្នារវាងអាជីវកម្មផ្នែកឱសថ និងអាជីវកម្មធម្មតា
គ្រប់អាជីវកម្មសុទ្ធតែមានភាពខុសប្លែកគ្នា ជាក់ស្តែង ចំពោះអាជីវកម្មធម្មតាដែលមិនមានទាក់ទងនឹងសុខភាពមិនមានហានិភ័យខ្ពស់ និងច្បាប់តឹងរឹងដូចឱសថស្ថានឡើយ ព្រោះវាអាចមានការប៉ះពាល់ដល់សុខភាពប្រជាជន។

ឧបសគ្គដែលត្រូវប្រឈម និងវិធីដោះស្រាយ
ឧបសគ្គតែងតែមានគ្រាន់តែពេលខ្លះតូច ពេលខ្លះធំ ចំពោះឱសថស្ថានយើងខ្ញុំ បញ្ហា គឺកង្វះទំនុកចិត្តពីអតិថិជនដោយគាត់យល់ឃើញថាភ្នាក់ងាររបស់យើងមិនមែនជាឱសថការី ដូច្នេះនៅពេលដែលយើងណែនាំនូវផលិតផលដែលមានរូបធាតុផ្សំ ឬប្រសិទ្ធភាពដូចទៅនឹងឱសថដែលគាត់ប្រើប្រាស់ ប៉ុន្តែខុសក្រុមហ៊ុនផលិត ឬឈ្មោះដែលដាក់ឲ្យប្រើប្រាស់ក្នុងទីផ្សារនោះ គឺគាត់មិនត្រូវការឡើយ ដោយគាត់ទាមទារឲ្យដូចនឹងវេជ្ជបញ្ជាបេះបិទតែម្ដង។ ដំណោះស្រាយរបស់យើង គឺត្រូវព្យាយាមពន្យល់ឲ្យអតិថិជនបានយល់អំពីប្រសិទ្ធភាពនៃឱសថនោះ។

តម្លៃនៃផលិតផលឱសថ
ឱសថដែលមានលក្ខណៈសម្បត្តិល្អ ជាឱសថដែលមានច្បាប់ត្រឹមត្រូវចេញពីក្រសួងសុខាភិបាល ហើយកត្តាសំខាន់ គឺការទុកដាក់ឲ្យបានត្រឹមត្រូវដោយមិនគួរឲ្យត្រូវពន្លឺថ្ងៃខ្លាំងពេក ដែលអាចនាំឲ្យប៉ះពាល់ដល់គុណភាព។

ទាក់ទងនឹងរូបរាងខាងក្រៅ យើងមិនគួរបកសម្បក ឬហែកថង់ចេញឡើយ និងត្រូវរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ដែលនេះជាគោលការណ៍ចម្បងរបស់ឱសថស្ថាន។

សារសម្រាប់មិត្តអ្នកអាន
ជាចុងក្រោយ លោកក៏សូមឲ្យប្រិយមិត្តអ្នកអានទាំងអស់ ទាំងអ្នករួមអាជីព និងអ្នកប្រើប្រាស់ ពិនិត្យមើលឱសថឲ្យបានច្បាស់លាស់ ដោយសារតែមូលហេតុដែលបានលើកឡើងខាងលើថា ឱសថប្រៀបបាននឹងអាវុធមុខពីរដែលវាអាចបង្កផលលំបាកទៅថ្ងៃក្រោយប្រសិនបើមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវទេនោះ ដូច្នេះអ្នកគួរជ្រើសរើសឱសថណាដែលមានបញ្ជិកាត្រឹមត្រូវ និងលេបថ្នាំទៅតាមការកំណត់របស់គ្រូពេទ្យ។


Share:

អត្ថបទទាក់ទង