Cambodian Start-up Journey នាំអ្នកឲ្យស្គាល់ពីការផ្តើមអាជីវកម្មថ្មី និងស្វែងរកទុន



កម្មវិធី Cambodian Start-up Journey ដែលបានប្រព្រឹត្តឡើងនៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥ :៣០ ដល់ម៉ោង០៨ :៣០ នាទីល្ងាច ដែលមានអ្នកចូលរួមចំនួន៥០នាក់ គឺជាកម្មវិធីជំនួបសហគ្រិនដែលបង្កើតឡើងក្នុងគោលបំណងលើកស្ទួយការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ Park Café រួមសហការជាមួយនឹង Educational Development Institute។
នៅក្នុងកម្មវិធីនេះដែរ មានវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។
គួរបញ្ជាក់ផងដែរថា Banhji ដែលមានលោក ស៊ីម ចាន់គិរីរ័ត្ន ជានាយកប្រតិបត្តិ គឺជាប្រព័ន្ធគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជួយសម្រួលដល់អាជីវកម្មរបស់ពួកគាត់។ អ្នកប្រើប្រាស់អាចឃើញពីសមតុល្យ និងប្រតិបត្តិការណ៍របស់អតិថិជន ព្រមទាំងបង្ហាញពីសម្រង់តម្លៃបញ្ជាលក់ ប្រាក់កក់អតិថិជន វិក័យបត្រលក់ជាសាច់ប្រាក់ ឬជំពាក់ ការបង្វិលទំនិញត្រលប់មកវិញ និងប័ណ្ណដឹកជញ្ជូនជាដើម។
លើសពីនេះទៅទៀតលោកក៏បានចែកជូននូវគន្លឹះសំខាន់មួយចំនួនដូចជា របៀបគ្រប់គ្រងពេលវេលា ក្រុមការងារ និងរបៀបគ្រប់គ្រង។
ចំណែកCambodia Investor Club (CIC) ដែលមានលោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រង បានបង្ហើបពីគន្លឹះ និងលក្ខន្តិកៈ ដើម្បីចូលជាសមាជិក ក៏ដូចជាធ្វើយ៉ាងណាដើម្បីទទួលបានជំនួយពី CIC ដើម្បីប្រកបអាជីវកម្ម។ ជាមួយគ្នានេះផងដែរ លោកក៏បានពិភាក្សាទៅលើសក្តានុពលភាពនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធបច្ចេកវិទ្យា របៀបផ្តាច់មុខ ក្រុមការងារដ៏ត្រឹមត្រូវ ការចែកចាយ និងពេលវេលាដែលត្រឹមត្រូវក្នុងការធ្វើអាជីវកម្ម។
ដោយសារអ្នកចូលរួមមានចម្ងល់ជាច្រើនទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ធ្វើឲ្យកម្មវិធីទាំងមូលមានភាពសកម្ម និងរស់រវើក។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការញ៉ាំអាហារជាមួយគ្នាសម្រាប់អ្នកចូលរួម ដើម្បីឲ្យពួកគាត់មានពេលជួបជជែក និងសំណេះសំណាលគ្នា ដើម្បីបង្កើនចំណងមិត្តភាពក៏ដូចជាពង្រីកបណ្តាញអាជីវកម្មរបស់ខ្លួន។
កម្មវិធីបែបនេះមានជារៀងរាល់ខែ ដោយ Cambodian Start Up Journey គឺជាកម្មវិធីដំបូងគេប្រចាំឆ្នាំ២០១៧ក្រោមការឧបត្ថម្ភធំដោយ ក្រុមហ៊ុន Coca Cola ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia និងមាន ហេលស៍ថាមខប ថ្មីៗ FEB និង សប្បាយ ជាដៃគូផ្សព្វផ្សាយ។
ចំពោះប្រធានបទ និងព័ត៌មានទាក់ទិននឹងកម្មវិធីប្រចាំខែជាបន្តបន្ទាប់ សូមរង់ចាំតាមដានជាមួយយើងទាំងអស់គ្នា...

