ការធាក់កង់នៅមួយកន្លែងផ្តល់ឲ្យអ្នកនូវអ្វីខ្លះ?
លំហាត់ប្រាណបែបជិះកង់មិនថាខាងក្រៅឬក្នុងទីតាំងណាមួយសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាព។តែសព្វថ្ងៃការធាក់កង់នៅមួយកន្លែងតាមទីតាំងផ្សេងៗកំពុងតែមានប្រជាប្រិយភាពជាខ្លាំងសម្រាប់មនុស្សគ្រប់រូប។
និយាយពីអត្ថប្រយោជន៍នៃការធាក់កង់មួយកន្លែងប្រហែលជាមិនខុសគ្នាច្រើនពីការជិះកង់ខាងក្រៅនោះទេពីព្រោះកីឡាប្រភេទនេះសុទ្ធតែផ្តល់គុណសម្បត្តិជារួមសម្រាប់សុខភាពរាងកាយរបស់អ្នក។ យ៉ាងណាមិញ ការធាក់កង់មួយកន្លែងអាចនឹងនាំអ្វីដែលល្អផ្សេងទៀតខុសពីការជិះកង់ខាងក្រៅដែលអត្ថបទខាងក្រោមនឹងបកស្រាយនូវហេតុផលមួយចំនួនដែលអ្នកគួរតែចាប់ផ្តើមលំហាត់ប្រាណតាមការធាក់កង់នៅមួយកន្លែងវិញ។
1. ស័កិ្តសមសម្រាប់មនុស្សគ្រប់វ័យ
មនុស្សគ្រប់វ័យមិនថាក្នុងវ័យប្រភេទណាឬកម្រិតកម្លាំងកាយខុសគ្នាយ៉ាងណាក៏ដោយសុទ្ធតែអាចធ្វើលំហាត់ប្រាណតាមរយៈការជិះកង់ក្នុងក្លឹបលំហាត់ប្រាណបាន។ ដោយសារអត្ថប្រយោជន៍បែបនេះហើយ ទើបកីឡាប្រភេទនេះត្រូវបានទទួលស្គាល់តាំងពីឆ្នាំ១៩៩០និងបន្តប្រជាប្រិយភាពសម្រាប់បុគ្គលគ្រប់រូបរហូតមកដល់បច្ចុប្បន្ន។
2. កាត់បន្ថយហានិភ័យជំងឺបេះដូង
ការជិះកង់បែបនេះអាចជួយកាត់បន្ថយនូវអត្រានៃជំងឺបេះដូង។សម្រាប់អ្នកដែលមានបញ្ហានានាដែលពាក់ព័ន្ធនឹងបេះដូងគួរធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីចាប់យកលំហាត់ប្រាណបែបជិះកង់ក្នុងក្លឹបនេះជាប្រចាំ។ បន្ថែមពីនេះ ការសិក្សាពីសាកលវិទ្យាល័យមួយក្នុងសហរដ្ឋអាមេរិក ក៏បានបង្ហាញថាអ្នកដែលធ្វើការជិះកង់ជាលំហាត់ប្រាណទៀងទាត់មានហានិភ័យទាបក្នុងការរងឥទ្ធិពលពីជំងឺគាំងបេះដូង ជាងអ្នកដែលមិនបានធ្វើលំហាត់ប្រាណ។
3. ដុតបំផ្លាញកាល់ឡូរីបានច្រើន
ក្នុងរយៈពេលតែ ៦០នាទី សម្រាប់ការធ្វើលំហាត់ប្រាណបែបជិះកង់ក្នុងក្លឹបហាត់ប្រាណ អ្នកអាចទទួលបាននូវការដុតបំផ្លាញកាល់ឡូរីបានដល់ទៅ៧០០ ទៅ ៨០០ ដែលសមាមាត្រទៅនឹងការជិះកង់លើដងវិថីពី ១៥ ទៅ ២០ ម៉ែ្រត។ ការដុតបំផ្លាញបានច្រើនបែបនេះ មានភាពស័កិ្តសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ដើម្បីទទួលបានដងខ្លួនដែលជាទីពេញចិត្ត។
4. ធានាប្រសិទ្ធភាពនៃការទទួលទានដំណេក
ការជិះកង់នៅមួយកន្លែងបែបនេះជាការព្យាបាលដ៏ប្រសើរសម្រាប់បុគ្គលដែលមានបញ្ហាទាក់ទងនឹងដំណេកដោយការស្រាវជ្រាវបានបង្ហាញថាការធាក់កង់ត្រឹមតែ ២០ ទៅ ៣០នាទីជាប្រចាំអាចជួយសម្រួលដល់ការគេងឲ្យបានស្កប់ស្កល់។
5. ផ្តល់នូវហានិភ័យទាប
សារប្រយោជន៍មួយបែបទៀតសម្រាប់លំហាត់ប្រាណនេះគឺអ្នកអាចចៀសវាងពីគ្រោះថ្នាក់ជាយថាហេតុដោយសារវាតម្រូវឲ្យអ្នកធាក់កង់តែមួយកន្លែងតែប៉ុណ្ណោះ។ការជិះកង់នៅខាងក្រៅដែលពោរពេញទៅដោយការធ្វើចរាចរណ៍ ម៉ូតូ ឡានច្រើន អាចបង្កជាផលវិបាក និងរារាំងការធ្វើលំហាត់ប្រាណរបស់អ្នក។
6. ចំណេញពេលវេលា
ការធាក់កង់នៅមួយកន្លែង អាចជារឿងងាយស្រួលមួយដែលអ្នកពុំចាំបាច់ចំណាយពេលវេលាច្រើនក្នុងការរៀបចំខ្លួនចេញទៅខាងក្រៅ ដែលវាអាចទាមទារឲ្យអ្នកចំណាយពេលវេលាច្រើន ជាពិសេសសម្រាប់អ្នកពុំមានពេលវេលាគ្រប់គ្រាន់។
គួរចាប់ផ្តើមថ្ងៃនេះដោយហេតុថាមិនត្រឹមតែទទួលបានសុខភាពមាំមួនអ្នកក៏អាចចំណេញពេលវេលានិងមិនបារម្ភពីគ្រោះថ្នាក់ជាយថាហេតុទៀតផង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ