ទៅលេងកោះដែលយើងប្រាថា្ន
និយាយដល់រឿងទៅលេងកោះ អ្នកណាៗក៏រំជើបរំជួល ទាំងជាកន្លែងស្ងប់ស្ងាត់ល្មម ទេសភាពស្អាត មានឆ្នេរខ្សាច់ មានសមុទ្រ ផ្ទះបែបប្រជាជននៅកោះ កៅអីតូចៗនៅតាមឆ្នេរ ដើមដូងតំរៀបជួរ ហើយក៏ទូកចម្រុះពណ៌នៅលើផ្ទៃសមុទ្រ…
អាចនឹកឃើញដល់ភ្នក់ភ្លើងពេលយប់ សម្លេងទឹកសមុទ្រ ក្លិនទឹកសមុទ្រ តន្ត្រីតិចៗពីបារបារាំង ឬក៏ហ្គីតា អូគូឡេឡេអីហ្នឹង ជាមួយ cocktail ត្រជាក់់ៗ…និយាយរួមគឺ កន្លែងដ្រាម៉ាតែម្តង។ ដូចនេះឱកាសល្អៗបែបវិស្សមកាលតូចជាដើមនេះ បើរៀបចំគម្រោងទៅលេងនៅតំបន់កោះប្រាកដជាល្អ។
តាមរយៈលោក ទេស តារា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Island Speed Ferry Cambodia ហេលស៍ថាម បាននាំមកជូននូវព័ត៌មានមួយចំនួនអំពីដំណើរកម្សាន្តដ៏អស្ចារ្យនេះ ដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែប្រាកដចិត្តថា កោះគឺជាទិសដៅទេសចរណ៍បន្ទាប់របស់អ្នក។
ហេតុអ្វីការទៅលេងកោះជាជម្រើសល្អ?
ឱកាសល្អ
ឧទាហរណ៍ ម្តុំខែកុម្ភៈនេះផ្ទាល់ អាកាសធាតុ គឺពិតជាអំណោយផលក្នុងការទៅកម្សាន្តនៅតំបន់សំខាន់ៗជាច្រើននៅកម្ពុជា ហើយក្នុងនោះក៏រួមបញ្ចូលទាំងតំបន់កោះផងដែរ។ ដោយឡែក នៅរដូវនេះ ឱកាសនៃការភ្លៀងដូចជាមិនសូវមានដែរ ដូចនេះវាជាឱកាសល្អសម្រាប់ការចុះហែលទឹកដែលមានសីតុណ្ហភាពល្មម និងថ្លាល្អ ពិសេសគឺនៅកោះរ៉ុង និងកោះរ៉ុងសន្លឹមតែម្តង។
មានអារម្មណ៍ល្អ
បទពិសោធន៍ជិះទូកធំៗប្រភេទ Ferryទៅកាន់ទីកន្លែងដ៏ស្រស់ស្អាត មើលទឹកសមុទ្រដ៏ថ្លាឆ្លុះជាមួយនឹងផ្ទៃមេឃទូលំទូលាយ ខ្យល់អាកាសត្រជាក់ និងបរិសុទ្ធ ក៏ដូចជាកោះតូចធំស្អាតៗដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន ដែលកោះទាំងនេះជាកន្លែងដ៏កក់ក្តៅសម្រាប់ការសម្រាកលំហែកាយ និងបន្ធូរអារម្មណ៍តានតឹងជាមួយនឹង
សកម្មភាព និងទិដ្ឋភាពដែលបានរៀបរាប់ពីខាងលើ។
តែក៏កុំភ្លេចស្រែកឲ្យខ្លាំងៗទៅកាន់សមុទ្រ ព្រោះអ្នកមិនមានឱកាសធ្វើបែបនេះទេពេលនៅទីក្រុង ហើយជឿថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អមិនខាន។ សម្រាប់អ្នកចូលចិត្តចូលតួ ពិតជាត្រូវចិត្តជាមួយនឹងបរិយាកាសនៅតំបន់កោះ ព្រោះគ្រាន់តែអង្គុយលេង ឬដើរតាមឆ្នេរដោយជើងទទេក៏អាចឲ្យពួកគេចូលទៅដល់ពិភពមួយទៀតបានដែរ។
មានផាសុកភាព និងសុវត្ថិភាព
ក្រៅពីការធ្វើដំណើរតាមទូកធំៗ និងទំនើបៗដែលអាចផ្តល់ឲ្យអ្នកទេសចរនូវផាសុកភាព ក៏ដូចជាសុវត្ថិភាពនោះ បច្ចុប្បន្នក៏មានផងដែរនូវប៉ុស្តិ៍យាម ២៤ម៉ោងរបស់ក្រុមសមត្ថកិច្ចនៅតាមកោះនីមួយៗ ដើម្បីផ្តល់ជូនអ្នកមកលេងកម្សាន្ត ក៏ដូចជាប្រជាជនផ្ទាល់ដែលនៅលើកោះនូវភាពកក់ក្តៅ និងសុវត្ថិភាពដែលអាចជឿទុកចិត្តបាន។
ដូចនេះ អ្នកទេសចរជាច្រើនបានស្នាក់នៅកម្សាន្តនៅទីនោះឆ្លងយប់ដោយមិនមានការបារម្ភណាមួយឡើយ។
កោះស្អាតៗណាខ្លះដែលអ្នកមិនគួរមើលរំលង?
មានកោះ៤ ដែលគួរជាទីទាក់ទាញបំផុតសម្រាប់អ្នកទេសចរ ដែលក្នុងនោះមានដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត និង កោះឋានសួគ៌។ លក្ខណៈពិសេសជារួមនៃកោះទាំងអស់គឺផ្កាថ្ម ឆ្នេរដ៏ស្អាត និងទេសភាពនៃព្រៃកោងកាងជាដើម។
ចំពោះអ្នកចូលចិត្តភាពអ៊ូអរ និងកម្សាន្តបែបលក្ខណៈបារបារាំង នោះកោះរ៉ុង គឺស័ក្តិសមនឹងអ្នកបំផុត ពីព្រោះទីកន្លែងនោះសម្បូរអ្នកទេសចរបែប Backpackers ភោជនីយដ្ឋាន និងមានកម្មវិធីកម្សាន្តច្រើន។
ផ្ទុយទៅវិញ បើអ្នកចូលចិត្តភាពស្ងប់ស្ងាត់ និងទេសភាពបែបធម្មជាតិ អ្នកគួរទៅកោះរ៉ុងសន្លឹម។ ចំពោះឆ្នេរសុខសាន្ត វាស្ថិតនៅផ្នែកមួយនៃកោះរ៉ុង ប៉ុន្តែលក្ខណៈពិសេសរបស់ទីតាំងនោះគឺមានឆ្នេរខ្សាច់ម៉ត់ជាមួយនឹងប្រវែងដល់ទៅ ៧ គីឡូម៉ែត្រ។
រីឯអ្នកចូលចិត្តភាពឯកជន អ្នកគួរទៅកម្សាន្តនៅកោះឋានសួគ៌ដែលមិនត្រឹមស្រស់ស្អាតដូចឋានសួគ៌ អ្វីដែល
ពិសេសគឺព្រៃទឹកសាប និងចំការដូងដែលដាំជាជួរ។
ខ្លះៗអំពីមធ្យោបាយធ្វើដំណើរទៅលេងកោះ
ដោយការធ្វើដំណើរតាមទូកជាមួយនឹងក្រុមហ៊ុនទូកដែលដឹកអ្នកទេសចរទៅលេងកោះនានានោះ
កោះរ៉ុង ដែលមានចម្ងាយមិនសូវឆ្ងាយពីក្រុងព្រះសីហនុប៉ុន្មាន អ្នកនឹងត្រូវចំណាយពេល ១ម៉ោងក្នុងការធ្វើដំណើរ ចំណែកកោះរ៉ុងសន្លឹមវិញត្រូវចំណាយរយៈពេល ៤៥ នាទី ស្របពេលដែលឆ្នេរសុខសាន្ត និងកោះឋានសួគ៌ ត្រូវចំណាយពេលរាងយូរបន្តិចគឺ ១ម៉ោង១៥នាទីចំពោះឆ្នេរសុខសាន្ត និង ប្រហែល ១ម៉ោង៣០នាទីចំពោះកោះឋានសួគ៌។
បើតាម Island Speed Ferry Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរតាមទូក ពេលវេលានៃការចេញដំណើរពីក្រុងព្រះសីហនុទៅកោះរ៉ុងផ្ទាល់គឺមាន ៣ពេលក្នុង១ថ្ងៃ ដែលក្នុងនោះមានម៉ោង ៩ព្រឹក ១២ថ្ងៃត្រង់ និង ៣រសៀល។
បន្ទាប់ពីបានស្តាប់ពីដំណើរកម្សាន្តតាមកោះហើយ មានអារម្មណ៍ថាចង់ទៅខ្លាំងណាស់មែនទេ? នៅចាំដល់ណាទៀត មិនចាំបាច់ទៅណាឆ្ងាយនិងមិនចំណាយច្រើន...
ទៅលេងកោះទាំងអស់គ្នា!!!